37.6 C
Phnom Penh

កម្មវិធី​សាកល្បង​​តាម​ដាន​វត្តមាន​សិស្ស​​តាមរយៈ​ម៉ាស៊ីន​ស្គែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សិស្សានុសិស្សរាប់ម៉ឺននាក់ទូទាំងប្រទេសកំពុងស្គែនកាតសម្គាល់ខ្លួន និងស្នាមក្រយៅដៃរបស់ពួកគេនៅតាមសាលារៀននានាក្នុងកម្មវិធីសាកល្បងមួយដែលសំដៅជំរុញឱ្យសិស្សចូលរៀនទៀងទាត់ពេលវេលា។

ប្រព័ន្ធតាមដានដែលប្រើបន្ទះអេឡិចត្រូនិកភ្ជាប់នឹងជញ្ជាំងក្នុងបរិវេណសាលារៀនដើម្បីប្រមូលទិន្នន័យសិស្សនៅពេលចាប់ផ្ដើមចូលរៀន និងចប់ម៉ោងរៀននេះ ត្រូវបានបង្កើតឡើងដោយអង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ (Global Partnership for Education) ក្រោមការពិគ្រោះយោបល់ជាមួយក្រសួងអប់រំ។ ទោះជាយ៉ាងណា ការចំណាយក្នុងគម្រោងនេះមិនត្រូវបាន លាតត្រដាងទេ។

WP-LastImage-800x533លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំបានមានប្រសាសន៍កាលពីថ្ងៃអង្គការថា គម្រោងនេះបានចាប់ផ្ដើមកាលពីចុងឆ្នាំមុននៅទូទាំងបឋមសិក្សា និងអនុវិទ្យាល័យចំនួន៥០ ក្នុងខេត្តចំនួនប្រាំពីររួមមានខេត្តព្រះសីហនុ ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តរតនគិរី ព្រមទាំងរាជធានីភ្នំពេញ។

លោកបញ្ជាក់ថា សាលារៀននីមួយៗមានសិស្ស២០០នាក់មកពីថ្នាក់ដូចគ្នា។ ”យើងអាចគ្រប់គ្រងបាននូវវត្តមាន ឬអវត្តមាន ការបោះបង់ការសិក្សា ការឡើងថ្នាក់ និងការផ្ទេរសិស្ស”។

លោក តេង វណ្ណឌី នាយកវិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្រុងព្រះសីហនុមានប្រសាសន៍ថា ម៉ាស៊ីនស្គែនកាតសម្គាល់ខ្លួនសិស្សដែលភ្ជាប់នឹងជញ្ជាំងនៅខាងក្រៅការិយាល័យរបស់លោក ទទួលស្គែនរហូតដល់ទៅ៤ដងសម្រាប់សិស្សថ្នាក់ទី១០ម្នាក់ៗ ប្រសិនបើពួកគេរៀនវេនព្រឹកផង និងវេនរសៀលផង។ លោកថ្លែងថា “ខ្ញុំចង់ឱ្យមានវាសម្រាប់គ្រូៗដែរ”។

លោក តុន សារ៉ុង នាយការិយាល័យអប់រំក្រុងព្រះសីហនុមានប្រសាសន៍ថា ទិន្នន័យត្រូវបានបញ្ជូនទៅសាលាព្រមទាំងក្រសួងអប់រំ។ ”គោលបំណងសំខាន់គឺដើម្បីដាស់តឿនសិស្សថា ពួកគេត្រូវទៅរៀននៅម៉ោង៧ព្រឹក ហើយចេញវិញនៅម៉ោង១១ព្រឹក”។

លោកលើកឡើងទៀតថា ព័ត៌មានស្ដីពីវត្តមានរបស់គ្រូបង្រៀនគួរតែច្បាស់លាស់បើផ្អែកតាមម៉ោងសិស្សស្គែនចេញពីរៀន។ “វាក៏ធ្វើឱ្យយើងអាចពិនិត្យវត្តមានរបស់គ្រូៗបានដែរ ព្រោះបើសិស្សចេញមុនម៉ោង ពួកនឹងដឹងថាមានគ្រូអវត្តមាន”។

លោកស្រី អ៊ុក ឆាយាវី ប្រធានស្ដីទីនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានមានប្រសាសន៍ថា ប្រព័ន្ធនេះនឹងអត់ប្រយោជន៍ប្រសិនបើគ្មានវិធានការបន្ថែមដើម្បីពង្រឹងគុណភាពអប់រំទេនោះ។

លោកស្រីធ្វើការកត់សម្គាល់ថា ”ដើម្បីពង្រឹងការអប់រំ មិនមែនតម្រូវឲ្យរឹតបន្តឹងតែទៅលើសិស្សទេ ប៉ុន្តែក៏ត្រូវឱ្យគ្រូបង្រៀនមានជីវភាពរស់នៅសមរម្យ កម្ចាត់អំពើពុករលួយនៅក្នុងសាលារៀនផងដែរ។ មន្ត្រីក្រសួងអប់រំទាំងអស់ធ្វើការបម្រើបក្សកាន់អំណាច ពួកគេមិនខ្វល់ពីវិធីផ្ដល់ការអប់រំជាក់ស្ដែង និងសិស្សបាត់បង់ទំនុកចិត្តនោះទេ”៕ សុុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស