26 C
Phnom Penh

សកម្មជន​​​គណ​​បក្ស​​​សង្គ្រោះជាតិស្វែងរក​​​សិទ្ធិជ្រកកោន​​​បន្ទាប់ពី​​​តុលាការ​​​កោះហៅ​​​ពាក់ព័ន្ធ​​​បទ​​​ញុះញង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនបក្សប្រឆាំងអាយុ២៥ឆ្នាំម្នាក់កំពុងស្វែងរកសិទ្ធិជ្រកកោននៅក្រៅប្រទេស  បន្ទាប់ពីភៀសខ្លួនចេញពីប្រទេសកម្ពុជាដើម្បីគេចពីដីកាកោះរបស់តុលាការដែលចោទប្រកាន់ពីបទញុះញង់ នេះបើតាមការលើកឡើងរបស់គាត់កាលពីម្សិលមិញ។

លោក អូន វណ្ណសាក់ ដែលគ្រប់គ្រងទំព័រហ្វេសប៊ុកឈ្មោះ I Love Cambodia Hot News II    បាននិយាយថា លោកបានចាកចេញពីប្រទេស កាលពីថ្ងៃព្រហស្បតិ៍ នៅមុនកាលបរិច្ឆេទតុលាការនៅថ្ងៃសុក្រ ហើយបានចោទប្រកាន់ អាជ្ញាធរថា បានបង្ក្រាបលើសេរីភាពនៃការបញ្ចេញមតិ។

ដោយប្រើពាក្យដែលគេចាត់ទុកថា ជាការប្រមាថដល់ជនជាតិវៀតណាម ហើយសំដៅដល់អ្នកវិភាគនយោបាយមួយរូបដែលត្រូវបានធ្វើឃាតទាំងកណ្តាលថ្ងៃកាលពីខែកក្កដា ឆ្នាំមុននោះ លោកបានលើកឡើងនៅក្នុងសារតាមទំព័រហ្វេសប៊ុកថា “ខ្ញុំបានបង្ហោះសារជាច្រើនរិះគន់រដ្ឋាភិបាលលើប្រធានបទមួយចំនួនដូចជាបញ្ហាព្រំដែនអន្តោប្រវេសន៍យួនខុសច្បាប់ និងការធ្វើឃាតបណ្ឌិត កែម ឡី ជាដើម”។

អូន វណ្ណសាក់ នៅក្នុងរូបភាពដែលបង្ហោះក្នុងហ្វេសប៊ុក។
អូន វណ្ណសាក់ នៅក្នុងរូបភាពដែលបង្ហោះក្នុងហ្វេសប៊ុក។

លោកបានបន្ថែមថា “ខ្ញុំបានគេចខ្លួន ព្រោះខ្ញុំបារម្ភពី សន្តិសុខ និងសុវត្ថិភាព របស់ខ្ញុំ ខណៈស្ថានភាពនយោបាយកំពុងឡើងកម្តៅ។ ខ្ញុំគ្មានជំនឿលើប្រព័ន្ធតុលាការដែលរដ្ឋាភិបាលបានប្រើដើម្បីដាក់សម្ពាធលើរូបខ្ញុំ បន្ទាប់ពីខ្ញុំគ្រាន់តែបញ្ចេញមតិរបស់ខ្លួនតែប៉ុណ្ណោះ”។

យោងតាមឯកសារតុលាការដែលអ្នកយកព័ត៌មានបានឃើញកាលពីម្សិលមិញ លោក អូន វណ្ណសាក់ ត្រូវបានកោះហៅឲ្យមកបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ “សម្រាប់ការសាកសួរពាក់ព័ន្ធការចោទប្រកាន់ពីបទញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ដែលបានប្រព្រឹត្តអំឡុងខែសីហា ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦”។

ការចោទប្រកាន់នេះសំដៅដល់ការញុះញង់អ្នកដទៃឲ្យប្រព្រឹត្តអំពើបែបព្យាបាទ ឬហិង្សាលើជនជាតិ សញ្ជាតិ ជាតិសាសន៍ ឬសាសនា ហើយមានទោសជាប់ពន្ធនាគារពីមួយឆ្នាំដល់បីឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលដល់ ៦លានរៀល។

លោក អូន វណ្ណសាក់ បានថ្លែងថា “ខ្ញុំស្ថិតនៅកន្លែងសុវត្ថិភាពហើយ។ ខ្ញុំកំពុងស្វែងរកសិទ្ធិជ្រកកោនក្នុងប្រទេសទី៣”។ លោកបានបន្ថែមថា “ខ្ញុំនឹងត្រឡប់មកប្រទេសកម្ពុជា វិញនៅពេលគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨” ។

លោក អូន វណ្ណសាក់ បានភៀសខ្លួនមួយថ្ងៃមុនពេលការចាប់ខ្លួនលោក គឹម សុខ អ្នករិះគន់រដ្ឋាភិបាលកាលពីថ្ងៃសុក្រ ជុំវិញរឿងក្តីពីរពាក់ព័ន្ធការបរិហារកេរ្តិ៍ និងញុះញង់ដែលរឿងក្តីមួយក្នុងចំណោមនោះជុំវិញការលើកឡើងថា គណបក្សប្រជាជនកម្ពុជានៅពីក្រោយការធ្វើឃាតលោក កែម ឡី ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា លោក អូន វណ្ណសាក់ បានភៀសខ្លួន ពីព្រោះគាត់ដឹងថា គាត់នឹងត្រូវគេរកឃើញថា មានពិរុទ្ធភាព។

លោកបានថ្លែងថា”គាត់បានចោទប្រកាន់រដ្ឋាភិបាលទាក់ទងបញ្ហាព្រំដែន និងផែនទីក្លែងក្លាយ ព្រមទាំងចោទថា វៀតណាមបានបោះបង្គោលព្រំដែនរំលោភចូលទឹកដី កម្ពុជា”៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស