35 C
Phnom Penh

លោក ហ៊ុន សែន សម្ពោធ​អគារ​សិក្សា​ ដោយមានការ​ព្រមាន​អំពីសង្គ្រាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយការបោះឆ្នោតឃុំ-សង្កាត់ដ៏សំខាន់កាន់តែខិតជិតមកដល់ ហើយការបោះឆ្នោតជាតិគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិល មិញបានក្រើនរំឭកពលរដ្ឋខ្មែរជាថ្មីថា ការបោះឆ្នោតឲ្យនរណាផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចដុះស្លែ គឺជាការបោះឆ្នោតដែលអូសទាញប្រទេសកម្ពុជាឲ្យធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលដ៏បង្ហូរឈាមម្តងទៀត។

នៅមុនការបោះឆ្នោតជាតិកាលពីបួនឆ្នាំមុន គណបក្សសង្គ្រោះជាតិបានប្រើប្រាស់ពាក្យសន្យា “ផ្លាស់ប្តូរ” ដើម្បីទទួលបានប្រជាប្រិយភាព ដោយប្រើពាក្យនេះនៅក្នុងការធ្វើយុទ្ធនាការឃោសនា ដែលធ្វើឲ្យលោកហ៊ុន សែន ទទួលបានលទ្ធផលដ៏អាក្រក់មិនធ្លាប់មាននៅក្នុងរយៈពេល២០ឆ្នាំមកនេះអំឡុងការបោះឆ្នោត ហើយស្ទើរតែចាញ់ការបោះឆ្នោតទៀតនោះ។

WP-LastImage-71-800x533ប៉ុន្តែអំឡុងពិធីសម្ពោធអគារសិក្សានិងទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន បឹងកុក ក្នុងខេត្តកំពង់ចាមកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាបានផ្តល់ការផ្លាស់ប្តូរទាំងអស់ដែលកម្ពុជាត្រូវការហើយ ហើយបានព្រមាន ថា ការផ្លាស់ប្តូរដែលអ្នកផ្សេងជាអ្នកផ្តល់ឲ្យមានតែធ្វើឲ្យប្រទេសអន្តរាយទៅវិញទេ។

លោកបានមានប្រសាសន៍ថា “ប្រយ័ត្នមែនទែន អាការសន្យាហើយស្រាប់តែអន្តរាយដល់ជីវិត ប្រទេសច្របូកច្របល់”។ លោកបានមានប្រសាសន៍បន្ថែមថា “តើចាំបានទេដូរពីរបបសម្តេច នរោត្តម សីហនុ ទៅកាន់របប លន់ នល់ សង្គ្រាមផ្ទុះភឹង ស្លាប់អស់ប៉ុន្មាន?”។

រដ្ឋប្រហារឆ្នាំ១៩៧០នោះបានធ្វើឲ្យប្រទេសធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលរយៈពេល៥ឆ្នាំដែលបានបញ្ចប់ដោយសារជ័យជម្នះរបស់ខ្មែរក្រហម ដែលធ្វើឲ្យប្រជាពលរដ្ឋប្រហែល១ភាគ៤ស្លាប់ដោយសារជំងឺភាពអត់ឃ្លានការធ្វើការងារហួសកម្លាំងនិងការសម្លាប់រង្គាលអំឡុងរបបដើរតាមលទ្ធិម៉ាក្សនិយមដ៏គួរឲ្យភ័យខ្លាចរបស់ខ្លួន។ លោក ហ៊ុន សែន មិនបានលើកឡើងថា លោកគឺជាទាហានថ្មើរជើងម្នាក់នៅក្នុងកងកម្លាំងដែលជួយឲ្យខ្មែរក្រហមបានឡើងកាន់អំណាចនោះឡើយ។

នៅក្នុងការថ្លែងសុន្ទរកថាពោរពេញទៅដោយវោហារសាស្ត្រមួយផ្សេងទៀត លោកបានគំរាមអ្នកបោះឆ្នោតដែលគិតចង់ផ្លាស់ប្តូរមេដឹកនាំដោយលើកយកភាពចលាចលដែលធ្វើឲ្យផ្នែកខ្លះនៅតំបន់មជ្ឈិមបូព៌ាជាប់គាំងជាឧទាហរណ៍។

លោកបានមានប្រសាសន៍ថា “មើលចុះ នៅប្រទេសលីប៊ី សីរ៉ី អីុរ៉ាក់ តើលទ្ធផលបានមកស្អី? គឺស្លាប់រាល់ថ្ងៃ ហ្នឹងហើយការសន្យា”។លោកបានមានប្រសាសន៍បន្តទៀតថា “ចង់សម្លាប់ សាដាម ហ៊ូសសេន មួយ តើពេលនេះកើត សាដាម ហ៊ូសសេន ប៉ុន្មានហើយនៅទូទាំងប្រទេសអីុរ៉ាក់ ចង់សម្លាប់ ហ្គាដាហ្វី មួយ តើកើត ហ្គាដាហ្វី ប៉ុន្មាន?  ហើយស្លាប់មនុស្សអស់ប៉ុន្មាន?”។

លោកបានសួរអ្នកចូលរួមយ៉ាងច្រើនអំឡុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សានិងទីចាត់ការនេះថា “ឥឡូវចង់សម្លាប់ ហ៊ុន សែន ចង់ផ្តួល ហ៊ុន សែន តើនឹងមានស្អីនៅខាងមុខ?”។ លោកបានបន្ថែមទៀតថា “នេះជាចំណុចដាក់ជាសញ្ញាសួរមួយឲ្យឃើញ ថា តើខ្លួននៅមានស្ថិរភាពអង្គុយរបៀបហ្នឹងទេ”។

លោក ហ៊ុន សែន បានធ្វើឲ្យការក្តោបក្តាប់អំណាចរបស់ខ្លួនក្នុងនាមជានាយករដ្ឋមន្ត្រីបានរឹងមាំក្នុងរយៈពេល៣២ឆ្នាំមកនេះ ដោយសារការប្រើប្រាស់វោហារសាស្ត្របែបនេះ ដោយដាក់ឈ្មោះឲ្យខ្លួនឯងថា ជាអ្នករំដោះជាតិហើយបានសន្យាស្ថាបនាផ្លូវ និងសាងសង់សាលារៀនឲ្យបានច្រើនថែមទៀត ប្រសិនបើលោកនៅតែកាន់អំណាចហើយស្របពេលដំណាលគ្នាក៏ព្រមានដល់ការបាត់បង់ជីវិត និងការអន្តររាយដែរ ប្រសិន បើលោកមិនបាននៅកាន់អំណាចតទៅមុខទៀតនោះ។ ដោយមិនដែលចាញ់ទាល់តែសោះ វោហារសាស្ត្របែបនេះតែងតែកើតមានឡើងនៅមុនរាល់ការបោះឆ្នោតដែលនឹងមកដល់។ ការបោះឆ្នោតឃុំសង្កាត់នឹងធ្វើឡើងនៅថ្ងៃទី៤ខែមិថុនា។

ទោះជាយ៉ាងណាបច្ចុប្បន្ន ពលរដ្ឋខ្មែរភាគច្រើនគឺជាយុវជនដែលនៅក្មេងខ្ចីមិនធ្លាប់ឆ្លងកាត់សោកនាដកម្មទាំងនោះឡើយ ហើយអ្នកសង្កេតការណ៍បោះឆ្នោតជាច្រើនបានលើកឡើងថា សម្រាប់អ្នកបោះឆ្នោតជាច្រើន ការសន្យាដដែលៗថា នឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែច្រើនថែមទៀត ដោយគ្មានការធ្វើកំណែទម្រង់ពិតប្រាកដនោះ ហាក់បីដូចជាលែងចូលត្រចៀកពួកគាត់ទៀតហើយ។ ពួកគេសំដៅដល់ការទទួលបានជោគជ័យដ៏ធំរបស់គណបក្សប្រឆាំង អំឡុងការបោះឆ្នោតក្នុងឆ្នាំ២០១៣ ជាភ័ស្តុតាង។

ការយកស្ថានភាពនៅតំបន់មជ្ឈិមបូពា៌មកធ្វើជាឧទាហរណ៍របស់លោក ហ៊ុន សែន បានធ្វើឲ្យលោកទទួលបានប្រយោជន៍ពីសម័យបច្ចុប្បន្នដោយសារការលើកយករឿងអតីតកាលយកមកគំរាម។លោកចូលចិត្តហៅការងើបឡើងប៉ះបោរប្រដាប់អាវុធនៅក្នុងតំបន់នេះថា ជា “បដិវត្តន៍ពណ៌” ប៉ុន្តែ តាមពិតមិនមែនជាបដិវត្តន៍ពណ៌ទេ ហើយបានយកពាក្យដដែលនេះប្រើចំពោះមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។

លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)បានលើកឡើងកាលពីម្សិលមិញថា លោកនាយករដ្ឋមន្ត្រីក៏បានយកការតស៊ូប្រដាប់អាវុធកាលពីអតីតកាលនៅក្នុងប្រទេសផ្សេងៗមកលាយឡំជាមួួយបញ្ហាលទ្ធិប្រជាធិបតេយ្យដែលលោកកំពុងប្រឈមនៅក្នុងប្រទេសនាពេលសព្វថ្ងៃផងដែរ។

លោកបានមានប្រសាសន៍ថា “យើងមិនអាចប្រើប្រាស់ប្រវត្តិសាស្ត្ររបស់ប្រទេសទាំងនោះ ឬប្រវត្តិសាស្រ្តបស់ប្រទេសកម្ពុជាដើម្បីប្រៀបធៀបការផ្លាស់ប្តូរ [មេដឹកនាំ] បានឡើយ ព្រោះការផ្លាស់ប្តូរទាំងនោះកើតមានឡើងដោយសារកងកម្លាំងប្រដាប់អាវុធ ឬក្រុមបះបោរផ្តួលរំលំរដ្ឋាភិបាល”។

លោកបានបន្ថែមថា “ហេតុដូច្នេះការផ្លាស់ប្តូរណាមួយតាមរយៈគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដោយមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះ ខ្ញុំគិតថា វាមិនបង្កឲ្យកើតមានជាសង្គ្រាម ឬអស្ថិរភាពនោះឡើយ”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស