31 C
Phnom Penh

អំណាច​រម្លាយ​បក្ស​នយោបាយ​​​​ជិត​​លេចចេញ​ជា​រូបរាង​​ហើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សំណើធ្វើវិសោធនកម្មច្បាប់ដែលនឹងផ្ដល់អំណាចមិនធ្លាប់មានដល់រដ្ឋាភិបាល និងតុលាការក្នុងការព្យួរ ឬរម្លាយគណបក្សនយោបាយទាំងមូល បានឆ្លងកាត់គណៈកម្មការនីតិកម្មនៃរដ្ឋសភាហើយកាលពីម្សិលមិញ ដោយនៅសល់តែមួយជំហានទៀតប៉ុណ្ណោះនឹងត្រូវសភាពេញអង្គបោះឆ្នោតអនុម័ត។

គណបក្សប្រជាជនកម្ពុជាបានចាត់វិធានការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយចាប់តាំងពីលោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន បានប្រកាសសំណើនេះជាសាធារណៈកាលពីដើមខែនេះ ដោយក្នុងនោះរួមមានប្រការមួយដែលអាចឲ្យរម្លាយគណបក្សមួយបានដោយសារ “កំហុសធ្ងន់ធ្ងរ” របស់មន្ត្រីំពូលណាម្នាក់ក្នុងជួរគណបក្ស។

Siv-channa-10-800x533លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍កាលពីម្សិលមិញថា គណៈកម្មការនីតិកម្ម “អត់មានកែប្រែអីទេ” លើសេចក្ដីព្រាងវិសោធនកម្ម ហើយថា គណៈកម្មាធិការអចិន្ត្រៃយ៍ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា នឹងកំណត់កាលបរិច្ឆេទសម្រាប់រដ្ឋសភាបោះឆ្នោតអនុម័តនៅថ្ងៃនេះ។

លោកបានគូសបញ្ជាក់ថា “គណៈកម្មការនីតិកម្ម និងយុត្តិធម៌ លោកសិក្សារួចហើយ លោកបានធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីដាក់ចូលទៅក្នុងសម័យប្រជុំសភាពេញអង្គ។ ឥឡូវនៅលើដៃគណៈកម្មាធិការអចិន្ត្រៃយ៍ លោកនឹងប្រជុំស្អែក”។

បណ្ដាអ្នករិះគន់និយាយថា ការធ្វើវិសោធនកម្មនេះមានបំណងយ៉ាងច្បាស់តម្រង់គោលដៅទៅរកគណបក្សសង្គ្រោះជាតិ ដែលស្ទើរតែផ្ដួលគណបក្សប្រជាជនកម្ពុជាកាន់អំណាចដុះស្លែបានទៅហើយនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ និងដែលនៅតែជាគូប្រកួតពិតប្រាកដតែមួយគត់របស់ខ្លួននៅឆ្នាំ២០១៨។ ការគំរាមធ្វើវិសោធនកម្មនេះបានរុញច្រានលោក សម រង្ស៊ី ដែលប្រឈមបទចោទប្រកាន់ និងទោសយ៉ាងច្រើនដែលមជ្ឈដ្ឋានភាគច្រើនយល់ថាជារឿងនយោបាយ ឱ្យលាលែងពីតំណែងប្រធានបក្សបកាលពីចុងសប្ដាហ៍កន្លងទៅ ដោយសង្ឃឹម ថាអាចជួយសង្គ្រោះគណបក្សនេះបាន។

ប៉ុន្តែដោយមានចន្ទល់ជាច្រើនទៀតសម្រាប់ទប់ទល់គណបក្សសង្គ្រោះជាតិ ដែលថ្នាក់ដឹកនាំមួយចំនួនទៀតរបស់ខ្លួនកំពុងតែប្រឈមបទចោទប្រកាន់ព្រហ្មទណ្ឌ និងការស៊ើបអង្កេតរួមទាំងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិផងនោះ គណបក្សប្រជាជនកម្ពុជាបានបន្តការធ្វើវិសោធនកម្មនេះ។

“កំហុសធ្ងន់ធ្ងរ” ដែលអាចឱ្យគណបក្សមួយរម្លាយចោលបាន រួមមានសកម្មភាពណាដែល “នាំឱ្យមានអបគមន៍” “នាំឱ្យអន្តរាយដល់ឯកភាពជាតិ” “ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ” “ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស”។នៅពេលរម្លាយរួចហើយ តុលាការអាចហាមឃាត់ថ្នាក់ដឹកនាំគណបក្សនោះមិនឱ្យធ្វើសកម្មភាពនយោបាយរហូតដល់ទៅ៥ឆ្នាំ។

សូម្បីមុនពេលធ្លាក់ដល់ដៃតុលាការ ក្រសួងមហាផ្ទៃនឹងអាច “ព្យួរបណ្ដោះអាសន្ន” បាននូវគណបក្សណាមួយដែលខ្លួនចាត់ទុកថាបានរំលោភរដ្ឋធម្មនុញ្ញ ឬច្បាប់ផ្សេងទៀត “ក្នុងរយៈពេលមួយជាកំណត់” ដែលគេមិនបញ្ជាក់ច្បាស់លាស់។

ទណ្ឌិតជាប់ទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិមដោយគ្មានការព្យួរទោស នឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើជាប្រធាន ឬអនុ ប្រធានគណបក្ស ឬសមាជិកនៃគណៈកម្មាធិការនាយក គណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការ សមមូលនឹងគណបក្សនយោបាយឡើយ។

បណ្ដាអ្នករិះគន់និយាយថា ការប្រើពាក្យពេចន៍មិនច្បាស់លាស់គឺវាទូទៅទៅហើយសម្រាប់ការរំលោភបំពានពីសំណាក់រដ្ឋាភិបាលដោយរួចផុតពីតុល្យភាពអំណាចនៃដំណើរការប្រជាធិបតេយ្យ។

លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ដែលជាអង្គការមិនមែនរដ្ឋាភិបាលឃ្លាំមើលការបោះឆ្នោត បានយល់ស្របនឹងគណបក្សសង្គ្រោះជាតិថា សំណើធ្វើវិសោធនកម្មនេះរំលោភសេរីភាពនៃការជួបជុំដែលធានាការពារដោយរដ្ឋធម្មនុញ្ញ។

លោកថ្លែងថា តាមរយៈការព្យួរ ឬរម្លាយគណបក្សមួយទាំងមូលចោលដោយសារសកម្មភាពរបស់បុគ្គលម្នាក់ “វាជាការលុបបំបាត់ឆន្ទៈរាស្ត្រដែលបានបោះឆ្នោតគាំទ្រគណបក្សនេះដើម្បីឲ្យតំណាងពួកគាត់។ ខ្ញុំយល់ថា វាមិនស្របតាមរដ្ឋធម្មនុញ្ញទេ”។

លោកលើកឡើងថា វាគ្រោះថ្នាក់នៅក្នុងប្រទេសណាដែលផ្ដល់អំណាចច្រើនលើសលប់ដល់អង្គនីតិប្រតិបត្តិដើម្បីគ្រប់គ្រងលើគណបក្សនយោបាយ ប៉ុន្តែជាពិសេសនៅក្នុងប្រទេសមួយដូចកម្ពុជា ជាដើមដែលប្រព័ន្ធតុលាការស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាច។

លោកបន្តថា “នេះពិតជាច្បាប់ដែលជំរុញដោយហេតុផលនយោបាយដើម្បីគាបសង្កត់គណបក្សប្រឆាំង..វាច្បាស់ណាស់។ អង្គនីតិប្រតិបត្តិគឺជាអង្គការមិនចូលបក្សសម្ព័ន្ធ ហើយ [ជាមួយនឹងវិសោធនកម្មទាំងនេះ] ពួកគេអាចគ្រប់គ្រងគណបក្សផ្សេងទៀតបាន”។

កញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិបានលើកឡើងតាមរយៈបណ្ដាញទំនាក់ទំនងសង្គមធ្វីតទ័រថា ជីវិតក្រោមវិសោធនកម្មទាំងនេះគឺធ្ងន់ធ្ងរជាងការរម្លាយគណបក្សទៅទៀត។ ”វត្តមានរបស់គណបក្សសង្គ្រោះជាតិក្រោមការរឹតបន្តឹងទាំងនេះគឺធ្ងន់ធ្ងរជាងការរម្លាយគណបក្សទៅទៀត ធ្វើឱ្យយើងក្លាយជាគណបក្សប្រឆាំងទីងមោងដែលផ្ដល់ភាពស្របច្បាប់ដល់ការគ្រប់គ្រងរបស់ជនផ្ដាច់ការ”។

តំណាងរាស្ត្រ ឈាង វុន ដែលជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចេញមុខការពារពាក្យពេចន៍មិនច្បាស់លាស់នៅក្នុងសេចក្ដីព្រាងនេះ ហើយបញ្ជាក់ថា ក្រសួងមហាផ្ទៃនឹងត្រូវសម្រេចដោយខ្លួនឯងថា តើត្រូវព្យួរគណបក្សមួយយូរប៉ុណ្ណា។ លោកមានប្រសាសន៍ទៀតថា “អញ្ចឹង គេអាចធ្វើវិសោធនកម្ម មិនចាំបាច់កែក៏បានដែរ។ សំខាន់គឺយើងធ្វើកើត ដូច CPP អញ្ចឹង យើងមាន៦៨កៅអីនៅក្នុងសភា”។

លោក យឹម សុវណ្ណ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយទេទាក់ទិនសេចក្ដីព្រាងធ្វើវិសោធនកម្មនេះ ហើយបានបង្វែរសំណួរទៅតំណាងរាស្ត្រពីររូបទៀតគឺលោក សុន ឆ័យ និងលោក អេង ឆៃអ៊ាង។

ទោះជាយ៉ាងណា លោក សុន ឆ័យ មិនអាចទាក់ទងសុំការបំភ្លឺបានទេ។ ចំណែកឯលោក អេង ឆៃអ៊ាង បានមានប្រសាសន៍ថា លោកមិនដឹងទេថា តើអ្នកណាខ្លះនៅក្នុងបក្សបានចូលរួមការប្រជុំគណៈកម្មការកាលពីម្សិលមិញ ហើយថា គណបក្សមិនទាន់សម្រេចនៅឡើយទេថា  តើត្រូវចូលរួមក្នុងសម័យប្រជុំសភាពេញអង្គដើម្បីបោះឆ្នោតអនុម័តសេចក្ដីព្រាងនេះ ឬក៏អត់។

សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលប្រជុំសភាឡើយ ដើម្បីជំទាស់នឹងច្បាប់ដ៏ចម្រូងចម្រាសដោយផ្អែកតាមករណីនីមួយៗ៕ សុខុម (រាយការណ៍បន្ថែមដោយ Zsombor Peter)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស