31 C
Phnom Penh

នាយក​​​រដ្ឋមន្ត្រី​​​បញ្ជាឱ្យ​​​ចាប់អ្នក​​​នយោបាយ​​​ដែល​​​សន្យា​​​លុប​​​​​​បំណុល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយនៅសល់តែ៤ខែទៀតប៉ុណ្ណោះដល់ថ្ងៃបោះឆ្នោតឃុំ-សង្កាត់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានបញ្ជាឱ្យអាជ្ញាធរចាប់ខ្លួនអ្នកនយោបាយណាដែលរកឃើញថា កំពុងប្រព្រឹត្ត “ បទល្មើសជាក់ស្ដែង” ដោយការសន្យាមិនពិតថានឹងលុបចោលបំណុលដែលប្រជាពលរដ្ឋជំពាក់គ្រឹះស្ថានហិរញ្ញវត្ថុឯកជន។

លោកនាយករដ្ឋមន្ត្រីមិនបានកំណត់ថានរណាម្នាក់ចំនោះទេ។ ប៉ុន្តែ ក្នុងឆ្នាំ២០១៥ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលថ្មីៗនេះត្រូវបានតែងតាំងជាប្រធានគណបក្សរាជានិយម ហ្វុ៊នស៊ិនប៉ិច ឡើងវិញនោះ បានមានបន្ទូលទៅកាន់អ្នកយកព័ត៌មានថា ព្រះអង្គនឹងធ្វើការសន្យាចំពោះបារមីនៅវត្តភ្នំថា នឹង”លុបចោលបំណុលរបស់ប្រជាពលរដ្ឋទាំងអស់” ខណៈដែលព្រះអង្គព្យាយាមកៀងគររកការគាំទ្រ។

cam-photo-hospital-channa-800x533ថ្លែងនៅវត្តមួយក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានរិះគន់អ្នកនយោបាយមួយចំនួនដែលអះអាងថា បើគេឈ្នះឆ្នោត គេនឹងលុបបំណុលដែលប្រជាពលរដ្ឋជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលក្នុងនោះលោកបានលើកឡើងថា ប្រជាពលរដ្ឋតែងតែគិតថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជារបស់រដ្ឋ។

លោកមានប្រសាសន៍ថា “គណបក្សនយោបាយ និងអ្នកនយោបាយមួយចំនួនបានលើកឡើងថា ពួកគេនឹងលុបចោលបំណុលបើពួកគេឈ្នះឆ្នោត។សូមកុំសង្ឃឹម។ គណបក្សនយោបាយកុំលេងឱ្យសោះអារឿងហ្នឹង។ បើថាបទល្មើសជាក់ស្ដែង គឺថាចាប់ខ្លួននៅនឹងកន្លែងតែម្ដង អ្នកឯងដើរបោកប្រាស់ប្រជាពលរដ្ឋ”។

លោក ហ៊ុន សែន បានថ្លែងថា បើចង់លុបបំណុលនេះចោល ទាល់តែធ្វើបដិវត្តមួយ គឺរម្លាយចោលរបបរាជានិយម ហើយបង្កើតរបបមួយថ្មី និងលុបចោលអ្វីៗទាំងអស់ អាហ្នឹងបានទៅរួច ដូច្នេះប្រទេសនឹងក្រឡាប់ចាក់ដូចជំនាន់ ប៉ុល ពត ទៀតហើយ។

លើសពីនេះទៀតលោកបានព្រមានថា ការសន្យាលុបចោលបំណុលដើម្បី “ជាថ្នូរនឹងសន្លឹកឆ្នោត” នឹងធ្វើឱ្យមានភាពក្រីក្រកើនឡើង ពីព្រោះវាលើកទឹកចិត្តប្រជាពលរដ្ឋកាន់តែច្រើនឡើងឱ្យខ្ចីលុយដែលពួកគាត់គ្មានលទ្ធភាពសង។

លោក សាយ ហាក់ អ្នកនាំពាក្យគណបក្សហ្វុ៊នស៊ិនប៉ិចបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការលើកឡើងនេះឡើយ។

លោក ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវដាក់ស្លាកយីហោដើម្បីបញ្ជាក់ថា ពួកគេជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន មិនមែនរបស់រដ្ឋទេ ហើយប្រាប់បុគ្គលិករបស់ខ្លួនឱ្យផ្សព្វផ្សាយសារនេះដល់អតិថិជន។

លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតបានយល់ស្របថា ប្រជាពលរដ្ឋមួយចំនួនមកពីតំបន់ជនបទមិនសូវយល់ច្បាស់ពីកម្ចីមីក្រូហិរញ្ញវត្ថុទេ។

លោក ហ៊ុន សែន ព្រមានថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាដែលមិនដាក់ស្លាកយីហោ “ចាប់បង្ខំឱ្យបិទតែម្ដង បើមិនដូច្នោះទេប្រជាពលរដ្ឋនៅតែយល់ច្រឡំថាអាហ្នឹងជារបស់រដ្ឋ ហើយគិតថាពួកគាត់ជំពាក់លុយរដ្ឋ”៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស