38 C
Phnom Penh

នាយករដ្ឋមន្ត្រី​ដាក់ពាក្យ​បណ្តឹង​ទីពីរ​ប្តឹង​លោក គឹម សុខ​ ទាមទារ​សំណង​១០លាន​រៀល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានដាក់ពាក្យបណ្តឹងទី២ប្តឹងលោក គឹម សុខ អ្នកអត្ថាធិប្បាយនយោបាយកាលពីម្សិលមិញ ខណៈលោក គឹម សុខ លើកឡើងថា លោកនឹងមិនធ្វើតាមដីកាកោះឲ្យចូលខ្លួនដើម្បីឆ្លើយបំភ្លឺនៅថ្ងៃនេះឡើយ ហើយនឹងបន្តធ្វើអត្ថាធិប្បាយតទៅមុខទៀត។

លោក គឹម សុខ បានមានប្រសាសន៍នៅក្រៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញថា “ចង់ថែម១០០ ឬ១០០០ករណីក៏ថែមទៅ ជំហររបស់ខ្ញុំនៅតែដដែលទេ។ ចង់យកទៅស្ងោរក៏យកទៅ”។

លោក ហ៊ុន សែន បានដាក់ពាក្យបណ្តឹងដំបូងទាមទារសំណងជំងឺចិត្ត៥០០.០០០ដុល្លារកាលពីថ្ងៃច័ន្ទ ដោយចោទប្រកាន់លោក គឹម សុខ ពីបទអះអាងពេលផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃសៅរ៍ថា គណបក្សកាន់អំណាចបានសម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយ។

លោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយនិយាយទៅកាន់អ្នកយកព័ត៌មាន នៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយនិយាយទៅកាន់អ្នកយកព័ត៌មាន នៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក គី តិច មេធាវីរបស់លោកនាយករដ្ឋមន្ត្រីបានមកកាន់តុលាការម្តងទៀតកាលពីម្សិលមិញ ដើម្បីដាក់ពាក្យបណ្តឹងទី២ទាមទារសំណងជំងឺចិត្ត១០លានរៀន ប្រហែល២.៥០០ដុល្លារ ចំពោះការលើកឡើងរបស់លោក គឹម សុខ នៅក្នុងបទសម្ភាសន៍ក្រោយមកទៀតកាលពីថ្ងៃច័ន្ទដោយបន្ទោស”ប្រព័ន្ធ” ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល ចំពោះ ការធ្វើឃាតលោក កែម ឡី កាលពីខែកក្កដា។

លោកមេធាវី គី តិច បានមានប្រសាសន៍ថា “លោក គឹម សុខ បានបន្តរំលោភបំពានច្បាប់មកលើរដ្ឋាភិបាល។ យើងមិនបំផ្លើសចោទប្រកាន់ និងបន្ទោសបុគ្គលណាម្នាក់ឡើយ។ វាមិនមែនគ្រាន់តែចំពោះលោកនាយករដ្ឋមន្ត្រីទេ។ សូម្បីតែចំពោះយើងទាំងអស់គ្នា ពេលនរណាម្នាក់សំដែងមតិយោយល់របស់ខ្លួន គឺវាធ្វើឲ្យប៉ះពាល់ដល់យើង ហើយធ្វើឲ្យយើងឈឺចាប់”។

លោក គឹម សុខ ក៏បានបង្ហាញខ្លួននៅតុលាការដែរកាលពីម្សិលមិញ ­ដើម្បីដាក់សំណើសូមពន្យារពេលរកមេធាវីដែលផ្តល់សេវាដោយឥតគិតថ្លៃ។

យោងតាមលោក លី សុផាណា អ្នកនាំពាក្យតុលាការបានឱ្យដឹងថា ព្រះរាជអាជ្ញាបានច្រានចោលសំណើនោះភ្លាមៗកាលពីរសៀលម្សិលមិញ។

លោក គឹម សុខ ដែលត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសបាននិយាយថា លោកមិនខ្វល់នឹងដីកាកោះនេះទេ។ លោកបាននិយាយថា”រឿងក្តីនេះពិតជាមិនយុត្តិធម៌សម្រាប់ខ្ញុំទេ ដូច្នេះខ្ញុំបានសម្រេចចិត្តមិនទៅឡើយ”។

កាលពីព្រឹកថ្ងៃនេះ លោក គឹម សុខ បានច្រានចោលចំណាត់ការតក់ក្រហល់របស់តុលាការក្នុងការដំណើរការរឿងក្តីនេះ។ លោកបាននិយាយថា “តុលាការចាត់វិធានការលឿនជាទីបំផុតដោយចេញដីកាកោះ ហើយបង្គាប់ឱ្យខ្ញុំបង្ហាញខ្លួននៅតុលាការ បើទោះជាការពិតថា ខ្ញុំមានពេលបីថ្ងៃដើម្បីរកមេធាវីក៏ដោយ”។លោក គឹម សុខ និយាយថា ការពិន័យនេះធ្ងន់ធ្ងរណាស់។

លោកបាននិយាយថា  “អូ! ព្រះអើយកន្លះលានដុល្លារ នរណាមានលុយបង់ទៅទាល់តែខ្ញុំមានសិទ្ធិលក់ពហុកីឡាដ្ឋានជាតិអូឡាំពិក ទើបមានលុយបង់”។

លោកបានបន្ថែមថា “ជាការពិត គេត្រៀមចាប់ខ្ញុំគ្រប់ពេលវេលា។ ដូច្នេះ មិនយូរមិនឆាប់ ខ្ញុំនឹងត្រូវគេចាប់ហើយមិនថា ខ្ញុំទៅបង្ហាញខ្លួនឬមិនទៅឡើយ”។

អ្នកគាំទ្រអតីតសាស្ត្រាចារ្យសាកលវិទ្យាល័យរូបនេះ រួមមានព្រះេតជគុណ ប៊ុត ប៊ុនតិញ បានចាប់ផ្តើមមូលនិធិសង្គម គឹម សុខ កាលពីម្សិលមិញ។ លោក គឹម សុខ និយាយថា មូលនិធិណាមួយគួរផ្តល់ដល់មណ្ឌលកុមារកំព្រា និងបុព្វហេតុផ្សេងៗដើម្បីជួយដល់ជនខ្វះខាត ជាជាងយកទៅបង់ប្រាក់ពិន័យព្រោះថាទីបំផុតនៅតែជាប់ពន្ធនាគារដដែល។

លោកបាននិយាយថា “ខ្ញុំយល់ព្រមប្រើឈ្មោះរបស់ខ្ញុំ ពីព្រោះវាអាចរៃអង្គាសប្រាក់ដើម្បីជួយដល់អ្នកខ្វះខាត ប៉ុន្តែ ខ្ញុំនឹងមិនប្រើប្រាស់មូលនិធិសង្គមនេះដើម្បីបង់ថ្លៃសេវាមេធាវី ឬប្រមូលលុយទៅបង់ឱ្យនាយករដ្ឋមន្ត្រីដែលប្តឹងទាមទារកន្លះលានដុល្លារនោះឡើយ”៕ស៊ុយឈាង និង សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស