31 C
Phnom Penh

ព្រះរាជអាជ្ញា​ការពារ​ការ​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​សិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីតុលាការកំពូលមួយរូបបានលើកឡើងកាលពីម្សិលមិញអំឡុងពេលបើកសវនាការលើបណ្តឹងសាទុក្ខថា សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងការបន្តឃុំឃាំងមន្ត្រីបួននាក់មកពីសមាគមសិទ្ធិមនុស្សអាដហុក ខណៈតុលាការកំពុងស៊ើបអង្កេតលើសំណុំរឿងរបស់ពួកគាត់នោះ គឺជារឿងត្រឹមត្រូវ “ទៅតាមច្បាប់”។

ព្រះរាជអាជ្ញារង ច័ន្ទ តារារស្មី បានលើកឡើងថា ចៅក្រមសើុបសួរនៅសាលាដំបូងរាជធានីបានបដិសេធសំណើសុំនៅក្រៅឃុំរបស់មន្ត្រីសិទ្ធិមនុស្សទាំង៤រូបនេះដែលត្រូវបានចាប់ដាក់ពន្ធនាគារជាង១០ខែមកហើយ ដោយសារតុលាការនៅសាកសួរសាក្សីនៅឡើយនៅក្នុងសំណុំរឿងនេះ។

លោកបានថ្លែងនៅ ក្នុងតុលាការថា “សំណុំរឿងព្រហ្មទណ្ឌទាំងអស់មិនមែនសុទ្ធតែដូចគ្នានោះទេ”។  លោកបានបន្ថែមថា ចៅក្រម “ព្រួយបារម្ភខ្លាចក្រែងពួកគាត់នឹងមិនត្រឡប់មកវិញសម្រាប់ការបើកសវនាការជំនុំជម្រះរឿងក្តីរបស់ពួកគាត់ ឬខ្លាចក្រែង[ការដោះលែងពួកគាត់នឹង] ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ ធ្នាប់សាធារណៈ”។

មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកកំពុងជាប់ពន្ធនាគារគឺលោក យី សុខសាន្ត (កណ្តាល) និងលោក នី សុខា ដើរនៅខាងក្រៅតុលាការកំពូលក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ Emil Kastrup / The Cambodia Daily
មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកកំពុងជាប់ពន្ធនាគារគឺលោក យី សុខសាន្ត (កណ្តាល) និងលោក នី សុខា ដើរនៅខាងក្រៅតុលាការកំពូលក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ Emil Kastrup / The Cambodia Daily

លោក នី សុខា ប្រធានផ្នែកឃ្លាំមើលនៅសមាគមសិទ្ធិមនុស្សអាដហុក លោក ណៃ វង់ដា និងលោក យី សុខសាន្ត ដែលជាអនុប្រធានរបស់លោក និងលោកស្រី លឹម មុន្នីដែលជាអ្នកស៊ើបអង្កេតជាន់ខ្ពស់ត្រូវបានចោទប្រកាន់កាលពីខែឧសភាពីបទសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិឲ្យបដិសេធរឿងស្នេហាលួចលាក់។

សាលដីការបស់តុលការកំពូលស្តីពីបណ្តឹងសាទុក្ខរបស់មន្ត្រីទាំងបួននាក់នេះនឹងត្រូវប្រកាសនៅថ្ងៃច័ន្ទ។

លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)  និងជាអតីតមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក ក៏ត្រូវបានចោទប្រកាន់ និងឃុំខ្លួនក្នុងសំណុំរឿងនេះផងដែរ ប៉ុន្តែ មិនមែនជាផ្នែកនៃការបើកសវនាការកាលពីម្សិលមិញទេ។សវនាការដាច់ដោយឡែករបស់លោកនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ខែមីនានេះ។

លោក ឡោ ជុនធី ដែលជាមេធាវីការពារក្តីបានជំទាស់កាលពីម្សិលមិញថា កូនក្តីរបស់លោកមិនរត់ទៅណាទេ ហើយគ្មានហេតុផលត្រូវឃុំឃាំងពួកគាត់បន្តទៀតនោះឡើយ។

មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកកំពុងជាប់ពន្ធនាគារលោកស្រី លឹម មុន្នី ឱបនារីម្នាក់នៅខាងក្រៅតុលាការកំពូលក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ Emil Kastrup / The Cambodia Daily

លោកបានមានប្រសាសន៍ថា “ប្រសិនបើពួកគាត់ចង់គេចខ្លួន ពួកគាត់មិនមកអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃដំបូងដើម្បីឆ្លើយបំភ្លឺនោះទេ”។ លោកបានបន្ថែមថា តុលាការអាចបន្តសាកសួរសាក្សីបាន ខណៈចុងចោទស្ថិតនៅក្រៅឃុំ។

ក្រុមអ្នករិះគន់បានលើកឡើងថា សាលាដំបូងរាជធានីភ្នំពេញមានបំណងពន្យារពេលបើកការសើុបអង្កេតរបស់ខ្លួន បន្ទាប់ពីមន្ត្រីតុលាការបានសម្រេចពន្យារពេលឃុំឃាំងមន្ត្រីទាំងនេះកាលពីខែតុលា ដោយអះអាងថា តុលាការត្រូវការពេលវេលាបន្ថែមសម្រាប់ បើកការស៊ើបអង្កេតលើសុំណុំរឿងនេះ។

ពេលនិយាយអំឡុងពេលបើកសវនាការលោក នី សុខា បានប្រៀបធៀបការច្រានចោលសំណើសុំនៅក្រៅឃុំរបស់លោកទៅនឹងការដោះលែងអ្នកស្រី អឹុម ចែម ចុងចោទ នៅសាលាក្តីខ្មែរក្រហមឲ្យនៅក្រៅឃុំ។

ដោយត្រូវបានសង្ស័យថា បានសម្លាប់់មនុស្សយ៉ាងរង្គាល សំណុំរឿងរបស់លោកស្រី ត្រូវបានច្រានចោលកាលពីខែមុន។

លោក នី សុខា បានសួរថា “តើមានភាពខុសគ្នាយ៉ាងម៉េចរវាងបទល្មើសរបស់យើងនិងសំណុំរឿងប្រល័យពូជសាសន៍នៅសាលា ក្តីខ្មែរក្រហម ហើយចុងចោទ អឹុម ចែម ត្រូវបានដោះលែងឲ្យនៅក្រៅឃុំនោះ?”។ លោកបានសួរបន្តថា “តើយើងបានប្រព្រឹត្តបទឧក្រិដ្ឋអ្វី?”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស