38.1 C
Phnom Penh

មាន​​​បេក្ខជន​​​ជាង​​​៨៨.០០០នាក់​​​​​​ចុះ​​​ឈ្មោះ​​​សម្រាប់ការ​​​បោះឆ្នោត​​​ឃុំ សង្កាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)បានប្រកាសកាលពីម្សិលមិញថា បេក្ខជនជាង៨៨.០០០នាក់នឹងចូលរួមប្រកួតប្រជែងសម្រាប់អាសនៈចំនួន១១.៥៧២នៅក្នុងការបោះឆ្នោតឃុំ សង្កាត់នៅថ្ងៃទី៤ខែមិថុនា បន្ទាប់ពីការចុះឈ្មោះដែលមានរយៈពេល៣ថ្ងៃបានបញ្ចប់កាលពីថ្ងៃអាទិត្យ។

គណបក្សប្រជាជនកម្ពុជាកាន់អំណាច និងគណបក្សដែលជាគូប្រជែងដ៏សំខាន់របស់ខ្លួនគឺគណបក្សសង្គ្រោះជាតិ បានចុះឈ្មោះបេក្ខជនពេញសិទ្ធិម្នាក់ និងបេក្ខជនបម្រុងម្នាក់សម្រាប់អាសនៈនីមួយៗក្នុងឃុំសង្កាត់ចំនួន១.៦៤៦នៅទូទាំងប្រទេស។ គណបក្សរាជានិយមហ្វុ៊នស៊ិនប៉ិចឈរនៅលេខរៀងទី៣ ដោយបំពេញឈ្មោះបេក្ខជនបានតែនៅក្នុងឃុំ សង្កាត់ចំនួន៨០៤ប៉ុណ្ណោះ។

cam-photo-nec-channa-800x533បើទោះជាថ្មីចំពោះការបោះឆ្នោតឃុំ សង្កាត់ក៏ដោយ ក៏គណបក្សសង្គ្រោះជាតិនឹងជាឧបសគ្គដ៏តឹងតែងបំផុតចំពោះគណបក្សកាន់អំណាចដែរ ដែលឈ្នះបានអាសនៈ៧២ភាគរយកាលពីប្រាំឆ្នាំកន្លងមក ហើយទទួលបានតួនាទីមេឃុំ ចៅសង្កាត់ខ្ពស់បំផុតរហូតដល់៩៧ភាគរយ។

គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែលបានច្របាច់បញ្ចូលគ្នាបង្កើតបានជាគណបក្សសង្គ្រោះជាតិនៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៣នោះ ឈ្នះបានអាសនៈ ឃុំ សង្កាត់រួមគ្នា២៦ភាគរយក្នុងឆ្នាំ២០១២ ប៉ុន្តែទទួលបានតួនាទីមេឃុំ ចៅសង្កាត់តែ២ភាគរយប៉ុណ្ណោះ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សរំពឹងថានឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធផលរួមគ្នាកាលពីប្រាំឆ្នាំមុនដោយសារជ័យជម្នះរបស់គណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតជាតិ នៅពេលគណបក្សនេះទទួលបានសំឡេងឆ្នោតជិតពាក់កណ្តាល ហើយនឹងទទួលបានអាសនៈឃុំ សង្កាត់ភាគច្រើននៅពេលឆាប់ៗខាងមុខនេះ។

លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា “ផ្អែកតាមលទ្ធផលឆ្នាំ២០១៣ និងពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៧ យើងឃើញថា ប្រជាពលរដ្ឋចង់ឱ្យមានកំណែទម្រង់ ហើយចង់ឱ្យមានការផ្លាស់ប្តូរមេដឹកនាំ”។

ដំណើរការចុះឈ្មោះមិនមែនបញ្ចប់ទៅដោយគ្មានបញ្ហាសម្រាប់គណបក្សសង្គ្រោះជាតិនោះទេ។ លោក យឹម សុវណ្ណ បានថ្លែងថា បេក្ខ ជនមួយចំនួនបានប្រឈមការគំរាមកំហែងនៅមុនរយៈពេលចុះឈ្មោះសំដៅបំបាក់ស្មារតីរបស់ពួកគាត់កុំឱ្យឈរឈ្មោះ។ លោកបានបដិសេធមិននិយាយលម្អិតទេ ពីព្រោះគណបក្សកំពុងស៊ើបអង្កេតរឿងនេះនៅឡើយ។ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់មួយចំនួនក៏បានបង្ហាញពីអារម្មណ៍មិនពេញចិត្តពីការត្រូវបានដកចេញពីបញ្ជីឈ្មោះបេក្ខជនដោយការដុតបំផ្លាញស្លាកសញ្ញាគណបក្សសង្គ្រោះជាតិផងដែរ។

ទន្ទឹមនឹងនោះដែរ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណបក្សរបស់លោកមាន “គំនិតសុទិដ្ឋិនិយម” ថា នឹងទទួលបានសំឡេងច្រើននៅឆ្នាំនេះ។

គណបក្សសង្គ្រោះជាតិបានប្រែក្លាយការទាមទាររបស់ខ្លួនឱ្យមានការផ្លាស់ប្តូរទៅជាការប្រមូលផ្តុំដ៏ធំអំឡុងការបោះឆ្នោតជាតិកន្លងមក ដោយស្ទើរតែបណ្តេញគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចដ៏យូរអង្វែងចេញពីអំណាចទៅហើយ។ ចំពោះរឿងនេះ គណបក្សប្រជាជនកម្ពុជាតែងតែព្រមានអ្នកបោះឆ្នោតថា ការប្តូរពីគណបក្សកាន់អំណាចគឺគ្មានអ្វីក្រៅពីនាំឱ្យមានគ្រោះមហន្តរាយឡើយ។ កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានគ្រប់គ្រងប្រទេសអស់រយៈពេល៣២ឆ្នាំមកហើយ នោះ បានយកឱកាសនៃពិធីចែកសញ្ញបត្រដោយអះអាងថា ការដាក់គណបក្សណាមួយផ្សេងឱ្យកាន់អំណាច នឹងធ្វើឱ្យប្រទេសកម្ពុជាត្រឡប់ទៅរកសង្គ្រាមស៊ីវិលវិញ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍កាលពីម្សិលមិញថា រយៈពេលធ្វើយុទ្ធនាការផ្លូវការនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ដែលអំឡុងពេលនោះ គណបក្សនីមួយៗនឹងត្រូវអនុញ្ញាតឱ្យរៀបចំការហែក្បួនមិនលើសពីពីរដងឡើយក្នុងឃុំ សង្កាត់នីមួយៗ។

លោកបានមានប្រសាសន៍ថា ការចុះឈ្មោះបេក្ខជនបានបញ្ចប់ដោយគ្មានបញ្ហាធំដុំឡើយ ដោយមានគណបក្សចំនួន១២ ដែលច្រើនជាង៥ឆ្នាំមុនចំនួនពីរគណបក្សនោះ បានដាក់បំពេញបេក្ខជនសរុបចំនួន៨៨.២១៦នាក់។

ទោះយ៉ាងណា គណបក្សសង្គ្រោះជាតិមិនពេញចិត្តជាមួយសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ពីរបីនាក់ក្នុងខេត្តឧត្តរមានជ័យកាលពីចុងសប្តាហ៍។

លោក យ៉ែម សាមុត ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិស្រុកអន្លង់វែងបានមានប្រសាសន៍ថា ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិចំនួន៣នៅក្នុងឃុំ សង្កាត់បីផ្សេងគ្នាត្រូវបានដុតបំផ្លាញកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

លោកបានបន្ទោសសមាជិកក្រុមប្រឹក្សា៣រូបរបស់គណបក្សសង្គ្រោះជាតិ ម្នាក់ក្នុងឃុំសង្កាត់នីមួយៗ ដែលមិនពេញចិត្តជាមួយគណបក្សចំពោះការផ្លាល់ប្តូរពីលេខរៀងទី១នៅក្នុងសន្លឹកឆ្នោត ដែលពួកគេបានឈរឈ្មោះក្នុងឆ្នាំ២០១២មកលេខរៀងទី៣។ នេះមានន័យថា ពួកគេមានឱកាសតិចតួចប៉ុណ្ណោះក្នុងការក្លាយជាមេឃុំ ចៅសង្កាត់បើទោះជាគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតឃុំ សង្កាត់ក៏ដោយ។

លោក យ៉ែម សាមុត ដែលបាននិយាយថា គណបក្សសង្គ្រោះបានទម្លាក់លេខរៀងក្រុមប្រឹក្សាទាំងនេះពីព្រោះពួកគេអនុវត្តការងារមិនល្អរយៈពេលប្រាំឆ្នាំកន្លងមក បានមានប្រសាសន៍ថា ពួកគេនឹងមិនដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមូលដ្ឋានអំពីការដុតបំផ្លាញស្លាកសញ្ញាគណបក្សឡើយ ព្រោះវាជាបញ្ហាតូចតាចប៉ុណ្ណោះដែលអាចដោះស្រាយផ្ទៃក្នុងបាន។

គេមិនអាចទាក់ទងមន្ត្រីឃុំសង្កាត់ទាំងបីនាក់ដើម្បីសុំអត្ថាធិប្បាយបានទេ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស