ក្រុងសៀមរាប-ពេលទស្សនាការចាក់បញ្ចាំងលើកដំបូងនូវខ្សែភាពយន្តថ្មីរបស់លោកស្រី អ៊ែនជើលីណា ចូលី មានចំណងជើងថា ”មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” (First They Killed My Father) ក្រោមស្រមោលប្រាសាទបុរាណអង្គរវត្តកាលពីរាត្រីថ្ងៃសៅរ៍ លោក វ៉េត រាម បាននឹកស្រណោះដល់គ្រាដែលគាត់ស្ថិតក្នុងវ័យជំទង់រស់នៅក្រោមរបប ប៉ុល ពត។
បុរសវ័យ៥៥ឆ្នាំរូបនេះនិយាយថា “វាធ្វើឱ្យយើងនឹកឃើញការឈឺចាប់។ សម្រាប់ខ្ញុំភាពយន្តនេះស្រដៀងគ្នាណាស់ទៅនឹងអ្វីដែលខ្មែរក្រហមបានធ្វើមកលើខ្ញុំ ព្រោះពួកគេមិនដែលខ្វល់ មិនថាយើងក្មេងឬចាស់នោះទេ។ គេចាត់ទុកយើងដូចសត្វធាតុអញ្ចឹង”។

លោក វ៉េត រាម ស្ថិតក្នុងចំណោមអ្នករស់រានពីរបបខ្មែរក្រហមជាច្រើននាក់ដែលបានទស្សនាជាមួយព្រះមហាក្សត្រ និងសម្ដេចម៉ែនូវការចាក់បញ្ចាំងលើកដំបូងនៃខ្សែភាពយន្តផលិតដោយលោកស្រី អ៊ែនជើលីណា ចូលី និងលោក ប៉ាញ់ រិទ្ធី ផលិតករភាពយន្តខ្មែរសញ្ជាតិបារាំង យកលំនាំតាមសៀវភៅស្ដីពីប្រវត្តិឆ្លងកាត់របបខ្មែរក្រហម ដែលលក់ដាច់បំផុតរបស់លោកស្រី លឿង អុឹង នេះ។
នៅក្នុងខ្សែភាពយន្តដែលលេចធ្លោបំផុតស្ដីពីខ្មែរក្រហមចាប់តាំងពីខ្សែភាពយន្ត “វាលពិឃាដ” (The Killing Fields) ផលិតក្នុងឆ្នាំ១៩៨៤មកនេះ ផលិតកម្ម Netflix ពណ៌នាពីខ្សែជីវិតគ្រួសាររបស់អ្នកស្រី លឿង អុឹង ដែលខ្មែរក្រហមចាត់ទុកថាជា “អ្នកថ្មី” និរាសព្រាត់ប្រាសគ្នា នៅពេលពួកកុម្មុយនីស្តជ្រុលនិយមវាយលុកលុយរបប លន់ នល់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ហើយព្យាយាមប្រែក្លាយប្រទេសកម្ពុជាទៅជាមហាជំរំធ្វើការដោយបង្ខំ។
ខ្សែភាពយន្តនេះឆ្លុះបញ្ចាំងពីភាពរន្ធត់តក់ស្លុតនៃជីវិតក្រោមរបបខ្មែរក្រហមដ៏ឃោរឃៅតាមរយៈក្រសែភ្នែករបស់កុមារម្នាក់។
អំឡុងសន្និសីទសារព័ត៌មានមុនពេលចាក់បញ្ចាំងខ្សែភាពយន្តនេះ ដែលមានការចូលរួមពីលោក ប៉ាញ់ រិទ្ធី និងលោកស្រី លឿង អុឹង លោកស្រី អ៊ែនជើលីណា ចូលី បានមានប្រសាសន៍ថា “ជាការពិត វាពិបាកណាស់ក្នុងការរៀបរាប់ពីសាច់រឿងតាមរយៈក្រសែភ្នែករបស់កុមារម្នាក់។ គ្មានឈុតឆាកដែលបង្ហាញពីបុរសមួយក្រុមបកស្រាយពីសង្គ្រាមនេះទេ អ្នកត្រូវទទួលការបកស្រាយតាមរយៈទស្សនៈរបស់កុមារនេះ ដូច្នេះហើយកុមារនេះព្យាយាមរស់ទាំងត្រដរ។ មានឈុតឆាកដែលពិបាកយ៉ាងខ្លាំង ដោយសារតែអ្នកមិនអាចឱបគ្នាបាននៅចំពោះមុខខ្មែរក្រហម អ្នកមិនអាចយំបាននៅចំពោះមុខខ្មែរក្រហម អ្នកមិនអាចនិយាយថា ម៉ាក់ ឬប៉ាបាននៅចំពោះមុខខ្មែរក្រហម។ ដូច្នេះរឿងទាំងអស់នេះត្រូវបានកំហិតយ៉ាងខ្លាំង ប៉ុន្តែសង្ឃឹមថា នៅក្នុងខ្សែភាពយន្តនេះ ចំណុចនោះត្រូវបានបកស្រាយ ដើម្បីឱ្យអ្នកដឹងថា ពួកគេត្រូវទប់អារម្មណ៍ជាច្រើនមិនហ៊ានបញ្ចេញជាសាធារណៈ ដែលពិតជាពិបាកយ៉ាងខ្លាំង”។

ខ្សែភាពយន្តនេះបានផ្ដល់ផ្ទាំងទស្សនីយភាពដ៏កម្រ គឺកុមារី លឿង អុឹង ប្រលែងលេងជាមួយបងប្អូនបង្កើតរបស់នាង និងនិយាយជាមួយឪពុករបស់នាង អមដោយការពណ៌នាអំពីការស្លាប់ និងការបំផ្លិចបំផ្លាញដែលប្រជាពលរដ្ឋកម្ពុជាបានជួបប្រទះអំឡុងរបប ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
កុមាររស់រានពីរបបខ្មែរក្រហមម្នាក់ទៀត គឺលោក ឆាំង យុ ដែលបច្ចុប្បន្នជាប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាបានមានប្រសាសន៍ថា វាជាការពណ៌នាពីសម្រស់នៅក្នុងតថភាពដ៏ក្រៀមក្រំនៃជីវិតរស់នៅដែលបានវាយប្រហារលោកធ្ងន់ធ្ងរបំផុត។
លោកមានប្រសាសន៍ថា “វាបង្ហាញពីជ្រុងម្ខាងទៀតនៃប្រវត្តិសាស្ត្រ ពេលអ្នកមើលឃើញស្នាមញញឹម។ នៅពេលមើលឃើញស្នាមញញឹមរបស់កុមារីនេះ វាធ្វើឱ្យខ្ញុំក្ដុកក្ដួលក្នុងចិត្ត ធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក។ មើលឃើញបន្លែ មើលឃើញផ្លែឈើ មើលឃើញព្រៃឈើដ៏ស្រស់ស្អាត វាធ្វើឱ្យអ្នកក្ដុកក្ដួល ព្រោះវាបានកើតឡើងនៅក្នុងសម័យកាលសោកនាដកម្ម។ ខ្ញុំមិនដែលទស្សនាខ្សែភាពយន្តខ្មែរក្រហមដែលមានស្នាមញញឹមនៅក្នុងនោះទេ។ វាជាខ្សែភាពយន្តខ្មែរក្រហមដំបូងដែលមានសម្រស់នៅក្នុងនោះ”។
នៅខាងក្រោយកន្លែងចាក់បញ្ចាំងភាពយន្តនេះ អង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) បានដំឡើងតង់មួយសម្រាប់អ្នករស់រានពីរបបខ្មែរក្រហមទទួលការព្យាបាល ប្រសិនបើពួកគាត់មានអារម្មណ៍រំជួលចិត្តខ្លាំងពេក ដោយសារការវាយដំ ការផ្ទុះគ្រាប់មីន និងការកាប់សម្លាប់នៅក្នុងខ្មែរភាពយន្តនេះ។

អ្នកស្រី ពៅ ម៉ាលីន ជាគិលានុបដ្ឋាយិកាផ្នែកចិត្តសាស្ត្រនៅអង្គការ TPO បានមានប្រសាសន៍ថា ”ក្រឡេកមើលទៅពីក្រោយខ្នងអ្នករស់រានមានជីវិតទាំងនេះ យើងនឹងមើលឃើញពួកគាត់ភាគច្រើនយំ។ វាធ្វើឱ្យពួកគាត់នឹកឃើញដល់អតីតកាល។ អ្នករស់រានមានជីវិតខ្លះប្រហែលជាសម្រាន្តមិនលក់ទេនៅយប់នោះ ឬក៏យល់សប្ដិអាក្រក់”។
បន្ទាប់ពីការចាក់បញ្ចាំងខ្សែភាពយន្តនេះ គ្មានអ្នកស្វែងរកការព្យាបាលទេ។ ទោះជាយ៉ាងណាលោកស្រីមានប្រសាសន៍ថា លោកស្រីយល់ថាខ្សែភាពយន្តនេះ ”មានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់”។
លោក ក្រាក់ ធី អាយុ៦៧ឆ្នាំ ដែលអង្គុយមិនព្រមងើបបន្ទាប់ពីលោកស្រី អ៊ែនជើលីណា ចូលី បានចាកចេញពីកន្លែងចាក់បញ្ចាំងភាពយន្តកាត់ក្រុមអ្នកសារព័ត៌មាន ហើយចូលទៅក្នុងរថយន្តតួរីសដែលកំពុងរង់ចាំលោកស្រីអមដោយសំឡេងហ៊ោកញ្ជៀវ និយាយថា គាត់នៅតែនឹកឃើញដល់សមាជិកគ្រួសាររបស់គាត់ដែលបានបាត់បង់ជីវិតនៅក្នុងរបបនេះ។
គាត់និយាយទៀតថា “វាធ្វើឱ្យខ្ញុំនឹកឃើញដល់ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនស្លាប់នៅសម័យនោះ រួមទាំងសមាជិកគ្រួសារ៥នាក់របស់ខ្ញុំផង”។
ទោះជាយ៉ាងណា គាត់ជឿថា ខ្សែភាពយន្តនេះអាចជួយធានាបានថា កម្ពុជានឹងគ្មានភាពឃោរឃៅបែបនេះកើតឡើងទៀតឡើយ។ គាត់បានបន្តថា “អ្វីដែលខ្ញុំមិនអាចបំភ្លេចបានគឺគេមិនដែលឱ្យអាហារយើងហូបគ្រប់គ្រាន់ទេ។ សម្រាប់ខ្ញុំចង់ឱ្យមានភាពយន្តបន្ថែមទៀតបង្ហាញដល់ក្មេងជំនាន់ក្រោយដើម្បីកុំឱ្យវាកើតឡើងទៀត។ សូមកុំលាក់បាំងរឿងនេះ”។
លោក វ៉េត រាម ដែលជាមិត្តចាស់របស់គាត់ក៏យល់ស្របបែបនេះដែរ ហើយនិយាយថាការឈឺចាប់ចំពោះអតីតកាលគួរតែធូរស្រាល ប្រសិនបើមានការការពារក្មេងជំនាន់ក្រោយកុំឱ្យជួបប្រទះជោគវាសនាដូចនេះ។ គាត់និយាយទៀតថា ”វាធ្វើឱ្យខ្ញុំនឹកឃើញការឈឺចាប់ ប៉ុន្តែវាជាការំឭកដាស់តឿនដ៏ល្អថា នៅពេលអនាគតគ្មានអ្នកណាអាចបំភ្លេចបានឡើយនូវការឈឺចាប់យ៉ាងខ្លាំងរបស់យើង”៕ សុខុម