29.3 C
Phnom Penh

ខណៈ​​​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​​ជិត​មក​ដល់​​ បេក្ខភាព​​​គណ​បក្ស​​​សង្គ្រោះ​​​​​​​ជាតិ​​​​ពីរ​រូប​ត្រូវ​បាន​ឃុំខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីសង្កាត់ពីររូបមកពីគណបក្សប្រឆាំងត្រូវបានឃាត់ខ្លួនសាកសួរ ចោទប្រកាន់ និងឃុំខ្លួនភ្លាមៗកាលពីម្សិលមិញនៅក្នុងករណីដាច់ដោយឡែកពីគ្នាដែលមន្ត្រីគណបក្សសង្គ្រោះជាតិនិយាយថា ធ្វើឡើងក្នុងបំណងទប់ស្កាត់បេក្ខភាពរបស់ខ្លួនមិនឱ្យចូលរួមការបោះឆ្នោតឃុំ សង្កាត់ នៅខែមិថុនាខាងមុខ ជាការចោទប្រកាន់ដែលអ្នកនាំពាក្យគណបក្សកាន់អំណាចបានច្រានចោល។

អ្នកនាំពាក្យតុលាការនិយាយថា លោក ចៅ វាសនា ចៅសង្កាត់រងប៉ោយប៉ែត ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងឃុំខ្លួនជាបណ្ដោះអាសន្ន បន្ទាប់ពីសាលាដំបូងខេត្តបន្ទាយមានជ័យសាកសួររួចកាលពីម្សិលមិញជុំវិញសំណុំរឿងឆ្នាំ២០១៥ ទាក់ទិនបាតុកម្មតវ៉ាមួយដែលបានផ្ទុះអំពើហិង្សា។ បទញុះញង់ត្រូវមានទោសជាប់ពន្ធនាគាររហូតដល់ទៅពីរឆ្នាំ។

យោងតាមលោក អុី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា លោក លី សុគន្ធ ចៅសង្កាត់រងបឹងកក់១ ក្នុងរាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ និងបទក្លែងបន្លំឯកសារសាធារណៈ ហើយត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស។ បទល្មើសនេះត្រូវមានទោសជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។

មន្ត្រីទាំងពីររូបនេះស្ថិតនៅលេខរៀងលើគេនៃបញ្ជីបេក្ខភាពរបស់គណបក្សសង្គ្រោះជាតិដែលត្រូវឈឈ្មោះសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ក្នុងពេលដ៏ខ្លីខាងមុខ នោះមានន័យថា ពួកគាត់នឹងក្លាយជាចៅសង្កាត់ ប្រសិនបើគណបក្សប្រឆាំងឈ្នះការបោះឆ្នោតនៅក្នុងមូលដ្ឋានរបស់ពួកគាត់។

cam-photo-CNRPលោក សម រង្ស៊ី ដែលបានលាលែងពីតំណែងប្រធានគណបក្សប្រឆាំងកាលពីមួយសប្ដាហ៍មុន បានព្យាករថា គណបក្សសង្គ្រោះជាតិនឹងមានប្រៀបលើគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតឃុំ សង្កាត់ ហើយមានប្រសាសន៍ថា ដោយសារការភ័យស្លន់ស្លោ គណបក្សកាន់អំណាចកំពុងតែព្យាយាមគាបសង្កត់មកលើគណបក្សប្រឆាំងដែលថ្មីៗនេះតាមរយៈការធ្វើវិសោធនកម្មច្បាប់ ដែលនឹងផ្ដល់អំណាចទូលំទូលាយដល់រដ្ឋាភិបាល ឱ្យមានសិទ្ធិរម្លាយគណបក្សប្រជែង។

លោក សុខ កែវបណ្ឌិត អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា បន្ទាប់ពីការស៊ើបអង្កេតយ៉ាងដិតដល់លើករណីបាតុកម្មឆ្នាំ២០១៥ មានភ័ស្តុតាងគ្រប់គ្រាន់បង្ហាញថា លោក ចៅ វាសនា “ជាប់ពាក់ព័ន្ធការញុះញង់ដែលនាំឱ្យប្រជាពលរដ្ឋធ្វើការតវ៉ា”។

កាលពីខែធ្នូ ឆ្នាំ២០១៥ កម្មករអូសរទេះប្រមាណ១០០នាក់បានធ្វើបាតុកម្មប្រឆាំងការយកពន្ធតាមអំពើចិត្តលើការដឹកទំនិញចេញចូលតាមរទេះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ពាក្យចចាមអារ៉ាមមិនពិតថាកម្មករអូសរទេះម្នាក់ដែលត្រូវអាជ្ញាធរវាយដំ បានបាត់បង់ជីវិត ធ្វើឱ្យក្រុមអ្នកតវ៉ាវាយប្រហារទៅលើទីស្នាក់ការគយ  បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិប្រមាណ២០.០០០ដុល្លារ។

លោក សោ ចាន់ដេត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលបន្ទាយមានជ័យមានប្រសាសន៍ថា លោក ចៅ វាសនា គ្រាន់តែទៅមើលការតវ៉ានោះប៉ុណ្ណោះ ហើយថា ការចាប់ខ្លួនលោកគឺជារឿងនយោបាយ។

លោកបន្តថា ”ពេលនោះគាត់ទៅទីនោះដោយសារតែវាជាមូលដ្ឋានរបស់គាត់។ គាត់គ្រាន់តែឈរមើលបាតុកម្មប៉ុណ្ណោះ។ គេកំពុងតែគំរាមកំហែងសមាជិករបស់យើងដែលចង់ឈរឈ្មោះនៅក្នុងការបោះឆ្នោតឃុំ សង្កាត់”។

ករណីលោក លី សុគន្ធ មន្ត្រីសង្កាត់នៅរាជធានីភ្នំពេញ គឺពាក់ព័ន្ធការគ្រប់គ្រងរបស់គាត់លើការសង្កេតការចុះឈ្មោះបោះឆ្នោតកាលពីចុងឆ្នាំមុន។ តាមចោទថា លោក លី សុគន្ធ បានប្រគល់កាតអ្នកសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតរបស់មនុស្សម្នាក់ដែលមានជំងឺ ឱ្យទៅមនុស្សម្នាក់ទៀតបំពេញ នេះបើយោងតាមលោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញ។

លោកមានប្រសាសន៍ទៀតថា “គាត់មិនបានធ្វើអ្វី ឬចុះហត្ថលេខាលើកាតអ្នកសង្កេតការណ៍ទេ។ គេមិនគួរឃុំខ្លួន និងចោទប្រកាន់គាត់ទេ ព្រោះនេះគ្រាន់តែជារឿងតូចតាច។ បើគេក្លែងឯកសារដីធ្លីឬពាក់ព័ន្ធនឹងលុយ ទើបគួរចាប់ខ្លួន”។

លោកលើកឡើងថា វាមិនត្រឹមត្រូវទេដែលប្រគល់កាតនោះទៅឱ្យអ្នកផ្សេង ប៉ុន្តែទន្ទឹមនេះលោកមានប្រសាសន៍ថា មន្ត្រីសង្កាត់មកពីគណបក្សទាំងពីរបានព្រមព្រៀងអនុញ្ញាតឱ្យមានអ្នកសង្កេតការណ៍ជំនួស។ លោកថ្លែងថា លោក លី សុគន្ធ នឹងត្រូវសាធារណជនចាត់ទុកជាជនរងគ្រោះដោយសារនយោបាយ។

លោកមានប្រសាសន៍ទៀតថា “ពេលគាត់ជាប់ពន្ធនាគារ វាមិនល្អមើលទេ វាដូចជារឿងនយោបាយអញ្ចឹង ពីព្រោះគាត់កំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំ សង្កាត់”។

ជាការឆ្លើយតប លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិតែងតែមានលេសដោះសារពេលធ្វើខុសច្បាប់។ “ពួកគាត់តែងតែនិយាយរឿងត្រូវទៅជាខុស។ សមត្ថកិច្ចមិនដែលចាប់ខ្លួន  ឬឃុំខ្លួននរណាដែលមិនបានប្រព្រឹត្តបទល្មើសទេ”។

ការជាប់ឃុំរបស់លោក ចៅ វាសនា និងលោក លី សុគន្ធ បានធ្វើឱ្យចំនួនឥស្សរជនគណបក្សសង្គ្រោះជាតិដែលជាប់ពន្ធនាគារចាប់តាំងពីខែឧសភា ឆ្នាំ២០១៥មក កើនឡើងដល់២៣នាក់។ អង្គការសិទ្ធិមនុស្សលីកាដូបានបង្ហាញថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានអ្នកទោសនយោបាយចំនួន២៦នាក់ ហើយ១៩នាក់ក្នុងចំណោមនោះគឺជាមន្ត្រី  ឬជាសកម្មជនមកពីគណបក្សប្រឆាំង៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស