មន្ត្រីការពារសិទ្ធិមនុស្សដ៏សំខាន់ពីររូបដែលត្រូវបានសន្តិសុខខណ្ឌវាយដំអំឡុងការជួបជុំគ្នាមួយកាលពីឆ្នាំមុន បានថ្កោលទោសចំពោះបណ្តឹងព្រហ្មទណ្ឌដែលសន្តិសុខខណ្ឌពីរនាក់ដាក់ប្តឹងពួកគាត់ ដោយលើកឡើងថា អ្នកដែលតុលាការគួរកោះហៅមកឆ្លើយបំភ្លឺក្នុងនាមជនសង្ស័យកាលពីម្សិលមិញ គឺសន្តិសុខទាំងនោះ មិនមែនពួកគាត់ឡើយ។
បន្ទាប់ពីចូលឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ លោក ច័ន្ទ ពុទ្ធិស័ក្ត សកម្មជនមកពីសហគមន៍បឹងកក់ដែលរងការបណ្តេញចេញ បានមានប្រសាសន៍ ថា “មន្ត្រីដែលធ្វើខុស មិនត្រឹមត្រូវ បែរជាមិនដាក់ទោស។ បែរជាចាត់ទុកយើងជាជនសង្ស័យទៅវិញ។ វាកំពុងក្លាយជារបបណាហ្ស៊ី ហើយ”។

រូបភាពវីដេអូបង្ហាញថា លោក អំ សំអាត ប្រធានផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ និងលោក ច័ន្ទ ពុទ្ធិស័ក្ត ត្រូវបានសន្តិសុខខណ្ឌដូនពេញវាយដំអំឡុងពេលហែក្បួនដោយសន្តិវិធីក្នុងទិវាលំនៅដ្ឋានពិភពលោក កាលពីថ្ងៃទី១០ ខែតុលា។
រូបភាពវីដេអូនោះ និងការថ្កោលទោសតាមក្រោយ មិនអាចរារាំងសន្តិសុខខណ្ឌពីរនាក់ឈ្មោះ សំ សុធារ៉ា និងឈ្មោះ តែត ចន្ធូ មិនឲ្យដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌពីបទ “បង្កហិង្សាដោយចេតនា” បានឡើយ ហើយពួកគេអះអាងថា ខ្លួនគឺជាជនរងគ្រោះពិតប្រាកដដែលត្រូវមន្ត្រីការពារសិទ្ធិមនុស្សវាយដំ។ តែតាមពិត ពាក្យបណ្តឹងនេះគួរតែមន្ត្រីការពារសិទ្ធិមនុស្សជាអ្នកដាក់ប្តឹងសន្តិសុខខណ្ឌទៅវិញទេ។
នៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដែលមានអ្នកតវ៉ាប្រហែល៥០នាក់ប្រមូលផ្តុំគ្នាប្រឆាំងចំណាត់ការនីតិវិធីនេះ លោក អំ សំអាត មានប្រសាសន៍ថា គ្មានហេតុផលអ្វីដែលគួរឲ្យកោះហៅលោកទៅឆ្លើយបំភ្លឺក្នុងនាមសាក្សីឡើយ។
លោកថ្លែងថា ” មានវីដេអូ មានរូបថតហើយមានភ័ស្តុតាងជាច្រើនទៀតដែលបង្ហាញថា សន្តិសុខទាំងអស់ហ្នឹងវាយដំមកលើរូបខ្ញុំ។ ហើយមិនមែនតែខ្ញុំទេ សូម្បីតែសាធារណជនទូទៅក៏គេឃើញដែរ ឃើញពីទង្វើដ៏ឃោរឃៅ និងអមនុស្សធម៌របស់សន្តិសុខខណ្ឌដូនពេញប៉ុន្មាននាក់ហ្នឹង”។
ប៉ុន្មានថ្ងៃក្រោយហេតុការណ៍វាយដំនេះនគរបាលអះអាងថា ការសើុបអង្កេតរបស់ខ្លួនបានរាំងស្ទះដោយសារខ្វះសាក្សីបំភ្លឺ ហើយពីដំបូងឡើយបានជំរុញឲ្យមានការផ្សះផ្សាគ្នាក្រៅប្រព័ន្ធតុលាការជាជាងសើុបអង្កេតករណីនេះបន្តទៀត។

លោក ច័ន្ទ ពុទ្ធិស័ក្ត មានប្រសាសន៍ថា លោកបានប្រាប់ព្រះរាជអាជ្ញាកាលពីម្សិលមិញថា ខណៈពេលលោកកំពុងថតវីដេអូផ្តិតយកព្រឹត្តិការណ៍តវ៉ានោះ លោកក៏ស្រាប់តែត្រូវគេវាយតែម្តង។
លោកបានរៀបរាប់ថា “ខ្ញុំប្រាប់ថា ខ្ញុំបានឃើញ ដំបូងឡើយលោក គឹម វុត្ថា ជាប្រធានសន្តិសុខខណ្ឌដូនពេញមកដល់នាំកម្លាំងសន្តិសុខមួយឡានចុះមកចង្អុលសួរថា ‘អាណាឲ្យមកដើរផ្លូវហ្នឹង?’ ហើយចរចាគ្នាអត់ត្រូវ ក៏គាត់បញ្ជាឲ្យបំបែកកម្ទេចសម្ភារទាំងអស់។កម្លាំង [សន្តិសុខ] វ៉ៃទ្រោមពីលើយើង វ៉ៃកែង ជង្គង់ ដាល់មុខ និងយក ID វ៉ៃថែមទៀត” បណ្តាលឲ្យគាត់រងរបួសបីកន្លែងចំក្បាល និងស្មា។
លោកស្រី សាម សុគន្ធា មេធាវីតំណាងឲ្យលោក អំ សំអាត និងលោក ច័ន្ទ ពុទ្ធិស័ក្ត បានបង្ហាញក្តីសង្ឃឹមសម្រាប់កូនក្តីរបស់លោកស្រីដោយលើកឡើងថា តុលាការមិនទាន់សម្រេចនៅឡើយទេថា តើពួកគាត់ទាំងពីរគឺជាជនរងគ្រោះ ឬជាជនដៃដល់ក្នុងហេតុការណ៍វាយដំនោះ។
លោកស្រីមានប្រសាសន៍ថា “និយាយឲ្យខ្លី គឺព្រះរាជអាជ្ញាសួរអ្នកទាំងពីរក្នុងនាមជាបុគ្គលដែលត្រូវគេប្តឹង និងក្នុងនាមជាជនរងគ្រោះ។អត់ទាន់មានការចោទប្រកាន់លើអ្នកណាទាំងអស់ក្នុងរឿងហ្នឹង ព្រោះធម្មតាគាត់ទើបទទួលរបាយការណ៍ពីប៉ូលិស”។
ព្រះរាជអាជ្ញារង ងិន ពេជ ដែលបានសាកសួរចុងចម្លើយទាំងនេះ និងលោក គឹម វុត្ថា ដែលបានដឹកនាំការបង្ក្រាបរបស់កម្លាំងសន្តិសុខ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេទាក់ទិនសំណុំរឿងនេះ ចំណែកឯលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា តុលាការបាន “សម្រេចបន្តចំណាត់ការរឿងក្តីនេះ”។
សំណុំរឿងនេះឆ្លុះបញ្ចាំងពីការតវ៉ានានានៅក្នុងរាជធានីភ្នំពេញ។ សន្តិសុខខណ្ឌដូនពេញបានប្រើដំបង ចំពាមកៅស៊ូ និងឧបករណ៍ឆក់ចាត់ការលើអ្នកតវ៉ា ឥស្សរជនក្នុងជួរគណបក្សប្រឆាំង និងអ្នកកាសែតក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ដ៏ចម្រូងចម្រាស ដោយយ៉ាងសាហាវព្រៃផ្សៃដែលអង្គការលើកលែងទោសអន្តរជាតិនិយាយថា បាននាំឲ្យមាន “ការរំលោភសិទ្ធិមនុស្សយ៉ាងច្រើន”។
សន្តិសុខខណ្ឌទាំងនោះក៏ជាដើមបណ្តឹងដែរក្នុងសំណុំរឿងមួយកាលពីឆ្នាំ២០១៤ ដែលបានធ្វើឲ្យសមាជិកគណបក្សប្រឆាំង១១រូបជាប់ពន្ធនាគាររយៈពេលវែងដោយសារការពាក់ព័ន្ធនៅក្នុងការតវ៉ាមួយដែលក្រុមអ្នកតវ៉ាបានប្រើកម្លាំងតបតទៅលើសន្តិសុខវិញ។

សូមបញ្ជាក់ថា សកម្មជនបឹងកក់ មួយក្រុមមានគ្នាប្រមាណជាង២០នាក់ដែលតែងតែបង្ហាញមុខចូលរួមការតវ៉ានានាក្នុងរាជធានីភ្នំពេញ បន្ទាប់ពីផ្ទះសំបែងរបស់ពួកគេនៅមាត់បឹងនេះត្រូវបានគេកម្ទេចចោលដើម្បីបើកផ្លូវសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានប្រណីតមួយកាលពីឆ្នាំ២០០៩នោះ គឺជាគូប្រឆាំងរហូតមករបស់សន្តិសុខម្នាក់ក្នុងចំណោមសន្តិសុខទាំងនេះ។
អង្គការលីកាដូបានធ្វើឲ្យរដ្ឋាភិបាលខឹងម្តងហើយម្តងទៀត ដោយអាជ្ញាធរអះអាងថា គេហទំព័រ “អ្នកទោសនយោបាយ” របស់អង្គការនេះដែលបង្ហាញថាបច្ចុប្បន្នមានអ្នកទោសនយោបាយចំនួន២០នាក់នោះ បានបំពានច្បាប់។
កាលពីឆ្នាំមុនក៏មានការបង្ក្រាបលើសមាគមសិទ្ធិមនុស្សអាដហុកដែរ ដោយបុគ្គលិកបច្ចុប្បន្នបួនរូប និងអតីតបុគ្គលិកមួយរូបរបស់ខ្លួនបានជាប់ពន្ធនាគារពីបទជាប់ពាក់ព័ន្ធករណីសូកប៉ាន់មួយដែលមជ្ឈដ្ឋានទូទៅចាត់ទុកថាជារឿងនយោបាយ។
លោក សឹុង សែនករុណា មន្ត្រីសើុបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុកបានចាត់ទុកការកោះហៅលោក អំ សំអាត និងលោក ច័ន្ទ ពុទ្ធិស័ក្ត ថាជា “ទង្វើគំរាមកំហែង”។ លោកមានប្រសាសន៍ថា “ខ្ញុំថា វាជាជារឿងមួយធ្វើឲ្យហួសចិត្ត បានន័យថា ជនដែលប្រព្រឹត្តមិនត្រូវបានចាត់វិធានការតាមបណ្តឹងរបស់ជនរងគ្រោះពិតប្រាកដ តែបែរជាលោក អំ សំអាត និងលោក ច័ន្ទ ពុទ្ធិស័ក្ត ជាអ្នកសង្ស័យប្រព្រឹត្តនូវអំពើហិង្សាទៅវិញ”៕ សុខុម