34 C
Phnom Penh

កម្ពុជា​​ស្នើ​ឱ្យ​មាន​​ការ​កែប្រែ​​​កិច្ច​​​ព្រមព្រៀង​​​បញ្ជូន​​​ពលរដ្ឋពី​​​អាមេរិក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា ក្នុងការខិតខំប្រឹងប្រែងធ្វើយ៉ាងណាកុំឱ្យមានការបញ្ជូនពលរដ្ឋកម្ពុជាដែលរងការគំរាមកំហែងពីសហរដ្ឋអាមេរិកមកកម្ពុជាវិញទាំងក្រុមគ្រួសារនោះ ក្រសួងការបរទេសមានគម្រោងផ្ដល់ជូនសហរដ្ឋអាមេរិកនូវកំណែប្រែថ្មីនៃកិច្ចព្រមព្រៀងមាតុភូមិនិវត្តន៍រវាងប្រទេសទាំងពីរ។

លោក អ៊ូច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសបានមានប្រសាសន៍ថា ក្រសួងកំពុងពិនិត្យមើលអនុស្សរណៈនៃការយោគយល់ (MoU) ឆ្នាំ២០០២ ដែលអនុញ្ញាតឱ្យមានការបញ្ជូនពលរដ្ឋកម្ពុជាដែលត្រូវបានផ្ដន្ទាទោសពាក់ព័ន្ធបទឧក្រិដ្ឋនៅសហរដ្ឋអាមេរិកត្រឡប់មកវិញ ដោយផ្អែកលើច្បាប់អន្តរជាតិ និងច្បាប់ស្ដីពីសិទ្ធិមនុស្ស។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសថ្លែងអំឡុងសន្និបាតបូកសរុបលទ្ធផលការងារនៅទីស្តីការក្រសួងស្ថិតក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ Emil Kastrup/ The Cambodia Daily
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសថ្លែងអំឡុងសន្និបាតបូកសរុបលទ្ធផលការងារនៅទីស្តីការក្រសួងស្ថិតក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ Emil Kastrup/ The Cambodia Daily

លោកបានថ្លែងថា ក្រសួងចង់ធ្វើវិសោធនកម្មMoUនេះ ពីព្រោះអ្នកដែលត្រូវបានបញ្ជូនត្រឡប់មកវិញនោះ ”គឺជាសាច់ឈាមខ្មែររបស់យើង” ហើយដោយសារពលរដ្ឋខ្មែរឆ្អែតឆ្អន់នឹងការបែកពីក្រុមគ្រួសាររបស់ខ្លួនយូរលង់ណាស់មកហើយ។

លោកបានមានប្រសាសន៍បន្តថា “ពលរដ្ឋខ្មែរប្រហែលជាគ្រប់គ្រាន់ពីរឿងនេះហើយ។ ដូច្នេះហើយ មិនចង់បន្តឱ្យមានការបែកពីគ្រួសារទៀតទេ”។

លោក អ៊ូច បូរិទ្ធ បានថ្លែងទៅកាន់អ្នកយកព័ត៌មានអំឡុងសន្និបាតបូកសរុបលទ្ធផលការងារថ្ងៃទី១នៃសន្និបាតដែលមានរយៈពេលពីរថ្ងៃនៅទីស្ដីការក្រសួងក្នុងរាជធានីភ្នំពេញថា ក្រសួងទទួលបានសំណើពីពលរដ្ឋកម្ពុជាដែលរស់នៅសហរដ្ឋអាមេរិក ហើយក៏ទទួលបានពីសំណើពីសាច់ញាតិរបស់ពួកគេផងដែរ។

លោកបានថ្លែងថា ក្រសួងកំពុងវាយតម្លៃចំណុចនីមួយៗនៃ MoU នេះ ហើយស្នើឱ្យសហរដ្ឋអាមេរិកសហការធ្វើយ៉ាងណាឱ្យមានការកែប្រែសមស្របណាមួយ។ លោកបានបន្តថា ”យើងនឹងបញ្ជូនសំណើនេះទៅឱ្យសហរដ្ឋអាមេរិកពិនិត្យក្នុងពេលឆាប់ៗនេះ”។

ក្រសួងបានស្នើកាលពីខែតុលាឱ្យផ្អាកកិច្ចព្រមព្រៀងនេះជាបណ្ដោះអាសន្នសិន រហូតដល់មានការកែប្រែ “ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវ  និងឱ្យនិវត្តជនទាំងនេះសម្របខ្លួនក្នុងសង្គមកម្ពុជាវិញសិន។ ស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញបានលើកឡើងនៅពេលនោះថា MoU នេះ នៅមានប្រសិទ្ធភាពដដែល ហើយគ្មានការកែប្រែឡើយ។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសថ្លែងអំឡុងសន្និបាតបូកសរុបលទ្ធផលការងារនៅទីស្តីការក្រសួងស្ថិតក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ Emil Kastrup/ The Cambodia Daily
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសថ្លែងអំឡុងសន្និបាតបូកសរុបលទ្ធផលការងារនៅទីស្តីការក្រសួងស្ថិតក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ Emil Kastrup/ The Cambodia Daily

នៅក្នុងអុីម៉េលកាលពីម្សិលមិញ លោក David Josar អ្នកនាំពាក្យរងនៅស្ថានទូតអាមេរិកបានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានប្រាប់ស្ថានទូតពីបំណងរបស់ខ្លួនឱ្យមានការពិភាក្សាឡើងវិញពីចំណុចមួយចំនួននៃ MoU នេះ ដែលរួមមានចំណុចដែលអនុញ្ញាតឱ្យប្រទេសទាំងពីរកោះប្រជុំគណៈកម្មការទ្វេភាគីដើម្បីពិភាក្សាបញ្ហាគោលនយោបាយមាតុភូមិនិវត្តន៍នេះ។ លោកបានថ្លែងថា គេរំពឹងថាគណៈកម្មការនឹងកោះប្រជុំក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ពលរដ្ឋកម្ពុជាជាង៥០០នាក់ត្រូវបានបញ្ជូនពីសហរដ្ឋអាមេរិកមកកម្ពុជាវិញចាប់តាំងពីឆ្នាំ២០០២មក នេះបើយោងតាមលើកឡើងរបស់មណ្ឌលទ្រទ្រង់ជនមាតុភូមិនិវត្តន៍សមាហរណកម្ម ជាអង្គការមិនមែនរដ្ឋាភិបាលដែលជួយពលរដ្ឋកម្ពុជាពេលពួកគេត្រឡប់ មកដល់ប្រទេសវិញ។

និវត្តជនជាច្រើនបានកើតក្នុងជំរំជនភៀសខ្លួនក្នុងទឹកដីថៃ ហើយបានធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិកក្នុងវ័យកុមារ ហើយមិនដែលបានរស់នៅក្នុងប្រទេសកម្ពុជាទេ។

កាលពីដើមខែនេះ ក្រុមមន្ត្រីបានលើកឡើងថា កម្ពុជានឹងទទួលយកពលរដ្ឋរបស់ខ្លួនជាង៣០នាក់ ដែលគ្រោងបញ្ជូនពីសហរដ្ឋអាមេរិកមកវិញ ហើយទន្ទឹមនឹងនោះដែរក៏បានបញ្ជាក់ឡើងពីបំណងរបស់ខ្លួនឱ្យមានការកែប្រែកិច្ចព្រមព្រៀងមាតុភូមិនិវត្តន៍ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌។

ក្រុមមួយដែលបាននិងកំពុងជួយនិវត្តជនទាំងនោះឈ្មោះថា I Love Cambodia បានអំពាវនាវឱ្យមានការតវ៉ាជំទាស់នឹងការបញ្ជូនត្រឡប់មកវិញនេះ៕ សារុន (រាយការណ៍បន្ថែមដោយ Matt Surrusco)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស