ប៉ុន្មានថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានគំរាមចាប់លោក គឹម សុខ អ្នកអត្ថាធិប្បាយនយោបាយដាក់ពន្ធនាគារពីបទចោទប្រកាន់គណបក្សកាន់អំណាចថា បានសម្លាប់លោក កែម ឡី អ្នករិះគន់រដ្ឋាភិបាលនោះ លោកត្រូវបានចាប់ដាក់ពន្ធនាគារកាល ពីថ្ងៃសុក្រពីបទញុះញង់ និងបរិហារកេរ្តិ៍។
លោក គឹម សុខ បានស្រែកទៅកាន់អ្នកគាំទ្រជាង៣០០នាក់ ពេលលោកទៅដល់សាលាដំបូងរាជធានីភ្នំពេញដើម្បីប្រឈមការសាកសួរពាក់ព័ន្ធការលើកឡើងដែលធ្វើឲ្យលោក ហ៊ុន សែន ផ្ទុះកំហឹងនោះថា “ខ្ញុំមិនខ្លាចផង ដូច្នេះបងប្អូនទាំងអស់ក៏មិនគួរខ្លាចដែរ! ” ។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១២ ខែកុម្ភៈ អតីតសាស្ត្រាចារ្យសាកលវិទ្យាល័យរូបនេះបានអះអាងថា គណបក្សកាន់អំណាចបានគ្របលើគណបក្សសង្គ្រោះជាតិដោយមិនត្រឹមត្រូវ ហើយបានលើកឡើងតាមក្រោយថា “គេ” បានសម្លាប់លោក កែម ឡី អ្នករិះគន់រដ្ឋាភិបាលដែលត្រូវឃាតករបាញ់សម្លាប់កាលពីខែកក្កដា។
លោក ហ៊ុន សែន បានដាក់ពាក្យប្តឹងទាមទារសំណងជំងឺចិត្ត៥០០.០០០ដុល្លារនៅថ្ងៃបន្ទាប់ដោយចោទប្រកាន់លោក គឹម សុខ ពីបទញុះញង់ ហើយបញ្ជាឲ្យចាប់អ្នកវិភាគរូបនេះដាក់គុក។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “កុំរត់ហ្អាស ជាប់គុកត្រឹមតែ២ឆ្នាំតើ”។
ដោយចាកចេញពីវត្តចាស់ពេលព្រឹកព្រលឹមថ្ងៃសុក្រ លោក គឹម សុខ បានដើរក្នុងចម្ងាយជាង៥គីឡូម៉ែត្រទៅកាន់តុលាការជាមួយអ្នកគាំទ្រ ក្នុងនោះរួមមានដូចជា ព្រះតេជ គុណ ប៊ុត ប៊ុនតិញ ព្រះសង្ឃប្រកាន់និន្នាការប្រឆាំងជាដើម ដោយឈប់មួយសន្ទុះនៅ ខាងក្រៅស្ថានទូតសហរដ្ឋអាមេរិក កន្លែងដែលលោកត្រូវបានឱបរឹតដោយអ្នកដែលជូនពរឲ្យលោកជួបសំណាងល្អ។
បន្ទាប់ពីសាកសួរជាង៥ម៉ោងដោយព្រះរាជអាជ្ញារង និងចៅក្រមសើុបសួរ អ្នកអត្ថាធិប្បាយរូបនេះត្រូវបានចោទប្រកាន់ និងបញ្ជូនចូលក្នុងរថយន្តនគរបាលភ្លាមៗ ហើយដឹកទៅកាន់ពន្ធនាគារព្រៃស។
លោក លី សុផាណា អ្នកនាំពាក្យតុលាការបានមានប្រសាសន៍ថា”ចៅក្រមបានសម្រេចឃុំខ្លួនជនជាប់ចោទ គឹម សុខ បណ្តោះអាសន្នពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់បង្កចលាចល”។
ការចោទប្រកាន់ទី២ មានស្ថានទម្ងន់ទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។ អ្នកគាំទ្រលោក គឹម សុខ បានផ្ទុះកំហឹងដោយសារគេចាប់លោកដាក់កាន់ពន្ធនាគារភ្លាមៗ។
ព្រះេតជគុណ លួន សុវ៉ាត សកម្មជនជាព្រះសង្ឃបានមានសង្ឃដីកាថា ព្រះអង្គជឿថា ទំនាក់ទំនងរវាងការលើកឡើងរបស់លោក ហ៊ុន សែន កាលពីថ្ងៃច័ន្ទ និងការសម្រេច កោះហៅលោក គឹម សុខ តាមក្រោយនៅថ្ងៃដដែលនោះ ពាក់ព័ន្ធការចោទប្រកាន់ដដែល បង្ហាញឲ្យឃើញយ៉ាងច្បាស់ថា សំណុំរឿងនេះមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។
ព្រះអង្គមានសង្ឃដីកាថា “ដោយសារលោកនាយករដ្ឋមន្ត្រីមានប្រសាសន៍នៅពេលព្រឹកបញ្ជាក់ថា លោកនឹងប្តឹងលោក គឹម សុខ ពីបទបរិហារកេរ្តិ៍ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋកម្មនោះ ទើបតុលាការចាត់វិធានការកាន់តែលឿននៅក្នុងការចេញដីកាដោះហៅនៅពេលល្ងាច”។ ព្រះអង្គបានមានសង្ឃដីកាបន្ថែមថា “មិនថា លោកនាយករដ្ឋមន្ត្រីនិយាយអ្វីទេ តុលាការធ្វើតាមជានិច្ច”។
លោក គឹម សុខ ក៏កំពុងប្រឈមនឹងបណ្តឹង ទី២ ដែលក៏ដាក់ប្តឹងដោយលោក ហ៊ុន សែន ទាមទារសំណងជំងឺចិត្ត១០លានរៀល ឬប្រហែល២.៥០០ដុល្លារផងដែរ ចំពោះការលើកឡើងដែលព្យាយាមពន្យល់ពីការចោទប្រកាន់ដំបូងដែលលោកលើកឡើងថា “ប្រព័ន្ធ” គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាបានរៀបចំឲ្យមានការធ្វើឃាតលោក កែម ឡី ។
ក្នុងចំណោមក្រុមអ្នកវិភាគ គេមិនទាន់ដឹងចម្លើយនៅឡើយទេកាលពីថ្ងៃសុក្រ ពាក់ព័ន្ធការសម្រេចរបស់រដ្ឋាភិបាលក្នុងការបន្តចាត់វិធានការប្រឆាំងលោក គឹម សុខ ដែលមជ្ឈដ្ឋានទូទៅនិយាយថា លោកលើកឡើងតែពីអ្វីដែលមនុស្សជាច្រើនជឿថា ជាការពិត។
ទោះបីជាមានការសង្ស័យកាន់តែខ្លាំងឡើងថា រដ្ឋាភិបាលនៅពីក្រោយការធ្វើឃាត លោក កែម ឡី ក៏ដោយ តែគ្មានភ័ស្តុតាងជាក់លាក់ត្រូវបានបង្ហាញជាសាធារណៈឡើយ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបាននិយាយថា សម្រាប់លោក លោកក៏ចាត់វិធានការផ្លូវច្បាប់ដែរបើលោក គឹម សុខ បានធ្វើការចោទប្រកាន់ដូចគ្នានេះមកលើរូបលោក ដោយគ្មានភ័ស្តុតាងបញ្ជាក់។
លោកបានមានប្រសាសន៍ថា “បើខ្ញុំនៅស្ងៀម វាមានន័យថា ខ្ញុំយល់ស្រប…តាមអ្វីដែលបានលើកឡើង”។ លោកបានបន្ថែមថា ក្រុមអ្នកវិភាគ “គួរនិយាយការពិត”។
អ្នកវិភាគ ឆាំ ប៊ុនថេត ជាទីប្រឹក្សាគណបក្ស ប្រជាធិបតេយ្យមូលដ្ឋានបានលើកឡើងថា សម្តីរបស់លោក គឹម សុខ មានភាពគឃ្លើន។
លោកបានមានប្រសាសន៍ថា “អ្វីដែលលោក គឹម សុខ បានធ្វើ សម្រាប់ខ្ញុំ ខ្ញុំគិតថា វាគឃ្លើនជ្រុលបន្តិចហើយ ប្រើពាក្យមិនសមរម្យជ្រុលពេកហើយចំពោះរដ្ឋាភិបាល។ វាជារឿងល្អក្នុងការបង្ហាញភាពក្លាហាន ប៉ុន្តែភាពក្លាហានចាំបាច់ត្រូវតែចេះប្រមាណ”។
លោកបានលើកឡើងទៀតថា លោកក៏គិតថាប្រតិកម្មរបស់គណបក្សប្រជាជនកម្ពុជាវាធ្ងន់ធ្ងរពេកដែរ។
លោកបានថ្លែងថា “រដ្ឋាភិបាលប្រៀបដូចជាឪពុកអ៊ីចឹង គួរអប់រំកូន គួរទុកពេលឲ្យពន្យល់ ឲ្យកែប្រែពាក្យសម្តី និងអត្តចរិត”។
លោកបានថ្លែងបន្ថែមថា “ខ្ញុំគិតថា លោកនាយករដ្ឋមន្ត្រីគួរស្នើឲ្យលោក គឹម សុខ បញ្ជាក់ មិនត្រូវបញ្ចេញប្រតិកម្មយ៉ាងលឿនបែបនេះទេ។ ខ្ញុំគិតថា វាធ្វើឲ្យមានការស្អប់និងមានកំហឹងទៅវិញទេ មិនមែនជាដំណោះស្រាយឡើយ ហើយខ្ញុំគិតថាវាមិនល្អទេសម្រាប់ទាំងរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ ប្រហែលជាភាពតានតឹងនឹងកើនកម្តៅឡើង”។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាព្រះសង្ឃដែលបាននិមន្តចូលរួមជាមួយលោក គឹម សុខអំឡុងពេលធ្វើដំណើរទៅតុលាការបានលើកឡើងថា ការលើកឡើងដែលថា លោក គឹម សុខ គ្មានភ័ស្តុតាងគាំទ្រការចោទប្រកាន់របស់លោក មិនបានគិតដល់ចំណុចមួយក្នុងចំណោមចំណុចសំខាន់របស់លោកទេ នោះគឺការដែលថា រដ្ឋាភិបាលកំពុងតែខិតខំយ៉ាងខ្លាំងកុំឲ្យមានការបញ្ចេញតម្រុយដែលអាចលាតត្រដាងថា តើនរណាជាអ្នកនៅពីក្រោយការធ្វើឃាតនេះ។
ព្រះេតជគុណបានមានសង្ឃដីកាថា ចំណុច ដែលសំខាន់បំផុតនោះគឺរូបភាពវីដេអូកាមេរ៉ាសុវត្ថិភាពដែលថតបានសកម្មភាពនៅស្ថានីយប្រេងឥន្ធនៈ កន្លែងដែលលោកកែម ឡី ត្រូវបានឃាតករបាញ់សម្លាប់។ “ដើម្បីបញ្ជាក់ថា អ្វីដែលលោក គឹម សុខ បាននិយាយ គឺមិនពិតនោះ សូមបញ្ចេញភ័ស្តុតាងមក”។ ព្រះតេជគុណបានបន្ថែមថា រដ្ឋាភិបាលបានចាត់វិធានការលឿនបែបនេះដើម្បីបំបិទមាត់អ្នករិះគន់ផ្សេងទៀត។
ព្រះអង្គបានមានសង្ឃដីកាបន្ថែមទៀតថា “វាមិនផ្អែកលើអ្វីដែលគាត់បាននិយាយទេ ប៉ុន្តែ វាមានជាប់ពាក់ព័ន្ធរឿងនយោបាយ។ប្រសិនបើពួកគេបណ្តោយឲ្យលោក គឹម សុខ បន្តធ្វើអត្ថាធិប្បាយ គាត់នឹងនិយាយអំពីបញ្ហាផ្សេងៗពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជា។នេះហើយជាមូលហេតុដែលពួកគេនាំខ្លួនគាត់ទៅបាត់”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានបដិសេធថា សំណុំរឿងនេះមិនមែនជារឿងនយោបាយទេ ដោយលោកលើកឡើងថា ការលើកឡើងរបស់លោក គឹម សុខ ស្មើនឹងការញុះញង់។
លោកបានមានប្រសាសន៍ថា “វាមិនមែនជាការវិភាគទេ”។ លោកបានបន្តថា “វាជាការយាយី ចោទប្រកាន់ និងបង្ហិនបង្ហោច។ប៉ុន្តែ ទុកឲ្យចៅក្រមធ្វើការងាររបស់ខ្លួនចុះ”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ សេក ឧត្តម និង Colin Meyn)