38.8 C
Phnom Penh

គណបក្សប្រជាជនកម្ពុជា​​​យកគំរូលោក ដូណាល់ ត្រាំ រឿងប្រព័ន្ធផ្សព្វផ្សាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុងការចូលរួមគាំទ្រដល់ប្រសាសន៍របស់បុរសខ្លាំងនៅទូទាំងទ្វីបនានា  លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ការពន្យល់មួយកាលពីម្សិលមិញ ទាក់ទិនការវាយប្រហារក្នុងពេលថ្មីៗរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកលើប្រព័ន្ធផ្សព្វផ្សាយ។

លោក ហ៊ុនសែន មានប្រសាសន៍អំឡុងពេលថ្លែងសុន្ទរកថានៅក្នុងរាជធានីភ្នំពេញដែលភាគច្រើនលើកកម្ពស់វិស័យទេសចរណ៍នោះថា”ដូណាល់ ត្រាំ គាត់មើលឃើញថា អាក្រុមហ្នឹងអនាធិតេយ្យបានជាគាត់ឈប់ឲ្យចូល[សេតវិមាន]…ព្រោះអ្នកខ្លះ[ប្រព័ន្ធផ្សព្វផ្សាយ] និយាយតែពីសិទ្ធិមនុស្សតែម៉ាមុខ អត់និយាយពីសន្តិភាព និងស្ថេរភាពទេ”។ ដោយថ្លែងទាក់ទិននឹងសន្តិភាព និងស្ថិរភាព លោក ហ៊ុន សែន បាននិយាយដដែលៗថា លោកបានជួយស្រោចស្រង់ប្រទេសកម្ពុជាចេញពីសង្គ្រាមនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងទសវត្សរ៍ឆ្នាំ១៩៨០ ហើយថា ការរក្សាសណ្តាប់ធ្នាប់គឺជាអាទិភាពទី១របស់លោក។

លោកបានសំដែងការអាណិតអាសូរចំពោះស្ថានភាពមិនប្រសើរនៅសហរដ្ឋអាេមរិក និងចំពោះប្រធានាធិបតីដែលកំពុងមានជម្លោះជាមួយប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធការផ្សាយព័ត៌មានដែលរិះគន់ធ្ងន់ៗ និងអ្នកដែលកាលពីថ្ងៃសុក្របានរារាំងប្រព័ន្ធផ្សព្វផ្សាយដូចជា The New York Times BBC និង CNN ជាដើម មិនឲ្យចូលរួមនៅក្នុងសន្និសីទសារព័ត៌មាន។ នៅកម្ពុជា ជម្លោះរវាងរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនមិនមែនជារឿងថ្មីទេ។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ”ឥឡូវចូលដល់ប្រទេសអាមេរិកខ្លួនឯងដាក់អាពួក ឥឡូវសូម្បីតែ CNN និង [ប្រព័ន្ធផ្សព្វផ្សាយ] មួយចំនួនលេងចូលសេតវិមានបានហើយ”។

លោកបន្តថា ” តិចទៅថ្កោលទោស ដូណាល់ ត្រាំ ថាផ្តាច់ការ ត្រឹមត្រូវហើយឲ្យអាមេរិកផ្តាច់ការមុនគេមុនឯងទៅ”។

លោក ហ៊ុន សែន ដែលជារឿយៗ គឺជាបុគ្គលរងការរិះគន់ពីសហរដ្ឋអាមេរិកពាក់ព័ន្ធការចោទប្រកាន់ដែលថា រដ្ឋាភិបាលរបស់លោកបានរំលោភបំពានសិទ្ធិមនុស្សនោះ ពេញចិត្តនឹងការឆ្លើយតបក្នុងលក្ខណៈគួរឲ្យព្រួយបារម្ភរបស់ពលរដ្ឋអាមេរិកជាច្រើនចំពោះការជ្រើសរើសលោក ដូណាល់ ត្រាំ និងអ្វីដែលពលរដ្ឋមួយចំនួនមើលឃើញថា ជារបៀបដឹកនាំផ្តាច់ការរបស់ប្រធានាធិបតីរូបនេះ។

cam-photo-trump-800x533ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីកាលពីម្សិលមិញ អំឡុងពិធីប្រារព្ធទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៧ កើតមានឡើង បន្ទាប់ពីមានការបង្ហោះសារតាមហ្វេសប៊ុកដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីកាលពីចុងសប្តាហ៍ដែលគំរាមចាត់វិធានការដែលមិនបានបញ្ជាក់ប្រឆាំងសំឡេងសហរដ្ឋអាមេរិក (VOA) ដែលទទួលបានការឧបត្ថម្ភពីអាមេរិក និងវិទ្យុអាស៊ីសេរី (RFA) ព្រមទាំងសំឡេងប្រជាធិបតេយ្យ (VOD) ដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

ពេលទាក់ទងកាលពីម្សិលមិញ លោក ផៃ ស៊ីផាន បានលើកឡើងម្តងទៀតអំពីការអះអាងរបស់លោកដែលថា ប្រព័ន្ធផ្សព្វផ្សាយ “ញុះញង់ប្រជាពលរដ្ឋឲ្យប្រឆាំងរដ្ឋាភិបាល” និងដើរតួនាទីជាតំណាងភ្នាក់ងារបរទេសដែលមិនត្រូវបានបញ្ជាក់ឲ្យដឹង។

ដោយនិយាយគាំទ្រការិះគន់រួមរបស់ជនផ្តាច់ការទូទាំងពិភពលោកនិងបុគ្គលម្នាក់ដែលត្រូវបានជ្រើសរើសដោយរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ លើប្រព័ន្ធផ្សព្វផ្សាយនោះ អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា “ពួកគេគឺជាផ្នែកនៃគណបក្សប្រឆាំង” ។

លោក ផៃ ស៊ីផាន បានគំរាម “បិទ និងទាត់ពួកគេចេញ” ព្រមទាំងចាប់អ្នកសារព័ត៌មានកម្ពុជាដែលបម្រើឲ្យប្រព័ន្ធផ្សព្វផ្សាយដែលរដ្ឋាភិបាលចាត់ទុកថា គ្មានវិជ្ជាជីវៈដាក់ពន្ធនាគារ។ នៅក្នុងការលើកឡើងដដែលនេះ អ្នកនាំពាក្យរូបនេះ បាននិយាយថា លោកចង់មានន័យថា ការលើកឡើងនេះគ្រាន់តែជាការ”ព្រមាន” ប៉ុណ្ណោះ  ហើយ “គ្មានបំណងបញ្ជូននរណាម្នាក់ទៅទីណាមួយ” នោះឡើយ។

លោក ផៃ ស៊ីផាន បានលើកឡើងទៀតថា លោក ហ៊ុន សែន មិនគ្រាន់តែកំពុងតាមដានលោក ដូណាល់ ត្រាំ ប៉ុណ្ណោះទេ ថែមទាំងតាមដានមេដឹកនាំក្នុងតំបន់ផងដែរ ដូចជាលោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីន និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃជាដើម។ មេដឹកនាំទាំងពីររូបនេះតែងតែនិយាយដោយមិនគោរពដល់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនោះឡើយ ហើយបានបង្កើតក្រុមមួយប្រឆាំងសេរីភាពសារព័ត៌មានផងដែរ។

លោក ផៃ ស៊ីផាន ថ្លែងថា “វាដល់ចំណុចរបត់មួយ…ប្រឆាំងប្រព័ន្ធផ្សព្វផ្សាយ”។

លោក លី ម៉ហ្គិនបេសស័រ (Lee Morgenbesser) ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Griffith ក្នុងប្រទេសអូស្ត្រាលី ដែលសិក្សាស្រាវជ្រាវលើការបោះឆ្នោតក្រោមរបបផ្តាច់ការបានលើកឡើងថា គណបក្សកាន់អំណាចនេះមើលទៅផ្តោតលើវោហារសាស្ត្ររបស់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ ច្រើនជាងគោលនយោបាយ។

លោកបានសរសេរក្នុងអីុម៉េលមួយថា “ក្នុងពេលបច្ចុប្បន្នថ្នាក់ដឹកនាំផ្តាច់ការជាច្រើន (ដូចជានៅក្នុងប្រទេសអេហ្ស៊ីប តួកគី និងសីុមបាវ៉េ) ជាដើមកំពុងប្រើប្រាស់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ ជាលេសសម្រាប់ពន្យល់ពីហេតុផលទាក់ទិនគោលនយោបាយដាក់កំហិតលើសេរីភាពបញ្ចេញមតិ”។

លោកលោកបានសរសេរបន្តថា “ដោយសារលោក ដូណាល់ ត្រាំ គឺជាអំណោយដ៏អស្ចារ្យសម្រាប់ជនផ្តាច់ការនៅគ្រប់ទីកន្លែងនោះ លោក ហ៊ុន សែន កំពុងតែទាញយកប្រយោជន៍ពីស្ថានភាពនេះនៅចំពោះមុខលោក។ បួនឆ្នាំបន្ទាប់កម្ពុជានឹងស្ថិតនៅលើគន្លងថ្មី”៕ ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស