31 C
Phnom Penh

មន្ត្រី​​​​ច្រាន​​​​​​​ចោល​​​សេច​​ក្តី​​​រាយ​ការណ៍​​​​ព័ត៌​​​មាន​​​របស់​​រដ្ឋាភិបាល​​ស្តីអំពី​​​គណ​បក្ស​​​នយោបាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប.) និងមន្ត្រីក្រសួងមហាផ្ទៃបានច្រានចោលផ្នែកខ្លះនៃសេចក្ដីរាយការណ៍ព័ត៌មានមួយរបស់រដ្ឋាភិបាលដែលអះអាងថា គណបក្សនយោបាយចំនួន១២ដែលមិនរាប់បញ្ចូលគណបក្សសង្គ្រោះជាតិ ទំនងជាត្រូវបានហាមឃាត់មិនឱ្យដាក់បញ្ចូលបេក្ខជនរបស់ខ្លួនដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាឡើយ ដោយផ្អែកលើនីតិវិធីច្បាប់ដែលកំពុងរង់ចាំការសម្រេច។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) របស់រដ្ឋាភិបាលបានចុះផ្សាយអត្ថបទនេះកាលពីម្សិលមិញ មួយថ្ងៃបន្ទាប់ពីរដ្ឋសភាបានអនុម័តវិសោធនកម្មលើច្បាប់មួយដែលមានអាយុកាល២០ឆ្នាំដើម្បីផ្ដល់អំណាចថ្មីទូលំទូលាយឲ្យក្រសួងមហាផ្ទៃ និងតុលាការកំពូលមានសិទ្ធិព្យួរ និងរម្លាយគណបក្សនយោបាយទាំងមូល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើវិសោធនកម្មនេះកាលពីដើមខែនេះសំដៅចាត់វិធានការលើគណបក្សសង្គ្រោះជាតិដែលស្ទើរតែផ្ដួលគណបក្សប្រជាជនកម្ពុជាកាន់អំណាចដុះស្លែរបស់លោកបានទៅហើយនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពី៤ឆ្នាំមុន និងដែលនៅតែជាគូប្រជែងពិតតែមួយគត់របស់ខ្លួននៅឆ្នាំ២០១៨។

ទោះបីជាវិសោធនកម្មទាំងនេះទំនងជាគ្មានការប្រឆាំងជំទាស់ក្ដី ក៏វាមិនទាន់ក្លាយជាច្បាប់ដែរ លុះត្រាមានការអនុម័តពីព្រឹទ្ធសភា និងឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ។

ដកស្រង់សម្ដីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. ទីភ្នាក់ងារសារព័ត៌មាន AKP បានចុះផ្សាយថា គណបក្សចុះបញ្ជីចំនួន១២ “ត្រូវបានផ្ដន្ទាទោសដោយសារហេតុផលមួយ ឬមួយទៀត។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា តាមច្បាប់ស្ដីពីគណបក្សនយោបាយដែលបានធ្វើវិសោធនកម្ម គ.ជ.ប. មិនត្រូវចុះឈ្មោះបេក្ខជនណាតែងតាំងដោយគណបក្សនយោបាយដែលត្រូវបានផ្ដន្ទាទោសឡើយ”។

cam-photo-nec-sovannara1ច្បាប់ស្ដីពីគណបក្សនយោបាយដែលមានស្រាប់ចែងថា មានតែការក្ស័យធនប៉ុណ្ណោះដែលតុលាការរម្លាយគណបក្សចោលបាន។ នៅពេលធ្វើវិសោធនកម្មរួច ក្រសួងមហាផ្ទៃមានសិទ្ធិអំណាចព្យួរគណបក្សណាមួយដែលល្មើសច្បាប់របស់កម្ពុជា។ តុលាការកំពូលក៏នឹងត្រូវបានអនុញ្ញាតឱ្យរម្លាយគណបក្សចោលដែរសម្រាប់បទល្មើសនានាដែលមិនមានចែងច្បាស់លាស់ ក្នុងនោះរួមមាន ”ការញុះញង់ដែលឈានទៅរកការបែកបាក់ជាតិ” ជាបទចោទមួយដែលរដ្ឋាភិបាលតែងតែប្រើដើម្បីដាក់ពន្ធនាគារអ្នករិះគន់មួយចំនួន។

ការធ្វើវិសោធនកម្មទាំងនេះមិនបកស្រាយថា  តើអ្វីខ្លះដែលអាចចាត់ទុកបានថាជាបទល្មើសរបស់ “គណបក្ស” នោះទេ។ ប៉ុន្តែលោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកចង់ប្រើប្រាស់ការផ្ដន្ទាទោសមេដឹកនាំគណបក្សនយោបាយដើម្បីកម្ចាត់គណបក្សទាំងមូលចោល។

ពេលទាក់ទងបានកាលពីរសៀលម្សិលមិញ លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា ទីភ្នាក់ងារសារព័ត៌មាន AKP បានយល់ខុសចំពោះសម្ដីរបស់លោក។ “វាមិនមែនបែបនោះទេ គឺយល់ខុសហើយ”។

អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃបានជូនដំណឹងលោកថា គណបក្សចំនួន១២កំពុងជាប់បណ្ដឹងនៅតុលាការ មិនមែនត្រូវបានផ្ដន្ទាទោសទេ ហើយបេក្ខជននឹងត្រូវបានហាមឃាត់មិនឱ្យចុះឈ្មោះ លុះត្រាតែគណបក្សរបស់ពួកគេត្រូវបានរម្លាយចោលដោយតុលាការ និងនៅពេលវិសោធនកម្មនេះក្លាយជាច្បាប់។

លោកគូសបញ្ជាក់ថា “បើប្រធាន [គណបក្ស] ជាប់ពិរុទ្ធ និងត្រូវបានផ្ដន្ទាទោស ត្រូវប្តូរប្រធាននោះចេញ ហើយគណបក្សនៅតែដំណើរការដដែល។ បើតុលាការសម្រេចថា គណបក្សនោះនឹងត្រូវរម្លាយចោល ឈ្មោះរបស់បេក្ខជនទាំងនោះក៏នឹងត្រូវលុបចោលតាមនោះដែរ”។

លោក អាន វាសនា អនុប្រធាននាយកដ្ឋានសមាគម និងគណបក្សនយោបាយនៃក្រសួងមហាផ្ទៃមានប្រសាសន៍ថា ក្រសួងបានដាក់ពាក្យប្ដឹងគណបក្សទាំង១២នោះចន្លោះពីឆ្នាំ២០០៣ដល់ឆ្នាំ២០១៥ ដោយសារតែគណបក្សទាំងនោះមិនបានដាក់របាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនទៅក្រសួងមហាផ្ទៃ និងក្រសួងហិរញ្ញវត្ថុតាមលក្ខខណ្ឌតម្រូវ។

លោកបញ្ជាក់ថា សំណុំរឿងចំនួន៧ក្នុងចំណោមនោះកំពុងរង់ចាំការសម្រេចនៅឡើយ ហើយគណបក្សចំនួន៥ត្រូវបានផ្ដន្ទាទោស និងពិន័យជាប្រាក់។

ពេលសាកសួរអំពីសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AKP ដែលអះអាងថា គណបក្សទាំង១២នោះសុទ្ធតែត្រូវបានផ្ដន្ទាទោស លោកស្រី សុខ មុំនិមល អគ្គនាយិកានៃទីភ្នាក់ងារសារព័ត៌មាននេះមានប្រសាសន៍ថា ព័ត៌មាននេះបានពីសេចក្ដីប្រកាសមួយដែល គ.ជ.ប. បានចេញផ្សាយកាលពីថ្ងៃទី១៤ ខែកុម្ភៈ។ លោកស្រីថ្លែងថា សេចក្ដីប្រកាសនោះបញ្ជាក់ថា គណបក្សទាំងអស់នោះសុទ្ធតែ “ត្រូវបានផ្ដន្ទាទោស”។

បុ៉ន្តែតាមពិតសេចក្ដីប្រកាសនោះគ្រាន់តែលើកឡើងថា គណបក្សទាំងនោះ “កំពុងជាប់បណ្ដឹងនៅតុលាការ” ប៉ុណ្ណោះ។

ពេលសាកសួរថាហេតុអ្វីបានជាទីភ្នាក់ងារសារព័ត៌មាន AKP យល់ឃើញខុសពីគ.ជ.ប. ទាក់ទិនមូលហេតុសម្រាប់ការរារាំងបេក្ខជនមិនឱ្យចុះឈ្មោះ លោកស្រី សុខ មុំនិមល ឆ្លើយថា “ខ្ញុំនឹងស៊ើបមើល”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស