41.3 C
Phnom Penh

មន្ត្រី​​​ម្នាក់​​​និយាយ​​​ថា ទាហាន​​​ឡាវ​​​​​​ជីក​​​លេណដ្ឋាន​​​​​​ក្នុង​​​ទឹក​​​ដី​​​កម្ពុជា​​​​រារាំង​ការ​ស្ថាបនា​ផ្លូវ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា ទាហានឡាវបានចាប់ផ្តើមជីកលេណដ្ឋាននៅក្នុងទឹកដីកម្ពុជា ដើម្បីធ្វើឱ្យប្រាកដថាការស្ថាបនាផ្លូវមួយខ្សែដ៏ចម្រូងចម្រាសមិនអាចចាប់ផ្ដើមជាថ្មីបានឡើយ ខណៈដែលអាជ្ញាធរនៃប្រទេសទាំងពីរបានបន្តខ្វែងគំនិតគ្នាជុំវិញជម្លោះនេះ។

ការស្ថាបនាផ្លូវមួយខ្សែប្រវែង២៥៧គីឡូម៉ែត្រក្នុងខេត្តស្ទឹងត្រែង ចាប់ពីក្រុងស្ទឹងត្រែងដល់ស្រុកសៀមប៉ាង ត្រូវបានផ្អាកក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក្រោយពីទាហានប្រដាប់អាវុធឡាវជាង៤០០នាក់បានចូលមកក្នុងទឹកដីកម្ពុជារារាំងមិនឱ្យបន្តដំណើរការនេះ។ ជាការឆ្លើយតប ទាហានកម្ពុជាត្រូវបានបញ្ជូនទៅកាន់ព្រំដែនដើម្បីតតាំងនឹងការដាក់ពង្រាយកម្លាំងនេះ។

WP-LastImage-52-800x533ស្ថានភាពនេះគ្មានអ្វីប្រែប្រួលឡើយចាប់តាំងពីត្រូវបានរាយការណ៍ដំបូងដោយអាជ្ញាធរកាលពីសប្ដាហ៍មុន។ បើទោះជារដ្ឋាភិបាលប្រឹងប្រែងនិយាយសម្រាលជម្លោះនេះក៏ដោយ ក៏លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែងបានមានប្រសាសន៍កាលពីម្សិលមិញថា ការចរចាមិនទាន់មានដំណោះស្រាយផ្លែផ្កានៅឡើយទេ។

លោកបានមានប្រសាសន៍បន្ទាប់ពីជំនួបថ្មីបំផុតកាលពីម្សិលមិញថា “ជំនួបនេះមិនទាន់សម្រេចបានលទ្ធផលជាផ្លែផ្កានៅឡើយទេ ពីព្រោះភាគីឡាវមិនទាន់ព្រមព្រៀងជាមួយយើងនៅឡើយ”។

លោកបានមានប្រសាសន៍បន្ថែមថា “យើងនៅតែប្រកាន់ជំហរដដែល គឺថាត្រូវបន្តស្ថាបនា ្លូវនេះ ពីព្រោះវាជាផែនការរបស់រដ្ឋាភិបាល ប៉ុន្តែខាងភាគីឡាវមិនព្រមព្រៀងជាមួយយើងឡើយ”។

ខណៈការចរចាបានជាប់គាំង លោក ដួង ពៅ បានមានប្រសាសន៍ថា ទាហានឡាវបាន”ចាប់ផ្ដើមជីកលេណដ្ឋានដើម្បីរារាំងយើងមិនឱ្យបន្តការស្ថាបនាផ្លូវនេះ”។ លោកមានប្រសាសន៍ថា “ពួកគេសង្ស័យថា វាអាចប៉ះពាល់ដល់បន្ទាត់ព្រំដែនរបស់ប្រទេសគេ”។

ទោះជាយ៉ាងណា លោក ដួង ពៅ នៅតែមានគំនិតសុទិដ្ឋិនិយមថា ជម្លោះនេះនឹងអាចដោះស្រាយបាន។

លោកបានមានប្រសាសន៍ថា “យើងនៅតែព្យាយាមអត់ធ្មត់ដដែលដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហានេះដោយសន្តិវិធី ព្រោះយើងមិនចង់ឱ្យជម្លោះកាន់តែធំទៅរវាងគ្នានិងគ្នាឡើយ”។ លោកបានបន្ថែមថា មន្ត្រីឡាវបានលើកឡើងថាពួកគេនឹងស្នើឱ្យមន្ត្រីថ្នាក់ជាតិចុះមកពិនិត្យដល់ទីកន្លែង។

លោកបានថ្លែងថា របាយការណ៍របស់មន្ត្រីកម្ពុជានឹងត្រូវដាក់ជូនលោក មុំ សារឿន អភិបាលខេត្តនៅថ្ងៃនេះមុនពេលបញ្ជូនទៅថ្នាក់លើ។

លោកអភិបាលខេត្តបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ចំណែកលោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តបានថ្លែងថា “លោកមិនហ៊ានធ្វើអត្ថាធិប្បាយ” មុនទទួលបានរបាយការណ៍បញ្ជាក់ពីស្ថានភាពបច្ចុប្បន្នឡើយ។

គេមិនអាចទាក់ទងក្រុមមន្ត្រីក្រសួងការពារជាតិបានទេ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស