33 C
Phnom Penh

គណបក្ស​សង្គ្រោះជាតិ​ពន្លឿន​ការ​ជ្រើស​រើស​ប្រធាន​​អចិន្ត្រៃយ៍​​ថ្មី​​ ដោយ​ការ​តម្រូវ​​​របស់​ គ.ជ.ប.

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សសង្គ្រោះជាតិនឹងមានប្រធានអចិន្ត្រៃយ៍ថ្មីនៅចុងសប្ដាហ៍នេះ ដោយជំនួសលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលទើបតែលាលែងពីតំណែងថ្មីៗ ដើម្បីធានាថាគណបក្សនេះអាចយល់ព្រមជាផ្លូវការលើបញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតឃុំ- សង្កាត់នៅខែមិថុនា។   

សេចក្ដីសម្រេចនេះធ្វើឡើងខណៈគណបក្សនេះកំពុងខិតខំព្យាយាមសម្របខ្លួនទៅនឹងច្បាប់ស្ដីពីគណបក្សនយោបាយតាក់តែងឡើងវិញដោយគណបក្សប្រជាជនកម្ពុជា ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញដើម្បីរារាំងលោក សម រង្ស៊ី ដែលប្រឈមការជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ ពាក់ព័ន្ធការផ្ដន្ទាទោសដែលមជ្ឈដ្ឋានទូទៅមើលឃើញថាមានជាប់ពាក់ព័ន្ធរឿងនយោបាយនោះ មិនឱ្យមានសិទ្ធិឬសកម្មភាពនយោបាយណាមួយ។

cam-photo-sam-an-channa-KHMER-800x533សេចក្ដីសម្រេចរបស់គណបក្សសង្គ្រោះជាតិនៅក្នុងការបើកសមាជវិសាមញ្ញរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ដោយមិនធ្វើវានៅថ្ងៃទី១៨ ខែមេសា តាមការគ្រោងទុកនោះ នឹងអនុញ្ញាតឱ្យប្រធានថ្មីរបស់ខ្លួនដែលមជ្ឈដ្ឋានទូទៅរំពឹងថាគឺលោកប្រធានស្ដីទី កឹម សុខា នោះ ដាក់ជូនបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ- សង្កាត់នៅចុងសប្ដាហ៍ខាងមុខនេះ។

សេចក្ដីសម្រេចនេះកើតមានឡើងបន្ទាប់ពីសមាជិកគណបក្សប្រឆាំង ដែលកំពុងជាប់ពន្ធនាគារបីនាក់បានលាលែងពីតំណែងកាលពីសប្ដាហ៍មុន ដើម្បីគេចពីបញ្ហាដែលអាចបង្កឡើងដោយវិសោធនកម្មច្បាប់របស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានចាត់ទុកថា “ការវាយប្រហារចុងក្រោយ” ចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ច្បាប់ថ្មីនេះដែលត្រូវមានការអនុម័តយល់ព្រមពីព្រឹទ្ធសភា និងព្រះមហាក្សត្រមុនពេលចូលជាធរមាន នឹងផ្ដល់ឱ្យរដ្ឋាភិបាល និងតុលាការនូវអំណាចក្នុងការផ្អាកសកម្មភាព ឬរម្លាយគណបក្សនយោបាយជាគូប្រជែង ដែលថ្នាក់ដឹករបស់ខ្លួន មានជាប់ទាក់ទិននឹងការប្រព្រឹត្តបទល្មើសនានាដែលមិនមានចែងច្បាប់លាស់ ។

សេចក្ដីប្រកាសព័ត៌មាននេះដែលថា សមាជគណបក្សត្រូវបានកំណត់កាលបរិច្ឆេទជាថ្មីកើតមានឡើងបន្ទាប់ពីការសន្ទនាឆ្លើយឆ្លងតាមទូរស័ព្ទបានបែកធ្លាយកាលពីថ្ងៃសុក្រ ដែលក្នុងនោះគេបានឮលោក សម រង្ស៊ី ដែលលាលែងពីតំណែងជាប្រធានគណបក្ស ទំនងជាពិភាក្សាអំពីការកែប្រែរចនាសម្ព័ន្ធដឹកនាំជាមួយលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិតម្នាក់ក្នុងចំណោមមនុស្សជំនិតបំផុតៗរបស់លោក។

ប្រធានអចិន្ត្រៃយ៍ថ្មីមួយរូប និងអនុប្រធាននឹងត្រូវជ្រើសរើសអំឡុងសមាជគណបក្សនេះ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ប៉ុន្តែគណបក្សនេះនៅតែមិននិយាយឡើយកាលពីម្សិលមិញថាតើនរណាដែលនឹងបំពេញតំណែងទាំងនោះ។

លោក យឹម សុវណ្ណ បានលើកឡើងថា បេក្ខជននៅមិនទាន់សម្រេចនៅឡើយទេ។

លោកបានមានប្រសាសន៍ថា “ពីរឬបីថ្ងៃទៀតបានសម្រេច”។ លោកមានប្រសាសន៍បន្ថែមថា “គណបក្សសង្គ្រោះជាតិមិនគិតគូរលើរឿងអំណាច ឬតំណែងស្អីហ្នឹងទេ។ នរណាក៏ដូចនរណាដែរ ព្រោះសម្រេចលើយន្តការ”។

នៅក្នុងការសន្ទនាដែលទំនងជារវាងលោក សម រង្ស៊ី និងលោក យឹម សុវណ្ណ ដែលបែកធ្លាយតាមហ្វេសប៊ុកនោះ ពួកគាត់បានពិភាក្សាអំពីការតែងតាំងអនុប្រធានមួយចំនួន ដើម្បីកុំឱ្យងាយក្លាយជាមុខសញ្ញា។

បុរសម្នាក់ដែលមានសំឡេងស្រដៀងលោក សម រង្ស៊ី បាននិយាយថា “ខ្ញុំទើបបានដឹងរូបមន្ត រូបមន្តអនុប្រធានបី អាហ្នឹងល្អហើយ សុវណ្ណ”។ បុរសរូបនេះបាននិយាយបន្តថា “ធ្វើម៉េចរក្សាលំនឹងគណបក្សយើងរហូតទៅដល់ថ្ងៃបោះឆ្នោត ពីព្រោះគ្មានរូបមន្តណាល្អជាងហ្នឹងទេ”។

បុរសរូបនេះបានបន្ថែមទៀតថា “យើងដាក់ឱ្យច្រើនមួយចង្កោមអ៊ីចឹងវាស្រួល កុំឱ្យតែម្នាក់ឯងយើងទៅជាមុខសញ្ញា”។

រចនាសម្ព័ន្ធបែបនេះនឹងជាការផ្លាស់ប្ដូរដ៏សំខាន់ពីឋានានុក្រមដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធានតែម្នាក់គត់របស់លោក។

លោក យឹម សុវណ្ណ បដិសេធមិននិយាយឡើយកាលពីថ្ងៃសុក្រថា តើវាជាសំឡេងរបស់លោកឬយ៉ាងណានៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទនោះ ប៉ុន្តែលោកបានចោទសួរអំពីភាពស្របច្បាប់នៃការបែកធ្លាយនេះ។

លោកបានមានប្រសាសន៍ថា ”សូមសួររដ្ឋាភិបាល និងសួរម្ចាស់ Page ថាតើពួកគេអាចធ្វើរឿងនេះបានដោយរបៀបណា។ តើការអនុវត្តច្បាប់នៅឯណាទៅ? បងប្អូនដឹងហើយអ្វីដែលកើតឡើងនៅប្រទេសនីតិរដ្ឋមួយចំនួនដូចនៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុបជាដើម”។

លោក សម រង្ស៊ី ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការបែកធ្លាយនេះដែរ ប៉ុន្តែបានច្រានចោលការលើកឡើងដែលថា ការផ្ដល់យោបល់ដល់គណបក្សសង្គ្រោះជាតិ ជារឿងមិនត្រូវ ដោយសារលោកបានលាលែងពីតំណែងជាប្រធានគណបក្សរួចទៅហើយនោះ។

លោកបានលើកឡើងតាមរយៈអុីម៉េលមួយកាលពីថ្ងៃសុក្រថា “ខ្ញុំបានលាលែងតំណែងជាប្រធានគណបក្សសង្គ្រោះជាតិក៏ពិតមែន ប៉ុន្តែមិនបានបោះបង់ចោលបេសកកម្មរបស់ខ្ញុំទេនៅក្នុងការសង្គ្រោះប្រទេសទេ”។

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា សមាជគណបក្សនេះត្រូវបានធ្វើឡើងមុនការគ្រោងទុកដោយសារច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ចែងថា ប្រធានគណបក្សអចិន្ត្រៃយ៍តម្រូវឱ្យដាក់ជូនបញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា។

លោកស្រីបានមានប្រសាសន៍ថា “វាពាក់ព័ន្ធរឿងបញ្ជូនបញ្ជីឈ្មោះបេក្ខជនគណបក្សសម្រាប់ការបោះឆ្នោតឃុំ -សង្កាត់។ យោងតាមច្បាប់ គ.ជ.ប. ប្រធានគណបក្សគួរតែដាក់ជូនបញ្ជីឈ្មោះបេក្ខជន”។ លោកស្រីបានបន្ថែមថា បញ្ជីនេះត្រូវតែដាក់ជូននៅចន្លោះថ្ងៃសុក្រដល់ថ្ងៃអាទិត្យ។

អ្នកគាំទ្រគណបក្សសង្គ្រោះជាតិឈរនៅខាងក្រៅទីស្នាក់ការកណ្តាលរបស់គណបក្សក្នុងទីក្រុងភ្នំពេញ កាលពីខែកញ្ញា។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិឈរនៅខាងក្រៅទីស្នាក់ការកណ្តាលរបស់គណបក្សក្នុងទីក្រុងភ្នំពេញ កាលពីខែកញ្ញា។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

កាលពីថ្ងៃព្រហស្បតិ៍ លោក មាជ សុវណ្ណរា៉ មន្ត្រីគណបក្សសង្គ្រោះជាតិកំពុងជាប់ពន្ធនាគារ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងសមាជិកព្រឹទ្ធសភាលោក ហុង សុខហួរ បានដាក់លិខិតសុំលាលែងពីតំណែងរបស់ខ្លួន  នេះបើយោងតាមសហសេវិករបស់លោក។

លោក មាជ សុវណ្ណរា៉ និងលោក អ៊ុំ សំអាន ដែលសុទ្ធតែកំពុងអនុវត្តទោសជាប់ពន្ធនាគារយ៉ាងយូរពាក់ព័ន្ធការចោទប្រកាន់ដែលមជ្ឈដ្ឋានទូទៅដឹងថា មានជាប់ព័ន្ធរឿងនយោបាយនោះ បានលើកឡើងពី ”ហេតុផលផ្ទាល់ខ្លួន” នៅក្នុងលិខិតលាលែងរបស់ពួកគាត់ដែលផ្ញើជូនលេខាធិការដ្ឋានគណបក្សសង្គ្រោះជាតិ នេះបើយោងតាមលោក ប៉ុល ហំម ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សនេះ។

ដោយវាកើតមានឡើងមិនដល់ពីរសប្ដាហ៍ផងបន្ទាប់ពីការលាលែងពីតំណែងរបស់លោក សម រង្ស៊ី នោះ ពួកគាត់ទំនងជាកំពុងព្យាយាមដើម្បីទប់ស្កាត់វិធានការដែលអាចកើតមានឡើងណាមួយ ក្រោមប្រការថ្មីនៃច្បាប់ស្ដីពីគណបក្សនយោបាយនៅពេលវាចូលជាធរមាន។

លោក មាជ សុវណ្ណរា កំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ បន្ទាប់ពីត្រូវបានកាត់ឱ្យជាប់ទោសពីបទកុបកម្ម ដោយសារមានជាប់ពាក់ព័ន្ធនៅក្នុងការតវ៉ាឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ។ លោក អ៊ុំ សំអាន ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលជាង២ឆ្នាំកាលពីឆ្នាំមុន ពាក់ព័ន្ធការបង្ហោះសារតាមហ្វេសប៊ុករិះគន់ការកំណត់ព្រំដែនរបស់រដ្ឋាភិបាលជាមួយវៀតណាម។

សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង លោក ហុង សុខហួរ ដែលត្រូវបានចាប់ដាក់ពន្ធនាគារកាលពីខែសីហា តាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី  បន្ទាប់ពីវីដេអូឃ្លីបនៅលើអុីនធឺណិតបង្ហាញថាលោកបានធ្វើបទបង្ហាញសន្ធិសញ្ញាការទូតក្លែងជាមួយវៀតណាមនោះ ក៏បានលាលែងពីតំណែងដែរកាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមលោក ទាវ វណ្ណុល សមាជិកព្រឹទ្ធសភា និងជាប្រធានស្ដីទីគណបក្ស សម រង្ស៊ី។

លោក ទាវ វណ្ណុល បានលើកឡើងទៀតថា លោក ហុង សុខហួរ បានលើកឡើងពីវិសោធនកម្មថ្មីនេះ និងហានិភ័យដែលវាបង្កដល់គណបក្សប្រឆាំងរបស់លោក ដែលច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្សដើម្បីបង្កើតជាគណបក្សសង្គ្រោះជាតិនៅក្នុងឆ្នាំ២០១២  ប៉ុន្តែនៅតែមានអាសនៈនៅក្នុងព្រឹទ្ធសភា។

លោកបានមានប្រសាសន៍ថា “ពួកគេរកហេតុផលតាមយាយីគណបក្ស សម រង្ស៊ី ព្រោះឥឡូវនេះ លោក ហុង សុខហួរ កំពុងជាប់ពន្ធនាគារ។ នេះជាមូលហេតុដែលធ្វើឱ្យគាត់លាលែងពីតំណែង”៕ ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស