អ្នកតវ៉ាដែលធ្វើដំណើរឆ្ពោះទៅភូមិគ្រឹះក្នុងរាជធានីភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំឲ្យមានការធ្វើអន្តរាគមន៍នៅក្នុងវិវាទដីធ្លីជាយូរមកហើយនោះ ត្រូវបានសន្តិសុខវាយដំ និងរុញឲ្យដួល ខណៈការហែក្បួនអហិង្សា ប្រែក្លាយជាហិង្សាកាលពីម្សិលមិញ។
អ្នកតវ៉ាប្រហែល១០០នាក់មកពីខេត្តកោះកុងបានប៉ះទង្គិចជាមួយសន្តិសុខខណ្ឌដូនពេញ នៅពេលព្រឹក ខណៈពួកគេហែក្បួនទៅជិតដល់ភូមិគ្រឹះរបស់លោក ហ៊ុន សែន ។

អ្នកតវ៉ាបានលើកឡើងថា សន្តិសុខទាំងនេះបានវាយដំស្ត្រីបីនាក់បណ្តាលឲ្យសន្លប់មួយសន្ទុះ ហើយអ្នកយកព័ត៌មានបានឃើញសន្តិសុខទាត់ធាក់ និងដាល់អ្នកហែក្បួន។ ទោះជាយ៉ាងណា លោក គឹម វុត្ថា ប្រធានសន្តិសុខខណ្ឌដូនពេញបានបដិសេធថា កូនចៅរបស់លោកមិនបានវាយដំនរណាម្នាក់ទេ ហើយអះអាងថា អ្នកតវ៉ាធ្វើពុត។
លោកបាននិយាយថា “យើងឲ្យគាត់ប្តូរទិសដៅដែលគាត់ធ្វើ…តែគាត់ធ្វើដួល ធ្វើសន្លប់”។ លោកបានលើកឡើងទៀតថា “ការតវ៉ាគឺជាសិទ្ធិរបស់គាត់ហើយ តែត្រូវតែស្តាប់ការរៀបចំរបស់មូលដ្ឋាន”។

អ្នកតវ៉ាភាគច្រើនបានប្រមូលផ្តុំគ្នាដើម្បីតវ៉ាប្រឆាំងនឹងការរឹបអូសយកដីធ្លីដែលពួកគាត់លើកឡើងថា ត្រូវបានរឹបអូសដោយក្រុមហ៊ុនគ្រប់គ្រងចម្ការ ដែលធ្លាប់ជារបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ប៉ុន្តែក្រោយមកត្រូវដៃគូជំនួញមកពីប្រទេសថៃទិញយក។អ្នកតវ៉ាប្រហែល១៥នាក់ក្នុងចំណោមអ្នកហែក្បួនកាលពីម្សិលមិញ គឺស្ថិតក្នុងវិវាទដីធ្លីស្រដៀងគ្នានេះ ពាក់ព័ន្ធនឹងចម្ការមួយទៀតដែលជារបស់ក្រុមហ៊ុន ហេង ហ៊ុយ កសិកម្ម។ កាលពីខែធ្នូ ក៏មានការតវ៉ាពាក់ព័ន្ធវិវាទដីធ្លីដែរនៅក្នុងរាជធានីភ្នំពេញ។
កាលពីព្រឹកម្សិលមិញ អ្នកតវ៉ាបានហែក្បួនចេញពីទីតាំងមួយក្បែរវត្តសាមគ្គីរង្សី ចម្ងាយប្រហែល១០គីឡូម៉ែត្រពីកណ្តាលរាជធានីភ្នំពេញ។ លុះដល់ម៉ោង១០ព្រឹក ពួកគេស្ថិតនៅត្រង់ទីតាំងមួយដែលមានចម្ងាយបីបួនរយម៉ែត្រពីភូមិគ្រឹះរបស់លោកហ៊ុន សែន ស្រាប់តែពេលនោះពួកគេបានប្រឈមមុខជាមួយនឹងមន្ត្រីនគរបាល និងសន្តិសុខជាង៥០នាក់មកពីខណ្ឌដូនពេញ និងខណ្ឌចម្ការមន។
អំឡុងពេលប៉ះទង្គិចគ្នាអ្នកស្រី ផាវ ញឺុងតំណាងអ្នកតវ៉ាបានលើកឡើងថា អ្នកតវ៉ាឈ្មោះ ណុំ វណ្ណារី អាយុ៣៩ឆ្នាំ សេង លីន អាយុ៥១ឆ្នាំ និង យី គន្ធា អាយុ៣០ឆ្នាំ បានដួលសម្លប់មួយសន្ទុះ។

អ្នកស្រី ផាវ ញឺុង បាននិយាយថា “គោលបំណងរបស់យើងគឺស្នើសុំជំនួយពីសម្តេច[ហ៊ុន សែន] ឲ្យជួួយដោះស្រាយបញ្ហាដីធ្លីរបស់យើង… ប៉ុន្តែ លទ្ធផលគឺថា យើងត្រូវបានវាយដំនិងរុញឲ្យដួល”។អ្នកស្រី សេង លីន បាននិយាយថា “ពួកគេបានរុញខ្ញុំ…ហើយទាត់ធាក់ខ្ញុំពីក្រោយបណ្តាលឲ្យខ្ញុំដួលតែម្តង”។
អ្នកតវ៉ាទាំងនេះត្រូវបានបញ្ជូនទៅកាន់សួនមុខវត្តបទុម កន្លែងដែលពួកគេប្រគល់ញត្តិឲ្យមេធាវីតំណាងរដ្ឋាភិបាលម្នាក់។ អ្នកស្រី ផាវ ញឺុង បាននិយាយទៀតថា “យើងនឹងត្រឡប់មកវិញនៅសប្តាហ៍ក្រោយ ប្រសិនបើពួកគេមិនបានផ្តល់ការឆ្លើយតបដ៏ប្រសើរទេនោះ”៕ស៊ុយឈាង