យោងតាមក្រុមមន្ត្រីបានឱ្យដឹងថា មេខ្លោងនៅពីក្រោយការសម្លាប់ពាណិជ្ជករជនជាតិអង់គ្លេសម្នាក់ក្នុងទីក្រុងរមណីយដ្ឋានប៉ាតាយ៉ា ប្រទេសថៃ ត្រូវបានចាប់ខ្លួនក្នុងប្រទេសកម្ពុជា ហើយត្រូវបានសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ឈរនៅខាងក្រៅតុលាការដែលសុំមិនបញ្ចេញឈ្មោះ ពីព្រោះលោកមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយនោះ បាននិយាយថា Toby Nelhams ដែលបានបញ្ជាឱ្យបាញ់សម្លាប់ Tony Kenway កាលពីថ្ងៃទី២៤ ខែមករា ត្រូវបានចាប់ខ្លួនកាលពីបីថ្ងៃមុននៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមមន្ត្រីរូបនេះបានឱ្យដឹងថា មន្ត្រីរបស់យើងបានតាមដានបុរសជនជាតិអង់គ្លេសរូបនេះច្រើនសប្ដាហ៍មកហើយ បន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរថៃថា ជននេះស្ថិតក្នុងប្រទេសកម្ពុជា។ ”យើងបានស៊ើបអង្កេតរយៈពេលប្រហែល១ខែ មុនឈានដល់ការចាប់ខ្លួននេះ”។
កាលពីថ្ងៃអាទិត្យ នគរបាលបានឱ្យដឹងថា ពួកគេមិនអាចបញ្ជាក់អះអាងពីរបាយការណ៍ចុះផ្សាយនៅក្នុងកាសែតបាងកកប៉ុស្តិ៍ដែលថា Nelhams អាយុ៤៤ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងប្រទេសកម្ពុជាបានឡើយ។ ប៉ុន្តែ កាលពីព្រឹកម្សិលមិញ Nelhams បានបង្ហាញខ្លួននៅតុលាការដែលត្រូវបានសាកសួរដោយព្រះរាជអាជ្ញារង សៀង សុខ។
ដោយសំដៅដល់ជនសង្ស័យពីរនាក់ទៀតដែលកំពុងតាមរកចាប់ខ្លួនពាក់ព័ន្ធករណីមនុស្សឃាតដែលគេជឿថា ក៏បានរត់គេចខ្លួនចូលមកក្នុងប្រទេសកម្ពុជាដែរនោះ មន្ត្រីនគរបាលអន្តោប្រវេសន៍រូបនេះបាននិយាយថា ”ជននេះគឺជាមេខ្លោងនៅពីក្រោយករណីមនុស្សឃាតនេះ ហើយជនពីរនាក់ទៀតដែលជាជនដៃដល់ដែរនោះ មិនទាន់ត្រូវបានរកឃើញនៅឡើយទេ”។
អាជ្ញាធរបានឱ្យដឹងថា Abel Caldeira Bonito ជនជាតិអាហ្វ្រិកខាងត្បូងត្រូវគេសង្ស័យថា បានបាញ់សម្លាប់ Kenway ក្នុងរថយន្ត Porsche នៅខាងក្រៅក្លឹបកីឡាមួយទាំងកណ្ដាលថ្ងៃចំណែក Miles Dicken Turner ជនជាតិអង់គ្លេសជាអ្នកបើករថយន្តគេចខ្លួន។ នគរបាលក្រុងព្រះសីហនុបានអំពាវនាវឱ្យសាធារណជនជួយស្វែងរកបុរសទាំងពីរនាក់នេះកាលពីដើមខែនេះ ប៉ុន្តែនគរបាលព្រំដែនគ្រាន់តែបញ្ជាក់ថា Turner បានចូលមកក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។
Nelhams បានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធក្នុងករណីមនុស្សឃាតនេះទេនៅពេលអ្នកយកព័ត៌មានសាកសួរនៅខាងក្រៅតុលាការកាលពីម្សិលមិញ។

លោក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ កាលពីម្សិលមិញបានបញ្ជាក់ថា ពិតជាមានការចាប់ខ្លួនជនជាតិអង់គ្លេសម្នាក់ដែលជាប់ពាក់ព័ន្ធករណីមនុស្សឃាតក្នុងប្រទេសថៃមែន ប៉ុន្តែក្រោយមកបានក្រឡាស់សម្ដីរបស់ខ្លួន ដោយលើកឡើងថា លោកមិនច្បាស់ពីករណីនេះទេ។
លោក អ៊ុក ហៃសិលា ប្រធានផ្នែកស៊ើបអង្កេតនៅនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានបញ្ជាក់ថា ជនជាតិអង់គ្លេសម្នាក់ត្រូវបានចាប់ខ្លួនមែន ប៉ុន្តែអះអាងថា ការចាប់ខ្លួននេះគឺដោយសារជននេះមិនមានលិខិតឆ្លងដែន។
យោងតាមលោក លី សុផាណា អ្នកនាំពាក្យ និងជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីបានឱ្យដឹងថា Nelhams មិនទាន់ត្រូវបានចោទប្រកាន់នៅឡើយទេរហូតមកដល់ល្ងាចម្សិលមិញនេះ។
លោកមានប្រសាសន៍ថា ”អង្គហេតុដែលឈានដល់ការចាប់ខ្លួននេះគឺជាកម្មវត្ថុនៃការស៊ើបអង្កេតរបស់ព្រះរាជអាជ្ញាដែលត្រូវរក្សាការសម្ងាត់”៕ សារុន