30 C
Phnom Penh

ស្នងការនគរ​​​បាល​​​ខេត្ត​​​​​​ត្រូវ​​​កូនចៅរបស់ខ្លួន​​​ចោទថា​ប្រព្រឹត្ត​​អំពើ​​​​ពុក​​​រលួយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីនគរបាលក្នុងខេត្តកំពង់ធំបានចោទប្រកាន់ចៅហ្វាយនាយ និងអនុរបស់គាត់ពីរនាក់ទៀតថាបានប្រព្រឹត្តអំពើពុករលួយដ៏រាលដាល រួមមានការយកប្រាក់សម្រាប់ការតែងតាំងតួនាទីជាដើម ហើយបានទាមទារឱ្យដកចៅហ្វាយនាយរូបនេះចេញនៅក្នុងលិខិតមួយច្បាប់ផ្ញើជូនលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លិខិតចុះថ្ងៃទី៣ ខែកុម្ភៈ ដែលមានស្នាមមេដៃមន្ត្រីនគរបាលប្រាំមួយរូបចោទលោក ជូ សំអាន ស្នងការនគរបាលខេត្ត ព្រមទាំងលោក អុិត គឹមស្រ៊ុន និងលោក ខៀវ ចាន់នី ស្នងការរងថាទទួលបានប្រាក់ជាថ្នូរនឹងការងារទាំងនេះ។

មន្ត្រីទាំងនោះអះអាងថា លោកទាំងបីបានយកលុយចាប់ពី៥០០ដុល្លារទៅ៧.០០០ដុល្លារ ពីអ្នកដែលស្វែងរកការងារធ្វើ ឬការតែងតាំងតួនាទី ដោយយកលុយតាមតួនាទី។ លិខិតនេះឱ្យដឹងទៀតថា នៅពេលតួនាទីដូចដែលបានសន្យានោះមិនបានសម្រេច មិនបានយកលុយឱ្យគេវិញទេ។

លិខិតដដែលនេះបន្តថា ថ្នាក់អធិការរងតម្រូវឱ្យបង់ប្រាក់ពី២.០០០ដុល្លារទៅ៣.០០០ដុល្លារ ចំណែកនាយប៉ុស្តិ៍ត្រូវបង់ប្រាក់ពី៥០០ដុល្លារទៅ១.០០០ដុល្លារ។

លិខិតដដែលនេះបន្ថែមថា “យើងជាមន្ត្រីនគរបាលក្នុងខេត្តកំពង់ធំ សូមសម្ដេចក្រឡាហោម ស ខេង ធ្វើការផ្លាស់ប្តូរបុគ្គលទាំងបីរូបខាងលើនេះចេញពីស្នងការរដ្ឋាននគរបាលខេត្ត ព្រោះនេះជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចដឹកនាំ និងសហការធ្វើរួមគ្នាទៀតបានទេ”។

នៅពេលទាក់ទងកាលពីម្សិលមិញ ឧត្ដមសេនីយ៍ទោ ជូ សំអាន បានមានប្រសាសន៍ថា ស្នងការរងមួយរូបមានការច្រណែនដែលលោកបដិសេធមិនប្រាប់ឈ្មោះនៅពីក្រោយការចោទប្រកាន់ទាំងនេះ។

ឧត្ដមសេនីយ៍ទោ ជូ សំអាន បានបន្តថា “ខ្ញុំមិនបានយកលុយពីមន្ត្រីនគរបាលទាំងនោះដូចការចោទប្រកាន់ឡើយ។ អ្នកដាក់ពាក្យបណ្ដឹងបានមកជួបខ្ញុំ ហើយសុំឱ្យខ្ញុំរៀបចំការតែងតាំង ឬដំឡើងតួនាទីដល់មនុស្សរបស់ពួកគេ ហើយពួកគេមិនសប្បាយចិត្តនៅពេលដែលខ្ញុំបដិសេធ”។

លោកបានអះអាងថា មន្ត្រីដែលដាក់ពាក្យបណ្ដឹងទាំងនោះ គឺជាអ្នកដែលទទួលបានប្រាក់សំណូកជាប្រចាំ ដោយទទួលបានចំនួន២.០០០ដុល្លារ ហើយថា លោកនឹងបដិសេធសំណើរបស់ពួកគេ។ ក្រុមនេះក៏មានការខឹងសម្បាដែរបន្ទាប់ពីកិច្ចសន្យារបស់ពួកគេត្រូវបានបន្តរយៈពេល២ឆ្នាំទៀតកាលពីពេលថ្មីៗនេះ បើទោះជាពួកគេជិតដល់អាយុចូលនិវត្តន៍ក៏ដោយ។

លោកបានមានប្រសាសន៍ថា លោកមានគម្រោងសរសេរលិខិតផ្ញើជូនសម្ដេច ស ខេង និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

កាលពីម្សិលមិញ លោក ខៀវ ចាន់នី ក៏បានបដិសេធការអះអាងនោះ  ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយបន្ថែមឡើយ។ លោក អុិត គឹមស្រ៊ុន មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។

ឧត្ដមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយអំពីការចោទប្រកាន់នេះឡើយ ប៉ុន្តែលោកនឹងបើកការស៊ើបអង្កេតបើមានភ័ស្តុតាងគ្រប់គ្រាន់គាំទ្រការអះអាងនោះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស