34 C
Phnom Penh

លទ្ធិប្រជាធិបតេយ្យ​​​​រង​​​ “​​​ការ​​​វាយ​សំពង​​​​ផ្ដាច់​ព្រ័ត្រ​” ​ពេល​​​​​​​​​បក្ស​កាន់​អំណាចអនុម័ត​​​​​​​វិសោធ​ន​​​​​​កម្ម​​​​​​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតផ្ដល់អំណាចថ្មីលើសលប់ដល់រដ្ឋាភិបាល និងតុលាការដើម្បីគ្របលើគណបក្សនយោបាយ ជាអ្វីដែលមជ្ឈដ្ឋានខ្លះចាត់ទុកថាជាការគំរាមកំហែងធំបំផុតមួយចំពោះលទ្ធិប្រជាធិបតេយ្យដែលកម្ពុជា បានប្រឈមមួយជំនាន់មនុស្ស។

ទោះបីជាគណបក្សប្រឆាំងសម្រេចធ្វើពហិការការបោះឆ្នោតនេះក្ដី ក៏ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានអនុម័តយ៉ាងរលូននូវសំណើធ្វើវិសោធនកម្មលើច្បាប់មួយដែលមានអាយុកាល២០ឆ្នាំ ដើម្បីផ្ដល់អំណាចឲ្យរដ្ឋាភិបាលមានសិទ្ធិព្យួរ ឬរម្លាយគណបក្សប្រជែងរបស់ខ្លួនដែលជាប់ពាក់ព័ន្ធបទល្មើសចែងមិនច្បាស់លាស់ ដោយរង់ចាំតែកែកំហុសអក្ខរាវិរុទ្ធបន្តិចបន្តួចប៉ុណ្ណោះ។

ក្រុមអ្នកសារព័ត៌មានផ្តិតរូបភាពចេញពីផ្ទាំងកញ្ចក់ទូរទស្សន៍នៅរដ្ឋសភាក្នុងរាជធានីភ្នំពេញខណៈតំណាងរាស្ត្របោះឆ្នោតអនុម័តលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ កាលពីម្សិលមិញ ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ក្រុមអ្នកសារព័ត៌មានផ្តិតរូបភាពចេញពីផ្ទាំងកញ្ចក់ទូរទស្សន៍នៅរដ្ឋសភាក្នុងរាជធានីភ្នំពេញ ខណៈតំណាងរាស្ត្របោះឆ្នោតអនុម័តលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ កាលពីម្សិលមិញ ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដឹកនាំប្រទេសអស់រយៈពេលជាង៣ទសវត្សរ៍ បានបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើវិសោធនកម្មទាំងនេះមានបំណងតម្រង់គោលដៅទៅរកគណបក្សសង្គ្រោះជាតិ ដែលស្ទើរតែផ្ដួលគណបក្សរបស់លោកបានទៅហើយនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពី៤ឆ្នាំមុន និងដែលនៅតែបន្តបង្កការគំរាមកំហែងធំបំផុតដល់ការកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជា ចាប់តាំងពីគណបក្សកាន់អំណាចបានឈ្នះការបោះឆ្នោតតាមបែបប្រជាធិបតេយ្យលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ១៩៩៨មក។

លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍នៅក្នុងសភាបន្ទាប់ពីការបោះឆ្នោតនេះថា “ក្រោយពីច្បាប់នេះចូលធរមាន ក្រសួងមហាផ្ទៃមានលទ្ធភាពគ្រប់បែបយ៉ាងដើម្បីយកច្បាប់នេះទៅអនុវត្ត បោសសម្អាតគណបក្សនយោបាយដែលមិនបានបំពេញភារកិច្ច តួនាទី និងការងារទាំងឡាយឱ្យសមជាគណបក្សនយោបាយ”។

គណបក្សប្រជាជនកម្ពុជាអះអាងថា កម្ពុជាត្រូវការវិសោធនកម្មទាំងនេះដើម្បីទប់ស្កាត់កុំឲ្យប្រទេសបែកបាក់ដោយសារស្នាដៃគណបក្សដែលគ្មានការទទួលខុសត្រូវ។ គណបក្សសង្គ្រោះជាតិនិយាយថា ការធ្វើវិសោធនកម្មនេះគឺជាការគំរាមកំហែងយ៉ាងពិតប្រាកដ ដោយផ្ដល់អំណាចថ្មីមិនស្របតាមរដ្ឋធម្មនុញ្ញឲ្យគណបក្សកាន់អំណាចដែលកម្ចាត់គូប្រជែងរបស់ខ្លួនតាមអំពើចិត្ត ហើយប្លន់អ្នកបោះឆ្នោតពីតំណាងឱ្យសំឡេងរបស់ពួកគេ។

ដោយខ្វះអាសនៈសភាដើម្បីរារាំងវិសោធនកម្មទាំងនេះ គណបក្សប្រឆាំងបានធ្វើពហិការការបោះឆ្នោតនេះដើម្បីចៀសវាងការផ្តល់ភាពស្របច្បាប់ដល់វា។

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍តាមក្រោយថា “ច្បាប់នេះមិនត្រឹមតែនិយាយអំពីយើងទេ។ វាផ្ទុយពីរដ្ឋធម្មនុញ្ញ វារំលោភសិទ្ធិមនុស្ស។ លទ្ធិប្រជាធិបតេយ្យទាំងមូលកំពុងរងការវាយប្រហារ”។

លោក ហ្វីល រ៉ូបឺតសុន អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ប្រចាំតំបន់អាស៊ីបានមានប្រសាសន៍ថា វិសោធនកម្មនេះបានបំផ្លាញក្ដីសង្ឃឹមថានឹងទទួលបានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលបានទាញប្រទេសកម្ពុជា ឱ្យងើបផុតពីសង្គ្រាមរាប់ទសវត្សរ៍។

លោកលើកឡើងទៀតថា “វាមិនមែនជាការបំផ្លើសទេដែលនិយាយថា វិសោធនកម្មទាំងនេះប្រៀបបាននឹងកំាភ្លើងភ្ជង់តម្រង់ទៅរកបេះដូងរបស់គណបក្សសង្គ្រោះជាតិ ដោយបន្សល់ទុកតែសំណួរថា តើពេលណា ហើយឈរលើហេតុផលអ្វីដែលការអនុវត្តនយោបាយបែបនេះនឹងកើតឡើង”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈតំណាងរាស្ត្របោះឆ្នោតអនុម័តលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ នៅរដ្ឋសភាក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯរដ្ឋសភាក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកបានបន្តថា វាជាការប្រឹងប្រែងរបស់លោក ហ៊ុន សែន ដើម្បីប្រមូលផ្ដុំអំណាច ដោយទាញប្រទេសនេះឱ្យក្លាយជាប្រទេសមានគណបក្សតែមួយដូចប្រទេសវៀតណាម។ “មេរៀនដែលគណបក្សប្រជាជនកម្ពុជា ទទួលបានពីបរាជ័យរបស់ខ្លួននៅក្នុងការបោះឆ្នោតឆ្នាំ២០១៣គឺថា ប្រសិនបើប្រជាជនមិនចូលចិត្តលោក ហ៊ុន សែន គឺមិនផ្តល់ជម្រើសពិតប្រាកដដល់ពួកគេឡើយ។ កម្ពុជានឹងក្លាយជាប្រជាធិបតេយ្យក្លែងក្លាយដែលកំពុងបោះជំហានឆ្ពោះទៅមុខ ប្រហែលជាគ្រាន់បើជាងវៀតណាមបន្តិច ប៉ុន្តែមិនច្រើនទេដោយសារច្បាប់ត្រូវបានអនុវត្តដោយតុលាការដែលស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់គណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន សែន បានធ្វើឱ្យមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ចុះខ្សោយជាច្រើនឆ្នាំមកហើយ ហើយថ្ងៃនេះគាត់បានវាយសំពងផ្ដាច់ព្រ័ត្រ”។

លោក ហ្វីល រ៉ូបឺតសុន បានរិះគន់រដ្ឋាភិបាលប្រជាធិបតេយ្យ និងម្ចាស់ជំនួយនានាដែលជួយផ្ដល់ហិរញ្ញវត្ថុដល់ប្រទេសនេះចំពោះការនៅស្ងាត់ស្ងៀមចាប់តាំងពីនាយករដ្ឋមន្ត្រីបានស្នើវិសោធនកម្មទាំងនេះកាលពីជាង៣សប្ដាហ៍មុន។

ស្ថានទូតសហរដ្ឋអាមេរិកទើបតែធ្វើការលើកឡើងជាដំបូងកាលពីម្សិលមិញស្តីពីវិសោធនកម្មនេះ បន្ទាប់ពីវាត្រូវបានបោះឆ្នោតអនុម័ត។ ការលើកឡើងនេះមានខ្លឹមសារថា សហរដ្ឋអាមេរិកព្រួយបារម្ភអំពីអំណាចដែលវិសោធនកម្មនេះផ្តល់ឲ្យរដ្ឋាភិបាល “នៅក្នុងការដាក់កំហិតដល់សេរីភាពបញ្ចេញមតិ និងសកម្មភាពស្របច្បាប់នានារបស់គណបក្សនយោបាយ និងរម្លាយគណបក្សនយោបាយចោល ក្រោមលក្ខខណ្ឌកំណត់មិនច្បាស់លាស់ “។

ការលើកឡើងនេះបានអំពាវនាវឲ្យរដ្ឋាភិបាលធានាថា គ្រប់គណបក្សទាំងអស់មានឱកាសប្រកួតប្រជែងស្មើភាពគ្នានៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា និងការបោះឆ្នោតជាតិដ៏សំខាន់នៅឆ្នាំក្រោយ។

ការលើកឡើងនេះមានខ្លឹមសារបន្ថែមថា “សកម្មភាពណាមួយរបស់រដ្ឋាភិបាលដែលបានហាមឃាត់ ឬរឹតបន្តឹងគណបក្សនយោបាយនៅក្រោមវិសោធនកម្មច្បាប់ថ្មីនេះ គឺជាការដើរថយក្រោយមួយយ៉ាងខ្លាំងចំពោះដំណើរវិវឌ្ឍនៃស្ថានភាពនយោបាយនៅកម្ពុជា ហើយនឹងនាំឲ្យមានសំណួរចោទឡើង ពីភាពស្របច្បាប់ក្នុងការបោះឆ្នោត នាពេលខាងមុខ”។

កាលពីសប្តាហ៍មុន លោក ឆាលស៍ ស៊ែនទីអេហ្គោ (Charles Santiago) ប្រធានសមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្ស (APHR) និងជាតំណាងរាស្ត្រគណបក្សប្រឆាំងនៅម៉ាឡេស៊ីបានចាត់ទុកវិសោធនកម្មនេះថា ជា “ការបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា”។

រដ្ឋាភិបាលបានច្រានចោលរាល់ការរិះគន់ទាំងអស់មកលើវិសោធនកម្មនេះ។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍កាលពីម្សិលមិញថា “គឺរម្លាយតែក្នុងករណីបទល្មើស បើមិនល្មើសមានអីត្រូវរម្លាយ”។ លោកបានបន្ថែមថា “បើយើងទុកឲ្យធ្វើអ៊ីចឹងតាមចិត្ត អ៊ីចឹងតើប្រជាធិបតេយ្យ ឬអនាធិបតេយ្យ?”។វិសោធកម្មនេះត្រូវបានបញ្ជូនទៅព្រឹទ្ធសភាកាលពីរសៀលម្សិលមិញ ហើយនឹងបញ្ជូនបន្តទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញបន្ទាប់ពីពិនិត្យ និងបោះឆ្នោតរួច។

ដោយសន្មតថា វាត្រូវបានឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រដែលមិនដែលជំទាស់ទាល់តែសោះចំពោះច្បាប់ដែលគាំទ្រដោយគណបក្សប្រជាជនកម្ពុជានោះវិសោធនកម្មនេះនឹងផ្តល់អំណាចដល់តុលាការកំពូលក្នុងការរម្លាយគណបក្សណា មួួយទាក់ទិនការប្រព្រឹត្តបទល្មើសនានាដែលមិនមានចែងច្បាស់លាស់ ក្នុងនោះរួមមានដូចជា “ការញុះញង់ដែលអាចនាំឲ្យមានការបែកបាក់ជាតិ” និង “ការធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ” ជាដើម។ ក្រសួងមហាផ្ទៃក៏នឹងអាចផ្អាកសកម្មភាពគណបក្សនយោបាយណាមួួយសម្រាប់ហេតុផលដូចគ្នានេះដែរ។

ច្បាប់ដែលបានធ្វើវិសោធនកម្មនេះ ារាំងបុគ្គលជាប់ទោស និងមានទោសជាប់ពន្ធនាគារដែលមិនត្រូវបានព្យួរ មិនឲ្យកាន់តំណែងជាថ្នាក់ដឹកនាំបក្សឡើយ ហើយអនុញ្ញាតឲ្យតុលាការកំពូលរារាំងថ្នាក់ដឹកនាំនៃគណបក្សនយោបាយដែលត្រូវបានរម្លាយមិនឲ្យពាក់ព័ន្ធនៅក្នុងសកម្មភាពនយោបាយណាមួយរយៈពេលរហូតដល់៥ឆ្នាំ។

លោក សម រង្ស៊ី ដែលជាអ្នកដឹកនាំចលនាប្រជាធិបតេយ្យជាយូរមកហើយនោះ ទើបតែលាលែងពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិរយៈពេលជាងមួយសប្តាហ៍ប៉ុណ្ណោះដោយសង្ឃឹមថា នឹងអាចសង្គ្រោះគណបក្សរបស់លោកបាន។

លោកសម រង្ស៊ី រស់នៅក្នុងទីក្រុងប៉ារីសក្នុងលក្ខខណ្ឌនិរទេសខ្លួនឯង ដោយប្រឈមនឹងទោសជាប់ពន្ធនាគារពីរឆ្នាំពីបទបរិហារកេរ្តិ៍ដែលមជ្ឈដ្ឋានទូទៅជឿជាក់ថា មានជាប់ពាក់ព័ន្ធរឿងនយោបាយ។

វិសោធនកម្មនេះតម្រូវឲ្យគណបក្សដែលបាត់បង់ប្រធានរបស់ខ្លួនបំពេញតំណែងនេះក្នុងរយៈពេល៩០ថ្ងៃ។ បន្ទាប់ពីការបោះឆ្នោតអនុម័តកាលពីម្សិលមិញ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា រយៈពេល៩០ថ្ងៃសម្រាប់គណបក្សសង្គ្រោះជាតិនឹងចាប់ផ្តើមភ្លាម បន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហស្តលេខា លើច្បាប់នេះដែលលោករំពឹងថា នឹងកើតមានឆាប់ៗ។

គណបក្សសង្គ្រោះជាតិបានតែងតាំងអនុប្រធានរបស់ខ្លួនជាប្រធានស្តីទីចាប់តាំងពីលោក សម រង្ស៊ី បានលាលែងពីតំណែងកាលពីថ្ងៃទី១១ ខែកុម្ភៈមក   ហើយមានគម្រោង បើកសមាជបក្សនៅខែមេសាឆ្នាំ២០១៨ដើម្បីជ្រើសរើសប្រធានអចិន្ត្រៃយ៍។ លោក គឹម សុខា ដែលច្របាច់បញ្ចូលគណបក្សប្រឆាំងរបស់លោកជាមួយគណបក្សរបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១២ដើម្បីបង្កើតជាគណបក្សសង្គ្រោះជាតិ ទំនងជាទទួលបានតំណែងកំពូលនេះ ប៉ុន្តែ លោកនៅជាប់ទាក់ទិននឹងការសើុបអង្កេតលើសំណុំរឿងពុករលួយដែលមជ្ឈដ្ឋានទូទៅមើលឃើញថា ជាប់ពាក់ព័ន្ធរឿងនយោបាយ ទាក់ទិននឹងស្រីកំណាន់ម្នាក់នៅឡើយ។

ប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវជ្រើសរើសប្រធានថ្មីអចិន្ត្រៃយ៍ក្នុងរយៈពេល៩០ថ្ងៃ បន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហស្តលេខារួចមែននោះ វាអាចបង្ខំឲ្យលោក កឹម សុខា ដែលរងបណ្តឹងផ្លូវច្បាប់ ទទួលតំណែងនេះយ៉ាងយូរត្រឹមខែឧសភាពោលគឺនៅមុខការបោះឆ្នោតឃុំសង្កាត់ដែលនឹងធ្វើឡើងនៅថ្ងៃទី ខែមិថុនា៕ សុខុម និងស៊ុយឈាង

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស