27.5 C
Phnom Penh

តុលាការ​​​អាមេរិក​​​​​​បង្គាប់​​​ឱ្យ​​​​​​​​បង្ហាញ​វីដេអូ​​​កា​រ​​​ធ្វើ​​​ឃាតលោក កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការអាមេរិកបានសម្រេចថា លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងអាចចេញសំណើសុំឲ្យក្រុមហ៊ុនឈេហ្វរ៉ុន ជាក្រុមហ៊ុនប្រេងឥន្ធនៈដ៏ធំមួយបង្ហាញរូបភាពកាមេរ៉ាសុវត្ថិភាពពាក់ព័ន្ធការធ្វើឃាតលោកកែម ឡី អ្នករិះគន់រដ្ឋាភិបាលនៅស្ថានីយប្រេងឥន្ធនៈមួយក្នុងចំណោមស្ថានីយរបស់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីខែកក្កដា។

យោងតាមសេចក្ដីសម្រេចរបស់តុលាការ ដែលលោក សម រង្ស៊ី បានបង្ហោះក្នុងទំព័រហ្វេសប៊ុកកាលពីថ្ងៃសុក្របានឱ្យដឹងថា សំណើដែលបានដាក់កាលពីខែធ្នូដោយលោក សម រង្ស៊ី និងប្រជាពលរដ្ឋកម្ពុជាមួយក្រុមត្រូវបានអនុម័តយល់ព្រមកាលពីថ្ងៃព្រហស្បតិ៍។

សេចក្តីសម្រេចដដែលនេះបន្តថា ”អ្នកស្នើសុំអាចប្រើសំណៅចុងក្រោយនៃដីកាកោះ ដែលភា្ជាប់មកជាមួយនេះ” ជាដីកាកោះរបស់តុលាការដែលបានចេញដោយ តុលាការខណ្ឌក្នុងរដ្ឋកាលីហ្វ័រញ៉ាភាគខាងជើងដោយលើកឡើងថា ក្រុមហ៊ុនឈេហ្វរ៉ុនដែលប្រតិបត្តិការជាក្រុមហ៊ុនកាល់តិចក្នុងប្រទេសកម្ពុជានោះ មានពេល៣០ថ្ងៃក្នុងការជំទាស់ទៅនឹងដីកាកោះនេះនៅពេលទទួលបាន។

លោក សម រង្ស៊ី បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា ”សំណើនេះគឺជាជំហានមួយឆ្ពោះទៅមុខដែលបង្ហាញពីការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឃាតលោក កែម ឡី”។

cam-photo-samlap-channaលោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា នៅស្ថានីយប្រេងឥន្ធនៈកាល់តិចមួយក្នុងរាជធានីភ្នំពេញ។ បុរសម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធអំពើឃាតកម្មនេះ ដែលសវនាការគ្រោងធ្វើឡើងនៅខែក្រោយ ប៉ុន្តែមជ្ឈដ្ឋានជាច្រើនសង្ស័យថា បុរសរូបនេះគ្រាន់តែជាឃាតករស៊ីឈ្នួលតែប៉ុណ្ណោះ។

លោក សម រង្ស៊ី បានមានប្រសាសន៍ថា ការធ្វើឃាតនេះគឺជា ”សកម្មភាពភេរវកម្មដែលគាំទ្រដោយរដ្ឋាភិបាល” ហើយបានប្រៀបធៀបករណីនេះទៅនឹងអំពើមនុស្សឃាតពីមុនៗលើអ្នករិះគន់រដ្ឋាភិបាលមួយចំនួនទៀតដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាសកម្មភាពដែលគាំទ្រដោយរដ្ឋាភិបាល។

លោក សម រង្ស៊ី និងអ្នកស្នើឡើងមួយចំនួនទៀតកំពុងស្វែងរករូបភាពវីដេអូ ព្រមទាំងសំឡេងនៅស្ថានីយប្រេងឥន្ធនៈនេះចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែកក្កដា ឯកសារដែលកំណត់ពីបុគ្គលិកដែលបានបម្រើការនៅស្ថានីយនេះក្នុងរយៈពេលនោះ និងការបញ្ចេញ “ការសន្ទនាទាំងអស់ជាមួយភ្នាក់ងារណាមួយ បុគ្គលិកឬទីភ្នាក់ងាររបស់រដ្ឋាភិបាលកម្ពុជា” ពាក់ព័ន្ធលោក កែម ឡី។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍កាលពីខែសីហាជំុវិញការអះអាងពីការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាល។

ភ័ស្តុតាងដែលលោក សម រង្ស៊ី កំពុងស្វែងរក នឹងត្រូវបង្ហាញនៅក្នុងបណ្តឹងបរិហារកេរ្តិ៍ដែលមិនទាន់ដោះស្រាយ ព្រមទាំងបណ្ដឹងដែលត្រូវបានប្ដឹងនៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដោយមេធាវីដែលគាំទ្រគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៤ ហើយបានធ្វើបច្ចុប្បន្នភាពកាលពីឆ្នាំមុន បន្ទាប់ពីមានអំពើឃាតកម្មលើលោក កែម ឡី ដោយចោទរដ្ឋាភិបាលកម្ពុជាថា បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

អ្នកនាំពាក្យក្រុមហ៊ុនឈេហ្វរ៉ុនដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វាន់ស៊ីស្កូ មិនបានឆ្លើយតបភ្លាមៗចំពោះសំណួរជាច្រើនកាលពីម្សិលមិញទេ។

លោក សម រង្ស៊ី ដែលរស់នៅក្នុងភាពនិរទេសខ្លួនកាលពីខែវិច្ឆិកាឆ្នាំ២០១៥ ដើម្បីគេចពីការផ្ដន្ទាទោសដាក់ពន្ធនាគារជុំវិញរឿងក្ដីបរិហារកេរ្តិ៍ផ្សេងទៀតនោះ បានលាលែងពីប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃសៅរ៍ ចំពេលដែលលោក ហ៊ុន សែន លើកឡើងថា នឹងរម្លាយគណបក្សប្រឆាំង ប្រសិនបើលោក សម រង្ស៊ី នៅតែជាប្រធាននោះ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស