26 C
Phnom Penh

អាជីវករ​លក​់​ត្រី​​យកខេងត្រី​រៀបជារបាំង​បិទ​ច្រក​ព្រំដែន​​ប៉ោយប៉ែត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមអាជ្ញាធរក្រុងប៉ោយប៉ែតបានឱ្យដឹងថា អាជ្ញាធរថៃបានដកការដំឡើងភាស៊ីរហូតដល់៦០០ភាគរយលើអាជីវករលក់ត្រីកម្ពុជាចេញវិញហើយកាលពីម្សិលមិញ បន្ទាប់ពីអ្នកអូសរទេះដែលពោរពេញទៅដោយកំហឹងបានយកខេងត្រីនៅលើរទេះរៀបជារបាំងបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីម្សិលមិញដើម្បីជាការតវ៉ា។    អាជីវករប្រហែល២០០នាក់បានរៀបខេងត្រីនៅលើរទេះរបស់ខ្លួនជាច្រើនជួរតាមបណ្ដោយស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅខាងទឹកដីកម្ពុជាក្នុងខេត្តបន្ទាយមានជ័យ នេះបើយោងតាមលោក ជិន ពិសិដ្ឋ អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃនៃកងយោធពលខេរមភូមិន្ទ។

អាជីវករលក់ត្រីកម្ពុជាបានចូលទៅដល់ព្រំដែនខាងទឹកដីថៃនៅម៉ោងប្រហែល៩ព្រឹក ស្រាប់តែឃើញថាអាជ្ញាធរថៃបានដំឡើងភាស៊ីដោយគ្មានការជូនដំណឹងជាមុនពី១០ដុល្លារ រហូតដល់៧០ដុល្លារក្នុងត្រីមួយខេងដែលមានទម្ងន់ប្រហែល១០០គីឡូក្រាម។

លោកបានមានប្រសាសន៍ថា “ពួកគេដំឡើងភាស៊ីតាមអារម្មណ៍ដែលខ្លួនចង់”។

លោក ជិន ពិសិដ្ឋ បានលើកឡើងទៀតថា លោកជឿជាក់ថាអាជ្ញាធរថៃចង់រារាំងអាជីវករកម្ពុជាកុំឱ្យរកស៊ីនៅក្នុងប្រទេសរបស់ពួកគេ។

អាជីវករទាំងនេះដែលនិយាយថា គាត់គ្មានលទ្ធភាពបង់ថ្លៃភាស៊ីដែលត្រូវបានដំឡើងនោះ បានបិទផ្លូវអស់ប៉ុន្មានម៉ោងនៅពេលព្រឹក ដោយទាមទារឱ្យមានការយកភាស៊ីដូចដែលពួកគេធ្លាប់បង់ពីមុនមក ហើយបានស្នើឱ្យអាជ្ញាធរកម្ពុជាជួយអន្តរាគមន៍ នេះបើយោងតាមលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត។

អភិបាលក្រុងរូបនេះ និងមន្ត្រីកម្ពុជាផ្សេងៗទៀតបានឆ្លងកាត់ព្រំដែនទៅចរចាជាមួយអាជ្ញាធរថៃដោយទទួលបានជោគជ័យនៅក្នុងការធ្វើឲ្យមានការត្រឡប់មកយកភាស៊ី១០ដុល្លារដូចមុនវិញ។

លោក ង៉ោ ម៉េងជ្រួនបានបន្ថែមថា អ្នកតវ៉ាបានបំបែកគ្នាទៅវិញនៅម៉ោង១២និង១៥នាទីរសៀល បន្ទាប់ពីដឹងថា ការប្រឹងប្រែងរបស់ខ្លួនទទួលបានជោគជ័យ៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស