ខណៈដែលគណបក្សប្រជាជនកម្ពុជាបានបើកការវាយប្រហារផ្លូវច្បាប់ថ្មីៗទៅលើគណបក្សប្រឆាំងនោះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់អ្នកគាំទ្រកាលពីថ្ងៃអាទិត្យថា គណបក្សត្រូវចៀសវាងជម្លោះមិនចាំបាច់ ខណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនា កាន់តែខិតជិតមកដល់។
ថ្លែងក្នុងខេត្តក្រចេះ លោក កឹម សុខា ដែលធ្វើដំណើរទូទាំងប្រទេសនៅមុនការបោះឆ្នោតនាពេលខាងមុខនោះ បានមានប្រសាសន៍ថា គណបក្សជិតនឹងព្រាងបញ្ចប់ការរៀបចំរបស់ខ្លួនសមាជិកបក្សជាង២០.០០០នាក់ដើម្បីឈរឈ្មោះនៅក្នុងឃុំសង្កាត់ចំនួន១.៦៤៦សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃទី៤ខែមិថុនាហើយ ។
លោក កឹម សុខា បានមានប្រសាសន៍ថា “បងប្អូនធ្វើឲ្យខ្ញុំមានមោទនភាពខ្លាំងណាស់ដែលថ្នាក់ដឹកនាំមូលដ្ឋានគណបក្សយើងមានការលះបង់ មានការយោគយល់ មានភាពរឹងមាំ រួបរួមគ្នា ផ្គូផ្គង សម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុងបានយ៉ាងល្អ ដោយតម្កល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋជាធំ”។
លោកបានថ្លែងថា អ្នកគាំទ្រ៤០.០០០នាក់បន្ថែមទៀតនឹងត្រូវជ្រើស ហើយធ្វើការបណ្តុះបណ្តាលដើម្បីចុះឈ្មោះជាភ្នាក់ងារសង្កេតការណ៍បោះឆ្នោត។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សទាំងអស់នឹងមានពេលបីថ្ងៃចាប់ពីថ្ងៃទី៣ ខែមីនាទៅដើម្បីចុះឈ្មោះបេក្ខជនក្នុងបញ្ជីសម្រាប់ការបោះឆ្នោត។
លោក កឹម សុខា នៅតែមិនបង្ហាញមុខចាប់តាំងពីដើមខែធ្នូមកនៅពេលលោកត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកត្រូវបានកាត់ឱ្យជាប់ទោសទាក់ទិនករណី “សញ្ចរកម្ម” ពាក់ព័ន្ធស្រីកំណាន់ ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជារឿងនយោបាយ។
ចាប់តាំងពីពេលនោះមក គណបក្សប្រជាជនកម្ពុជាកាន់អំណាចបានបន្តវាយប្រហារលើគណបក្សប្រឆាំងដោយដកឋានៈ “ក្រុមសំឡេងភាគតិច” របស់គណបក្សនេះ ហើយបានប្រកាសផែនការធ្វើវិសោធនកម្មផ្លូវច្បាប់ដែលអាចឈានដល់ការលុបបំបាត់គណបក្សសង្គ្រោះជាតិនៅមុនការបោះឆ្នោតឃុំសង្កាត់។ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលកំពុងរស់នៅក្នុងទីក្រុងប៉ារីស ត្រូវបានរារាំងមិនឲ្យចូលក្នុងប្រទេស។
បើទោះជាមានការផ្តោតគោលដៅច្បាស់ក្រឡែតលើគណបក្សរបស់លោកក៏ដោយ ក៏លោក កឹម សុខា បានមានប្រសាសន៍ថា សមាជិកទាំងអស់គួរចៀសវាងជម្លោះជាមួយគណបក្សកាន់អំណាច។
លោកបានលើកឡើងថា “ខ្ញុំសូមរំឭកថា យើងមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើយើងគ្មានពេលវេលាឈ្លោះជាមួយនរណាទេ យើងធ្វើដំណើរទៅមុខតម្រង់ទៅរកការបោះឆ្នោត”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា ការលើកឡើងរបស់លោក កឹម សុខា បង្ហាញថា មិនមានបញ្ហារវាងគណបក្សទាំងពីរទេ។
លោកបានថ្លែងថា “អនុញ្ញាតឲ្យខ្ញុំបញ្ជាក់អំពីចំណុចនេះគឺថា បញ្ហាដែលកើតឡើងមកទល់ពេលនេះ ជាបញ្ហារបស់អ្នកនយោបាយបុគ្គលតែប៉ុណ្ណោះដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មិនមែនជាបញ្ហាជម្លោះតឹងតែងរវាងគណបក្សនយោបាយឡើយ”៕សារុន