ក្រសួងព័ត៌មានបានលើកឡើងក្នុងសេចក្តី ប្រកាសព័ត៌មានដែលចេញពីម្សិលមិញ បន្ទាប់ពីមានការសើុបអង្កេតក្នុងរយៈពេលខ្លីថា ក្រុមអ្នកសារព័ត៌មានបានចូលទៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីដែលត្រូវបានសង្ស័យថា កាប់ឈើខុសច្បាប់ ដោយគំរាមចាប់ពួកគាត់ដាក់ខ្នោះ បើសិនមិនបើកទ្វារឲ្យពួកគេឆែកឆេរ និងបង្ហាញឈើដែលពួកគាត់ស្តុតទុកទេនោះ។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងនេះបានលើកឡើងថា ក្រសួងនឹងមិនចាត់វិធានការផ្លូវច្បាប់ណាមួយឡើយ ហើយជាជំនួសនឹងអនុញ្ញាតឲ្យសាលាដំបូងខេត្តសម្រេចថា តើត្រូវបន្តដោះស្រាយដោយរបៀបណាលើពាក្យបណ្តឹងដែលដាក់ប្តឹងដោយអ្នកភូមិរងគ្រោះ។
សេចក្តីប្រកាសព័ត៌មាននេះក៏បានលើកឡើងផងដែរថា ក្រសួងរកមិនឃើញភ័ស្តុតាងគាំទ្រការអះអាងរបស់ក្រុមអ្នកសារព័ត៌មានដែលថា អ្នកភូមិនៅក្នុងស្រុកវើនសៃ ខេត្តរតនគិរីប៉ុនប៉ងធ្វើឃាតអ្នកសារព័ត៌មានក្នុងស្រុក៦នាក់នៅក្នុងជម្លោះពាក់ព័ន្ធការកាប់ឈើខុសច្បាប់នោះឡើយ។
សេចក្តីប្រកាសព័ត៌មាននេះមានខ្លឹមសារថា “គ្មានហេតុផលណាមួយ ដែលអាចធ្វើការសន្និដ្ឋានបានថា មានការប៉ុនប៉ងធ្វើឃាតលើក្រុមអ្នកសារព័ត៌មានទាំងនោះឡើយ”។
ក្រសួងបានចាប់ផ្តើមបើកការសើុបអង្កេត បន្ទាប់ពីក្រុមអ្នកសារព័ត៌មានបានអះអាងថា រថយន្តតូយ៉ូតាកាមរីរបស់ពួកគេត្រូវបានបុកកម្ទេចកាលពីដើមខែនេះ ដោយក្រុមអ្នកភូមិពោរពេញទៅដោយកំហឹងនៅក្នុងឃុំកោះពាក្យ ដែលពួកគេលើកឡើងថា បានវាយដំមកលើពួកគេ ពេលបញ្ចប់ដំណើរចុះយកព័ត៌មាន។
តំណាងក្រសួងបានលើកឡើងនៅពេលនោះថា អ្នកភូមិដែលមានជាប់ពាក់ព័ន្ធនឹងការរកស៊ីឈើទ្រង់ទ្រាយតូចបានចោទប្រកាន់បកទៅក្រុមអ្នកសារព័ត៌មានវិញថា បានដើរទារប្រាក់ពីផ្ទះមួយទៅ ផ្ទះមួយដើម្បីជាថ្នូរនឹងការមិនរាយការណ៍អំពីសកម្មភាពកាប់ឈើរបស់ពួកគាត់។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចេញកាលពីម្សិលមិញដោយគាំទ្រអ្នកភូមិនោះ ក្រសួងព័ត៌មានបានលើកឡើងថា ក្រសួង”សូមអំពាវនាវឲ្យអ្នកសារព័ត៌មានគោរពឲ្យបាននូវគោលការណ៍នៃវិជ្ជាជីវៈសារព័ត៌មាន”។
ក្រសួងបានលើកឡើងបន្តថា ផ្ទះពលរដ្ឋសុទ្ធតែធ្វើពីឈើហើយក៏មានឈើក្តារបួនដប់ដុំរៀងៗគ្រួសារដែរ។
លោក សុខ សុវណ្ណ អ្នកសារព័ត៌មានម្នាក់ក្នុងចំណោមអ្នកសារព័ត៌មាន៦នាក់ដែលបានដាក់ពាក្យបណ្តឹងបាននិយាយថា ការសើុប អង្កេតរបស់ក្រសួងមិនត្រឹមត្រូវទេ ព្រោះក្រសួង “ប្រមូលព័ត៌មានតែពីនគរបាល”។
លោកបាននិយាយថា “យើងមិនបានឆែកឆេរផ្ទះប្រជាពលរដ្ឋ ដូចក្រសួងព័ត៌មានបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននោះឡើយ ហើយការពន្យល់របស់ក្រសួងមិនត្រឹមត្រូវទេ”។
លោកបានបន្ថែមថា “ខ្ញុំគិតថា មន្ត្រីមកពីក្រសួងព័ត៌មានគ្មានបទពិសោធន៍គ្រប់គ្រាន់នៅក្នុងការធ្វើការសើុបអង្កេតនេះឡើយ ព្រោះពួកគេមិនបានប្រមូលព័ត៌មានពីក្រុមអ្នកសារព័ត៌មានរបស់យើងទេ”។
ទោះជាយ៉ាងណា លោក អ៊ុក គឹមសេង អ្នកនាំាពាក្យក្រសួងព័ត៌មានបានលើកឡើងថា លទ្ធផលនៃការសើុបអង្កេតហ្មត់ចត់ និងអព្យាក្រឹត។
លោកបានមានប្រសាសន៍ថា “យើងមិនមែនប្រមូលព័ត៌មានតែពីភាគីខាងនគរបាលនោះទេ។ ក្រុមរបស់យើងបានចុះទៅកន្លែងនោះ ហើយយើងបានស្នើសុំឲ្យអ្នកសារព័ត៌មាន៦នាក់បង្ហាញភ័ស្តុតាង ប៉ុន្តែ ពួកគាត់គ្មានភ័ស្តុតាងបង្ហាញឡើយ”។ លោកបានបន្ថែមថា វាស្រេចតែសាលាដំបូងខេត្តទេក្នុងការសម្រេចថា តើត្រូវចាត់វិធានការផ្លូវច្បាប់ ឬយ៉ាងណានោះ៕ស៊ុយឈាង