អំឡុងសុន្ទរកថាកាលពីចុងសប្ដាហ៍កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ទង់ជាតិចិនតៃវ៉ាន់ ត្រូវបានហាមឃាត់មិនឱ្យលើកនៅក្នុងប្រទេសកម្ពុជាឡើយ ប៉ុន្តែទន្ទឹមនេះ លោកបានលើកឡើងថា កម្ពុជា បើកទ្វារចំហចាំស្វាគមន៍ការវិនិយោគរបស់ចិនតៃវ៉ាន់។
នៅក្នុងពិធីពិសាអាហារសាមគ្គីនៃសមាគមខ្មែរ-ចិនកាលពីថ្ងៃសៅរ៍ លោក ហ៊ុន សែន បានឆ្លៀតឱកាសបញ្ជាក់ពីជំហររបស់កម្ពុជា ចំពោះកោះតៃវ៉ាន់ ដោយបានបញ្ជាក់ជាថ្មីម្តងទៀតថា រដ្ឋាភិបាលគាំទ្រពេញទំហឹងចំពោះគោលនយោបាយ “ចិនតែមួយ” របស់រដ្ឋាភិបាលក្រុងប៉េកាំង។
លោកលើកឡើងថា “យើងមិនត្រូវធ្វើអ្វីដែលនាំទៅដល់ការប៉ះពាល់នូវការគោរពឯករាជ្យ អធិបតេយ្យភាពរបស់ចិន តាមរយៈការចាប់ដៃជាន់ជើងនោះទេ។ ខ្ញុំមិនអាចធ្វើបាននូវរឿងនេះទេ។ យើងត្រូវគោរពនូវអធិបតេយ្យភាពរបស់ចិន។ ការគោរពអធិបតេយ្យភាពរបស់ចិន មានតម្លៃស្មើការគោរពអធិបតេយ្យភាពរបស់កម្ពុជា ផងដែរ”។
ដោយចាត់ទុកកោះតៃវ៉ាន់ ដែលត្រូវបានគ្រប់គ្រងដោយឯករាជ្យថាជាខេត្តមួយរបស់ប្រទេសចិន លោកបានប្រកាសថា ទង់ជាតិរបស់កោះតៃវ៉ាន់ មិនត្រូវលើកនៅក្នុងប្រទេសកម្ពុជា ឡើយ។ លោកមានប្រសាសន៍ថា “ខ្ញុំសំណូមពរបងប្អូននៅទីនេះ កុំដល់ពេលបុណ្យជាតិតៃវ៉ាន់ម្ដងៗ នាំគ្នាលើកទៅធ្វើជួបជុំគ្នាតាមសណ្ឋាគារ លើកទង់ជាតិតៃវ៉ាន់ នៅក្នុងពិធីជប់លៀងណាមួយ មិនអនុញ្ញាតទេ”។
លោកបានបន្តថា ប្រទេសកម្ពុជា ក៏បានចាត់ទុកទីបេតិ៍ ជាខេត្តស្វយ័តរបស់ចិន ដែលចលនាទាមទារឯករាជ្យរបស់ខ្លួនត្រូវបានគាបសង្កត់ជាយូរមកហើយ ថាជាផ្នែកមួយរបស់ចិន ផងដែរ។
លោកបានថ្លែងទៅកាន់អ្នកចូលរួមប្រមាណ៤.០០០នាក់ថា លោកសម្រេចបន្តគោលនយោបាយការបរទេសយូរអង្វែងរបស់កម្ពុជា លើបញ្ហាប្រទេសចិន។ លោកមានប្រសាសន៍សំដៅដល់រដ្ឋាភិបាលដែលដឹកនាំដោយអតីតព្រះមហាក្សត្រ នរោត្តម សីហនុ រហូតដល់ឆ្នាំ១៩៧០ថា “បងប្អូនត្រូវយល់ថា អ្វីទៅគោលនយោបាយការបរទេស ហើយជានយោបាយការបរទេសដែលអនុញ្ញាតតាំងពីព្រះករុណាព្រះបិតាជាតិ សម្ដេចព្រះ នរោត្តម សីហនុ ក្នុងបញ្ហាទាក់ទិននឹងគោលនយោបាយចិន នេះតែម្ដង”។
នេះមិនមែនជាលើកទី១ទេដែលលោកនាយករដ្ឋមន្ត្រីបានព្យាយាមយ៉ាងខ្លាំងដើម្បីធ្វើឱ្យប្រាកដថា វត្តមានផ្លូវការរបស់ចិនតៃវ៉ាន់ នៅតែតិចតួច។ កាលពីខែកក្កដា ឆ្នាំ២០១៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនតៃវ៉ាន់ (Taiwan External Trade Development Council) បានប្រកាសថា ខ្លួននឹងបើកការិយាល័យមួយនៅរាជធានីភ្នំពេញ ក្នុងបំណងបង្កើនពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងកោះតៃវ៉ាន់។
ទោះជាយ៉ាងណា ត្រឹម១សប្ដាហ៍ក្រោយមក លោក ហ៊ុន សែន ប្រកាសថា លោកនឹងរារាំងក្រុមប្រឹក្សានេះមិនឱ្យបើកការិយាល័យឡើយ ដោយសារតែរដ្ឋាភិបាលប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវគោលនយោបាយ ”ចិនតែមួយ” ថ្វីបើថ្នាក់ដឹកនាំខាងធុរកិច្ចអំពាវនាវឱ្យមានវិធានការជាក់ស្ដែងជាងនេះដើម្បីជំរុញការវិនិយោគពីកោះតៃវ៉ាន់ ក្ដី។ លើកទី១ កោះតៃវ៉ាន់ បានព្យាយាមបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៩។
ថ្វីបើវាជាឆាកល្ខោនផ្នែកការទូតក្ដី ក៏លោក ហ៊ុន សែន បានគូសបញ្ជាក់ថា ការវិនិយោគរបស់ចិនតៃវ៉ាន់ នៅប្រទេសកម្ពុជា ត្រូវបានស្វាគមន៍។ លោកមានប្រសាសន៍ថា “ខ្ញុំយល់ព្រមត្រឹមតែរកស៊ីប៉ុណ្ណោះ។ ខ្ញុំធ្វើបាន ឧទាហរណ៍សព្វថ្ងៃមានការហោះហើរពីតៃប៉ិ មកភ្នំពេញ ពីតៃប៉ិ ទៅសៀមរាប”។
យោងតាមស្ថិតិរបស់ក្រសួងហិរញ្ញវត្ថុនៃកោះតៃវ៉ាន់ ដែលបានចេញផ្សាយកាលពីឆ្នាំមុនបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកោះតៃវ៉ាន់ និងកម្ពុជា បានឈានដល់ប្រមាណ៧៤៤លានដុល្លារក្នុងឆ្នាំ២០១៥ ពោលគឺធ្លាក់ចុះតែ១ភាគរយប៉ុណ្ណោះបើធៀបទៅនឹងមួយឆ្នាំមុននោះ។ ការនាំចេញរបស់កោះតៃវ៉ាន់ មកកម្ពុជា បានកើនដល់៦៧៨លានដុល្លារ ចំណែកឯការនាំចូលពីកម្ពុជា មានទំហំទឹកប្រាក់៦៦លានដុល្លារសម្រាប់ឆ្នាំនោះ។
នៅតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ការរកស៊ីបើកដំណើរការធម្មតាសម្រាប់សហគមន៍ចិនតៃវ៉ាន់។
ស្ត្រីគណនេយ្យករចូលនិវត្តន៍វ័យ៦២ឆ្នាំម្នាក់ឈ្មោះ ឈិន (Chen) មកពីកោះតៃវ៉ាន់ ដែលជាអ្នកមើលការខុសត្រូវម៉ាតមួយកន្លែងមានឈ្មោះថា “គ្រួសារតៃវ៉ាន់” (Taiwanese Family) ឱ្យមិត្តភក្ដិនិយាយថា គាត់មានគម្រោងផ្លាស់មករស់នៅទីនេះជាអចិន្ត្រៃយ៍។
អ្នកស្រីនិយាយថា “យើងអាចមករកស៊ីនៅទីនេះបាន” ហើយ ការមិនអើពើទាក់ទិនទង់ជាតិនេះមិនប៉ះពាល់ដល់ការរកស៊ីរបស់ពួកគេទេ។ គាត់បានបន្តថា “នៅទីនេះមានឱកាសច្រើន”៕ សុខុម