26 C
Phnom Penh

លោក កឹម សុខា កំណត់​​​មាគ៌ា​​​សម្រាប់​​​គណបក្ស​​​សង្គ្រោះជាតិ​​​ក្រោម​​​ការ​​​ដឹកនាំរបស់​​​លោក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពីក្លាយជាប្រធានគណបក្សសង្គ្រោះជាតិជាផ្លូវការក្នុងអង្គសមាជបក្សនៅរាជធានីភ្នំពេញ កាលពីម្សិលមិញ លោក កឹម សុខា បានពន្យល់លម្អិតអំពីយុទ្ធសាស្ត្រ៥ចំណុចដែលត្រូវដាក់បញ្ចូលក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាខាងមុខ។

បន្ទាប់ពីត្រូវបានមន្ត្រីបក្សរាប់រយនាក់ដែលមកពីទូទាំងប្រទេសអនុម័តរួមជាមួយអនុប្រធានបីរូបនៅក្នុងការបោះឆ្នោតមួយដែលគេចាត់ទុកថាមូលមតិគ្នាជាឯកច្ឆន្ទ ថ្វីបើអ្នកខ្លះមិនបានលើកដៃនៅពេលស្នើសុំឲ្យលើកដៃក្តី លោក កឹម សុខា បានពន្យល់លម្អិតអំពីទស្សនវិស័យរបស់លោកសម្រាប់ទទួលបានភាពជោគជ័យនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់។

ថ្នាក់ដឹកនាំថ្មីគណបក្សប្រឆាំងឈរមុនការបោះឆ្នោតអនុម័តជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់គណបក្សសង្គ្រោះជាតិនៅទីស្នាក់ការកណ្តាលរបស់គណបក្សនេះនៅរាជធានីភ្នំពេញ កាលពីម្សិលមិញ ។  (ពីឆ្វេងទៅស្តាំ) លោក កឹម សុខា លោក ប៉ុល ហំម លោកស្រី មួរ សុខហួរ និងលោកអេង ឆៃ អ៊ាង។ រូបថតៈ Emil Kastrup/ Cambodia Daily
ថ្នាក់ដឹកនាំថ្មីគណបក្សប្រឆាំងឈរមុនការបោះឆ្នោតអនុម័តជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់គណបក្សសង្គ្រោះជាតិនៅទីស្នាក់ការកណ្តាលរបស់គណបក្សនេះនៅរាជធានីភ្នំពេញ កាលពីម្សិលមិញ ។  (ពីឆ្វេងទៅស្តាំ) លោក កឹម សុខា លោក ប៉ុល ហំម លោកស្រី មួរ សុខហួរ និងលោកអេង ឆៃ អ៊ាង។ រូបថតៈ Emil Kastrup/ Cambodia Daily

លោក កឹម សុខា បានថ្លែងទៅកាន់ក្រុមអ្នកចូលរួមនៅទីស្នាក់ការគណបក្សថា “យើងដឹងច្បាស់ហើយថា ផ្លូវទៅរកជ័យជម្នះ និងការផ្លាស់ប្តូរដោយអហិង្សាខាងមុខ នឹងពោរពេញទៅដោយឧបសគ្គជាច្រើនទៀតក៏ដោយ។ ចាប់ពីថ្ងៃនេះតទៅ គណបក្សសង្គ្រោះជាតិនឹងសម្លឹង ហើយបោះជំហានទៅមុខជានិច្ច មិនថាព្យុះព្យោមារសាហាវយ៉ាងណា ក៏គណបក្សសង្គ្រោះជាតិនឹងមិនបកក្រោយរាថយ ឬងាករេគោលជំហររបស់ខ្លួនឡើយ”។

គណបក្សកាន់អំណាចបានលើកឡើងក្នុងសប្តាហ៍កន្លងទៅថា ពាក្យថា “ផ្លាស់ប្តូរ” គឺជាការគំរាមកំហែងដល់ស្ថិរភាពជាតិ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា ការបោះឆ្នោតដើម្បីការផ្លាស់ប្តូរអាចនឹងទាញប្រទេសកម្ពុជា ឲ្យធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល ខណៈលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង ការពារជាតិថ្លែងថា ពាក្យនេះគួរតែទប់ស្កាត់ រួមជាមួយនិមិត្តរូបផ្សេងទៀតដែលអាចចាត់ទុកបានថាជាសញ្ញានៃបដិវត្តន៍។

ខុសពីលោក សម រង្ស៊ី ដែលបានលាលែង ពីតំណែងកាលពីខែមុន លោក កឹម សុខា បានចៀសវាងមិនវាយប្រហារទៅលើគណបក្សកាន់អំណាចដោយចំៗឡើយ។ ប៉ុន្តែ ការដកលោក ហ៊ុន សែន និងមន្ត្រីរបស់លោកចេញពីអំណាចដែលចាប់ផ្តើមពីមេឃុំ-ចៅសង្កាត់ឡើងទៅ គឺជាប្រធានបទសំខាន់នៃសុន្ទរកថារបស់លោកកាលពីម្សិលមិញ។

លោកបានមានប្រសាសន៍ថា “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ” គឺជាប្រធានបទដែលត្រូវដាក់បញ្ចូលទៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់របស់បក្ស។

លោកបានណែនាំមន្ត្រីឲ្យផ្តោតលើការសន្យា៥ចំណុច ដោយគំរាមដាក់ទណ្ឌកម្មមេឃុំ-ចៅសង្កាត់គណបក្សសង្គ្រោះជាតិរូបណាដែលមិនធ្វើតាមការសន្យា។ លោកលើកឡើងថា គណបក្សរបស់លោកក៏អនុញ្ញាតឲ្យប្រជាពលរដ្ឋបង្កើតសហគមន៍ដើម្បីគ្រប់គ្រងដីព្រៃ និងដីកសិកម្មផ្ទាល់ខ្លួនរបស់ពួកគាត់ឲ្យថ្នាក់ដឹកនាំឃុំ-សង្កាត់ចុះជួបប្រជាពលរដ្ឋមូលដ្ឋាន មុនពេលធ្វើសេចក្តីសម្រេចសំខាន់ណាមួយ ផ្តល់សេវាសាធារណៈដោយមិនទទួលការសូកប៉ាន់ និងធានាសន្តិសុខតាមរយៈការប្រឆាំងគ្រឿងញៀន និងអំពើហិង្សា។

ការសន្យាទី៥គឺត្រូវបង្កើនថវិកាថ្នាក់ឃុំ-សង្កាត់ឲ្យបានច្រើន ប្រសិនបើគណបក្សរបស់ លោកទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ដោយលៃទុកថវិកាជាតិជិត២០ភាគរយសម្រាប់ឃុំ-សង្កាត់ទាំង១.៦៣៣នៅទូទាំងប្រទេសដោយឃុំ-សង្កាត់នីមួយៗទទួលបានកន្លះលានដុល្លារ។ នោះនឹងត្រូវចំណាយអស់ជាង៨១៦លានដុល្លារដែលស្មើប្រមាណ១៦ភាគរយនៃថវិកាសរុប៥.០០០លានដុល្លារនៅឆ្នាំនេះ។

បច្ចុប្បន្នការបែងចែកថវិកាឃុំ-សង្កាត់ស្ថិតនៅចន្លោះ១ម៉ឺនដុល្លារទៅ២មឺុនដុល្លារអាស្រ័យលើទំហំឃុំ-សង្កាត់នីមួយៗ។ មន្ត្រីឃុំ-សង្កាត់មួយរូបដែលត្រូវបានសម្ភាសន៍កាលពីឆ្នាំមុនលើកឡើងថា ថវិកាឃុំ-សង្កាត់ត្រូវបានកាត់បន្ថយពី១៧.៥០០ដុល្លារក្នុងឆ្នាំ២០១៣ មកនៅប្រហែល១៣.០០០ដុល្លារក្នុងឆ្នាំ២០១៥។ ទោះបីជារដ្ឋាភិបាលសន្យាយូរមកហើយថានឹងធ្វើកំណែទម្រង់ដើម្បីធ្វើវិមជ្ឈការអំណាចក្តី ក៏មានការវិវឌ្ឍតិចតួចណាស់។

ទិដ្ឋភាពនៃការលើកដៃបោះឆ្នោតអនុម័តជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់គណបក្សសង្គ្រោះជាតិនៅទីស្នាក់ការកណ្តាលរបស់គណបក្សនេះនៅរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ Emil Kastrup/ Cambodia Daily
ទិដ្ឋភាពនៃការលើកដៃបោះឆ្នោតអនុម័តជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់គណបក្សសង្គ្រោះជាតិនៅទីស្នាក់ការកណ្តាលរបស់គណបក្សនេះនៅរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ Emil Kastrup/ Cambodia Daily

ស្ថានភាពនេះត្រូវបានលើកយកទៅពិភាក្សាក្នុងឯកសារស្រាវជ្រាវមួយបញ្ចេញកាលពីឆ្នាំមុនដោយលោកស្រី អេង នេត្រា ប្រធានស្រាវជ្រាវផ្នែកអភិបាលកិច្ចនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDRI និងលោកអ៊ា សុផល សាស្ត្រចារ្យរងផ្នែកការទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យOccidental College ក្នុងរដ្ឋឡូសអែនជើឡេស។

លោកស្រី អេង នេត្រា បានលើកឡើងតាមរយៈសារអេឡិចត្រូនិកដែលសង្ខេបលទ្ធផលនៃការរកឃើញរបស់ពួកគេថា “គណបក្សប្រជាជនចង់កែលម្អការផ្តល់សេវា ហើយយើងបានមើលឃើញការប្រឹងប្រែងដោយប្រុងប្រយ័ត្ននៅក្នុងទិសដៅនោះ បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣ ពោលគឺកំណែទម្រង់វិស័យអប់រំ។ ប៉ុន្តែចូរចងចាំថា ដើម្បីកែលម្អសេវានានាដោយហ្មត់ចត់ គណបក្សប្រជាជនត្រូវផ្តល់អំណាចគ្រប់គ្រាន់លើការធ្វើសេចក្តីសម្រេច និងធនធានទៅដល់ស្ថាប័នមូលដ្ឋាន ដោយជាក់ស្ដែងស្ថាប័នទាំងអស់នោះនឹងត្រូវការការផ្ទេរអំណាចពីថ្នាក់កណ្តាលទៅថ្នាក់មូលដ្ឋាន ហើយគ្រប់គ្រងស្ថាប័នរដ្ឋឲ្យផុតពីបណ្តាញបក្ស”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនបារម្ភទេ ទោះបីជាគណបក្សសង្គ្រោះជាតិមានយុទ្ធសាស្ត្របែបណាត្រៀមសម្រាប់បោះឆ្នោតក៏ដោយ ព្រោះយើងមានយុទ្ធសាស្ត្រល្អជាង។ “វាគ្មានរឿងអីត្រូវភ្ញាក់ផ្អើល មានរឿងអីត្រូវព្រួយបារម្ភ គណបក្សប្រជាជនមានកម្មវិធីនយោបាយរបស់ខ្លួនដែលមហាសន្និបាតអនុម័តរួចហើយ”។

លោកលើកឡើងទៀតថា ថ្នាក់ដឹកនាំថ្មីនេះគឺគ្មានអ្វីខុសប្លែកឡើយ។ លោកគូសបញ្ជាក់ថា “មនុស្សដដែលតើ មានយកពីណាទេ វានៅក្នុងនឹងដដែលហ្នឹង។ ចានវានៅក្នុងរាវដដែលហ្នឹង គ្រាន់តែម្តងប្រើចានគោម ម្តងប្រើចានទាបតែប៉ុណ្ណឹង វាគ្មានអីប្លែកទេ”។

លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយនិងជាទីប្រឹក្សាផ្នែកគោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានធ្វើការកត់សម្គាល់ថា ថ្វីបើមានការបញ្ចុះបញ្ចូលឲ្យគេជឿថាវាជាការផ្លាស់ប្តូរបែបប្រជាធិបតេយ្យក្ដី ក៏ដំណើរការរបស់គណបក្សសង្គ្រោះជាតិសម្រាប់ការជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់ខ្លួនគ្មានការឯកភាពគ្នាទាំងស្រុងដែរ។

លោកមានប្រសាសន៍អំពីការបោះឆ្នោតកាលពីម្សិលមិញថា “គេបានសម្រេចជាមុនរួចហើយ ហើយមនុស្សគ្រាន់តែមកទះដៃប៉ុណ្ណោះ។ នោះជាចរិតនយោបាយនៅក្នុងប្រទេសនេះ”។

ទោះជាយ៉ាងណា លោកស្រី មូរ សុខហួរ ដែលជាប្រធានកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ បានការពារដំណើរការបោះឆ្នោតជ្រើសរើសនេះ។ លោកស្រីថ្លែងថា “យើងធ្វើយោងទៅតាមបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស។ នេះគឺតំណាងឲ្យគ្រប់ខេត្តទាំងអស់”៕សុខុម រាយការណ៍បន្ថែមដោយ Colin Meyn

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស