មន្ត្រីជាន់ខ្ពស់បួនរូបនៃសមាគមសិទ្ធិមនុស្សអាដហុកត្រូវបានសាលាឧទ្ធរណ៍បដិសេធសំណើសុំនៅក្រៅឃុំជាលើកទី៤កាលពីម្សិលមិញ ដោយបន្តឃុំខ្លួនពួកគេក្នុងពន្ធនាគារព្រៃសរាជធានីភ្នំពេញតទៅទៀត ខណៈរង់ចាំការជំនុំជម្រះរយៈពេលជិត១០ខែទៅហើយនោះ។
លោក ឡោ ជុនធី មេធាវីការពារក្តីអ្នកទាំងបួនបានមានប្រសាសន៍ថា តុលាការកំពូលនឹងពិចារណាសំណើសុំនៅក្រៅឃុំនេះនៅថ្ងៃច័ន្ទ។
លោក ឡោ ជុនធី បានថ្លែងថា លោក ផូ ពៅស៊ុន ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានបដិសេធសំណើសុំនៅក្រៅឃុំនេះ ព្រោះចៅក្រមស៊ើបសួរមិនទាន់បញ្ចប់ការពិនិត្យរឿងក្តីនេះនៅឡើយទេ។ លោកបន្ថែមថា ចៅក្រមក៏បានឆ្លើយតបផងដែរថា ដោយសារវាជារឿងក្តីព្រហ្មទណ្ឌ ដូច្នេះលោកចង់ឱ្យមានការធានាថា មន្ត្រីទាំងនេះនឹងមិនរត់ទៅណាឡើយ។
លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៅសមាគមសិទ្ធិមនុស្សអាដហុក និងអនុប្រធានរបស់លោកគឺលោក ណៃ វង់ដា និង លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី អ្នកស៊ើបអង្កេតជាន់ខ្ពស់ ត្រូវបានចោទប្រកាន់កាលពីខែឧសភាពីបទសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិឱ្យបដិសេធរឿងស្នេហាលួចលាក់។

លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងជាអតីតមន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុក ត្រូវបានចោទប្រកាន់ថាជាអ្នកសមគំនិត ហើយកំពុងត្រូវឃុំខ្លួននៅពន្ធនាគារប៉េហ្ស៊ី ស្ថិតក្នុងរាជធានីភ្នំពេញ ប៉ុន្តែមិនត្រូវបានរាប់បញ្ចូលក្នុងសវនាការកាលពីម្សិលមិញឡើយ។
លោក សំ ចាន់គា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍ថាបើអ្នកទោសទាំងនេះមិនត្រូវបានគេប្រើសម្រាប់ការចរចានយោបាយរវាងគណបក្សប្រជាជនកម្ពុជាកាន់អំណាច និងគណបក្សសង្គ្រោះជាតិទេនោះ ពួកគេប្រហែលជាត្រូវបានដោះដែលផងដែរ។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា គ្មានប្រយោជន៍អ្វីដែលតុលាការត្រូវបន្តឃុំខ្លួនពួកគាត់នោះឡើយ”។
ការឃុំខ្លួនពួកគាត់ត្រូវបានបន្តក្នុងខែតុលា បន្ទាប់ពីមន្ត្រីតុលាការបានសម្រេចថា ពួកគេត្រូវការពេល៦ខែទៀតដើម្បីស៊ើបអង្កេតករណីនេះ។ ប៉ុន្តែក្រុមអ្នករិះគន់អះអាងថា សាលាដំបូងរាជធានីភ្នំពេញមានចេតនាអូសបន្លាយរយៈពេលស៊ើបអង្កេត។
ក្រុមអ្នកយកព័ត៌មានមិនត្រូវបានអនុញ្ញាតឱ្យចូលស្តាប់សវនាការឡើយកាលពីម្សិលមិញ។ នៅពេលត្រូវបានទាក់ទងក្រោយមក ចៅក្រម ផូ ពៅស៊ុន បានអះអាងថា លោកបានតម្កល់សេចក្តីសម្រេចមិនផ្តល់ឱ្យនៅក្រៅឃុំ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។
នៅពេលដើរចេញពីសាលសវនាការ លោក យី សុខសាន្ត បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកគ្មានការភ្ញាក់ផ្អើលឡើយ ព្រោះតុលាការជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកបានថ្លែងថា “វាគ្មានអ្វីចម្លែកទេ ព្រោះតុលាការរបស់សម្តេច តេជោ ធ្វើតែអ៊ីចឹងឯង”។
លោកស្រី លឹម មុន្នី អះអាងថា លោកស្រីមិនត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំទេ ពីព្រោះការឃុំខ្លួនលោកស្រីគឺជា “រឿងនយោបាយ”។
លោកស្រីបានមានប្រសាសន៍ថា “តុលាការនៅក្នុងប្រទេសកម្ពុជាយើង ពួកគាត់មានចំណេះដឹង តែពួកគាត់មិនប្រើឆន្ទៈពិតប្រាកដរបស់ខ្លួនធ្វើការបម្រើប្រជាពលរដ្ឋឡើយ”៕សារុន