ចាប់ពីពេលលោក កែម ឡី អ្នកវិភាគនយោបាយដ៏លេចធ្លោត្រូវបានឃាតករបាញ់សម្លាប់យ៉ាងសាហាវ ពេលកំពុងពិសាកាហ្វេពេលព្រឹកនៅក្នុងស្តារម៉ាតមួយកន្លែងកាលពីខែកក្កដាមក មិត្តភក្តិ ក្រុមគ្រួសារ និងអ្នកគាំទ្រលោកបានអំពាវនាវទាមទារឲ្យបង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាពស្តីពីការបាញ់ប្រហារនេះជាសាធារណៈ។
កាលពីថ្ងៃពុធ ដោយមានការបើកសវនាការ ជំនុំជម្រះរឿងក្តីរបស់ឃាតករដែលគេអះអាងថា សម្លាប់អ្នករិះគន់រដ្ឋាភិបាលរូបនេះនោះ ការរង់ចាំនេះត្រូវបានបញ្ចប់ ប៉ុន្តែ វីដេអូមានច្រើនភាគដែលត្រូវបានបញ្ចេញបែរជាធ្វើឲ្យមានការចោទជាសំណួរកាន់តែច្រើនឡើងៗលើការរៀបរាប់ជាផ្លូវការដែលថា អឿត អាង ដែលគេអះអាងថាជាឃាតករនោះ ធ្វើរឿងនេះតែម្នាក់ឯង។

សាលាដំបូងរាជធានីភ្នំពេញបានចាក់វីដេអូព្រិលៗស្តីអំពីបុរសម្នាក់ដែលគេអះអាងថា ជា អឿត អាង ដើរចូលទៅក្នុងស្តារម៉ាតនេះហើយដកកាំភ្លើងរួចបាញ់ប្រហារបុរសម្នាក់ដែលគេអះអាងថា ជាលោក កែម ឡី។ បន្ទាប់ពីវីដេអូនេះ មានវីដេអូមួយចំនួនទៀតដែលច្បាស់ជាងនេះឆ្ងាយ ដោយថតបានសកម្មភាពខ្មាន់កាំភ្លើងរត់គេចខ្លួន ហើយត្រូវគេចាប់បាន។
ប៉ុន្មានម៉ោង បន្ទាប់ពីសវនាការ ដែលមានរយៈពេលត្រឹមតែ៤ម៉ោង និងធ្វើឡើងដើម្បីគាំទ្រការអះអាងដែលថា អឿត អាង បានសម្លាប់លោក កែម ឡី ដោយសាររឿងប្រាក់ចំនួន៣.០០០ដុល្លារបានបញ្ចប់នោះ ីដេអូដដែលនេះត្រូវបានបង្ហោះតាមអីុនធឺណិតដោយគេហទំព័រ Fresh News ជាគេហទំព័រដែលភាគច្រើនចុះផ្សាយអត្ថបទពាក់ព័ន្ធរដ្ឋាភិបាល។
មន្ទិលសង្ស័យដំបូង ហើយប្រហែលជាមានច្រើនបំផុតនោះ គឺការងឿងឆ្ងល់ថា ហេតុអ្វីបានជាវីដេអូស្តីពីការបាញ់ប្រហារនេះមិនច្បាស់អ៊ីចឹង។ គេមើលឃេើញតែខ្នងរបស់បុរសម្នាក់ពាក់អាវយឺតពណ៌ក្រហមដែលស្រដៀងនឹងពណ៌អាវដែលលោក កែម ឡី បានពាក់នៅថ្ងៃដែលលោកត្រូវឃាតករបាញ់សម្លាប់ប៉ុណ្ណោះ ប៉ុន្តែមុខរបស់គាត់គេមើលមិនឃើញទេ។គ្មានវីដេអូផ្សេងត្រូវបានបញ្ចេញពីកាមេរ៉ាសុវត្ថិភាពផ្សេងទៀតនៅក្នុងស្តារម៉ាតនេះឡើយ រួមទាំងវីដេអូដែលនឹងបង្ហាញឲ្យឃើញពីសកម្មភាពលោក កែម ឡី ស្លាប់ក្នុងរូបភាពដែកផ្ងាផងដែរ។
វីដេអូនេះគ្មានពេលវេលា ឬកាលបរិច្ឆេទបង្ហាញនៅលើអេក្រង់ឡើយ មិនដូចវីដេអូកាមេរ៉ាសុវត្ថិភាពបន្តបន្ទាប់នោះទេ ហើយក៏គ្មានវីដេអូស្តីពីសកម្មភាពរបស់ អឿត អាង មុនពេលជននេះចូលទៅក្នុងស្តារម៉ាតដែរ។
នៅក្នុងវីដេអូបន្ទាប់ អឿត អាង ដែលនៅតែនិយាយដដែលក្នុងតុលាការថា ខ្លួនឈ្មោះ ជួប សម្លាប់ នោះ គេឃើញថា ជននេះបានរត់បត់ចុះតាមមហាវិថីម៉ៅសេទុង ហើយរត់នៅលើចិញ្ចើមផ្លូវនេះបន្តទៅមុខ ខណៈមានស្ត្រីពីរនាក់រត់នៅពីមុខ។
ត្រង់ចំណុចនេះរថយន្តពណ៌សមួយគ្រឿងបានបើកតាមពីក្រោយ អឿត អាង។ រថយន្តនេះមានម៉ូតូមួយគ្រឿងបើកអម គឺម៉ូតូដឹកអ្នកជិះពីក្រោយម្នាក់ដែលទំនងជាកាន់កាំភ្លើង អាកា-៤៧។ បន្ទាប់មក បុរសម្នាក់ដែលបើកបរនៅលើគន្លងផ្លូវបញ្ច្រាសទិសគ្នាម្ខាងទៀតដោយជិះម៉ូតូធំមួយគ្រឿងស្រដៀងទៅនឹងម៉ូតូកងរាជអាវុធហត្ថជិះនោះ បានឃើញ អឿត អាង រួចក៏បត់ថយក្រោយ១៨០ដឺក្រេតែម្តង ហើយបុរសរូបនេះក៏ចាប់ផ្តើមជិះតាម អឿត អាង ដែរ។
បុរសដែលកាន់កាំភ្លើងអាកា-៤៧ បានលោតចុះពីលើម៉ូតូហើយឈរនៅខាងក្រៅហាងកាត់វែ៉នតាមួយក្នុងរយៈពេលដ៏ខ្លី។ បន្ទាប់ មកបុរសរូបនេះបានឡើងជិះរថយន្តពណ៌ស ដែលបន្តបើកតាម អឿត អាង យឺតៗ។
បន្ទាប់មកវីដេអូនេះបានកាត់ចូលវីដេអូថតចេញពីទូរស័ព្ទដៃដែលមានសភាពញ័រនិងដែលត្រូវបានគេបង្ហោះតាមហ្វេសប៊ុកកាលពីខែសីហា។ វាទំនងជាបង្ហាញឲ្យឃើញពីម៉ូតូធំដែលបត់ត្រឡប់ក្រោយដើម្បីបើកតាម អឿត អាង ប៉ុន្មាននាទី មុនពេលបើកមកទន្ទឹមនឹងជននេះ។ បើមើលឲ្យកៀកទៅ វាបង្ហាញឲ្យឃើញថា ម៉ូតូនេះមានស្លាកសម្គាល់ថា ជានគរបាលជាតិ។
អ្នកបើកម៉ូតូធំរូបនេះដែលអាចជាមន្ត្រីនគរបាលស្លៀកពាក់សីុវិល ទំនងជានិយាយជាមួយ អឿត អាង ហើយត្រង់ចំណុចនេះខ្មាន់កាំភ្លើងរូបនេះបានឡើងជិះម៉ូតូមួយគ្រឿងនេះមួយភ្លែត ប៉ុន្តែ បន្ទាប់មកខ្មាន់កាំភ្លើងរូបនេះបានលោតចុះវិញ ហើយបន្តរត់តាមផ្លូវតទៅមុខទៀត។ រូបភាពវីដេអូនេះធ្វើឲ្យកើតមានការសង្ស័យ នៅពេលត្រូវបានបង្ហោះលើកដំបូងដោយសារភាពទំនងជាធ្លាប់ស្គាល់ គ្នារវាងនគរបាលរូបនេះ និង អឿត អាង ។
បន្ទាប់ពីទម្លាក់កាំភ្លើងចុះ អឿត អាង បានឡើងជិះម៉ូតូនគរបាលមួយគ្រឿងទៀត ត្រង់ចំណុចេនះមានបុរសពីរនាក់ចាប់ផ្តើមទាត់ធាក់ដាល់ជននេះតែម្តង។
មន្ត្រីនគរបាលឯកសណ្ឋានម្នាក់បានមកដល់ ហើយទាញជនសង្ស័យឲ្យចុះពីម៉ូតូ និងព្យាយាមការពារជននេះ មិនឲ្យគេដាល់។ មន្ត្រីនគរបាលរូបនេះបន្ទាប់មកបានទាញ អឿត អាង ឲ្យឡើងជិះម៉ូតូវិញ រួចឡើងជិះពីក្រោយ ហើយអ្នកបើកបរដែលមិនស្លៀកពាក់ឯកសណ្ឋាននគរបាលបានបើកឌុបអ្នកទាំងពីរនេះចេញទៅ។
សកម្មភាពរបស់រថយន្តពណ៌ស របស់ម៉ូតូដឹកអ្នកជិះពីក្រោយដែលមានកាន់កាំភ្លើងអាកា-៤៧ និងរបស់មន្ត្រីនគរបាលស្លៀកពាក់ស៊ីវិល ដែលបានបើកម៉ូតូតាម អឿត អាង បានធ្វើឲ្យមានការភ្ញាក់ផ្អើលនិងមានមន្ទិលក្នុងចំណោមអ្នកដែលតាមដានសំណុំរឿងនេះយ៉ាងយកចិត្តទុកដាក់។
លោក ហ្វីល រ៉ូបឺតសុន(Phil Robertson) នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Watch)បានលើកឡើងក្នុងអីុម៉េលថា “សកម្មភាពចម្លែករបស់រថយន្តពណ៌ស និងបុរសពីរនាក់ជិះម៉ូតូតាម អឿត អាង ដែលកំពុងរត់នោះ ក៏ត្រូវធ្វើការស៊ើបអង្កេតជាបន្ទាន់ផងដែរ”។
លោកបានមានប្រសាសន៍ថា “ដោយមិនបានធ្វើអន្តរាគមន៍ ពួកគេទំនងជាជិះតាមដើម្បីឱ្យប្រាកដថា គ្មានអ្វីកើតឡើងចំពោះការរត់គេចមិនបានសម្រេចរបស់ជនសង្ស័យរូបនេះ ដែលបានធ្វើឱ្យមានមន្ទិលថា តើពួកគេជានរណា និងថាតើពួកគេជាផ្នែកមួយនៃក្រុមសមគំនិតមួយក្រុមធំឬយ៉ាងណា”។
បើទោះជាដូច្នេះក្តី វាទំនងជាថា អ្នកបើកម៉ូតូឌុបបុរសម្នាក់ដែលកាន់កាំភ្លើង អាកា-៤៧នោះ គឺជាបុរសម្នាក់ក្នុងចំណោមពីរនាក់ដែលបានដាល់និងទាត់ធាក់ អឿត អាង រហូតដល់ចប់វីដេអូ។
អឿត អាង បានប្រាប់តុលាការកាលពីថ្ងៃកាលពីថ្ងៃពុធថា ខ្លួនបានសម្លាប់លោក កែម ឡី ព្រោះអ្នកវិភាគរូបនេះមិនបានផ្តល់ការងារ និងផ្ទះមួយខ្នងដល់ខ្លួនតាមការសន្យា បើទោះជាខ្លួនឱ្យលុយគាត់អស់៣.០០០ដុល្លារហើយក៏ដោយ តែពីដំបូងបានប្រាប់នគរបាលថា ខ្លួនបានសម្លាប់លោក កែម ឡី ព្រោះគាត់មិនព្រមសងលុយ។ ក្រុមគ្រួសារបុរសទាំងពីរនាក់និយាយថា អ្នកទាំងពីរមិនដែលបានជួបគ្នាទេ។

ការស៊ើបអង្កេតផ្សេងទៀតតាមបណ្តាញហ្វេសប៊ុកបង្ហាញថា បើតាមការពិនិត្យយ៉ាងហ្មត់ចត់ជុំវិញរូបភាពវីដេអូនៅថ្ងៃនោះ គឺថា ស្បែកជើងដែលខ្មាន់កាំភ្លើងពាក់នៅក្នុងស្តារម៉ាតនោះ ទំនងជាខុសពីស្បែកជើងក្នុងរូបថតដែលបានបង្ហាញក្រោយពេលចាប់ខ្លួនជននេះបាននៅថ្ងៃដដែលនោះ។ គាត់ទំនងជាពាក់ស្បែកជើងកីឡាដែលមានបាតពណ៌សនៅក្នុងរូបភាពកាមេរ៉ាសុវត្ថិភាពនោះ រីឯនៅក្នុងរូបថតរបស់មន្ត្រីនគរបាលវិញ គាត់ពាក់ស្បែកជើងពណ៌ខ្មៅទេ។
នេះធ្វើឱ្យមានការសន្និដ្ឋានថា រូបភាពវីដេអូពីក្នុងស្តារម៉ាតនោះគឺក្លែងក្លាយ ជាការលើកឡើងដែលគាំទ្រដោយសកម្មជនជាព្រះសង្ឃ គឺព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាមិត្តភក្តិជិតស្និទ្ធរបស់លោក កែម ឡី។
ព្រះតេជគុណមានសង្ឃដីកាថា “អាត្មាជឿថា នេះមិនមែនជារូបភាពវីដេអូដើមឡើយ។ អាត្មាមិនទទួលស្គាល់ថានេះជាវីដេអូដែលបង្ហាញយ៉ាងច្បាស់ពីសកម្មភាពបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ទេ”។
ព្រះអង្គបានបន្ថែមថា “ហេតុអ្វីបានជារូបភាពវីដេអូនៅតាមដងផ្លូវ… ច្បាស់ម៉្លេះ ហើយរលូនទៀតផង? យើងអាចមើលឃើញអ្វីៗទាំងអស់។ ប៉ុន្តែហេតុអីបានជារូបភាពវីដេអូនៅក្នុងស្តារម៉ាតមិនច្បាស់អ៊ីចឹង? ចុះរូបភាពវីដេអូថតពីចម្ងាយសោះក៏ច្បាស់ម៉្លេះ? ហេតុអីកាមេរ៉ានៅកៀកសោះម៉េចថតមិនច្បាស់? វាមិនគួរឱ្យជឿ”។
ព្រះអង្គបន្តថា “អាត្មាចង់មើលគ្រប់សកម្មភាពទាំងអស់ពេញមួយថ្ងៃទី១០ខែកក្កដា គឺតាំងពីពេលល្ងាចរហូតដល់កណ្តាលអធ្រាត្រ រហូតដល់ព្រឹក និងបន្តរហូតដល់ពេលលោក កែម ឡី ត្រូវបានបាញ់សម្លាប់តែម្តង”។
មន្ត្រីសាលាដំបូងរាជធានីមិនអាចទាក់ទងបានទេ។ នគរបាលដែលបានស៊ើបអង្កេតករណីនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយសារករណីនេះបានបញ្ជូនទៅតុលាការហើយ។
លោក អំ សំអាត ប្រធានផ្នែកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថា វិធីតែមួយគត់ដែលរដ្ឋាភិបាលអាចទប់ស្កាត់ការសន្និដ្ឋានផ្សេងៗពីមូលហេតុដែលនៅពីក្រោយការសម្លាប់នេះ គឺត្រូវបញ្ចេញរូបភាពកាមេរ៉ាសុវត្ថិភាពបន្ថែមទៀត។ លោកបានថ្លែងថា “យើងចង់ឃើញរូបភាពមួយជ្រុងទៀតដើម្បីឱ្យយើងអាចឃើញការបាញ់សម្លាប់កើតឡើង…កន្លែងដែលយើងអាចមើលឃើញមុខលោក កែម ឡី និងសកម្មភាពបាញ់សម្លាប់ផងដែរ”។ការធ្វើដូចនេះអាចកាត់បន្ថយការសង្ស័យបានច្រើន”៕ស៊ុយឈាង និង សារុន