34 C
Phnom Penh

មានការ​​​ប​​​ន្ថែម​​​កង​​​កម្លាំង​​​នៅ​​​ព្រំដែនឡាវដោយសារ​​​​​​វិវាទ​​​ទាក់ទិន​​​ការ​​​ស្ថាបនា​​​ផ្លូវ​​​ព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីកម្ពុជាបាននិយាយកាលពីម្សិលមិញថា ទាហានឡាវជាង៤០០នាក់បានឆ្លងចូលទឹកដីកម្ពុជាមករារាំងកងវិស្វកម្មមិនឱ្យស្ថាបនាផ្លូវមួយខ្សែ ដោយបង្កឱ្យមានការបន្ថែមកងទ័ពនៅតាមតំបន់ព្រំដែនកាលពី២សប្ដាហ៍កន្លងមក។

សេចក្ដីថ្លែងការណ៍មួយដែលចុះផ្សាយក្នុងគេហទំព័រនគរបាលជាតិមានខ្លឹមសារថា វរការពារព្រំដែនលេខ១០១ខាងភាគីកម្ពុជា បានរាយការណ៍ថា ការលុកលុយរបស់ទាហានឡាវចូលក្នុងខេត្តស្ទឹងត្រែងនេះបានបង្កឱ្យមានការផ្អាកការស្ថាបនាផ្លូវមួយខ្សែតាមតំបន់ព្រំដែនពីថ្ងៃទី៨ ខែកុម្ភៈមក។

សេចក្ដីថ្លែងការណ៍ដដែលនេះបន្តថា “បន្ទាប់ពីទាហានឡាវបានបញ្ជូនកម្លាំងបន្ថែម ខាងភាគីកម្ពុជាក៏បានត្រៀមកម្លាំងទៅការពារព្រំដែនផងដែរ  រួមមានវរការពារព្រំដែនលេខ១០១ កម្លាំងនគរបាលវរការពារលេខ៧០១ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកម្លាំងយោធភូមិភាគ១នៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំងវិស្វកម្ម”។

WP-LastImage-52-800x533សេចក្ដីថ្លែងការណ៍នេះបន្ថែមថា ទាហានកម្ពុជាបានចុះធ្វើការណែនាំដល់ទាហានឡាវមិនឱ្យនាំនូវអាវុធចូលមកក្នុងដែនដីកម្ពុជា “ប៉ុន្តែទាហានឡាវមិនឯកភាពតាមសំណូមពររបស់ភាគីកម្ពុជាទេ ហើយគេឆ្លើយថាធ្វើទៅតាមបទបញ្ជារបស់ថ្នាក់លើ”។

សេចក្ដីថ្លែងការណ៍នេះលើកឡើងថា កិច្ចប្រជុំថ្នាក់លើគ្រោងធ្វើពីថ្ងៃនេះដល់ថ្ងៃទី២៧ ខែកុម្ភៈ តែមិនបានផ្ដល់ព័ត៌មានលម្អិតថាមន្ត្រីណាខ្លះនឹងចូលរួមនៅក្នុងការចរចានោះឡើយ។

សេចក្តីថ្លែងការណ៍បន្តទៀតថា មានការស្ថាបនាផ្លូវយុទ្ធសាស្ត្រក្រវាត់ព្រំដែនប្រវែង២៥៧គីឡូម៉ែត្រ ពីក្រុងស្ទឹងត្រែងទៅស្រុកសៀមបា៉ងតាមបណ្ដោយព្រំដែន។ ការស្ថាបនានេះបានចាប់ផ្ដើមក្នុងឆ្នាំ២០១៥ ហើយស្ថាបនាបានចម្ងាយប្រហែល១៥០គីឡូម៉ែត្រហើយ។

លោក សេង អុិត មេបញ្ជាការកងវិស្វកម្មទទួលបន្ទុកស្ថាបនាផ្លូវបានមានប្រសាសន៍ថា “យើងនៅតែស្ថាបនាផ្លូវនេះដដែល ហើយថ្នាក់លើនឹងដោះស្រាយបញ្ហានេះ”។

លោក មី ប៊ុនប៉ន មេបញ្ជាការកងវរការពារព្រំដែនលេខ១០១ក្នុងស្រុកសៀមប៉ាង បានបញ្ជូនពីពេលវេលាចូលលុកលុយរបស់ទាហានឡាវនេះ ប៉ុន្តែលោកមិនបាននិយាយលម្អិតបន្ថែមទេ។

លោក ស៊ុន បាន មេបញ្ជាការវរការពារព្រំដែនលេខ៧០១ លោក មុំ សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោកស្រី គង់ ស៊ីផា អភិបាលរងបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

លោក ខ្វាន់ សៀម មេបញ្ជាការកងវិស្វកម្មនៃក្រសួងការពារជាតិ និងលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងនេះមិនអាចទាក់ទងបានទេ។

ភាពតានតឹងនៅតាមព្រំដែនឡាវបានផ្ទុះឡើងយូរៗម្ដងរួមមាននៅក្នុងខែមេសាឆ្នាំមុន នៅពេលកងកម្លាំងកម្ពុជាបានរារាំងរថយន្តយោធាឡាវដែលធ្វើការសាងសង់បន្ទាយនោះមិនឱ្យប្រើប្រាស់ផ្លូវដែលកាត់តាមទឹកដីកម្ពុជា៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស