28 C
Phnom Penh

ទី​​​ផ្សារ​​​រថយន្ត​​​ជជុះ​​​បន្ត​​​ធ្វើ​​​ឲ្យរាំង​​​ស្ទះ​​​ដល់​​​សក្តានុពល​​​នៃ​​​ការ​​​វិនិយោគក្នុង​​​ប្រទេស​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់កំពុងព្រួយបារម្ភចំពោះការត្រៀមដើរចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេសដែលជាអ្នកនាំចូលលេខមួយរបស់ខ្លួន។ ហើយទោះបីជា ការពង្រីកមកកាន់ទីផ្សារកម្ពុជាទំនងជាមិនអាចជួយធ្វើឲ្យក្តីព្រួយបារម្ភនេះបានធូរស្រាលក៏ដោយ ក៏វិនិយោគិនអាល្លឺម៉ង់ ដែលប្រមូលផ្តុំគ្នាកាលពីម្សិលមិញនៅក្នុងរាជធានីភ្នំពេញ បានលើកឡើងថា អ្វីដែលនឹងអាចមាននៅទីនេះ កំពុងត្រូវបានធ្វើឲ្យមានការលំបាកដោយសារនៅតែមានរថយន្តជជុះយ៉ាងច្រើននៅតាមដងផ្លូវនានា។

លោក Antoine Jeanson ប្រធានគណៈកម្មាធិការទទួលបន្ទុកផ្នែកគ្រប់គ្រងរថយន្តរបស់សភាពាណិជ្ជកម្មសហភាពអឺរ៉ុប បាននិយាយមួយសន្ទុះទៅកាន់វិនិយោគិនអាល្លឺម៉ង់នៅក្រៅជំនួបកំពូលស្តីពីពាណិជ្ជកម្មអន្តរជាតិ(International Business Summit)។ អ្នកចូលរួមហាក់បីដូចជាមានភាពស្ទាក់ស្ទើរ។

លោកបានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំថា “វិនិយោគិនថ្មីៗប្រហែលជាមិនសូវចាប់អារម្មណ៍លើការវិនិយោគក្នុងទីផ្សារបែបនេះទេ”។ លោកបានបន្តថា “អ្វីដែលអស់លោកអ្នកបានឃើញពីជំនួបកំពូលទាំងមូលនេះ គឺថាកម្ពុជាពិតជាមានផ្នែកខ្លះល្អ។ អ្វីៗដែលពិតជាធ្វើឲ្យកម្ពុជា ជាប្រទេសដែល ល្អសម្រាប់ការវិនិយោគ ប៉ុន្តែវានៅមិនទាន់ល្អនៅឡើយទេ សម្រាប់អ្វីៗគ្រប់យ៉ាង”។

បញ្ហាមួយក្នុងចំណោមបញ្ហាទាំងនោះ គឺរថយន្ត ជាពិសេស រថយន្តថ្មីរបស់ក្រុមហ៊ុនចែកចាយដែលទទួលបានអាជ្ញាប័ណ្ណផ្លូវការ។

WP-LastImage-48-800x533លោក Antoine Jeanson  ដែលក៏ជានាយកគ្រប់គ្រងក្រុមហ៊ុន Audi Cambodia ដែរនោះបានលើកឡើងថា ឧបសគ្គចម្បងក្នុងការឈានជើងចូលទីផ្សាររថយន្ត មិនមែនអំពើពុករលួយឬបញ្ហាលំបាកៗក្នុងការចាប់ផ្តើមជំនួញនោះទេ ប៉ុន្តែគឺការដែលនៅតែបន្តមានរថយន្តជជុះយ៉ាងច្រើនលើសលប់ ដែលជារឿយៗនាំចូលដោយខុសច្បាប់។

លោកបានថ្លែងថា “យើងសង្ឃឹមថា នឹងមានការធ្វើការកែទម្រង់ខ្លះៗដើម្បីលុបបំបាត់ ទីផ្សាររថយន្តជជុះដែលមានប្រហែល៩០ភាគរយនៅលើទីផ្សារ”។

នៅក្នុងសៀវភៅស (របាយការណ៍) របស់ខ្លួនដែលចេញកាលពីឆ្នាំមុនដោយផ្តល់ព័ត៌មានថ្មីៗ និងការយល់ដឹងកាន់តែស៊ីជម្រៅលើឧស្សាហកម្មនានាក្នុងប្រទេសនេះនោះសភាពាណិជ្ជកម្មសហភាពអឺរ៉ុបបានលើកឡើងថា អ្នកចែកចាយរថយន្តជជុះមិនគ្រាន់តែលក់ថោកជាងក្រុមហ៊ុនចែកចាយផ្លូវការនោះទេ ប៉ុន្តែ ថែមទាំងលក់រថយន្តគ្មានសុវត្ថិភាពផងដែរ។

ដោយដកស្រង់ទិន្នន័យពីគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥នោះ របាយការណ៍នេះមានខ្លឹមសារដូច្នេះថា “ការសិក្សាឆ្នាំ២០១២ បានពិនិត្យ លើរថយន្តនៅតាមកន្លែងលក់រថយន្តជជុះចំនួន២០កន្លែងនៅទូទាំងរាជធានីភ្នំពេញ ហើយបានរកឃើញថា រថយន្ត៤០ភាគរយត្រូវបានលុបចេញពីការធានារ៉ាប់រង ដោយចាត់ទុកថា មិនអាចបើកបរតាមដងផ្លូវនៅក្នុងប្រទេសប្រភពដើមបានតទៅមុខទៀតឡើយ”។

របាយការណ៍នេះក៏បានលើកឡើងផងដែរថា ៨០ភាគរយនៃរថយន្តជជុះដែលត្រូវបានពិនិត្យបានសារ៉េកុងទ័រចម្ងាយដើម្បីបំភ្លៃចម្ងាយពិតប្រាកដ។ ប៉ុន្តែវាក៏ធ្វើឲ្យប៉ះពាល់ដល់រថយន្តថ្មីមួយភាគនៅលើទីផ្សារផងដែរ។

លោក Peter Brongers ប្រធានសហព័ន្ធឧស្សាហកម្មរថយន្តកម្ពុជា និងជាប្រធានក្រុមហ៊ុន BMW ប្រចាំប្រទេសកម្ពុជាបាននិយាយថា ទីផ្សាររថយន្តជជុះចាប់ផ្តើមមានឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ហើយបានរីកចម្រើននៅពេលប្រទេសនេះបើកចំហទីផ្សារក្នុងទសវត្សរ៍ឆ្នាំ១៩៩០។

លោកបានមានប្រសាសន៍ថា “ស្ទើរតែគ្រប់រូបទៅហើយ ដែលទិញរថយន្តជជុះ។ ការផ្លាស់ប្តូរដ៏ធំនេះទើបតែបានចាប់ផ្តើម៥ឆ្នាំកន្លងមកប៉ុណ្ណោះ ពេលក្រុមហ៊ុនចែកចាយផ្លូវការចាប់ផ្តើមបើក។ ការឆ្លើយតបពីអតិថិជនចំពោះរថយន្តថ្មីមានភាពវិជ្ជមាន ប៉ុន្តែមានល្បឿនយឺត”។

យុទ្ធនាការរបស់រដ្ឋាភិបាលនៅក្នុងការដំឡើងពន្ធមានតែបង្កការលំបាកកាន់តែខ្លាំងដល់ក្រុមហ៊ុនចែកចាយរថយន្តថ្មីទៅវិញទេ ដោយយកពន្ធ៥០ភាគរយទៅ៦៥ភាគរយលើរថយន្តដែលក្រុមហ៊ុនទាំងនេះនាំចូលចាប់តាំងពីខែមេសាឆ្នាំមុនមក។

លោក ស្រេង វឿង ដែលជាអ្នកទទួលបន្ទុកផ្នែកមើលការខុសត្រូវរថយន្តម៉ាក Ford នៅក្នុងក្រុមហ៊ុន RMA Cambodia បានលើកឡើងថា ការយកពន្ធនេះជួយធ្វើឲ្យស្ថានភាពបច្ចុប្បន្ននៅតែបន្តមានដដែល ពេលនិយាយដល់ចំណែកនៃការទិញរថយន្តថ្មី។

លោកបានលើកឡើងថា”សម្រាប់រថយន្តជជុះ នាំចូលមកថោកជាងឆ្ងាយ។ ហើយខ្ញុំគិតថា ពួកគេមិនបង់អាករលើតម្លៃបន្ថែមទេហេតុដូច្នេះពួកគេអាចទទួលបានប្រាក់ចំណេញច្រើន”។

លោកបានបន្តថា “សម្រាប់រថយន្តស៊េរីថ្មីនាំចូលពីអាមេរិកមក ពីមុនយើងលក់តម្លៃ ៩០.០០០ដុល្លារ ឥឡូវយើងត្រូវដំឡើងដល់ ១០០.០០០ដុល្លារ បន្ទាប់ពីមានការដំឡើងពន្ធដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការលក់របស់យើង”៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស