កាលពីម្សិលមិញ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា លោកនឹងស្វះស្វែងស្នើសុំការអនុម័តយល់ព្រមលើបម្រាមនាំចូលរណារយន្តក្នុងការខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការជួញដូរឈើខុសច្បាប់ ដែលកើតមានឥតឈប់ឈរនៅក្នុងប្រទេស។
លោក សាយ សំអាល់ បានប្រកាសអំពីផែនការរបស់លោកអំឡុងកិច្ចប្រជុំនៅវេលាព្រឹកនៅទីស្ដីការក្រសួង ដែលមានការចូលរួមពីមន្ត្រីថ្នាក់ខេត្តនិងថ្នាក់ជាតិប្រហែល៣០០នាក់រួមជាមួយអង្គការមិនមែនរដ្ឋាភិបាល និងអ្នកការទូតមួយចំនួនទៀតដើម្បីពិភាក្សារកវិធីប្រយុទ្ធប្រឆាំងការបំផ្លាញធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជារួមទាំងព្រៃឈើផងដែរ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ខ្ញុំនឹងសរសេរលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្នើសុំឱ្យបញ្ឈប់ការនាំចូលរណារយន្ត។ ខ្ញុំទទួលស្គាល់ការពិតថា មានមនុស្សជាច្រើនកំពុងប្រើប្រាស់រណារយន្ដដើម្បីកាប់ឈើនៅតាមបណ្តាខេត្តមួយចំនួន ជាពិសេសក្នុងតំបន់ព្រៃឡង់”។
ព្រៃឡង់គឺជាព្រៃស្រោងដ៏ធំបំផុតក្នុងតំបន់វាលទំនាបដែលសេសសល់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានកំណត់ថាជាតំបន់ការពារកាលពីខែមេសាឆ្នាំមុន បន្ទាប់ពីការបញ្ចុះបញ្ចូលរយៈពេលជាច្រើនឆ្នាំរបស់សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលដែលបារម្ភថា អ្នកកាប់ឈើ និងក្រុមហ៊ុនចម្ការកសិពាណិជ្ជកម្មមួយចំនួននៅជុំវិញនោះនឹងកាប់បំផ្លាញទាំងស្រុងក្នុងពេលឆាប់ៗខាងមុខ។
ដោយខកចិត្តនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការការពារព្រៃឈើ ក្រុមអ្នកភូមិដែលរស់ក្នុងនិងនៅជុំវិញតំបន់នេះបានបង្កើតបណ្ដាញសហគមន៍ព្រៃឡង់ ដើម្បីជួយស្រោចស្រង់ព្រៃឈើ។
បន្ទាប់ពីកិច្ចប្រជុំ លោក ជា សុខហឿន សមាជិកបណ្ដាញសហគមន៍មួយរូបបាននិយាយថា លោករីករាយណាស់ដោយឮអំពីផែនការរបស់លោករដ្ឋមន្ត្រី ប៉ុន្តែបានបន្ថែមថា លោកគួរចាត់វិធានការបន្ថែមទៀតទៅលើរណារយន្តរាប់ពាន់គ្រឿងដែលត្រូវបានប្រើប្រាស់នាពេលបច្ចុប្បន្ននេះដោយក្រុមកាប់ឈើខុសច្បាប់រួមទាំងម្ចាស់ចម្ការផងដែរ។
លោកនិយាយថា “យើងបារម្ភថា ក្រុមហ៊ុនមួយចំនួនកំពុងប្រើប្រាស់រណារយន្តនៅលើចម្ការរបស់ពួកគេតែម្ដង ហើយរដ្ឋាភិបាលគួរពិនិត្យមើលដោយប្រុងប្រយ័ត្ន ហើយរឹបអូសយករណារយន្តដែលក្រុមហ៊ុនទាំងនោះប្រើដើម្បីកាប់ឈើដោយខុសច្បាប់”។
លោក មាស សុខសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ផែនការរបស់លោក សាយ សំអាល់ នឹងត្រូវយកទៅពិចារណា។
លោកបានមានប្រសាសន៍ថា “ប្រសិនបើយើងរកឃើញថា ការកាប់បំផ្លាញព្រៃឈើបណ្ដាលមកពីរណារយន្តមែននោះ យើងនឹងពិចារណាថាតើត្រូវបញ្ឈប់ ឬក៏កាត់បន្ថយការនាំចូលរណារយន្ត”។
អង្គការអភិរក្ស និងអង្គការសិទ្ធិបរិស្ថានជាច្រើនបានចោទរដ្ឋាភិបាលថាមានវិធានការតិចតួចប៉ុណ្ណោះក្នុងការទប់ស្កាត់អត្រាកាប់បំផ្លាញព្រៃឈើក្នុងប្រទេសកម្ពុជាដែលស្ថិតក្នុងចំណោមអត្រាកាប់បំផ្លាញព្រៃឈើខ្ពស់បំផុតក្នុងពិភពលោក។
លោក សាយ សំអាល់ បានអះអាងថា ការបង្ក្រាបការកាប់ឈើខុសច្បាប់នៅក្នុងប្រទេសកម្ពុជាភាគឦសានដែលបានចាប់ផ្ដើមកាលពីមួយឆ្នាំមុន ស្របពេលមានបម្រាមមិនឱ្យនាំឈើចេញទៅវៀតណាមនោះ មានសកម្មភាពកាន់តែខ្លាំងឡើង ជាអ្វីដែលត្រូវច្រានចោលដោយអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន។
លោក ឡាត គី ប្រធានកម្មវិធីដីធ្លី និងធនធានធម្មជាតិនៃសមាគមសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍កាលពីម្សិលមិញថា បម្រាមមិនឱ្យនាំចូលរណារយន្តនឹងធ្វើឱ្យមានការខុសប្លែកបន្តិចបន្តួចតែប៉ុណ្ណោះ លុះណាតែរដ្ឋាភិបាលចាត់វិធានការឱ្យកាន់តែធ្ងន់ធ្ងរទៅលើជនល្មើស។
លោកបានថ្លែងថា “ខ្ញុំគិតថា ការបញ្ឈប់ការនាំចូលរណារយន្តមិនមែនជាវិធានការល្អទេ ពីព្រោះបទល្មើសព្រៃឈើនៅតែបន្តកើតមាន ពីព្រោះរដ្ឋាភិបាលមិនដែលចាត់វិធានការដើម្បីចាប់ខ្លួនក្រុមអ្នកកាប់ឈើឡើយ៕ សារុន