28.4 C
Phnom Penh

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្ដឹង​អ្នក​វិភាគ​​​​​​​នយោបាយ​​​ទារ​សំណង​ជំងឺ​ចិត្ត​កន្លះ​លាន​ដុល្លារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មិនយូរទេ ទ្រព្យសម្បត្តិរបស់លោក គឹម សុខ អ្នកអត្ថាធិប្បាយនយោបាយដែលមានដូចជា ទូរស័ព្ទ iPhone ពីរគ្រឿង iPad មួយគ្រឿង និងលុយសន្សំក្នុងគណនីធនាគារចំនួន២០០ដុល្លារ អាចនឹងក្លាយជាទ្រព្យសម្បត្តិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានដាក់ពាក្យប្ដឹងអ្នកធ្វើអត្ថាធិប្បាយរូបនេះទារសំណងជំងឺចិត្តកន្លះលានដុល្លារចំពោះការអះអាងថា គណបក្សប្រជាជនជាអ្នកសម្លាប់លោក កែម ឡី។

អំឡុងសុន្ទរកថាក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយនៅក្រៅរាជធានីភ្នំពេញកាលពីម្សិលមិញ លោក ហ៊ុន សែន បានព្រមានលោក គឹម សុខ ថា “កុំរត់ហ្អាស ជាប់គុកត្រឹម២ឆ្នាំតើ”។

លោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយបង្ហាញវត្តមានក្នុងកម្មវិធីវិទ្យុនៅស្ទូឌីយ៉ូនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ក្នុងរូបថតបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោក។ ហ្វេសប៊ុក
លោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយបង្ហាញវត្តមានក្នុងកម្មវិធីវិទ្យុនៅស្ទូឌីយ៉ូនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ក្នុងរូបថតបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោក។ ហ្វេសប៊ុក

ក្នុងថ្ងៃដដែល ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យលោក គឹម សុខ ចូលខ្លួនដើម្បីឆ្លើយបំភ្លឺនៅថ្ងៃសុក្រ ហើយបានហាមឃាត់លោកមិនឱ្យចាកចេញពីប្រទេសឡើយ។

ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃអាទិត្យ លោក គឹម សុខ បានអះអាងថា គណបក្សប្រជាជនកម្ពុជាបានគ្របលើគណបក្សប្រឆាំងដោយមិនត្រឹមត្រូវ ហើយបានលើកឡើងតាមក្រោយថា “គេ” បានសម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវឃាតករសម្លាប់កាលពីខែកក្កដាឆ្នាំមុន មិនយូរប៉ុន្មានក្រោយពីលោកនិយាយប្រឆាំងអាណាចក្រជំនួញរបស់ក្រុមគ្រួសារលោក ហ៊ុន សែន។

លោក គឹម សុខ អះអាងថា លោកមិនដែលបញ្ជាក់ថា “គេ” ដែលលោកបានលើកឡើងនោះជានរណាឱ្យពិតប្រាកដឡើយ ប៉ុន្តែលោក ហ៊ុន សែន បែរជារើសដាក់ខ្លួន ដោយមេធាវីរបស់លោកបានដាក់ពាក្យបណ្ដឹងទារសំណងជំងឺចិត្ត២០០ពាន់លានរៀល (ប្រហែលកន្លះលានដុល្លារ) ដោយសារការអះអាងមួយដែលពួកគេចាត់ទុកថាជាការមួលបង្កាច់។

លោក ហ៊ុន សែន ថ្លែងថា “នគរបាលតាមឱ្យជាប់ ក្រែងលោវារត់ ព្រោះរត់មួយហើយ អាអ្នកចោទណុង រត់ធ្លាក់ស៊ុយអែតហ្អស។ អ្នកនេះ ខ្ញុំបញ្ជានគរបាលឱ្យតាមតាំងពីម្សិល”។

ការលើកឡើងបែបនេះប្រហែលជាសំដៅដល់លោកស្រី ថាក់ ឡានី តំណាងរាស្ត្រគណបក្ស សម រង្ស៊ី ដែលត្រូវបានតុលាការសម្រេចឱ្យជាប់ទោសដោយកំបាំងមុខកាលពីខែវិច្ឆិកា ចំពោះការអះអាងស្រដៀងគ្នា។ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន និងដែលបានលាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិកាលពីចុងសប្ដាហ៍កន្លងទៅ បានបន្ថែមការចោទប្រកាន់ថា រដ្ឋាភិបាលជាប់ពាក់ព័ន្ធការស្លាប់របស់លោក កែម ឡី ខណៈលោកកំពុងប្រឈមក្ដីក្ដាំតុលាការ។

លោក គី តិច មេធាវីរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជនីភ្នំពេញ កាលពីព្រឹកម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការចោទប្រកាន់បែបនេះគឺស្មើនឹងការញុះញង់ ហើយបានព្រមានឱ្យ “ត្រៀមក្ដារមឈូស” ប្រសិនបើហ៊ានធ្វើបដិវត្តន៍។

លោកបានលើកឡើងថា “ខ្ញុំគ្រាន់តែសុំថា អ្នកទាំងឡាយឱ្យចេះគោរពគ្នាក្នុងការធ្វើនយោបាយ។ ហើយបើគ្មានការគោរព និងចោទបំពានហើយ អ្នកត្រូវទទួលខុសត្រូវហោចបំផុតខាងរដ្ឋប្បវេណី ឬទទួលខុសត្រូវខាងព្រហ្មទណ្ឌ។ ហើយរឿងចោទសម្លាប់គេនេះ គឺអានេះជាការញុះញង់បង្កឱ្យមានចលាចល”។

ដោយប្ដេជ្ញាមិនលើកលែងឱ្យអ្នកវិភាគណាដែលធ្វើការវាយប្រហារបែបមួលបង្កាច់លើគណបក្សកាន់អំណាច លោកបានបញ្ជាក់ថា “អត់ទេ ពង្រឹងនីតិរដ្ឋ”។

នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញ លោក គី តិច មេធាវីរបស់លោក ហ៊ុន សែន បានមានប្រសាសន៍ថា ការអត្ថាធិប្បាយរបស់លោក គឹម សុខ “បានប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំង ហើយជាពិសេសប៉ះពាល់ដល់ភាពស្អាតស្អំរបស់គណបក្សប្រជាជនកម្ពុជា” ដោយសារថា គណបក្សកាន់អំណាចក៏បានថ្កោលទោសការធ្វើឃាតនេះដែរ។

លោកថ្លែងថា “ខ្ញុំគិតថា យើងមានខ្សែអាត់របស់យើង១០០ភាគរយ និងសកម្មភាពនៅក្នុងវីដេអូឃ្លីប” ហើយវាអាស្រ័យលើព្រះរាជអាជ្ញាពិនិត្យមើលភ័ស្តុតាង ហើយធ្វើការចោទប្រកាន់។

លោក ហ៊ុន សែន បានប្ដេជ្ញាទារប្រាក់សំណងឱ្យបានដោយគ្មានត្រាប្រណី ប្រសិនបើលោកឈ្នះក្ដី។ លោកថ្លែងថា “កុំថាអត់លុយសងវើយ បើថាគ្មានលុយសង មានតែរឹបអូសផ្ទះយកឡាយឡុង”។

លោក គឹម សុខ សើចនៅពេលគេប្រាប់ថា លោក ហ៊ុន សែន មានគម្រោងរឹបអូសទ្រព្យសម្បត្តិរបស់លោក ដោយលើកឡើងថា លោកនាយករដ្ឋមន្ត្រីនឹងយកបានតែរបស់បន្តិចបន្តួចប៉ុណ្ណោះ។ លោកបញ្ជាក់ថា “ទ្រព្យសម្បត្តិដែលខ្ញុំមាន រួមមានទូរស័ព្ទ iPhone 6 មួយគ្រឿង iPhone 7 Plus មួយគ្រឿង iPad មួយគ្រឿង និងសម្លៀកបំពាក់” ព្រមទាំងលុយ២០០ដុល្លារនៅក្នុងគណនីធនាគារ ហើយលោកគ្មានដី ឬផ្ទះសំបែងនោះទេ។

បើទោះបីជាលោកធ្លាប់បង្រៀននៅសាកលវិទ្យាល័យមួយចំនួនក្ដី ក៏ការងារបង្រៀនទាំងនោះបានបាត់បង់អស់រលីងកាលពីពេលថ្មីៗនេះ ដោយសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) មិនព្រមបន្តកិច្ចសន្យាបង្រៀនជាមួយអ្នករិះគន់មិនសំចៃមាត់រូបនេះឡើយកាលពីខែមុន។

លោកបានមានប្រសាសន៍ថា “ពេលខ្ញុំសួរពីហេតុផលនៃការមិនបន្តកិច្ចសន្យា ពួកគាត់និយាយថា ‘លោកគ្រូដឹងពីមូលហេតុហើយ’ ដែលផ្ទុយស្រឡះពីពេលកន្លងមក ដែលឱ្យតែពេលកិច្ចសន្យាជិតផុតសុពលភាព ពួកគាត់តែងតែមករកខ្ញុំដើម្បីបន្តកិច្ចសន្យា”។

លោក គឹម សុខ ដែលទំព័រហ្វេសប៊ុករបស់លោកបង្ហាញថា លោកបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច (MBA) នៅក្រុងបេ៉កាំង ប្រទេសចិន បន្ទាប់ពីសិក្សាគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្ដេជ្ញាបន្តនៅកម្ពុជាដើម្បីតតាំងនឹងការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី។

លោកថ្លែងថា ពាក្យបណ្ដឹងនេះ “ជាវិធីមួយដើម្បីបំបិទមាត់ខ្ញុំ ធ្វើឱ្យខ្ញុំគ្មានដង្ហើមដក ដែលមានន័យថា ខ្ញុំត្រូវខិតខំធ្វើការដើម្បីរកលុយមកបង់ឱ្យគាត់។ បើមិនអ៊ីចឹងទេ ត្រូវចាប់ខ្លួនដាក់ពន្ធនាគារ”។

លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយ និងជាទីប្រឹក្សាគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានមានប្រសាសន៍ថា លោក គឹម សុខ មិនគួរភ្ញាក់ផ្អើលទេដែលការអះអាងគ្មានមូលដ្ឋានរបស់លោកធ្លាក់ដល់ដៃតុលាការ។

លោកបានបន្ថែមថា “យើងត្រូវឈរលើអ្វីដែលច្បាស់លាស់។ គាត់មិនមែនជាអ្នកវិភាគទេ គាត់ជាអ្នកបង្ករឿង។ លោក គឹម សុខ បានប្រមាថរដ្ឋាភិបាល ហើយរដ្ឋាភិបាលក៏ប្រមាថគាត់វិញ។ នោះជាលក្ខណៈនៃការតតាំងគ្នាខាងនយោបាយ។ ពួកគាត់ប្រើលាមកដើម្បីសម្អាតលាមក”៕ សុខុម (រាយការណ៍បន្ថែមដោយ Ben Paviour)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស