35 C
Phnom Penh

អ្នក​​ធ្វើ​អត្ថាធិប្បាយនយោបាយ​​​ដែល​​រង​បណ្ដឹង​​នាយករដ្ឋមន្ត្រី ស្នើ​ឱ្យតុលាការ​ពន្យារ​ពេល​ឆ្លើយ​បំភ្លឺ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយបានមានប្រសាសន៍កាលពីម្សិលមិញថា លោកនឹងស្នើឱ្យព្រះរាជអាជ្ញាពន្យារពេលសាកសួរលោកក្នុងបណ្ដឹងទារសំណងជំងឺចិត្តកន្លះលានដុល្លាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតទាល់តែលោករកបានមេធាវី ខណៈលោកនាយករដ្ឋមន្ត្រីអាចនឹងដាក់ពាក្យបណ្ដឹងពាក់ព័ន្ធមួយទៀតនៅថ្ងៃនេះ។

ទន្ទឹមនឹងនេះ មិត្តភក្ដិម្នាក់របស់លោក គឹម សុខ ដែលសមត្ថកិច្ចបានឃាត់ខ្លួនមួយយប់នៅអធិការដ្ឋានបន្ទាប់ពីជូនអ្នកវិភាគរូបនេះត្រឡប់ទៅផ្ទះវិញក្រោយបញ្ចប់ការផ្តល់បទសម្ភាសន៍តាមវិទ្យុកាលពីយប់ថ្ងៃច័ន្ទ បានអះអាងថា ការឃាត់ខ្លួននេះមិនពាក់ព័ន្ធករណីលោក គឹម សុខ ទេ ក្រោយពីត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ។

លោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយបង្ហាញវត្តមានក្នុងកម្មវិធីវិទ្យុនៅស្ទូឌីយ៉ូនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ក្នុងរូបថតបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោក។ ហ្វេសប៊ុក
លោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយបង្ហាញវត្តមានក្នុងកម្មវិធីវិទ្យុនៅស្ទូឌីយ៉ូនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ក្នុងរូបថតបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោក។ ហ្វេសប៊ុក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ពាក្យបណ្ដឹងដំបូងកាលពីថ្ងៃច័ន្ទ ហើយបានបញ្ជាឱ្យលោក គឹម សុខ ស្ថិតនៅក្នុងប្រទេស បន្ទាប់ពីអ្នកធ្វើអត្ថាធិប្បាយរូបនេះហាក់ចង់បង្ហាញថា គណបក្សកាន់អំណាចគឺជាអ្នកដែលត្រូវទទួលខុសត្រូវចំពោះការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយ។

លោក គឹម សុខ មានប្រសាសន៍ថា លោកគ្រោងដាក់លិខិតនៅថ្ងៃនេះជូនសាលាដំបូងរាជធានីភ្នំពេញ  ដើម្បីស្នើឱ្យពន្យារពេលកោះហៅលោកទៅឆ្លើយបំភ្លឺនៅថ្ងៃសុក្រ ក្នុងសំណុំរឿងមួយដែលបានឆ្លងកាត់ប្រព័ន្ធតុលាការយ៉ាងតក់ក្រហល់បំផុត។

លោកលើកឡើងថា “ខ្ញុំនឹងទៅដាក់លិខិតស្នើសុំពន្យារពេលផ្ដល់ចម្លើយ ព្រោះខ្ញុំរកមេធាវីការពារក្ដីមិនទាន់បាន។ ប៉ុន្តែខ្ញុំចង់ផ្ដាំផ្ញើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា គាត់មិនគួរបារម្ភទេដែលខ្ញុំស្នើឱ្យតុលាការពន្យារពេលសាកសួរ ព្រោះខ្ញុំមិនរត់គេចទៅណាទាំងអស់”។

កាលពីម្សិលមិញ មេធាវីរបស់លោក ហ៊ុន សែន បានប្រាប់គេហទំព័រព័ត៌មាន Fresh News ដែលជាអ្នកនាំពាក្យរដ្ឋាភិបាលថា លោកនាយករដ្ឋមន្ត្រីនឹងដាក់ពាក្យបណ្ដឹងមួយទៀតនៅថ្ងៃនេះដោយផ្អែកលើការធ្វើអត្ថាធិប្បាយមិនត្រឹមត្រូវរបស់លោក គឹម សុខ នៅក្នុងកម្មវិធីវិទ្យុអាស៊ីសេរី នៅពេលលោកបកស្រាយទាក់ទិនការធ្វើអត្ថាធិប្បាយរបស់លោកកាលពីលើកមុន។

លោក គឹម សុខ អះអាងថា ពេលលោកនិយាយថា “គេ” នៅក្នុងការអត្ថាធិប្បាយលើកមុនរបស់លោកអំពីអ្នកដែលទទួលខុសត្រូវចំពោះការធ្វើឃាតលោក កែម ឡី គឺលោកសំដៅដល់ ”ប្រព័ន្ធមួយក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបច្ចុប្បន្ន។ វាបានធ្វើឱ្យរដ្ឋាភិបាលមានប្រព័ន្ធមួយដែលមានការសម្លាប់មនុស្ស  ហើយខ្លួនមិនបានស្វែងរកឃាតករ ដែលមិនត្រឹមតែករណីធ្វើឃាតលោកបណ្ឌិត កែម ឡី ប៉ុណ្ណោះទេ ព្រមទាំងសកម្មជនមុនៗផ្សេងទៀតផងដែរ”។front_hun-sen-800x533

នៅក្រៅបណ្ដឹងផ្លូវច្បាប់នេះ លោក សៀន ជិន ដែលជាមិត្តភក្ដិរបស់លោក គឹម សុខ និងជាអ្នកគួកជេដី  ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាមួយបុរសម្នាក់ទៀត បន្ទាប់ពីដឹកជូនលោក គឹម សុខ ត្រឡប់ទៅផ្ទះវិញ ក្រោយពីចេញពីស្ទូឌីយ៉ូនៃស្ថានីយវិទ្យុវីអូអេ ក្នុងរាជធានីភ្នំពេញកាលពីយប់ថ្ងៃច័ន្ទ។ លោក សៀន ជិន និយាយថា រយៈពេលជិត៣៦ម៉ោងដែលពួកគាត់ទាំងពីរជាប់ឃុំនៅអធិការដ្ឋានខណ្ឌដូនពេញ គឺធម្មតាបំផុត។

គាត់និយាយថា “តាមពិតគេឃាត់ខ្លួនពួកយើង និងបញ្ជូនទៅអធិការដ្ឋានដោយសារតែមិត្តភក្ដិរបស់ខ្ញុំដែលជាអ្នកបើកបរ គ្មានលិខិតស្នាមត្រឹមត្រូវ។ គេបានដោះលែងខ្ញុំឱ្យមានសេរីភាពឡើងវិញនៅម៉ោង៧យប់ម្សិលមិញ ហើយវាមិនពាក់ព័ន្ធលោក គឹម សុខ ទេ”។

លោក គឹម សុខ បានមានប្រសាសន៍ថា នគរបាលទំនងជាបានបំភិតបំភ័យបុរសទាំងពីរនាក់នេះហើយ។ លោកថ្លែងថា មុនពេលលោក សៀន ជិន ត្រូវបានឃាត់ខ្លួន មិត្តភក្ដិរបស់លោកបានណែនាំឱ្យអ្នកវិភាគរូបនេះសុំការអត់ឱនពីលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន។

លោកលើកឡើងទៀតថា ”ប៉ុន្តែខ្ញុំបានប្រាប់គាត់វិញនៅពេលនោះពីជំហររបស់ខ្ញុំថា ខ្ញុំនឹងមិនស្វែងរកការសម្របសម្រួលអ្វីទាំងអស់ ហើយខ្ញុំនឹងមិនចាកចេញពីប្រទេសដាច់ខាត ព្រោះខ្ញុំមានបំណងតតាំងនៅតុលាការទាក់ទិនពាក្យបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រីដែលប្ដឹងខ្ញុំ”៕ សុខុម (រាយការណ៍បន្ថែមដោយ អ៊ូច សូនី)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស