ព័ត៌មានជាតិ

ប្រធាន​​​ព្រឹទ្ធ​​​សភានឹង​​​ចុះហត្ថលេខា​​​លើ​​​វិសោធកម្ម​​​ថ្មី​​​ ខណៈព្រះមហាក្សត្រ​​​យាង​​​ទៅក្រៅប្រទេស​​​

By

March 06, 2017

ដោយព្រះមហាក្សត្រ នរោត្តម សីហមុនី យាងទៅក្រៅប្រទេស លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាមន្ត្រីស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជាជាយូរមកហើយគ្រោងចុះហត្ថលេខាលើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសស្តីពីគណបក្សនយោបាយ ជាចំណាត់ការចុងក្រោយក្នុងអ្វីដែលមជ្ឈដ្ឋានមួយចំនួនចាត់ទុកថា ជាការវាយប្រហារចុងក្រោយដ៏ធ្ងន់ធ្ងរចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នមានទំនាក់ទំនងជាមួយមន្ត្រីដែលស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជាបានសម្រេចកាលពីថ្ងៃសុក្រថា វិសោធនកម្មដែលផ្តល់អំណាចដ៏ទូលំទូលាយថ្មីដល់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងតុលាការនៅក្នុងការផ្អាកសកម្មភាព ឬរម្លាយគណបក្សនយោបាយចោលនោះ អនុវត្តតាមច្បាប់កំពូលរបស់ប្រទេសកម្ពុជា។

ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចម៉ែ នរោត្តម មុនីនាថ ឡើងយន្តហោះយាងទៅពិនិត្យព្រះរាជសុខភាពនៅក្នុងប្រទេសចិន កាលពីថ្ងៃសុក្រ។

ក្រុមប្រឹក្សាធម្មនុញ្ញបានលើកឡើងនៅក្នុងសេចក្តីសម្រេចរបស់ខ្លួនថា “ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចថា ច្បាប់ស្តីពីគណបក្សនយោបាយដែលបោះឆ្នោតអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភាត្រូវប្រកាសស្របតាមរដ្ឋធម្មនុញ្ញ”។

វិសោធនកម្មនេះជាធម្មតាត្រូវដាក់ថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ឡាយព្រះហស្តលេខាមុនពេលចូលជាធរមាន។ ប៉ុន្តែ  ព្រះមហាក្សត្របានយាងទៅប្រទេសចិនកាលពីថ្ងៃសុក្រ ដើម្បីពិនិត្យព្រះរាជសុខភាពក្នុងរយៈពេលជាច្រើនសប្តាហ៍ ហើយតួនាទីទាំងនោះត្រូវធ្លាក់ទៅលើបន្ទុករបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា។

លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានមានប្រសាសន៍ថា “សម្តេច សាយ ឈុំ នឹងចុះហត្ថលេខាក្នុងនាមជាប្រមុខរដ្ឋស្តីទី”។លោកបានមានប្រសាសន៍បន្តថា “វាអាចពីថ្ងៃច័ន្ទទៅរហូតដល់ចុងអាទិត្យហ្នឹង។វាគឺជាកិច្ចការរបស់ព្រះបរមរាជវាំង”។

លោក ម៉ម ប៊ុននាង បានលើកឡើងទៀតថា លោកមិនដឹងឡើយថា តើហេតុអ្វីបានជាការចុះហត្ថលេខាមិនអាចរង់ចាំដល់ពេលព្រះមហាក្សត្រយាងត្រឡប់មកវិញ។

លោក អ៊ុំ តារាវុធ ទីប្រឹក្សាព្រះមហាក្សត្រ មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ។

ព្រះបិតាដែលយាងចូលទិវង្គតទៅហើយ របស់ព្រះមហាក្សត្រ នរោត្តម សីហមុនី គឺព្រះបរមរតនកោដិ នរោត្តម សីហនុ ធ្លាប់ជាព្រះមហាក្សត្រដែលយាងចេញពីប្រទេសម្តងម្កាលជាពិសេសដើម្បីគេចពីការឡាយព្រះហស្តលេខាលើច្បាប់ដែលព្រះអង្គមិនឯកភាព។ទោះបីជាព្រះអង្គមិនអាចរារាំងច្បាប់ដែលព្រះអង្គមិនឯកភាពក៏ដោយ ក៏ព្រះអង្គបានសំដែងឲ្យសាធារណជនដឹងអំពីទស្សនៈនយោបាយរបស់ព្រះអង្គតាមរយៈការសម្រេចមិនគង់នៅក្នុងប្រទេសដើម្បីឡាយព្រះហស្តលេខាឲ្យចូលជាធរមានដែរ។

ចាប់តាំងពីឡើងគ្រងរាជសម្បត្តិនៅក្នុងឆ្នាំ២០០៤មក បុត្រារបស់ព្រះអង្គ ទ្រង់មិនដែលបង្ហាញឲ្យឃើញពីការចូលចិត្តផ្នែកនយោបាយដូចបិតារបស់ព្រះអង្គនោះឡើយ ហើយព្រះអង្គតែងតែធ្វើតាមរាល់ការស្នើជាផ្លូវការពីគណបក្សប្រជាជនកម្ពុជា។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិបានលើកឡើងថា ព្រះអង្គជឿថា លើកហ្នឹងមិនខុសអីពីសព្វមួយដងទេ។

ព្រះអង្គមានបន្ទូលថា ព្រះមហាក្សត្រយាងទៅប្រទេសចិន២ដងក្នុងមួយឆ្នាំដើម្បីពិនិត្យព្រះរាជសុខភាព ហើយថា ពេលវេលា ដែលព្រះអង្គយ៉ាងទៅលើកនេះវាគឺគ្រាន់ជារឿងគាប់ជួនប៉ុណ្ណោះ។

លោក ឆាំ ប៊ុនថេត អ្នកវិភាគ នយោបាយនិងជាទីប្រឹក្សាគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានលើកឡើងថា គ្មានផ្លូវដឹងច្បាស់នោះទេ។ ទោះបីជាព្រះមហាក្សត្រធ្លាប់ធ្វើតាមសំណើរបស់គណបក្សប្រជាជនកម្ពុជាតាមរយៈការឡាយព្រះហស្តលេខាលើច្បាប់មុនៗដើម្បីពង្រឹងឥទ្ធិពលរបស់គណបក្សកាន់អំណាចក៏ដោយ តែព្រះអង្គប្រហែលជាមិនចង់ពាក់ព័ន្ធនឹងវិសោធនកម្មទាំងនោះឡើយ។

លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា វាប្រហែលជាដោយសាររឿងហ្នឹង”។ លោកបានបន្ថែមថា “វាជារឿងល្អសម្រាប់ព្រះអង្គដែលយាងទៅក្រៅប្រទេសដើម្បីកុំឲ្យមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយណាមួយនោះ”។

ពេលវិសោធនកម្មនេះចូលជាធរមាន ក្រសួងមហាផ្ទៃនឹងមានសិទ្ធិអំណាចនៅក្នុងការផ្អាកសកម្មភាពរបស់គណបក្សនយោបាយ បើសិនជាមានការប្រព្រឹត្តបទល្មើសណាមួយដោយថ្នាក់ដឹកនាំតែម្នាក់គត់របស់គណបក្សនោះ។ តុលាការកំពូលនឹងមានសិទ្ធិអំណាចក្នុងការរម្លាយគណបក្សនយោបាយណាមួយទាក់ទិនការប្រព្រឹត្តបទល្មើសដែលមិនមានចែងច្បាស់លាស់។

ទោះបីជាគណបក្សប្រជាជនកម្ពុជាបានបដិសេធចាប់តាំងពីពេលនោះថាមិនដូច្នោះក៏ដោយ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានលើកឡើង ពេលស្នើសុំឲ្យមានការធ្វើវិសោធនកម្មនេះកាលពីខែមុនថា វាមានគោលដៅជាពិសេសលើគណបក្សសង្គ្រោះជាតិដែលស្ទើរតែឈ្នះការបោះឆ្នោតជាតិកាលពី៤ឆ្នាំមុន និងជាគូប្រជែងតែមួយគត់សម្រាប់គណបក្សប្រជាជនកម្ពុជាក្នុងឆ្នាំ ­២០១៨។

ជាការតវ៉ាជំទាស់ គណបក្សប្រឆាំងបានធ្វើពហិការការបោះឆ្នោតស្តីពីការធ្វើវិសោធនកម្មនេះនៅសភា និងព្រឹទ្ធសភាកាលពីខែមុន។គណបក្សប្រជាជនកម្ពុជាដែលមានអាសនៈភាគច្រើនទាំងនៅក្នុងសភា និងព្រឹទ្ធសភានោះអាចអនុម័តច្បាប់វិសោធនកម្មនេះបានមិនថាមានការធ្វើពហិការយ៉ាងណានោះឡើយ។

តំណាងរាស្ត្រជាប់ពន្ធនាគារមួយចំនួនមកពីគណបក្សសង្គ្រោះជាតិ ព្រមទាំងមន្ត្រីដែលមកពីគណបក្ស សម រង្ស៊ី បានលាលែងពីតំណែងដើម្បីបង្ការខ្លាចក្រែងកើតមានបញ្ហាណាមួយដោយសារច្បាប់ថ្មីនេះ។ លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ដែលភៀសខ្លួនទៅក្រៅប្រទេសដើម្បីគេចពីការកាត់ឲ្យជាប់ទោសពីបទបរិហារកេរ្តិ៍នោះ ក៏បានលាលែងពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សលោកស្រីដែរ កាលពី ខែមុន នេះបើយោងតាមលិខិតមួយច្បាប់ចុះហត្ថលេខាដោយលោកស្រី ដែលត្រូវបានបង្ហោះនៅលើអីុនធឺណិតកាលពីចុងសប្តាហ៍។

កាលពីចុងខែមុន អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកជាង១០បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយជំទាស់ថា វិសោធនកម្មនេះផ្ទុយនឹងរដ្ឋធម្មនុញ្ញ ព្រោះវាផ្តល់សិទ្ធិអំណាចដល់ក្រសួងមហាផ្ទៃ និងតុលាការកំពូលដែលមជ្ឈដ្ឋានទូទៅដឹងថា ជាឧបករណ៍របស់គណបក្សប្រជាជនកម្ពុជា ក្នុងការឆក់យកអ្នកបោះឆ្នោតពីតំណាងដែលពួកគាត់បោះឆ្នោតឲ្យ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលជាអង្គការតស៊ូមតិមានមូលដ្ឋាននៅអាមេរិកបានចាត់ទុកវិសោធនកម្មនេះថាជា “ការវាយប្រហារចុងក្រោយ” ចំពោះមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីនៅកម្ពុជា។

គណបក្សប្រជាជនកម្ពុជាបានលើកឡើងថា រដ្ឋាភិបាលត្រូវការសិទ្ធិអំណាចថ្មីនេះជាចាំបាច់ដើម្បីរក្សាឯកភាពជាតិ៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Zsombor Peter)