អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិលជិត៨០បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់ការបង្ក្រាបទៅលើក្រុមសកម្មជន ហើយដោះលែងមន្ត្រីជាន់ខ្ពស់សមាគមសិទ្ធិមនុស្សអាដហុកទាំងបច្ចុប្បន្ន និងអតីត៥រូបដែលកំពុងស្ថិតក្នុងការឃុំខ្លួនរង់ចាំការជំនុំជម្រះចាប់តាំងពីខែឧសភាមក។
សេចក្តីថ្លែងការណ៍នេះត្រូវបានចេញផ្សាយកាលពីម្សិលមិញដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដំណាលគ្នានឹងសវនាការនៅថ្ងៃនេះរបស់តុលាការកំពូលជំនុំជម្រះរឿងក្តីមន្ត្រីបួនរូបដែលត្រូវបានឃុំខ្លួនតាមការចោទប្រកាន់ពីបទសូកប៉ាន់ក្នុងរឿងក្តីដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជារឿងនយោបាយ។
យោងតាមសេចក្តីថ្លែងការណ៍កាលពីម្សិលមិញនេះបានឱ្យដឹងថា ក្រុមមន្ត្រីដែលជាថ្មីម្តងទៀតនឹងជំទាស់ភាពស្របច្បាប់ជុំវិញការចាប់ខ្លួននិងការឃុំខ្លួនពួកគាត់នោះ ត្រូវបានបដិសេធសំណើសុំនៅក្រៅឃុំចំនួន៦លើកមកហើយ ហើយបានស្ថិតនៅក្នុងពន្ធនាគារ៣១១ថ្ងៃហើយ។
សេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយអង្គការចំនួន៧៨មានខ្លឹមសារថា “យើង…ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារដោយឥតអៀនខ្មាសមកលើក្រុមការពារសិទ្ធិមនុស្សកម្ពុជា (HRD)ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលក្នុងនោះទំនងជាយុទ្ធសាស្ត្រដោយចេតនារបស់អាជ្ញាធរកម្ពុជាដើម្បីដាក់ទោសទណ្ឌ និងរារាំងដល់ការបញ្ចេញមតិរបស់ក្រុមប្រឆាំងនៅមុនការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតជាតិនៅពេលខាងមុខ”។
សេចក្តីថ្លែងការណ៍ដដែលនេះបន្តថា “យើងមានការភ្ញាក់ផ្អើលអំពីភាពធ្ងន់ធ្ងរនៃការបង្ក្រាបដែលកំពុងកើនឡើងរបស់រដ្ឋាភិបាលមកលើសេរីភាពជាមូលដ្ឋានដែលក្នុងនោះគេឃើញថា ក្រុមការពារសិទ្ធិកម្ពុជាត្រូវបានផោ្តោតគោលដៅដោយការគំរាមកំហែង ការយាយីតាមប្រព័ន្ធតុលាការ និងការប្រើហិង្សាជាដើម”។
លោក នី សុខា ប្រធានផ្នែកឃ្លាំមើល និងលោក ណៃ វង់ដា និងលោក យី សុខសាន្ត ជាអនុប្រធាន ព្រមទាំងលោកស្រី លឹម មុន្នី អ្នកស៊ើបអង្កេតជាន់ខ្ពស់ត្រូវបានចោទប្រកាន់កាលពីខែឧសភាពីបទសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះ ជាតិឱ្យបដិសេធរឿងស្នេហាលួចលាក់។
លោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងជាអតីតមន្ត្រីសមាគមអាដហុកត្រូវបានចោទប្រកាន់ថា ជាអ្នកសមគំនិត ហើយ កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារបេហ្ស៊ី។ សវនារបស់លោកត្រូវបានបំបែកចេញពីអ្នកផ្សេងទៀតហើយគ្រោងធ្វើនៅថ្ងៃទី២៤ខែមីនា។
រយៈពេលជាងបីខែកន្លងមកហើយចាប់តាំងពីក្រុមការងារអង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនតាមតែអំពើចិត្ត (U.N. Working Group on Arbitrary Detention) បានសន្និដ្ឋានថា អ្នកទាំង៥ត្រូវបានរើសអើងចំពោះការងារសិទ្ធិមនុស្សរបស់ពួកគាត់ហើយបានទាមទារឱ្យរដ្ឋាភិបាលដោះលែងពួកគាត់។
លោកស្រី ចក់ សុភាព នាយកប្រតិបត្តិមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា ការបន្តឃុំខ្លួននេះរំលោភច្បាប់អន្តរជាតិ។
លោកស្រីបានលើកឡើងតាមអីុម៉េលថា “ការដែលនៅតែបន្តឃុំឃាំងអ្នកជាប់ឃុំទាំង៥ដែលគេទាមទារឲ្យដោះលែងតាមតែអំពើចិត្តនោះ វាបង្ហាញថា ប្រទេសកម្ពុជាបន្តរំលោភបំពានកាតព្វកិច្ចផ្លូវច្បាប់ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ”។
លោកស្រីបានបន្ថែមថា “ការព្យាយាមបំបិទមាត់ក្រុមអ្នកការពារសិទ្ធិមនុស្សប្រកបដោយភាពក្លាហាន ដែលដើរតួនាទីសំខាន់ក្នុងការហ៊ាននិយាយអំពីការរំលោភបំពានសិទ្ធិមនុស្ស និងការការពារសិទ្ធិអ្នកដទៃនោះ អាជ្ញាធរកម្ពុជាបង្ហាញថា ពួកគេចាត់ទុកការនិយាយបែបរិះគន់នេះថា ជាអ្វីដែលត្រូវរារាំង ដាក់ទោសទណ្ឌ ឬមិនអើពើ”៕ សារុន