អ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លីដ៏លេចធ្លោបំផុតនៅកម្ពុជាត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៣០ខែកាលពីម្សិលមិញ ដោយសារជាប់ពាក់ព័ន្ធនៅក្នុងការតវ៉ាមួយជិតបួនឆ្នាំកន្លងមកហើយ នៅក្នុងអ្វីដែលអ្នករិះគន់ចាត់ទុកថា ជាចំណាត់ការមានជាប់ពាក់ព័ន្ធរឿងនយោបាយរបស់រដ្ឋាភិបាលដើម្បីបំបិទសកម្មភាពរបស់អ្នកស្រីនៅមុនការបោះឆ្នោតសំខាន់ៗ។
ដោយស្រដៀងទៅនឹងហេតុការណ៍ អំឡុងពេលបើកសវនាការដំបូងក្នុងសំណុំរឿងនេះដែលត្រូវបានផ្អាកកាលពីដើមខែនេះ បន្ទាប់ពីស្ថានភាពបានប្រែក្លាយទៅជាមានភាពរញេរញ៉ៃ ហើយចៅក្រមនិយាយថាខ្លួនមានការហត់នឿយនោះ អ្នកស្រី ទេព វន្នី និងសកម្មជនសិទ្ធិដីធ្លីផ្សេងទៀតមកពីតំបន់បឹងកក់ដែលរងការបណ្តេញចេញ បាននិយាយឥតសំចៃពេញសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ។

អ្នកស្រី ទេព វន្នី បានស្រែកដោយលើកដៃបួងសួងថា “នរណាធ្វើអំពើអី សូមឲ្យទទួលបានផលហ្នឹងចុះនៅពេលអនាគត”។
សំណុំរឿងនេះ ដែលគ្មានដំណើរការជាង៣ឆ្នាំមកហើយ មុនពេលត្រូវបានសើរើឡើងវិញកាលពីឆ្នាំមុន ជាប់ពាក់ព័ន្ធទៅនឹងការតវ៉ាឆ្នាំ២០១៣ ដែលសកម្មជនប្រហែល៣០នាក់បានព្យាយាមយកញត្តិទៅដាក់នៅភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរាជធានីភ្នំពេញ ដោយអំពាវនាវសុំឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា ជាសកម្មជនដ៏លេចធ្លោមួយរូបទៀត។ ការតវ៉ានោះបានប្រែក្លាយជាហិង្សា ប៉ុន្តែសកម្មជន និងមន្ត្រីសិទ្ធិមនុស្សដែលឃ្លាំមើលការតវ៉ានេះអះអាងថា គឺសន្តិសុខទេដែលជាអ្នកវាយដំមកលើអ្នកតវ៉ា។
ពេលសាកសួរក្នុងនាមជាសាក្សីកាលពីម្សិលមិញ សកម្មជនសិទ្ធិដីធ្លីបីនាក់ គឺអ្នកស្រី ងែ៉ត ឃុន អ្នកស្រី បូ ឆវី និងអ្នកស្រី គង់ ចន្ថា បាននិយាយចំអកលើការដែលថា អ្នកស្រីទេព វន្នី បានបង្ករបួសស្នាមលើសន្តិសុខខណ្ឌដូនពេញដែលល្បីខាងប្រើអំពើហិង្សា និងប្រើប្រាស់កម្លាំងហួសហេតុ ចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៣ដ៏ចម្រូងចម្រាសមក។
អ្នកស្រី ង៉ែត ឃុន សកម្មជនអាយុ៧៧ឆ្នាំ ដែលគេហៅក្រៅថាអ្នកម៉ែ បាននិយាយថា “ខ្ញុំមិនបានឃើញថា ពួកគេរងរបួសទេ”។ អ្នកស្រីបានបន្តថា “សូមចៅក្រមមើលដើមចោទចុះ គាត់ជិត១០០គីឡូទៅហើយ។ ប្រសិនបើគាត់វាយពួកយើងតែមួយដៃយើងសន្លប់បាត់ទៅហើយ”។
បន្ទាប់មក អ្នកស្រី បូ ឆវី បានរិះគន់តុលាការ ថា គ្មានភ័ស្តុតាងអ្វីសោះ។
អ្នកស្រីបាននិយាយថា “ប្រសិនបើគាត់បង្កហិង្សា ឯណាភ័ស្តុតាង និងវីដេអូ សូមបង្ហាញ មក”។
គ្មានភ័ស្តុតាងបែបនេះត្រូវបានបង្ហាញនោះទេ។ ប៉ុន្តែ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឡុង កេសភិរម្យ នៅតែរកឃើញថា អ្នកស្រី ទេព វន្នី មានពិរុទ្ធភាពពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដដែល។

លោកបានមានប្រសាសន៍ថា “សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសចុងចោទឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និងពិន័យជាប្រាក់ចូលរដ្ឋចំនួន៥លានរៀល [ប្រហែល ១.២៥០ដុល្លារ]។
អ្នកស្រី ទេព វន្នី ក៏ត្រូវបានបង្គាប់ឲ្យសងជំងឺចិត្តដល់សន្តិសុខខណ្ឌពីរនាក់ គឺឈ្មោះ ហោ ហឿន ៤លានរៀល និងឈ្មោះ អ៊ុក រតនា ៥លានរៀលផងដែរ។
មានការប្រើហិង្សាបានផ្ទុះឡើងនៅខាងក្រៅតុលាការអំឡុងពេលបើកសវនាការនេះ ដោយសន្តិសុខខណ្ឌ៧មករា បានប្រវាយប្រតប់ជាមួយសកម្មជនមកពីតំបន់បឹងកក់នៅចិញ្ចើមផ្លូវ និងលើផ្លូវ។ រូបភាពវីដេអូដែលត្រូវបានចែករំលែកភ្លាមៗតាមបណ្តាញទំនាក់ទំនងសង្គមបង្ហាញឲ្យឃើញថា សន្តិសុខបានដេញសកម្មជនគណបក្សប្រឆាំងម្នាក់ ឈ្មោះម៉ៅ សុជាតិ ចូលទៅក្នុងផ្សារសីុធីម៉លនៅក្បែរនោះ ហើយបានវាយដំគាត់នៅក្នុងភោជ នីយដ្ឋានលក់អាហារហ្វាសហ្វូដ(fast-food)បន្ទាប់ពីគាត់ព្យាយាមរុញសន្តិសុខម្នាក់ឲ្យចេញឆ្ងាយពីស្ត្រីអ្នកតវ៉ា។
សាលក្រមផ្តន្ទាទោសអ្នកស្រី ទេព វន្នី គឺជាសាលក្រមថ្មីបំផុតនៅក្នុងអ្វីដែលមជ្ឈដ្ឋានទូទៅមើលឃើញថា ជាការដាក់សម្ពាធរបស់រដ្ឋាភិបាលមកលើអ្នករិះគន់ដែលរាប់ចាប់ពីសកម្មជន និងអ្នកការពារសិទ្ធិមនុស្សរហូតដល់អ្នកវិភាគនយោបាយនិងមន្ត្រីគណបក្សប្រឆាំង។ អ្នកស្រី ទេព វន្នី ស្ថិតក្នុងចំណោមអ្នកទោសនយោបាយ២៦នាក់នៅទូទាំងប្រទេស នេះបើយោងតាមអង្គការសិទ្ធិមនុស្សលីកាដូ។
ដោយចាត់ទុកសន្តិសុខខណ្ឌថាជា”កងកុម្ម៉ង់ដូពិសេស”នោះ សេចក្តីថ្លែងការណ៍មួយចេញកាលពីម្សិលមិញ និងចុះហត្ថលេខាដោយអង្គការសង្គមស៊ីវិលចំនួន៦១បានគូសបញ្ជាក់ថា គ្មានការបង្ហាញភ័ស្តុតាងទាល់តែសោះនៅក្នុងសំណុំរឿងដាក់បន្ទុកលើអ្នកស្រី ទេព វន្នី។
សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារថា “អំឡុងពេលបើកសវនាការដែលបានបន្តឡើងវិញនៅព្រឹកមិញនេះ បន្ទាប់ពីផ្អាកជិត៣សប្តាហ៍ គ្មានភ័ស្តុតាងគួរឲ្យទុកចិត្តត្រូវបានបង្ហាញដើម្បីបញ្ជាក់ពីការចោទប្រកាន់មកលើអ្នកស្រី ទេព វន្នី ឡើយ ហើយក៏គ្មានការបញ្ជាក់ថា តើអំពើហិង្សាអ្វីដែលអ្នកស្រីបានប្រព្រឹត្តលើកងកុម្ម៉ង់ដូពិសេសដែរ”។

លោកស្រី ចំប៉ា ប៉ាតែល (Champa Patel) ប្រធានអង្គការលើកលែងទោសអន្តរជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកបានលើកឡើងថា សេចក្តីសម្រេចនេះ គឺជាការខិតខំយ៉ាងច្បាស់ក្រឡែតដើម្បីបំបិទសកម្មភាពប្រឆាំងក្នុងចំណោមសកម្មជន។
លោកស្រីបានលើកឡើងក្នុងអីុម៉េលមួយថា “ការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារថ្មីបំផុតនេះមកលើកអ្នកស្រីគឺជាការព្យាយាមមួយដើម្បីបំបិទមាត់អ្នកស្រី ដើម្បីបំបិទមាត់សកម្មជនបឹងកក់ និងដើម្បីបំបិទមាត់អ្នកដែលនិយាយអំពីសិទ្ធិមនុស្ស”។
លោកស្រីបន្ថែមថា “វាជារឿងអាម៉ាស់ ដែលអ្នកស្រីត្រូវបានចាប់ដាក់ពន្ធនាគារពីបទហិង្សាដែលរកមិនឃើញភ័ស្តុតាងលើកងកុម្ម៉ង់ដូពិសេស ខណៈកងកុម្ម៉ង់ដូពិសេសអាចប្រើអំពើហិង្សាដោយសេរីលើអ្នកគាំទ្រអ្នកស្រី ទេព វន្នី ដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការ”។
អ្នកស្រី បូវ សោភា ដែលស្ថិតក្នុងចំណោមអ្នកតវ៉ាដែលបានប្រវាយប្រតប់គ្នាអំឡុងពេលព្រឹកជាមួយសន្តិសុខនោះ បានលើកឡើងថា រយៈពេលជាប់ពន្ធនាគាររបស់ អ្នកស្រី ទេព វន្នី គឺធ្ងន់ធ្ងរណាស់ ដោយសារទោស នេះធ្ងន់ជាងបទល្មើសដ៏អាក្រក់បំផុតផ្សេងៗទៀតឆ្ងាយណាស់ ជាពិសេស គឺការសម្រេចផ្តន្ទាទោសលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតឲ្យជាប់ពន្ធនាគារត្រឹមតែ១៨ខែពីបទបាញ់ប្រហារលើក្រុមអ្នកតវ៉ាដែលជាកម្មកររោងចក្រកាត់ដេរ។
អ្នកស្រីបាននិយាយថា “វាអយុត្តិធម៌ណាស់ ដែលឈូក បណ្ឌិត ដែលបាញ់ប្រហារធ្វើឲ្យរបួសកម្មកររោងចក្រកាត់ដេរបីនាក់ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារតែ១ឆ្នាំកន្លះ ប៉ុន្តែ អ្នកស្រី ទេព វន្នី ដែលគ្រាន់តែតវ៉ាដើម្បីទាមទារសុំឲ្យមានការអន្តរាគមន៍ពី [លោក ហ៊ុនសែន] នោះ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ”៕ ស៊ុយឈាង