34 C
Phnom Penh

​​កម្ពុជា​​​លុប​​​​​​ចោល​ការ​​ធ្វើ​សម​យុទ្ធ ​​យោ​​ធា​​​​​​ជាមួយ​​​​​​អូស្ត្រាលី​​​ ​​​ដោយ​​​ងាក​កាន់​តែ​ខ្លាំង​​​​​​​ទៅ​​​រក​​​​​ប្រទេសចិន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយងាកចេញកាន់តែឆ្ងាយពីដៃគូពីមុន ប្រទេសកម្ពុជាបានលុបចោលសមយុទ្ធយោធាដែលបានគ្រោងទុកជាមួយអូស្ត្រាលី ដោយស្ដែងចេញឱ្យឃើញពីភាពស្មោះស្ម័គ្ររបស់ខ្លួនជាថ្មីម្ដងទៀតទៅរកប្រទេសចិន។ មន្ត្រីរូបនេះបាននិយាយថា ឥឡូវនេះ ដោយបានផ្អាកសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលីនោះ រាល់សមយុទ្ធយោធាទាំងអស់របស់កម្ពុជាត្រូវបានគាំទ្រដោយចិន។

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ថា ”យើងបានផ្អាកសមយុទ្ធជាមួយអូស្ត្រាលីមួយរយៈ។ យើងបានផ្អាកសមយុទ្ធជាមួយប្រទេសជាច្រើនទៀត ពីព្រោះរដ្ឋាភិបាលចង់ប្រមូលកម្លាំងប្រដាប់អាវុធដើម្បីការពារសន្តិសុខអំឡុងការបោះឆ្នោតនាពេលខាងមុខ”។

បើទោះជាលោក ឈុំ សុជាតិ មិនបានលើកឡើងពីប្រទេសដែលបានផ្អាកការសមយុទ្ធរួមក៏ដោយ តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺយោធាបានលុបចោលផែនការធ្វើសមយុទ្ធជាមួយអាមេរិក ប៉ុន្តែមិនបានលុបចោលសមយុទ្ធជាមួយចិនទេ។

កាលពីខែធ្នូ កម្ពុជានិងចិនបានធ្វើសមយុទ្ធដ៏ធំបំផុតដែលមានទាហានរហូតដល់១.០០០នាក់នៅបន្ទាយយោធាដ៏ធំរបស់កម្ពុជាក្នុងខេត្តកំពង់ស្ពឺ ជាផ្នែកមួយនៃសមយុទ្ធ “នាគមាស”។ នៅខែបន្ទាប់ កម្ពុជាបានលុបចោលសមយុទ្ធ “ឆ្មាំអង្គរ” ដែលធ្វើឡើងជាទៀងទាត់ជាមួយសហរដ្ឋអាមេរិក។

ឧត្ដមសេនីយ៍ ឈុំ សុជាតិ មានប្រសាសន៍ថា អាមេរិកនិងអូស្ត្រាលីមិនបានកាត់ផ្ដាច់ការផ្តល់មូលនិធិរបស់ពួកគេចំពោះសមយុទ្ធរួមនេះទេ។ ផ្ទុយទៅវិញការផ្អាកនេះគឺដោយសារតម្រូវការចាំបាច់របស់ភាគីកម្ពុជា។

លោកបន្ថែមថា ឥឡូវនេះ រាល់សមយុទ្ធទាំងអស់យ៉ាងហោចណាស់ត្រូវបានផ្ដល់មូលនិធិមួយផ្នែកដោយចិន។ ”ខ្ញុំសូមបញ្ជាក់ថា រាល់សមយុទ្ធទាំងអស់ស្ថិតក្រោមការឧបត្ថម្ភពីចិន”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមិនបានពន្យល់ពីមូលហេតុនៅពីក្រោយការលុបចោលសមយុទ្ធនេះទេ ដោយលោកគ្រាន់តែលើកឡើងថា ក្រសួងការពារជាតិមាន”មូលហេតុជាច្រើន” ហើយបានបដិសេធថាមិនមានហេតុផលនយោបាយឡើយ។

លោក ផៃ ស៊ីផាន ថ្លែងថា “ប្រទេសទាំងអស់គឺជាមិត្តភក្ដិរបស់យើង”។ លោកបានបន្ថែមទៀតថា ”ទាក់ទិនការធ្វើឱ្យមានតុល្យភាពឡើងវិញរវាងប្រទេសមហាអំណាចយើងមិនពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយឡើយ។

លោក John Blaxland សាស្ត្រាចារ្យផ្នែកសន្តិសុខអន្តរជាតិនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីបានសម្ដែងការមិនយល់ស្រប។

លោកលើកឡើងក្នុងអុីម៉េលថា “ពួកគេស្ថិតនៅក្រោមសម្ពាធពីចិនឱ្យផ្ដាច់ខ្លួនចេញពីសហរដ្ឋអាមេរិក និងអូស្ត្រាលីមួយរយៈចាប់ពីឥឡូវនេះទៅ។ នេះជាសញ្ញាមួយបញ្ជូនឱ្យអូស្ត្រាលី អាមេរិក និងប្រទេសអាស៊ានមួយចំនួនទៀតបានដឹងកាន់តែច្បាស់។

លោកបានបន្ថែមថា “អូស្ត្រាលីបានផ្ដល់តម្លៃដល់អាស៊ាន ហើយបានសម្ដែងការខកចិត្តពីការដែលកម្ពុជាផ្ដាច់ខ្លួនពីអូស្ត្រាលី។ អូស្ត្រាលីបានគាំទ្រយ៉ាងពេញទំហឹងដល់ផែនការសន្តិភាពរបស់កម្ពុជាក្នុងឆ្នាំ១៩៩៣។ទំនុកចិត្តពិតប្រាកដរបស់ខ្លួនក្នុងតំបន់គឺពី២ដល់សូន្យ”។

លោក Carlyle Thayer សាស្ត្រាចារ្យ និងជាអ្នកជំនាញប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃបណ្ឌិត្យសភាកងទ័ពការពារអូស្ត្រាលីមានប្រសាសន៍ថា មានហេតុផលមួយចំនួនដែលចំណាត់ការនេះមានសារៈសំខាន់សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមុនការបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុខដែលធ្វើឡើងនៅខែមិថុនា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយ។

លោក Thayer បានលើកឡើងក្នុងអុីម៉េលថា “លោក ហ៊ុន សែន បានព្រមានទុកជាមុនដល់ប្រទេសមួយចំនួនដែលគិតថានឹងរិះគន់ដល់ដំណើរការបោះឆ្នោតឃុំ សង្កាត់”។

លោកបានបន្ថែមថា “ម្យ៉ាងវិញទៀត បើមានការជ្រៀតជ្រែកគួរឱ្យកត់សម្គាល់ដល់ការបោះឆ្នោតឃុំ សង្កាត់ ប្រទេសមួយចំនួនរំពឹងថានឹងអាចធ្វើការតវ៉ាផ្នែកការទូត និងនយោបាយ ហើយក្នុងករណីមួយចំនួនទៀតលុបចោលកិច្ចសហប្រតិបត្តិការរវាងយោធានិងយោធាជាការដាក់ទណ្ឌកម្ម”។

លោកបានបន្ថែមទៀតថា ទាហានទាំងក្រៅប្រទេស និងក្នុងស្រុកប្រហែលជាចាត់ទុកថាជាហានិភ័យចំពោះការគ្រប់គ្រងរបស់លោក ហ៊ុន សែន។

លោក Thayer បាននិយាយថា “លោក ហ៊ុន សែន បារម្ភពីការលេចឡើងនៃក្រុមប្រឆាំងចិននៅក្នុងជួរទាហាន ហើយចង់កាត់ផ្ដាច់បណ្ដាញរបស់ពួកគេជាមួយយោធាខាងក្រៅ។ លោក ហ៊ុន សែន មិនចង់ឱ្យយោធាក្រៅប្រទេសមានវត្តមានក្នុងប្រទេសកម្ពុជាអំឡុងដំណើរការបោះឆ្នោត និងក្រោយការបោះឆ្នោតឃុំ សង្កាត់ឡើយ ដោយបារម្ភថាពួកគេអាចធ្វើអន្តរាគមន៍ក្នុងនយោបាយកម្ពុជា”។

លោក Thayer បានថ្លែងថា សម្រាប់ប្រទេសអូស្ត្រាលីវិញ ការលុបចោលសមយុទ្ធរួមនេះមានន័យថា ជាការបាត់បង់ទំនាក់ទំនងដ៏សំខាន់ជាមួយរដ្ឋាភិបាលកម្ពុជា។

លោកបានថ្លែងថា “កិច្ចសហប្រតិបត្តិការរវាងយោធា និងយោធាគឺជាបណ្តាញមួយសម្រាប់អូស្ត្រាលីក្នុងការមើលឃើញ និងបើអាចកែទម្រង់ ឬមានឥទ្ធិពលលើនយោបាយកម្ពុជា។ ការបាត់បង់បណ្តាញនេះនឹងកាត់បន្ថយឥទ្ធិពលដ៏សំខាន់មួយលើរបបលោក ហ៊ុន សែន”៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស