កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ការពិតនៃខ្សែអាត់សន្ទនាតាមទូរស័ព្ទជាមួយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិកាលពីឆ្នាំមុន ហើយក្នុងនោះលោក កឹម សុខា ហាក់ព្យាយាមដកខ្លួនចេញពីដៃគូរបស់លោកនៅពេលនោះ គឺលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង។
លោក ហ៊ុន សែន បានប្រាប់គេហទំព័រព័ត៌មាន Fresh News ដែលជាអ្នកពាំនាំពាក្យរបស់រដ្ឋាភិបាលកាលពីម្សិលមិញថា “នោះជាសំឡេងពិត និងខ្លឹមសារ១០០ភាគរយដែលខ្ញុំនិយាយជាមួយឯកឧត្តម កឹម សុខា។ ខ្ញុំសូមជូនសាធារណៈមតិជ្រាប ឯកឧត្តម កឹម សុខា ពិតជាបានធ្វើតាមការណែនាំរបស់ខ្ញុំ”។
ខ្សែអាត់សន្ទនាតាមទូរស័ព្ទរយៈពេល២១នាទីនេះត្រូវបានបង្ហោះកាលពីថ្ងៃសៅរ៍ លើទំព័រហ្វេសប៊ុកឈ្មោះ “សីហា” ដែលបានបង្ហោះព័ត៌មានបែកធ្លាយមួយចំនួនពាក់ព័ន្ធគណបក្សប្រឆាំង។អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងថា លោកជឿលើការអះអាងរបស់លោក ហ៊ុន សែន ដែលថាការសន្ទនានោះគឺជាការពិត ហើយគូសបញ្ជាក់ថា គណបក្សរបស់លោក “មិនបារម្ភ” ថាការសហការរវាងលោក កឹម សុខា និងលោក ហ៊ុន សែន នឹងធ្វើឲ្យប៉ះពាល់ដល់ភាពគួរឲ្យជឿទុកចិត្តរបស់គណបក្សលោកឡើយ។

ការសន្ទនានេះទំនងជាកើតឡើងនៅមុនថ្ងៃបុណ្យភ្ជុំបិណ្ឌមួយថ្ងៃកាលពីចុងខែកញ្ញា ជាពេលលោក ហ៊ុន សែន ប្រកាស “បទឈប់បាញ់” បន្ទាប់ពីវាយប្រហារលោក កឹម សុខា ជាច្រើនខែ។ លោក កឹម សុខា ដែលពេលនោះជាអនុប្រធានគណបក្សបានសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិចាប់តាំងពីខែឧសភា មកដើម្បីចៀសវាងរឿងក្តីតុលាការដែលគណបក្សនេះរិះគន់ថាជារឿងនយោបាយ ហើយទីបំផុតត្រូវបានព្រះរាជទានលើកលែងទោសដែលមានការគំាទ្រពីលោក ហ៊ុន សែន កាលពីខែធ្នូ។
នៅក្នុងខ្សែអាត់សន្ទនាដែលបែកធ្លាយនោះ លោក ហ៊ុន សែន បានស្នើឲ្យលោក កឹម សុខា បញ្ឈប់តួនាទីរបស់លោក សម រង្ស៊ី ជាសមភាគីរបស់លោក ហើយកាត់បន្ថយការវាយប្រហាររបស់គណបក្សប្រឆាំងទៅលើលោក ហ៊ុន សែន និងគ្រួសាររបស់លោក ជាលទ្ធផលពីរដែលទីបំផុតបានកើតឡើងមែន។
លោក ហ៊ុន សែន បានព្រមានថា “បើសិនជាថា ខា ឯងនៅតែភ្ជាប់ខ្លួន ខា ឯងគ្រោះថ្នាក់ដែរ”។ “សូមកុំភ្លេចថា ខ្ញុំអត់ខ្លាចទេ ទោះបីអាមេរិកាំងលើកទ័ពចូលស្រុកខ្មែរ សាកល្បងលមើលទៅ”។
ក្រោយមកទៀតនៅក្នុងការសន្ទនានោះ លោក ហ៊ុន សែន ណែនាំឲ្យលោក កឹម សុខា ទទួលយកតំណែងជាប្រធានពីលោក សម រង្ស៊ី ។ លោកបានមានប្រសាសន៍ដោយគ្មានការឆ្លើយពីលោក កឹម សុខា ថា ” ខ្ញុំមិនបំផ្លាញសង្គ្រោះជាតិចោលទេ ប៉ុន្តែ ខ្ញុំរកដៃគូនៅក្នុងសង្គ្រោះជាតិ ហើយខ្ញុំសង្ឃឹមថា ខា ឯងនឹងអាចធ្វើការជាមួយខ្ញុំបាន”។
លោក សម រង្ស៊ី ដែលខ្លួនលោកផ្ទាល់ប្រឈមបណ្តឹងតុលាការជាច្រើន បានលាលែងពីគណបក្សសង្គ្រោះជាតិកាលពីខែមុន បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានជំរុញឲ្យធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយយ៉ាងតក់ក្រហល់ ហាមឃាត់ទណ្ឌិតមិនឲ្យកាន់មុខតំណែងជាប្រធានគណបក្ស។ លោក កឹម សុខា បានទទួលតំណែងជាប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃព្រហស្បតិ៍ ធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញលិខិតអបអរសាទរ។
នៅចំណុចផ្សេងទៀតក្នុងការសន្ទនានោះ លោក ហ៊ុន សែន ប្តេជ្ញាថា លោក កឹម សុខា នឹងមិនត្រូវបានចាប់ខ្លួនឡើយ ប្រសិនបើលោកចាកចេញពីការិយាល័យគណបក្សសង្គ្រោះជាតិដើម្បីចុះឈ្មោះបោះឆ្នោត។ លោក កឹម សុខា បានចុះឈ្មោះនៅថ្ងៃទី៥ខែតុលា មុនពេលវិលត្រឡប់ទៅទីស្នាក់ការគណបក្សវិញភ្លាមៗ។
ចំណែកឯលោក កឹម សុខា បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍ក្នុងសំណុំរឿងតុលាការប្រឆាំងរូបលោកដែលផ្តោតសំខាន់លើការខកខានរបស់លោកក្នុងការចូលខ្លួនទៅតុលាការសម្រាប់ការបំភ្លឺទាក់ទិនរឿងអាស្រូវផ្លូវភេទដែលត្រូវបានលាតត្រដាងតាមរយៈខ្សែអាត់សំឡេងដែលបែកធ្លាយ។
លោក ហ៊ុន សែន បានឆ្លើយតបថា លោកអាចជួយបានលុះត្រាតែសាលក្រមរបស់លោក កឹម សុខា ចូលជាស្ថាពរសិន។ លោកថ្លែងថា “ហើយឆ្លៀតរកពេលមកជួបគ្នានៅផ្ទះខ្ញុំតែម្តងដើម្បីរៀបចំសេនារីយ៉ូមួយច្បាស់លាស់ជាមួយគ្នា”។
លោកនាយករដ្ឋមន្ត្រីក៏ស្នើឲ្យលោក កឹម សុខា បង្ហោះសារតាមហ្វេសប៊ុកនៅមុនវិធីបុណ្យភ្ជុំបិណ្ឌផងដែរ ដើម្បីអំពាវនាវឲ្យសារធារណជនរក្សាសេចក្តីគួរសមនៅក្នុងការជជែកអំពីរឿងនយោបាយ។ លោកខឹងយ៉ាងខ្លាំងចំពោះពាក្យចចាមអារ៉ាមដែលលោកអះអាងថាលោក សម រង្ស៊ី ជាអ្នកធ្វើឲ្យសុសសាយថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកគឺជាកូនរបស់មន្ត្រីកុម្មុយនីស្តវៀតណាម។
លោក កឹម សុខា មានប្រសាសន៍ថា “ខ្ញុំក៏ទទួលយកមិនបានដែរ មិនគួរនិយាយបែបនោះទេ”។លោកថ្លែងថា កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោកដែលជាអនុប្រធានកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ ក៏អំពាវនាវដែរកុំឲ្យមានពាក្យចចាមអារ៉ាមនេះ។
លោក កឹម សុខា បានបន្តបង្ហោះសារតាមហ្វេសប៊ុកកាលពីថ្ងៃទី២៥ខែកញ្ញា ជំរុញឲ្យសមាជិកគណបក្ស “ចៀសវាងប្រើពាក្យសម្ដីហិង្សា ពាក្យអសុរោះ ឬវាយប្រហារ”។ កញ្ញាកឹម មនោវិទ្យា បានរិះគន់លោក សម រង្ស៊ី ខ្លាំងៗតាមសារជាបន្តបន្ទាប់បង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមទ្វីតទ័រកាលពីខែតុលា ដោយប្រាប់ក្រុមអ្នកយកព័ត៌មានថា “ល្ខោនត្រូវតែលេងបន្ត វាមិនមែននិយាយតែតួអង្គ Peter Pan មួយទេ”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សរបស់លោកមិនបារម្ភចំពោះខ្សែអាត់សំឡេងទាំងនេះទេ។ “ទាំងអស់គ្នាដឹងហើយថា វាជាការចរចា និងការពិភាក្សារវាងលោក កឹម សុខា និងលោកនាយករដ្ឋមន្ត្រី ដូច្នេះវាមិនមែនជារឿងថ្មីទេ។ វិធីដែលគាត់ដោះស្រាយទាក់ទិនការសន្ទនានោះគឺល្អណាស់”។
លោក សម រង្ស៊ី បានលើកឡើងតាមរយៈសារអេឡិចត្រូនិកកាលពីម្សិលមិញថា ការសន្ទនាដែលបែកធ្លាយបែបនេះគឺជាការប៉ុនប៉ងបំបែកគណបក្សប្រឆាំង។ លោកថ្លែងថា “ភាគីម្ខាងទៀតរកមធ្យោបាយធ្វើឲ្យគណបក្សសង្គ្រោះជាតិចុះខ្សោយមិនបាន ពួកគេក៏ងាកទៅប្រើល្បិចកាន់តែថោកទាប”។
លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយ និងជាទីប្រឹក្សាគណបក្សប្រជាធិបតេយ្យមូលដ្ឋានមិនសូវជឿជាក់ប៉ុន្មានឡើយ ដោយលោកលើកឡើងពីការមិនជឿទុកចិត្តគ្នាយូរមកហើយរវាងក្រុមមូលដ្ឋានដែលគាំទ្រលោក កឹម សុខា និងអ្នកគាំទ្រលោក សម រង្ស៊ី។ គណបក្សទាំងពីរបានច្របាច់បញ្ចូលគ្នានៅឆ្នាំ២០១២ ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ។
លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “នេះគឺជាតេស្តសាកល្បងដ៏ធំសម្រាប់ថ្នាក់ដឹកនាំថ្មីនេះ។ អាពាហ៍ពិពាហ៍នេះនឹងបែកបាក់គ្នាយ៉ាងងាយ បើពួកគេគ្រប់គ្រងស្ថានភាពនេះមិនបានល្អ” សុខុម (រាយការណ៍បន្ថែមដោយ Ben Paviour)