យោងតាមលោក ហ្សង់ អាតារីត (Jean Artarit) អ្នកបច្ចេកទេសខាងមនោវិភាគជនជាតិបារាំង មនុស្សគ្រប់រូប ត្រូវមានកម្រិតនៃការជឿជាក់លើខ្លួនឯងដើម្បីទទួលបានជោគជ័យនៅក្នុងជីវិត ប៉ុន្តែសម្រាប់អ្នកបដិវត្តន៍មួយចំនួន ដូចជា ប៉ុល ពត មេដឹកនាំខ្មែរក្រហមជាដើម ការឲ្យតម្លៃខ្លួនឯងជ្រុលហួសហេតុបានធ្វើឲ្យពួកគេបាត់បង់នូវអំពើមនុស្សធម៌។
លោក ហ្សង់ អាតារីត វេជ្ជបណ្ឌិតសុខភាពផ្លូវចិត្តមកពីទីក្រុងប៉ារីសដែលបានធ្វើការវិភាគលើចុងចោទ និងជនរងគ្រោះសម្រាប់សាលាក្តីបានលើកឡើងកាលពីថ្ងៃច័ន្ទថា “ពេលប៉ុល ពត និយាយថា ក្របីប្រសើរជាងមនុស្ស ព្រោះយ៉ាងហោចណាស់ពួកវាធ្វើការដោយមិនចេះរអូ៊រទាំនោះ យើងនឹងឃើញឧទាហរណ៍បែបនេះ”។
នៅក្នុងសន្និសីទនាវេលាល្ងាចថ្ងៃពុធក្នុងរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ហ្សង់ អាតារីត នឹងពន្យល់ពីមូលហេតុដែលលោកជឿថា ប៉ុល ពត គឺជាមនុស្សឈ្លក់វង្វេងនឹងខ្លួនឯង ជាពាក្យមានឫសគល់ចេញពី Narcissusជាអ្នកប្រមាញ់ម្នាក់នៅក្នុងទេវកថាក្រិក ដែលឈ្លក់វង្វេងនឹងសម្រស់ខ្លួនឯង។

លោកវេជ្ជបណ្ឌិត ហ្សង់ អាតារីត បានលើកឡើងទៀតថា ក្រុមអ្នកឈ្លក់វង្វេងនឹងខ្លួនឯង មិនទទួលស្គាល់ប្រភពដើម និងប្រវត្តិណាមួយដែលកម្សត់កម្រជាមួយឪពុករបស់ខ្លួននោះឡើយ។ លោកបានថ្លែងថា “នៅចំពោះមុខពួកគេ គ្មានអ្វីនោះឡើយ…អ្នកទាំងនេះ គឺជាមនុស្សដែលឲ្យតម្លៃលើខ្លួនឯងទាំងស្រុង។ ពួកគេមិនជំពាក់នរណាម្នាក់ឡើយ”។
វេជ្ជបណ្ឌិតរូបនេះបានលើកឡើងបន្តទៀតថា កើតនៅក្នុងគ្រួសារកសិករមានទ្រព្យ សម្បត្តិច្រើន ដោយមានសាច់ញាតិនៅព្រះបរមរាជវាំងនោះ ប៉ុល ពត បានពណ៌នារៀបរាប់ប្រាប់ក្រុមអ្នកកាសែតយូហ្គូស្លាវីនៅក្នុងកិច្ចសម្ភាសន៍មួយក្នុងឆ្នាំ១៩៧៨ ថា ខ្លួនមកពី”គ្រួសារកសិករ” ក្រីក្រ ដែលជាការប្រឌិតសុទ្ធសាធ។
លោកបានមានប្រសាសន៍ថា ក្រុមអ្នកឈ្លក់វង្វេងនឹងខ្លួនឯងទំនងជាត្រូវការអ្នកផ្សេងដែលពួកគេអាចឆ្លុះបញ្ចាំងខ្លួនឯងបាន។ “អ្នកដែលឈ្លក់វង្វេងនឹងខ្លួនឯង អ្នកដែលពោរពេញទៅដោយភាពមានៈ ខ្ញុំអាចនិយាយបានថា គឺប៉ុល ពត និង នួន ជា”។
លោកវេជ្ជបណ្ឌិត ហ្សង់ អាតារីត បានមានប្រសាសន៍បន្តថា ហេតុផលរបស់ពួកគេគឺថា បើមាននរណាស្អប់ពួកគេហើយនឹងសម្លាប់ពួកគេចោលនោះ ពួកគេត្រូវតែចាត់ការមុន។ “អ្នកស្រេកឃ្លានអំណាចខ្លាំង…គឺអ្នកដែលគួរឲ្យខ្លាចទាំងពីររូបនេះដែលសម្លាប់គេមុន បើគេចង់សម្លាប់ខ្លួន”។
មានមនុស្ស១,៧លាននាក់ បានស្លាប់នៅក្នុងរបបខ្មែរក្រហមដែលដឹកនាំដោយ ប៉ុល ពត អំឡុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០។ គាត់បានស្លាប់នៅក្នុងឆ្នាំ១៩៩៨ រីឯ នួន ជា អាយុ៩០ឆ្នាំដែលជាបងធំទី២នៃរបបនេះកំពុងត្រូវបានបើកសវនាការជំនុំជម្រះក្តីនៅសាលាក្តីខ្មែរក្រហមក្នុងរាជធានីភ្នំពេញ។ដោយរកឃើញថា មានពិរុទ្ធភាពនៅក្នុងសវនាការទីមួយ គាត់កំពុងរង់ចាំសាលក្រមនៅក្នុងសវនាការទី២។
លោកវេជ្ជបណ្ឌិត ហ្សង់ អាតារីត បានទទួលបន្ទុកផ្នែកផ្តល់សេវាព្យាបាលជំងឺវិកលចរិតនៅសាកលវិទ្យាល័យ និងមន្ទីរពេទ្យរដ្ឋឈ្មោះ Bichat-Claude Bernard នៅក្នុងទីក្រុងប៉ារីស។លោកត្រូវបានអញ្ជើញមកឲ្យផ្តល់សក្ខីកម្មនៅតុលាការអំពីការវិភាគរបស់លោកលើជនរងគ្រោះ និងឧក្រិដ្ឋជន អស់រយៈពេល២៥ឆ្នាំ។ ជាអ្នកដែលតែងតែធ្វើដំណើរមកប្រទេសកម្ពុជា លោក ហ្សង់ អាតារីត បានចូលរួមនៅក្នុងសវនាការរបស់សាលាក្តីខ្មែរក្រហមជាច្រើនលើក ។
នៅក្នុងឆ្នាំ២០០៩ លោកវេជ្ជបណ្ឌិត ហ្សង់ អាតារីត បានសរសេរសៀវភៅមួយក្បាលដែលលោកបានវិភាគលើលោក Maximilien Robespierre មេដឹកនាំបដិវត្តន៍ជនជាតិបារាំងដែលបញ្ជូនមនុស្សជាច្រើននាក់ទៅកាន់កន្លែងកាត់ក្បាលនៅចុងទសវត្សរ៍ទី១៨។ បច្ចុប្បន្នលោកកំពុងតែសរសេរសៀវភៅមួយក្បាលស្រដៀងគ្នានេះស្តីអំពី ប៉ុល ពត និងរបបខ្មែរក្រហម ដែលគ្រោងចេញផ្សាយនៅឆ្នាំក្រោយ៕ ស៊ុយឈាង