ស្រុកលំផាត់,ខេត្តរតនគិរី- គេនិយាយថា នគរបាលនៅទីនេះបានព្យាយាមប្រមូលបញ្ជីឈ្មោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងបេក្ខជនឈរឈ្មោះបោះឆ្នោតមកពីគណបក្សនេះម្តងហើយម្តងទៀត នៅក្នុងអ្វីដែលអ្នកនយោបាយមូលដ្ឋាន និងមន្ត្រីសិទ្ធិមនុស្សចាត់ទុកថា ជាការគំរាមដោយប្រយោល។ នគរបាលលើកឡើងថា វាជាមធ្យោបាយដើម្បីរក្សាសន្តិសុខ។
លោក ចេវ សុភា អ្នកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តនេះបានលើកឡើងថា “ខ្ញុំគិតថា នឹងមានករណីបែបនេះច្រើនមុនការបោះឆ្នោត។ នៅក្នុងស្រុកលំផាត់ នៅក្នុងស្រុកផ្សេងៗទៀត និងទូទាំងប្រទេសតែម្តង”។
កាលពីថ្ងៃសុក្រ នាយប៉ុស្តិ៍នគរបាលឃុំជ័យឧត្តម បានចុះទៅផ្ទះបេក្ខជនឈរឈ្មោះជាមេឃុំរបស់គណបក្សសង្គ្រោះជាតិឈ្មោះ ង៉ែត ម៉ៅ ដែលទើបតែត្រូវបានជ្រើសរើសឲ្យឈរឈ្មោះនៅក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋានដែលនឹងត្រូវធ្វើឡើងទូទាំងប្រទេស នៅខែមិថុនា ដើម្បីសួររកបញ្ជីឈ្មោះបេក្ខជនគណបក្សសង្គ្រោះជាតិ នេះបើយោងតាមនគរបាល និងមន្ត្រីមូលដ្ឋាន។
លោក ង៉ែត ម៉ៅ អាយុ៥៥ឆ្នាំ បាននិយាយនៅក្នុងកិច្ចសម្ភាសមួយក្នុងភូមិអូរកានកាលពីម្សិលមិញថា “តាមដែលខ្ញុំអាចប្រាប់បាន ពួកគេសង្ឃឹមថា នឹងគំរាមខ្ញុំបាន”។
លោកឈរឈ្មោះនៅក្នុងឃុំស្ថិតក្នុងស្រុកដែលបច្ចុប្បន្នគ្មានសមាជិកក្រុមប្រឹក្សាឃុំមកពីគណបក្សប្រឆាំងទាល់តែសោះ។
លោក ង៉ែត ម៉ៅ បាននិយាយទៀតថា លោក ម៉ៅ ឡាត ដែលជានាយប៉ុស្តិ៍នគរបាលឃុំ “ចង់ដឹងឈ្មោះរបស់មនុស្សទាំងអស់នៅក្នុងគណបក្សសង្គ្រោះជាតិក្នុងភូមិអូរកាន និងនៅក្នុងឃុំនេះ”។
លោក ង៉ែត ម៉ៅ បាននិយាយបន្តទៀតថា នៅពេលលោក ស្នើសុំការពន្យល់ លោក ម៉ៅ ឡាត បាននិយាយថា “មេរបស់គាត់ប្រាប់គាត់ឲ្យមកយកឈ្មោះ” ហើយបានពន្យល់ថា គោលបំណង់គឺ “រក្សាសន្តិសុខ”។
លោក ង៉ែត ម៉ៅ បានបដិសេធមិនឲ្យលោក ម៉ៅ ឡាត កត់ឈ្មោះ ឬថតបញ្ជីនេះឡើយ។

លោកបានលើកឡើងថា “ខ្ញុំបាននិយាយថា បើមេរបស់អ្នកឯងបញ្ជាឲ្យមក អ៊ីចឹងខ្ញុំត្រូវសួរមេខ្ញុំជាមុនសិន”។ លោកបានហៅទូរស័ព្ទទៅលោក ស្វិន ឆ្វែល អនុប្រធានផ្នែកប្រតិបត្តិការរបស់គណបក្សសង្គ្រោះជាតិនៅក្នុងស្រុកលំផាត់ដែលនិយាយថា ឈ្មោះរបស់បេក្ខជនមិនអាចឲ្យដឹងបានទេ លុះត្រាតែវាត្រូវបានប្រកាសនៅខែមីនាជាមុនសិន។
ពេលទៅដល់ប៉ុស្តិ៍នគរបាលឃុំកាលពីម្សិលមិញ លោក ម៉ៅ ឡាត បានបញ្ជាក់ថា លោកចុះទៅផ្ទះរបស់លោក ង៉ែត ម៉ៅ ដើម្បី ប្រមូលឈ្មោះ និងព័ត៌មានរបស់បេក្ខជនមកពីគណបក្សសង្គ្រោះជាតិ។
លោកបាននិយាយថា”គ្មានបញ្ហាអ្វីទេនៅទីនេះ។ ធ្វើអ៊ីចឹងវាងាយស្រួលក្នុងការគ្រប់គ្រងបេក្ខជន”។
ពេលស្នើសុំឲ្យបញ្ជាក់ថា តើការគ្រប់គ្រង បេក្ខជននេះចង់មានន័យយ៉ាងដូចម្តេចនោះលោកបានប្តូរសាច់រឿងម្តងហើយម្តងទៀត។ ដល់ចំណុចមួយលោកបាននិយាយថា វាដោយសារបញ្ហាសន្តិសុខ គឺ “ប្រសិនបើមានបញ្ហា វាងាយស្រួលក្នុងការដឹងថា បេក្ខជនរូបណាដែលពាក់ព័ន្ធ និងនរណាដែលពាក់ព័ន្ធ”។
លោក ម៉ៅ ឡាត បានលើកឡើងថា មានគណបក្សចំនួន៤ដែលមានបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់នៅក្នុងឃុំជ័យឧត្តម ប៉ុន្តែ ពេលត្រូវបានសាកសួរ លោកបាននិយាយថា លោកគ្រាន់តែព្យាយាមប្រមូល ឈ្មោះបេក្ខជនគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ។
ពេលសួរថា តើបញ្ហាអ្វីដែលលោកគិតថា នឹងកើតមាន លោក ម៉ៅ ឡាត មិនបានឆ្លើយនោះឡើយ។ ក្រោយមកលោក ម៉ៅ ឡាតបាននិយាយថា លោកគ្រាន់តែធ្វើតាមថ្នាក់លើប៉ុណ្ណោះ។ម៉្យាងវិញទៀតលោកបានលើកឡើងថា លោកកមកប្រមូលឈ្មោះ គឺគ្រាន់តែទុកក្រែងលោ មន្ត្រីថ្នាក់លើចង់បានវានៅពេលណាមួយប៉ុណ្ណោះ។
នេះមិនមែនជាការព្យាយាមលើកទី១ទេដែលនគរបាលចង់បានឈ្មោះរបស់មន្ត្រីគណបក្សប្រឆាំងនៅក្នុងភូមិនេះ នេះបើយោងតាមលោក ស្វិន ឆ្វែល ដែលដូចលោក ង៉ែត ម៉ៅ ដែរនោះ គិតថា នគរបាលកំពុងតែព្យាយាមបំភ័យមន្ត្រី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។
លោក ស្វិន ឆ្វែល បាននិយាយថា “នៅក្នុងឃុំល្បាំងកាលពីថ្ងៃទី៩ខែមករា ខ្ញុំបានរៀបចំឲ្យមានការប្រជុំដើម្បីផ្តល់ការគាំទ្រដល់អ្នកដែលកំពុងឈរឈ្មោះសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់”។
លោកបានបន្តថា “នគរបាលមូលដ្ឋានចង់បានព័ត៌មានរបស់នរណាដែលចូលរួមក្នុងការជួបប្រជុំនេះ ពួកគេចង់បានបញ្ជីឈ្មោះ។ ខ្ញុំឲ្យពួកគេចូលរួមក្នុងការជួបប្រជុំនេះ ប៉ុន្តែ ខ្ញុំមិនបានផ្តល់បញ្ជី ឈ្មោះទៅឲ្យពួក គេឡើយ”។នគរបាលបានព្យាយាមម្តងទៀត៤ថ្ងៃក្រោយមកនៅក្នុងការជួបប្រជុំមួយទៀតក្នុងឃុំកាឡែង ហើយលោកបានបដិសេធម្តងទៀត។
លោក ចេវ សុភា ដែលមកពីអង្គការលីកាដូបានលើកឡើងទៀតថា យុទ្ធសាស្ត្របំភ័យមានប្រសិទ្ធភាពណាស់ក្នុងខេត្តរតនគិរីដែលមានមនុស្សជាច្រើនដែលមានការអប់រំតិចតួច និងមិនដឹងអំពីសិទ្ធិរបស់ខ្លួន ជាពិសេសក្នុងចំណោមពលរដ្ឋជនជាតិដើមភាគតិច។
លោកបានថ្លែងថា “គ្រាន់តែលើកឡើងពីនគរបាល ឬថា ពួកគាត់អាចបញ្ជូនទៅពន្ធនាគារ ពួកគាត់ភ័យបាត់ទៅហើយ”។
លោក ចេវ សុភា បានលើកឡើងបន្តទៀតថា នៅក្នុងករណីរបស់លោក ង៉ែត ម៉ៅ ការចុះទៅតំបន់នេះរបស់នគរបាលមិនមែនថា ពលរដ្ឋផ្សេងទៀតក្នុងឃុំជ័យឧត្តមមិនចាប់អារម្មណ៍ឡើយ។ “ករណីនេះ មិនអាចបំភ័យគាត់បានទេ ប៉ុន្តែ វានឹងបំភ័យប្រជាពលរដ្ឋនៅជុំវិញគាត់”៕ ស៊ុយឈាង