33 C
Phnom Penh

លោក ហ៊ុន​ សែន ​បញ្ជាក់​ជាថ្មី​ម្តងទៀតថា ​​មីក្រូ​​​ហិរញ្ញវត្ថុ​ទាំង​អស់​មិន​មែន​របស់​រដ្ឋ​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន បានចេញបទបញ្ជាឲ្យក្រុមហ៊ុនទូរស័ព្ទនៅក្នុងប្រទេសអនុវត្តតាមយុទ្ធនាការ  របស់លោក ដើម្បីលុបបំបាត់ការយល់ច្រឡំណាមួយជំុវិញទំនាក់នងរវាងរដ្ឋាភិបាល និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយបញ្ជាឲ្យពួកគេផ្ញើសារជាសំឡេង និងជាអក្សរប្រាប់អតិថិជនថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺជារបស់ឯកជនមិនមែនរបស់រដ្ឋទេ។

លោក ហ៊ុន សែន បានលើកឡើងកាលពីដើមខែនេះថា ប្រជាពលរដ្ឋជាច្រើនបានយល់ច្រឡំខុសថា បំណុលដែលចេះតែកើនឡើងដោយសារកម្ចីពីមីក្រូហិរញ្ញវត្ថុគឺជាប្រាក់របស់រដ្ឋ ហើយអាចលុបចោលបានដោយរដ្ឋាភិបាល ជាការយល់ឃើញដែលលោកលើកឡើងថាត្រូវបានជំរុញដោយគណបក្សនយោបាយដែលជាគូប្រជែងហើយបង្កឲ្យមានការអាក់អន់ស្រពន់ចិត្តចំពោះគណបក្សកាន់អំណាច។

លោក ហ៊ុន សែន បានប្រាប់រដ្ឋមន្ត្រីសាស្ត្រាចារ្យ និងនិស្សិតអំឡុងពិធីប្រគល់សញ្ញាបត្រមួយកាលពីម្សិលមិញ នៅវិទ្យាស្ថានជាតិអប់រំក្នុងរាជធានីភ្នំពេញថា “ឥឡូវនេះយើងត្រូវធ្វើវិធានការយុទ្ធនាការផ្សព្វផ្សាយមួយឆ្នាំពេញ សារព័ត៌មានទាំងអស់ផ្សាយនៅក្បាលខាងលើដាក់ថា ‘គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនជារបស់រដ្ឋទេ’ ដាក់ទៅ ដាក់ក្បាលព័ត៌មានចឹងហ្មង ដាក់នៅទំព័រទី១ ដាក់ទៅ ខ្ញុំធ្វើកិច្ចការជំនួសរដ្ឋមន្ត្រីក្រសួងព័ត៌មានទៅចុះ”។

លោកក៏បានអំពាវនាវឲ្យក្រុមហ៊ុនទូរស័ព្ទ ផ្សព្វផ្សាយសារដូចគ្នានេះដែរ ដោយគូសបញ្ជាក់ថា ក្រុមហ៊ុន សែលកាត បានផ្ញើសារជាសំឡេងរួចហើយ។ ក្រុមហ៊ុនស្មាត បានផ្ញើសារជាអក្សរកាលពីម្សិលមិញ ដោយនិយាយថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនជារបស់រដ្ឋទេ ហេតុដូច្នេះប្រជាពលរដ្ឋសូមកំុយល់ច្រឡំ”។

WP-LastImage-59-800x600ហើយបន្ទាប់ពីធនាគារអេស៊ីលីដា ដែលជាធនាគារធំបំផុតនៅកម្ពុជាបានប្តូររូបសញ្ញា [ឡូហ្គោ] ហង្សពណ៌មាស ព្រោះវាដូចរូបសញ្ញារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយចំណាយប្រាក់អស់៣,៥លានដុល្លារ និងធ្វើឲ្យអ្នកដំឡើងស្លាកសញ្ញាម្នាក់បាត់បង់ជីវិតដោយសារឆក់ចរន្តអគ្គិសនីពេលប្តូរស្លាកសញ្ញានោះ លោក ហ៊ុន សែន បានចេញបទបញ្ជាឲ្យ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំបផុតនៅកម្ពុជា ឲ្យប្តូររូបសញ្ញារបស់ខ្លួនដែរ ព្រោះវាដូចរូបសញ្ញាប្រាក់រៀល ដែលប្រើប្រាស់ដោយធនាគារជាតិ។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ឥឡូវផ្តាំទៅប្រាសាក់ប្តូរ [ឡូហ្គោ] ឲ្យលឿន”។ លោកបានព្រមានថា បើសិនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយមិនធ្វើតាមបទបញ្ជាទេ នឹងត្រូវដកអាជ្ញាប័ណ្ណ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានដកស្លាកសញ្ញាពីគ្រឹះស្ថាន និងម៉ាស៊ីន ATM ជាច្រើនរបស់ខ្លួនក្នុងរាជធានីភ្នំពេញនៅថ្ងៃនោះតែម្តង។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះបានចេញសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងធ្វើការលើការប្តូររូបសញ្ញារបស់ខ្លួនហើយ ហើយនឹងមានស្លាកសញ្ញាថ្មីឆាប់ៗ។

លោក ហ៊ុន សែន ក៏បានប្រើប្រាស់ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកផងដែរចាប់តាំងពីថ្ងៃអង្គារមក ដើម្បីផ្សព្វផ្សាយសារជាអក្សរ និងវីដេអូអំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ថាមិនស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋឡើយ។

លោកស្រី សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ការបន្តផ្ញើសារតាមរយៈទំនាក់ទំនងសាធារណៈគឺចាំបាច់ណាស់ក្នុងការជូនដំណឹងឲ្យដល់ប្រជាពលរដ្ឋដែលមានការយល់ច្រឡំដោយសារអ្នកនយោបាយមួយចំនួន តែងតែឃោសនាប្រាប់អ្នកបោះឆ្នោតនៅតាមជនបទថា  ពួកគាត់មិនចាំបាច់សងបំណុលទេបើមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំនយោបាយ។

ដោយបដិសេធមិនចេញឈ្មោះគណបក្ស ឬអ្នកនយោបាយទាំងនោះដែលផ្សព្វផ្សាយការអះអាងបែបនោះ លោកស្រី សឹង សុផារី បានមានប្រសាសន៍ថា “វាជាការភូតកុហកដែលពួកគេព្យាយាមផ្សព្វផ្សាយក្នុងចំណោមប្រជាពលរដ្ឋថា មីក្រូហិរញ្ញវត្ថុជាផ្នែកមួយនៃហិរញ្ញវត្ថុរបស់រដ្ឋាភិបាល”។

លោកស្រីបានថ្លែងថា “មានអ្នកនយោបាយមួយចំនួនភូតកុហកប្រជាពលរដ្ឋ…ដើម្បីទទួលបានសន្លឹកឆ្នោតហើយពួកគេផ្សព្វផ្សាយការភូតកុហកនោះ ហើយប្រជាពលរដ្ឋមូលដ្ឋានសុទ្ធតែមានចំណេះដឹង ដូច្នេះពួកគាត់មិនជឿការភូតកុហកបែបនោះឡើយ”។

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលត្រូវបានត្រឡប់មកធ្វើជាប្រធានគណបក្សរាជានិយមហ្វុ៊នស៊ិនប៉ិចម្ដងទៀតកាលពីពេលថ្មីៗបានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីឆ្នាំ២០១៥ថា ព្រះអង្គនឹងធ្វើការសន្យាដ៏ពិសិដ្ឋចំពោះវត្ថុស័ក្ដិសិទ្ធិនៅវត្តភ្នំថា នឹងលុបចោលបំណុលរបស់ប្រជាពលរដ្ឋទាំងអស់”។

ក្នុងឆ្នាំ២០១៣ លោក ហ៊ុន សែន បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិបានសន្យាលុបចោលបំណុល ជាការសន្យាដែលលោកលើកឡើងថា នឹងធ្វើឱ្យធនាគារទាំងអស់បិទទ្វារប្រសិនបើគណបក្សនេះឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំនោះ។

លោកបានមានប្រសាសន៍ថា “ពួកគេបាននិយាយដោយចំហ និងដោយខ្សឹបខ្សៀវថា នៅពេលពួកគេឈ្នះឆ្នោត គេនឹងលុបចោលបំណុលរបស់ប្រជាពលរដ្ឋទាំងអស់។ ពួកគេត្រូវបំផ្លាញធនាគារទាំងអស់ ដើម្បីរំដោះអ្នកជាប់បំណុល។ ផ្ទុយទៅវិញ បើពួកគេធ្វើមិនបានទេ មានន័យថា ពួកគេភូតកុហកប្រជាពលរដ្ឋហើយ”។គណបក្សសង្គ្រោះជាតិបានបដិសេធថាមិនបានធ្វើការសន្យាបែបនោះទេ។

កាលពីដើមខែនេះ លោក ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រីរបស់លោកចាប់ខ្លួនអ្នកនយោបាយណាដែលនិយាយថា ពួកគេនឹងលុបចោលបំណុលរបស់ប្រជាពលរដ្ឋដែលត្រូវបានបង្គរតាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

លោកបានបន្ថែមថា “គណបក្សនយោបាយមិនគួរឃោសនាបែបនេះទេ  ប្រសិនបើរកឃើញថាជាការប្រព្រឹត្តបទល្មើសជាក់ស្ដែង ចាប់ខ្លួននៅនឹងកន្លែងតែម្ដង ពីព្រោះពួកគេបោកប្រាស់ប្រជាពលរដ្ឋ”។

ក្រៅពីធនាគារអេស៊ីលីដា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ លោកស្រី សឹង សុផារី បានថ្លែងថា គ្រឹះស្ថានមីក្រូហិញ្ញវត្ថុមួយចំនួនទៀតស្ថិតនៅក្រោមការត្រួតពិនិត្យផងដែរ ប៉ុន្តែក្រសួងមិនទាន់ប្រកាសជាសាធារណៈនៅឡើយទេ “ពីព្រោះយើងមិនចង់បង្កឱ្យមានភាពវឹកវរ  ឬការយល់ច្រឡំណាមួយឡើយ”៕ ស៊ុយឈាង និង សារុន (រាយការណ៍បន្ថែមដោយ Matt Surrusco)

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស