29.3 C
Phnom Penh

សមាជិក​​​សភា​​​អាមេរិក​​​​​​ជំរុញ​​​ឱ្យ​​​​​​រដ្ឋាភិបាល​​​ថ្មី​​​ធានា​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​យុត្តិធម៌​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុងលិខិតមួយច្បាប់ដែលបានចុះហត្ថលេខាកាលពីថ្ងៃព្រសហ្បតិ៍មានខ្លឹមសារថា សមាជិកសភាអាមេរិកពីររូបដែលគាំទ្រគណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យលោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិកដែលទើបតែងតាំងថ្មីប្រកាន់ជំហរមឺុងម៉ាត់ចំពោះរដ្ឋាភិបាលកម្ពុជានៅមុនការបោះឆ្នោតនាពេលខាងមុខ។

លោក Alan Lowenthal អ្នកប្រជាធិប តេយ្យដែលតំណាងនៅក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា ដែលជាសហគមន៍ខ្មែរដ៏ធំបំផុតក្នុងសហរដ្ឋអាមេរិក និងលោក Steve Chalot  អ្នកសាធារណរដ្ឋដែលតំណាងឱ្យរដ្ឋអូហាយូ៉ បានបង្កើត Congressional Cambodia Caucus កាលពីខែមីនាឆ្នាំមុន។

នៅក្នុងលិខិតនោះលោកទាំងពីរដែលជាសហប្រធានក្រុមការងារបានស្វាគមន៍លោក Tillerson អតីតនាយកប្រតិបត្តិក្រុមហ៊ុន ExxonMobil ជាក្រុមហ៊ុនប្រេង និងឧស្ម័នដ៏ធំចំពោះតួនាទីរបស់លោកជាមន្ត្រីកិច្ចការបរទេសជាន់ខ្ពស់របស់លោក ដូណាល់ ត្រាំ  ប្រធានាធិបតីសហរដ្ឋអាមេរិក ហើយបានផ្តោតការចាប់អារម្មណ៍លើប្រទេសកម្ពុជា។

សមាជិកសភាទាំងពីររូបនេះបានសរសេរថា “ខណៈប្រទេសកម្ពុជាមានគណបក្សប្រឆាំងដ៏រស់រវើក លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាកាន់អំណាចបានប្រើប្រាស់ការបំភិតបំភ័យ និងអំពើហិង្សាម្តងហើយម្តងទៀតដើម្បីបំបិទសំឡេងរបស់ពួកគេ” ដោយបានលើកឡើងពីសំណើមួយរបស់លោក ហ៊ុន សែន កាលពីដើមខែនេះឲ្យរម្លាយគណបក្សនយោបាយណាដែលបំពានច្បាប់ថ្មី។

cam-photo-hun-sen-trump_head-featuredលិខិតដដែលនេះបានបន្តថា “ការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំនេះ និងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ នឹងក្លាយជាសូចនាករដ៏សំខាន់បង្ហាញពីភាពរស់រវើកនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្រសួងការបរទេសអាមេរិកអាចដើរតួនាទីសំខាន់ក្នុងការទំនាក់ទំនងទៅកាន់រដ្ឋាភិបាលកម្ពុជាអំពីសារៈសំខាន់នៃការរៀបចំការបោះឆ្នោតដែលសហគមន៍អន្តរជាតិអាចជឿទុកចិត្តបាន”។

លោក Lowenthal និង លោក Chabot ដែល   ជាអ្នករិះគន់ឥតសំចៃទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន នោះ បានជំរុញឲ្យលោក Tillerson ដាក់គំនាបលើលោក ហ៊ុន សែន ឲ្យទម្លាក់ “ការចោទប្រកាន់ទាំងអស់ដែលពាក់ព័ន្ធនយោបាយលើថ្នាក់ដឹកនាំគណបក្សប្រឆាំង បញ្ឈប់ការយាយីលើគណបក្សសង្គ្រោះជាតិ” អនុញ្ញាតឲ្យអតីតមេដឹកនាំគណបក្សប្រឆាំងគឺលោក សម រង្ស៊ី ត្រឡប់មកប្រទេសវិញ និងអនុញ្ញាតឱ្យមានអ្នកសង្កេតការណ៍បោះឆ្នោត នៅគ្រប់មណ្ឌលបោះឆ្នោតទាំងអស់។

ទំនាក់ទំនងអាមេរិកកម្ពុជាបានតានតឹង ខណៈដែលឥទ្ធិពលរបស់ចិនកើនឡើងដោយកាលពីខែមុនកម្ពុជាបានលុបចោលសមយុទ្ធយោធាប្រចាំឆ្នាំជាមួយសហរដ្ឋអាមេរិក ហើយលោក ហ៊ុន សែន បានស្នើឲ្យលោក ដូណាល់ ត្រាំ លុបចោលបំណុលសង្គ្រាមឥណ្ឌូចិនទី២ដែលមានទឹកប្រាក់ប្រហែល៥០០លានដុល្លារ។

លោក វីលៀម ហេដ ឯកអគ្គរដ្ឋទូតអាមេរិកបានឆ្លើយតបធ្ងន់ៗទៅគណបក្សកាន់អំណាចនៅក្នុងជំនួបជាមួយប្រព័ន្ធផ្សព្វផ្សាយភាសាខ្មែរកាលពីសប្តាហ៍មុន ដោយលើកឡើងថា រដ្ឋាភិបាលកម្ពុជាត្រូវតែទទួលស្គាល់បំណុលនេះ ហើយបញ្ឈប់ផែនការរម្លាយគណបក្សនយោបាយ។

លោកបានថ្លែងថា “រឿងបែបនោះ ការបណ្តេញចេញពីទីលានប្រកួត ការរម្លាយគណបក្ស… ខ្ញុំគិតថា នោះមិនមែនជាអ្វីដែលប្រជាជនកម្ពុជាចង់បាននោះទេ ហើយខ្ញុំគិតថា វាមិនអាចជួយឱ្យលទ្ធិប្រជាតេយ្យនៅកម្ពុជាវិវឌ្ឍទៅមុខឡើយ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស