30.1 C
Phnom Penh

អាជ្ញាធរ​​កម្ពុជា ​​​​និយាយ​សម្រាល​​ទាក់​​ទិន​​​​ជម្លោះ​​​ព្រំដែន​ជាមួយ​ឡាវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ អាជ្ញាធរបាននិយាយសម្រាលទាក់ទិនជម្លោះជាមួយប្រទេសឡាវ ក្រោយពីមានការបង្កើនកម្លាំងយោធានៅព្រំដែននៃប្រទេសទាំងពីរ ឆ្លើយតបទៅនឹងទាហានឡាវ រាប់រយនាក់ដែលបានចូលមកក្នុងទឹកដីកម្ពុជា ដើម្បីរារាំងកងវិស្វកម្មមិនឱ្យស្ថាបនាផ្លូវ។

ក្នុងរយៈពេលពីរសប្ដាហ៍មកនេះ មន្ត្រីកម្ពុជា អះអាងថា ទាហានប្រដាប់អាវុធឡាវ ជាង៤០០នាក់បានឆ្លងដែនចូលមកក្នុងខេត្តស្ទឹងត្រែង  បណ្ដាលឱ្យការងារស្ថាបនាផ្លូវប្រវែង២៥៧គីឡូម៉ែត្រពីក្រុងស្ទឹងត្រែង ឆ្ពោះទៅស្រុកសៀមប៉ាង  ត្រូវផ្អាកជាបណ្តោះអាសន្ន។ ជាការឆ្លើយតប កងកម្លាំងកម្ពុជា ត្រូវបានបញ្ជូនទៅ “ការពារព្រំដែន” នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយបង្ហោះាមគេហទំព័ររបស់នគរបាលជាតិកាលពីចុងសប្ដាហ៍កន្លងទៅ។

ពេលទាក់ទងបានកាលពីម្សិលមិញ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិអះអាងថា  កម្ពុជាមិនបានរំលោភកិច្ចព្រមព្រៀងព្រំដែនជាមួយប្រទេសជិតខាងរបស់ខ្លួនមួយនេះឡើយ។

WP-LastImage-52-800x533លោកមានប្រសាសន៍ថា “យើងស្ថាបនាផ្លូវនៅក្នុងទឹកដីកម្ពុជា ផ្អែកតាមផែនទីគូសដោយបារាំង” ជាការសំដៅដល់ព្រំដែនដែលត្រូវបានគូសវាស នៅពេលប្រទេសទាំងពីរស្ថិតក្រោមនឹមអាណានិគមរបស់បារាំង នៅដើមសតវត្សន៍ទី២០។ លោកបានលើកឡើងទៀតថា “ប៉ុន្តែខាងភាគីឡាវ ចោទថា យើងធ្វើផ្លូវលើខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ”។

ទោះបីជាបែបនេះក្ដី ក៏លោក ឈុំ សុជាតិ បានមានប្រសាសន៍ថា កម្ពុជា ចង់បំភ្លេចរឿងចោល។ លោកថ្លែងថា “យើងកំពុងព្យាយាមដោះស្រាយបញ្ហានេះដោយសន្តិវិធី ព្រោះយើងមិនចង់មានជម្លោះជាមួយប្រទេសជិតខាងរបស់យើងទេ។ធម្មតា យកអាវុធចូលក្នុងទឹកដីរបស់យើងគឺខុសហើយ ប៉ុន្តែយើងមិនចង់ឱ្យបញ្ហាធំជាងនេះទេ”។

លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា គ្រាន់តែមានប្រសាសន៍ថា ប្រទេសទាំងពីរ ”គ្រោងជួបគ្នាក្នុងពេលឆាប់ៗ” ដើម្បីដោះស្រាយជម្លោះនេះ។

ជម្លោះបែបនេះបានផ្ទុះឡើងជាញឹកញាប់រវាងកម្ពុជា និងឡាវ មួយអន្លើដោយសារតែតំបន់ខ្លះមិនទាន់កំណត់ព្រំដែនច្បាស់លាស់នៅឡើយ។ ឧប្បត្តិហេតុចុងក្រោយបំផុតបានកើតឡើងកាលពីខែមេសាឆ្នាំមុន នៅពេលកងកម្លាំងកម្ពុជា បានរារាំងរថយន្តយោធាឡាវ ដែលប្រើសម្រាប់សាងសង់មូលដ្ឋានយោធា មិនឱ្យប្រើប្រាស់ផ្លូវមួយខ្សែដែលឆ្លងកាត់ព្រំដែន។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានលើកឡើងកាលពីម្សិលមិញថា បច្ចុប្បន្នជម្លោះនេះមិនត្រូវបានមន្ត្រីកំពូលៗយកទៅពិភាក្សាដោះស្រាយឡើយ។ លោកបានមានប្រសាសន៍ថា ”យើងមិនទាន់មានប្រតិកម្មពីថ្នាក់កំពូលនៅភ្នំពេញទេ។ វាពាក់ព័ន្ធថ្នាក់មូលដ្ឋាន ព្រមទាំងគណៈកម្មាធិការព្រំដែនចម្រុះរវាងកម្ពុជា និងឡាវ ដែលអាចចរចាគ្នាបាន។ ខ្ញុំគិតថា ស្ថានភាពនេះមិនតានតឹងទេ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស