សមាជិក​​​សភា​​​អាមេរិក​​​​​​​​​ឱ្យ​​​ CPP បោះ​​​បង់​​​ចោល​ការ​​ធ្វើ​វិសោធកម្ម​​​

កាលពីថ្ងៃពុធ សមាជិកសភាអាមេរិកមួយរូបបានអំពាវនាវឱ្យគណបក្សប្រជាជនកម្ពុជាបោះបង់ចោលការបោះឆ្នោតធ្វើវិសោធនកម្មច្បាប់ដែលនឹងផ្ដល់អំណាចថ្មីៗមួយចំនួនទៀតដល់រដ្ឋាភិបាលកម្ពុជា ដើម្បីកម្ចាត់គូប្រជែងរបស់ខ្លួន គឺថ្ងៃតែមួយដែលឯកអគ្គរដ្ឋទូតអាមេរិកបានជួបជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដើម្បីពិភាក្សាអំពីច្បាប់នេះ។

លោក អេលែន ឡូវិនថល (Alan Lowenthal) សមាជិកសភាមកពីគណបក្សប្រជា ធិបតេយ្យប្រចាំរដ្ឋកាលីហ្វ័រញ៉ា ជាសហគមដែលមានជនជាតិខ្មែររស់នៅច្រើនជាងគេក្នុងសហរដ្ឋអាមេរិកនោះ បានមានប្រសាសន៍ថា សំណើធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះ នឹងធ្វើឱ្យការគ្រប់គ្រងរដ្ឋដោយគណបក្សប្រជាជនកម្ពុជាកាន់អំណាចដុះស្លែចាក់ឫសកាន់តែជ្រៅ។

លោកបន្ថែមថា “ច្បាប់ស្ដីពីគណបក្សនយោបាយនេះនឹងផ្ដល់អំណាចលើសលប់ដល់រដ្ឋាភិបាលអាចព្យួរគណបក្សនយោបាយបានតាមអំពើចិត្ត។ ខ្ញុំជំរុញឱ្យរដ្ឋសភារបស់កម្ពុជាកុំអនុម័តច្បាប់មិនស្របតាមលទ្ធិប្រជាធិបតេយ្យនេះ ដែលរុញច្រានកម្ពុជាឱ្យឈានទៅក្លាយជារដ្ឋឯកបក្សប្រកបដោយភាពគ្រោះថ្នាក់ ហើយត្រូវអនុញ្ញាតឱ្យពលរដ្ឋកម្ពុជាមានសេរីភាពក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួន”។

គណបក្សប្រជាជនកម្ពុជាដែលមានសំឡេងភាគច្រើនក្នុងរដ្ឋសភាគ្រោងនឹងអនុម័តការធ្វើវិសោធនកម្មនេះនៅពេលរដ្ឋសភាកោះប្រជុំពិសេសនៅថ្ងៃច័ន្ទ។

នៅពេលអនុម័តរួច តុលាការកំពូលនឹងត្រូវអនុញ្ញាតឱ្យរម្លាយគណបក្សណាដែលមេដឹកនាំកំពូលណាម្នាក់ជាប់ទោស ហើយហាមឃាត់ថ្នាក់ដឹកនាំគណបក្សទាំងមូលរបស់គណបក្សនោះមិនឱ្យធ្វើសកម្មភាពនយោបាយរហូតដល់ទៅ៥ឆ្នាំ។

លោក កឹម សុខា ជួបពិភាក្សាជាមួយលោក វីលៀម ហេដ ឯកអគ្គរដ្ឋទូតអាមេរិកនៅស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ កាលពីថ្ងៃពុធ។ រូបថតនៅលើទំព័ហ្វេសប៊ុករបស់ស្ថានទូត

 

សូម្បីមុនពេលសំណុំរឿងធ្លាក់ដល់ដៃតុលាការ ក្រសួងមហាផ្ទៃនឹងមានឆន្ទានុសិទ្ធិព្យួរគណបក្សណាមួយតាមតែអំពើចិត្តទាក់ទិនការប្រព្រឹត្តបទល្មើសនានាដែលមិនមានចែងច្បាស់លាស់ ដែលក្នុងនោះរួមមាន “ការញុះញង់ដែលនឹងនាំទៅរកការមិនឯកភាពនៃរដ្ឋ”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដឹកនាំប្រទេសអស់រយៈពេលជាង៣០ឆ្នាំ បានបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើវិសោធនកម្មនេះមានបំណងតម្រង់គោលដៅទៅរកគណបក្សសង្គ្រោះជាតិ ដែលស្ទើរតែផ្តួលគណបក្សប្រជាជនកម្ពុជាបានទៅហើយនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពី៤ឆ្នាំមុន និងដែលនៅតែជាគូប្រកួតពិតប្រាកដតែមួយគត់របស់ខ្លួននៅឆ្នាំ២០១៨។

លោក ឈាង វុន តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ ប៉ុន្តែលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាដែលត្រូវបានចាត់តាំងដោយគណបក្សកាន់អំណាចបានច្រានចោលការលើកឡើងរបស់សមាជិកសភាអាមេរិករូបនេះ។

លោកបានមានប្រសាសន៍ថា “ការដែលគណបក្សកាន់អំណាចធ្វើហ្នឹងគឺត្រឹមត្រូវតាមលទ្ធិប្រជាធិបតេយ្យ។ ហើយធ្វើដើម្បីផលប្រយោជន៍ប្រទេសជាតិដូចជាអ្វីដែលលោក ដូណាល់ ត្រាំ គាត់ធ្វើ ពីព្រោះគាត់យល់ថា អ្វីដែលគាត់ធ្វើគឺត្រឹមត្រូវ”។

ជាឧទាហរណ៍លោកបានលើកឡើងពីបម្រាមរបស់លោក ត្រាំ ដែលហាមមិនឱ្យប្រជាជននៅក្នុងប្រទេសកាន់សាសនាអុិស្លាមភាគច្រើនចំនួនប្រាំពីរចូលក្នុងទឹកដីសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា មិនយូរប៉ុន្មានតុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិកបានរារាំងបម្រាមនេះ ដោយលើកឡើងថា ការតតាំងតាមផ្លូវច្បាប់ប្រឆាំងនឹងបទបញ្ជាឱ្យអនុវត្តរបស់ប្រធានាធិបតីរូបនេះមិនស្របតាមរដ្ឋធម្មនុញ្ញ ទំនងជាទទួលបរាជ័យ។

កាលពីថ្ងៃពុធផងដែរ លោក កឹម សុខា បានជួបពិភាក្សាជាមួយលោក វីលៀម ហេដ (William Heidt) ឯកអគ្គរដ្ឋទូតអាមេរិកនៅស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ។ ស្ថានទូតនេះលើកឡើងថា លោកទាំងពីរបានពិភាក្សាអំពីសំណើធ្វើវិសោធនកម្មច្បាប់ និងការវិវឌ្ឍនយោបាយចុងក្រោយ” ប៉ុន្តែបានបដិសេធមិននិយាយលម្អិតទេ។

នៅក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញ លោក កឹម សុខា ក៏បានលើកឡើងផងដែរថា លោកក៏បានជួបពិភាក្សាជាមួយឯកអគ្គទូតបារាំង អាល្លឺម៉ង់ អង់គ្លេស និងសហភាពអឺរ៉ុបផងដែរ។

បើទោះជាអាចមានផលវិបាកធ្ងន់ធ្ងរដោយសារការធ្វើវិសោធនកម្មនេះក្ដី ក៏រដ្ឋាភិបាលបរទេសភាគច្រើនបាននៅស្ងៀមស្ងាត់ ចាប់តាំងពីលោក ហ៊ុន សែន បានស្នើឱ្យធ្វើវិសោធនកម្មកាលពីថ្ងៃទី២ ខែកុម្ភៈមក៕ សារុន

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.