យោងតាមការសិក្សាថ្មីមួយដែលដាក់ចំណាត់ថ្នាក់ទំព័រហ្វេសប៊ុករបស់ថ្នាក់ដឹកនាំពិភពលោក តាមរយៈកម្រិតនៃការចូលខំមិន (Comment) និងចុចចូលចិត្ត(like) ជាដើមនោះ បានឲ្យដឹងថា ពេលវេលាដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំណាយលើការបង្ហោះរូបសែលហ្វី និងផ្សព្វផ្សាយសុន្ទរកថា ដែលផ្សាយផ្ទាល់តាមហ្វេសប៊ុកទំនងជាទទួល បានជោគជ័យ។
ដោយមានអ្នកគាំទ្រ (Follower) ជិត៧លាននាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននោះ លោក ហ៊ុន សែន ដែលមជ្ឈដ្ឋានទូទៅជឿថា បានទិញប្រជាប្រិយភាពភាគច្រើនពី”កន្លែងបង្កើតចុចLike ក្លែងក្លាយ(Click Farms)” នៅក្រៅប្រទេសនោះ មានអ្នកគាំទ្រតាមហ្វេសប៊ុកច្រើនជាងគេបំផុតទី៨ក្នុងចំណោមទំព័រហ្វេសប៊ុកប្រមាណ៥៩០គណនី របស់ថ្នាក់ដឹកនាំប្រទេស និងមេដឹកនាំពិភពលោកផ្សេងៗទៀត នេះបើយោងតាមការវិភាគកាលពីខែមុន ដោយក្រុមហ៊ុន Burson-Marsteller ជាក្រុមហ៊ុនទំនាក់ទំនងពិភពលោក និងទំនាក់ទំនងសាធារណៈ។
លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា គឺជាថ្នាក់ដឹកនាំពិភពលោកដែលទទួលបានប្រជាប្រិយភាពខ្លាំងជាងគេបំផុតតាមហ្វេសប៊ុក ដោយមានអ្នកគាំទ្រជិត៤០លាននាក់។
ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ជាប់ចំណាត់ថ្នាក់លេខ៣ បើនិយាយពាក់ព័ន្ធការ ចូលចុចចូលចិត្តនិងខំមិនចុះឡើងៗ ដោយមានការចុចចូលចិត្ត ខំមិន និងការចែករំលែក (Share) ចំនួន៥៨លាន កាលពីឆ្នាំមុន តាមពីក្រោយលោក ណារ៉េនដ្រា ម៉ូឌី និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បើគិតត្រឹមថ្ងៃ ទី១ ខែកុម្ភៈ។
អ្នកគាំទ្រតាមហ្វេសប៊ុករបស់លោក ហ៊ុន សែន ប្រហែលពាក់កណ្តាល ស្ថិតនៅក្នុងប្រទេសកម្ពុជា រីឯជិត១២ភាគរយនៅប្រទេសឥណ្ឌា និងក្រោម១០ភាគរយនៅប្រទេសហ្វីលីពីន នេះបើយោងតាមគេហទំព័រវិភាគ Socialbackers ។
របាយការណ៍នេះលើកឡើងថា ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី តែងតែបង្ហាញអំពីរូបភាព និងផ្សាយផ្ទាល់វីដេអូស្តីពីគ្រួសារ ដំណើរចុះតាមបណ្តាខេត្ត និងការឈប់សម្រាកលំហែកាយរបស់លោកព្រមទាំងពិធីសាធារណៈ និងសុន្ទរកថា ក៏ដូចជាការប្រកួតបាល់ទាត់ និងការផ្សាយផ្ទាល់កម្មវិធី “The Voice Cambodia”ជាដើម។ វីដេអូដែលលោកបានបង្ហោះទទួលបានការចុចចូលចិត្តខំមិន និងការចែករំលែកច្រើនបំផុត។
អ្វីៗដែលលោក ហ៊ុន សែន បានបង្ហោះត្រូវបានចែករំលែកតៗគ្នាជាង៦លានដងកាលពីឆ្នាំមុន។
លោក ប៊ុន ថារុំ អ្នកសរសេរគេហទំព័របច្ចេកវិទ្យា និងអ្នកជំនាញខាងគមនាគមន៍បានលើកឡើងតាមរយៈអុីម៉េលមួយកាលពីម្សិលមិញថា ហ្វេសប៊ុកគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់មេដឹកនាំរូបនេះ”នៅក្នុងការផ្ញើសារលក្ខណៈផ្ទាល់ខ្លួនដែលទទួលបានភាពទាក់ទាញខ្លាំង” ។
លោកបានបន្ថែមថា “វាជួយឲ្យពលរដ្ឋខ្មែរមានទំនាក់ទំនងកាន់តែកៀកនឹងមេដឹកនាំប្រទេសរូបនេះ មិនមែនតាមរយៈការមើលគាត់ និងសមាជិកគ្រួសាររបស់គាត់ រួមទាំងចៅៗ តាមទូរទស្សន៍នោះទេ ប៉ុន្តែតាមរយៈការស្ក្រូលនៅលើទូរស័ព្ទដៃ (ជាឧបករណ៍ ផ្ទាល់ខ្លួនដែលនៅជាប់យើងគ្រប់វិនាទី)”។
លោក នន្ទ សេរីបុត្រ អ្នកអត្ថាធិប្បាយនយោបាយតាមបណ្តាញទំនាក់ទំនងសង្គមបានលើកឡើងថា នាយករដ្ឋមន្ត្រីក៏បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោកដើម្បីបង្វែរការចាប់អារម្មណ៍ពីព្រឹត្តិការណ៍ដែលពោរពេញទៅដោយបញ្ហាក្នុងពេលបច្ចុប្បន្នផងដែរ។
លោកបានមានប្រសាសន៍ថា “គាត់ព្យាយាម បង្ហាញឲ្យឃើញថា គ្មានភាពតានតឹងនយោបាយ និងភាពជាប់គាំងនោះឡើយតាមរយៈការធ្វើឲ្យប្រជាពលរដ្ឋបានសប្បាយដោយប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោក”៕ ស៊ុយឈាង