35 C
Phnom Penh

ប​​​ក្ស​​​ប្រឆាំង​​​នឹង​​​ធ្វើពហិការ​ការ​​​បោះ​​​ឆ្នោត​​​ផ្តល់អំណាចថ្មី​​​ដើម្បី​​​រម្លាយ​​​បក្សប្រជែង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានសម្រេចថា នឹងធ្វើពហិការមិនចូលរួមការបោះឆ្នោតរបស់សភានៅថ្ងៃនេះលើការធ្វើវិសោធនកម្មច្បាប់ដែលផ្តល់អំណាចថ្មីដ៏ទូលំទូលាយដល់រដ្ឋាភិបាល និងតុលាការដើម្បីព្យួរ និងរម្លាយគណបក្សជាគូប្រជែងរបស់គណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងអំណាចដ៏យូរអង្វែង។

គណបក្សប្រជាជនកម្ពុជាបានដំណើរការយ៉ាងលឿនដើម្បីធ្វើឲ្យសំណើវិសោធនកម្មច្បាប់ស្តីពីបក្សនយោបាយនេះឈានដល់ការបោះឆ្នោតចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើកាលពីដើមខែនេះ។ នៅពេលនោះលោក ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើវិសោធនកម្មនេះមានបំណងតម្រង់គោលដៅទៅរកគណបក្សសង្គ្រោះជាតិដែលស្ទើរតែផ្តួលគណបក្សប្រជាជនកម្ពុជាបានទៅហើយនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពី៤ឆ្នាំមុននិងដែលនៅតែជាគូប្រកួតពិតប្រាកដតែមួយគត់របស់ខ្លួននៅឆ្នាំ២០១៨។

cam-photo-assembly-800x533គណបក្សសង្គ្រោះជាតិបានប្រកាសពីសេចក្តីសម្រេចរបស់ខ្លួននៅក្នុងសេចក្តីថ្លែងការណ៍មួយថានឹងមិនចូលរួមក្នុងការបោះឆ្នោតឡើយដោយមូលហេតុមួយចំនួនបន្ទាប់ពីកិច្ចប្រជុំនៃក្រុមតំណាងរាស្ត្រគណបក្សនៅក្នុងរាជធានីភ្នំពេញ។ខ្លឹមសារនៅក្នុងសេចក្តីស្នើច្បាប់នេះមានលក្ខណៈផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និង “បង្កឱ្យមានការបែកបាក់ឯកភាពជាតិយ៉ាងធ្ងន់ធ្ងរ”។សេចក្តីថ្លែងការណ៍នេះបន្តថា សំណើវិសោធនកម្មនេះធ្វើឡើងផ្ទុយពីឆន្ទៈប្រជាពលរដ្ឋខ្មែរ ហើយអាចយកមកប្រើ ដើម្បីគាបសង្កត់ និងបំផ្លាញគណបក្សប្រជែង។

នៅពេលត្រូវបានទាក់ទងក្រោយមក លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថាគណបក្សប្រឆាំងដែលខ្វះអាសនៈសភាដើម្បីរារាំងការអនុម័តច្បាប់ មិនចង់ផ្តល់ភាពស្របច្បាប់ដល់ការបោះឆ្នោតដោយសារវត្តមានរបស់គណបក្សឡើយ។

លោកបានថ្លែងថា “បើយើងទៅអង្គុយហើយអត់លើកដៃ។ វាមានប្រយោជន៍អី”។    “យើងអត់ចង់ឃើញរូបភាពក្នុងការធ្វើច្បាប់អាក្រក់ហ្នឹងទេ”។

នៅពេលអនុម័តរួច តុលាការកំពូលនឹងត្រូវអនុញ្ញាត ឱ្យរម្លាយគណបក្សណា ដែលមេដឹកនាំកំពូលណាម្នាក់ជាប់ទោស ហើយហាមឃាត់ថ្នាក់ដឹកនាំគណបក្សទាំងមូលរបស់គណបក្សនោះមិនឱ្យធ្វើសកម្មភាពនយោបាយរហូតដល់ទៅ៥ឆ្នាំ។រឿងដាច់ដោយឡែកមួយទៀតក្រសួងមហាផ្ទៃនឹងមានឆន្ទានុសិទ្ធិព្យួរគណបក្សណាមួយតាមតែអំពើចិត្តទាក់ទិនការប្រព្រឹត្តបទល្មើសនានាដែលមិនមានចែងច្បាស់លាស់ដែលក្នុងនោះរួមមាន “ធ្វើការញុះញង់ដែលនាំឱ្យមានការបែកបាក់ជាតិ” ជាឃ្លាដែលរដ្ឋាភិបាលតែងតែប្រើដើម្បីចាប់អ្នករិះគន់ខ្លួនដាក់ពន្ធនាគារ។ការរិះគន់ទាំងក្នុងស្រុក និងអន្តរជាតិចំពោះសំណើវិសោធនកម្មនេះមានការកើនឡើង។

កាលពីថ្ងៃសុក្រ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ជាសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលធ្វើការដើម្បីើលើកកម្ពស់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេស និងសមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្ស (APHR) ជាការប្រជុំក្រុមសមាជិកសភាមកពីប្លុកក្នុងតំបន់បានចេញសេចក្តីថ្លែងការណ៍ជំរុញឲ្យគណបក្សប្រជាជនកម្ពុជាកុំអនុម័តសំណើវិសោធនកម្មច្បាប់នេះ ។ លោក Charles Santiago ប្រធានAPHRសមាជិកសភាម៉ាឡេស៊ី បានហៅសំណើវិសោធនកម្មនេះថា “ការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”។

កាលពីថ្ងៃពុធ លោក អេឡេន លូវិនថលសមាជិកសភាអាមេរិកបានជំរុញឲ្យរដ្ឋសភាកុំអនុម័តច្បាប់មិនស្របតាមលទ្ធិប្រជាធិបតេយ្យនេះ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា ការមានមតិរបស់គាត់ពីខាងក្រៅ ឬខាងក្នុង (ប្រទេស) នេះ វាជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែ វាគ្មានប្រសិទ្ធភាពធ្វើការគាបសង្កត់ ឬរាំងស្ទះដល់ដំណើរការ ការងារ ភារកិច្ចរបស់សភាទេ។

លោកបានថ្លែងថា “រដ្ឋសភាធ្វើតាមតួនាទី ភារកិច្ចរបស់ខ្លួនស្របទៅតាមខ្លឹមសាររដ្ឋធម្មនុញ្ញ និងនីតិវិធីចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា៕សារុន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស