33.3 C
Phnom Penh

បណ្តា​​​ម្ចាស់​​​ជំនួយ​​​នៅ​​​ស្ងាត់​​​ស្ងៀម ​​​ខណៈ​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ត្រៀម​​​​​​​​​អនុ​​​​​​ម័ត​​​ច្បាប់​​​ស្តីពីគណបក្ស​​​នយោបាយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋសភានឹងបោះឆ្នោតនៅថ្ងៃច័ន្ទលើច្បាប់ដែលនឹងផ្តល់អំណាចថ្មីមិនធ្លាប់មានដល់រដ្ឋាភិបាលក្នុងការផ្អាកសកម្មភាព និងរម្លាយគណបក្សនយោបាយដែលជាគូប្រជែងរបស់ខ្លួន ហើយស្ទើរតែគ្មានការសម្តែងកង្វល់ទាល់តែសោះពីប្រទេសប្រជាធិបតេយ្យដែលផ្តល់ជំនួយហិរញ្ញវត្ថុមកឲ្យប្រទេសកម្ពុជា។

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានកំណត់កាលបរិច្ឆេទនេះកាលពីព្រឹកម្សិលមិញ ដោយឲ្យរដ្ឋសភាទីងមោងកោះប្រជុំ ប៉ុន្មានខែមុនកាលបរិច្ឆេទដែលបានកំណត់ជាក់លាក់សម្រាប់ការបោះឆ្នោតអនុម័តការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ។

គណបក្សប្រជាជនកម្ពុជាបានបន្តធ្វើវិសោធនកម្មនេះយ៉ាងតក់ក្រហល់ ចាប់តាំងពីច្បាប់នេះត្រូវបានស្នើឡើងកាលពីដើមខែនេះដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា វាមានគោលដៅលើគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងដ៏សំខាន់តែមួយគត់របស់លោកនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខ។

លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកញ្ចក់ទូរទស្សន៍អំឡុងថ្លែងសុន្ទរកថានៅរដ្ឋសភា កាលពីដើមខែនេះ។
លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកញ្ចក់ទូរទស្សន៍អំឡុងថ្លែងសុន្ទរកថានៅរដ្ឋសភា កាលពីដើមខែនេះ។

លោក ឈាង វុន តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍កាលពីម្សិលមិញដោយសំដៅដល់គណបក្សសង្គ្រោះជាតិថា “យើងសង្ឃឹមថា ដៃគូសន្ទនារបស់យើងនៅក្នុងរដ្ឋសភានឹងចូលរួមប្រជុំដើម្បីពិភាក្សា”។

មួយថ្ងៃមុននោះ លោក ឈាង វុន បានអួតអាងអំពីអំណាចរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការជំរុញឲ្យមានការធ្វើវិសោធនកម្មនេះ ដោយសារខ្លួនមានអាសនៈភាគច្រើននៅក្នុងរដ្ឋសភា។

លោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា គណបក្សរបស់លោកបានស្នើឲ្យគណបក្សប្រជាជនកម្ពុជាពន្យារពេលបោះឆ្នោតដើម្បីទុកពេលឲ្យគណបក្សទាំងអស់ពិភាក្សាវែកញែកដេញដោលអំពីការធ្វើវិសោធនកម្មដែលបានស្នើឡើងនេះ ប៉ុន្តែ ត្រូវបានច្រានចោល។

លោកបានមានប្រសាសន៍ថា “វាខ្លីពេក វាតក់ក្រហល់ពេក”។

ដោយសារខ្វះសំឡេងនៅក្នុងការប្រឆាំងនឹងការអនុម័តច្បាប់ណាមួយនោះ គណបក្សសង្គ្រោះជាតិតែងតែធ្វើពហិការសម័យប្រជុំសភាពាក់ព័ន្ធសំណើដ៏ចម្រូងចម្រាសដើម្បី បង្ហាញអំពីការមិនយល់ព្រមរបស់ខ្លួន។ ប៉ុន្តែ លោក ហូរ វ៉ាន់ បានលើកឡើងថា គណបក្សរបស់លោកនៅមិនទាន់សម្រេចនៅឡើយទេថា តើត្រូវចូលរួម ឬក៏អត់នៅថ្ងៃច័ន្ទ។

គណបក្សសង្គ្រោះជាតិ និងអ្នកសង្កេតការណ៍បោះឆ្នោតលើកឡើងថា ការធ្វើវិសោធនកម្មដែលជិតនឹងកើតមានឡើងនេះ នឹងរំលោភរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។

នៅពេលត្រូវបានអនុម័ត តុលាការកំពូលដែលមជ្ឈដ្ឋានទូទៅ ជឿជាក់ថា ស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជានោះ នឹងត្រូវបានអនុញ្ញាតឲ្យរម្លាយគណបក្សណាមួយ ដែលមន្ត្រី កំពូលតែមួយគត់របស់ខ្លួនត្រូវបានកាត់ឲ្យជាប់ទោស និងរារាំងថ្នាក់ដឹកនាំទាំងមូលរបស់គណបក្សនោះមិនឲ្យមានសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។ សូម្បីមុនពេលករណីនេះធ្លាក់ដល់ដៃតុលាការ ក្រសួងមហាផ្ទៃអាចផ្អាកសកម្មភាពរបស់គណបក្សណាមួយបើគណបក្សនោះបានប្រព្រឹត្តបទល្មើស រួមមានដូចជា “ធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងញុះញង់ធ្វើឲ្យប្រទេសជាតិបែកបាក់គ្នា” ជាដើម។

ការគំរាមកំហែងដែលកើតចេញពីការធ្វើវិសោធនកម្មនេះ បានធ្វើឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលបាននិរទេសខ្លួន និងដែលសមត្ថកិច្ចតាមចាប់ខ្លួនពាក់ព័ន្ធសំណុំរឿងចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ដែលមជ្ឈដ្ឋានទូទៅមើលឃើញថា ជារឿងនយោបាយនោះ លាលែងពីតំណែងជាប្រធានបក្សរួចហើយ ដោយសង្ឃឹមថា នឹងជួួយសង្គ្រោះគណបក្សមិនឲ្យគេរម្លាយចោល។ ទោះជាយ៉ាងណា មន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនផ្សេងទៀតរួមមានដូចជា លោក កឹម សុខា ប្រធានស្តីទីគណបក្សជាដើម នៅតែប្រឈមការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ឬការសើុបអង្កេត។

ទោះបីជាគេមើលឃើញថា ការធ្វើវិសោធនកម្មនេះបានគំរាមកំហែងដល់គូប្រជែងតែមួយគត់របស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតក៏ដោយក្តី តែសហគមន៍ អន្តរជាតិដែលបានចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីនាំការបោះឆ្នោតត្រឡប់មកកាន់ប្រទេសវិញ និងជួយឲ្យរដ្ឋាភិបាលនេះនៅតែមានដំណើរការទៅមុខនោះ ស្ទើរ តែមិននិយាយអ្វីទាល់តែសោះ ចាប់តាំងពីលោក ហ៊ុន សែន បានស្នើឲ្យមានការធ្វើវិសោធនកម្មមក។សេចក្តីថ្លែងការណ៍ដែលអង្គការសហប្រជាជាតិនិងប្រទេសជាសមាជិកដែលប្រកាន់តាមលទ្ធិប្រជាធិបតេយ្យតែងតែចេញជាប្រចាំនាពេលកន្លងមកដោយជំរុញឲ្យប្រទេសកម្ពុជាពិចារណាឡើងវិញ ឬបោះបង់ចោលសំណើច្បាប់ដែលគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យនៅ កម្ពុជានោះ មិនមានទេនៅពេលនេះ។ សូម្បីតែសហភាពអឺរ៉ុប និងប្រទេសជប៉ុនដែលចូលរួមពាក់ព័ន្ធយ៉ាងសកម្មក្នុងការធ្វើកំណែទម្រង់ការបោះឆ្នោតក្នុងពេលថ្មីៗនេះ ក៏នៅស្ងាត់ស្ងៀមដែរ។

 

លោក យ៉ែម បុញ្ញឫទ្ធិ (ឆ្វេង) និងលោក ឆាង វុន និយាយទៅកាន់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ក្នុងទីក្រុងភ្នំពេញ កាលពីម្សិលមិញ ។ រូបថតៈ Khem Sovannara

សភាពអឺរ៉ុបគ្រាន់តែនិយាយថា ខ្លួនគិតថា ពលរដ្ឋខ្មែរទាំងអស់គួរតែមានឱកាស”ជ្រើសរើសនរណាដែលខ្លួនចង់ឲ្យធ្វើជាតំណាង” ហើយថា អាជ្ញាធរគួរតែ “ខិតខំឲ្យអស់សមត្ថភាពដើម្បីបង្កើតបរិយាកាសនយោបាយដែលគណបក្សប្រឆាំង និងសង្គមស៊ីវិលអាចធ្វើសកម្មភាពរបស់ខ្លួនបានដោយសេរី” ប៉ុណ្ណោះ ពេលសួរថា តើសហភាពអឺរ៉ុបមានបានចេញសេចក្តីថ្លែងការណ៍ឬក៏អត់នោះ។

ពេលស្នើសុំការធ្វើអត្ថាធិប្បាយ ស្ថានទូតសហរដ្ឋអាមេរិកបានលើកឡើងថា គណបក្សទាំងអស់គួរតែមានឱកាសប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនាពេលខាងមុខ ហើយថា ការធ្វើវិសោធនកម្មណាមួយលើច្បាប់ស្តីពីគណបក្សនយោបាយ” នឹងធ្វើឲ្យខួចប្រយោជន៍ និងផ្ទុយពីបំណងរបស់ប្រជាពលរដ្ឋខ្មែរ”។ ស្ថានទូតនេះបានជំរុញឲ្យរដ្ឋាភិបាលពិភាក្សាជាមួយដៃគូអន្តរជាតិរបស់ខ្លួន និងអង្គការមិនមែនរដ្ឋាភិបាល នៅពេលពិចារណាច្បាប់ថ្មីណាមួយ។

ស្ថានទូតជប៉ុនបានលើកឡើងត្រឹមតែថាខ្លួនកំពុងឃ្លាំមើលសំណើធ្វើវិសោធនកម្មនេះ “យ៉ាងយកចិត្តទុកដាក់”។ ទាំងការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងអ្នកធ្វើរបាយការណ៍ពិសេសរបស់ខ្លួនស្តីពីសិទ្ធិមនុស្សនៅកម្ពុជាគឺលោកស្រី រ៉ូណា ស្មីត សុទ្ធតែមិនបាននិយាយអ្វីឡើយ។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)ប្រចាំតំបន់អាស៊ី បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាមានចេតនាពន្លឿនដំណើរការនេះដើម្បីកុំឲ្យជួបការលំបាកដូចពេលអនុម័តច្បាប់ដ៏ចម្រូងចម្រាសស្តីពីអង្គការមិនមែនរដ្ឋាភិបាល ដែលបានប្រឈមការរិះគន់យ៉ាងខ្លាំងពីសំណាក់អន្តរជាតិអស់រយៈពេលរាប់ឆ្នាំ។

លោកបានមានប្រសាសន៍ថា “សេចក្តីព្រាងច្បាប់នេះកំពុងដំណើរការទៅមុខលឿនដូចផ្លេកបន្ទោរ ហេតុដូច្នេះអ្នករិះគន់ដែលប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះ ដោយផ្អែកលើមូលដ្ឋានសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះ មិនមានឱកាសរិះគន់នោះឡើយ។ មេរៀនដែលរដ្ឋាភិបាលបានរៀនសូត្រពីបទពិសោធន៍របស់ខ្លួនអំឡុងពេលអនុម័តច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល គឺ ‘មិនពិភាក្សា ហើយជំរុញឲ្យវាមានដំណើរការទៅមុខឲ្យបានលឿន’ ដែលជាលទ្ធផលធ្វើឲ្យគេមើលឃើញថា កម្ពុជាក្លាយជាប្រទេសដែលអនុវត្តអំណាចផ្តាច់ការកាន់តែខ្លាំងជាងមុនទៅទៀត”។

លោកមានប្រសាសន៍បន្តថា “យុទ្ធនាការនយោបាយរបស់លោក ហ៊ុន សែន សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ ទំនងជារួមមាន ការបំផ្លាញស្ថាប័នប្រជាធិបតេយ្យដែលនៅសេសសល់នៅកម្ពុជា ហើយម្ចាស់ជំនួយមិនគួរបណ្តោយឲ្យគាត់ធ្វើដូច្នេះឡើយ”។

ប៉ុន្តែ ក្រុមអ្នកវិភាគបានលើកឡើងថា ស្ថាប័នអន្តរជាតិ និងរដ្ឋាភិបាលបរទេសដែលបានជំរុញគណបក្សប្រជាជនកម្ពុជាឲ្យដើរតាមលទ្ធិប្រជាធិបតេ្យនាពេលកន្លងមកប្រាកដជាមិនអាចបញ្ចុះបញ្ចូលកម្ពុជាបានតទៅមុខទៀតនោះឡើយ ដោយសារប្រទេស នេះកំពុងតែពឹងផ្អែកកាន់តែខ្លាំងឡើងៗលើជំនួយនិងវិនិយោគពីប្រទេសចិន។

ពេលធ្វើអត្ថាធិប្បាយកាលពីថ្ងៃអង្គារស្តីពីជំហរដំឡើងសាច់ដុំកាន់តែខ្លាំងឡើងៗរបស់រដ្ឋាភិបាលដាក់អង្គការសហប្រជាជាតិនោះ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ជាអង្គការមិនមែនរដ្ឋាភិបាលសិក្សាស្រាវជ្រាវផ្នែកនយោបាយបានលើកឡើងថា ឥរិយាបថនេះទំនងជាបន្តទៅ មុខយូរឆ្នាំទៀត។

លោកបានមានប្រសាសន៍ថា “ខ្ញុំសន្មតថា យើងនឹងឃើញឥរិយាបថនោះបន្តប៉ុន្មានឆ្នាំទៅមុខទៀត ដោយសារតែឥទ្ធិពលដែលកំពុងតែកើនឡើងរបស់ប្រទេសចិន”។ លោកបានបន្តថា “ជំនួយលោកខាងលិចហាក់បីដូចជាលែងមានសារៈសំខាន់ទៀតហើយនៅពេលនេះ”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស