38.8 C
Phnom Penh

សាលា​​​រាជធានី​​​ហាម​​​មិន​​​ឲ្យ​​​ប្រារព្ធ​​​ទិវា​​​សិទ្ធិនារី​​​សម្រាប់​​​កម្មការិនី​​​កាត់​​​ដេរ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលារាជធានីភ្នំពេញបានច្រានចោលសំណើសុំប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិសម្រាប់កម្មការិនីកាត់ដេរភាគច្រើននៅក្នុងប្រទេសនៅឯវត្តភ្នំក្នុងថ្ងៃនេះ ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងប្រារព្ធទិវានេះដោយមានការថ្លែងសុន្ទរកថាផងដែរ។

ដោយស្រដៀងទៅនឹងបម្រាមលើការជួបជុំជាសាធារណៈ ស្របពេលភាពតានតឹងផ្នែកនយោបាយកំពុងតែបន្តនោះ អាជ្ញាធរបានច្រានចោលសំណើសុំប្រារព្ធទិវាសិទ្ធិនារីជាសាធារណៈរបស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា នេះបើយោងតាមការឲ្យដឹងកាលពីម្សិលមិញពី លោក អាត់ ធន់ ដែលជាប្រធានសហជីពនេះ។

លោកបានមានប្រសាសន៍ថា “ខ្ញុំមិនចង់ប្រឈមបញ្ហាជាមួយអាជ្ញាធរទេ ហេតុដូច្នេះខ្ញុំបានសម្រេចជួលកន្លែងមួយសម្រាប់ប្រារព្ធទិវានេះ”។

សកម្មជននាំគ្នាធ្វើកាយវិការលើកដៃនៅលើឆាកអំឡុងពិធីមួយកាលពីម្សិលមិញ ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនៅក្នុងតំបន់បឹងកក់ រាជធានីភ្នំពេញ។ រូបថតៈ  Hannah Hawkins / The Cambodia Daily
សកម្មជននាំគ្នាធ្វើកាយវិការលើកដៃនៅលើឆាកអំឡុងពិធីមួយកាលពីម្សិលមិញ ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនៅក្នុងតំបន់បឹងកក់ រាជធានីភ្នំពេញ។ រូបថតៈ  Hannah Hawkins / The Cambodia Daily

ដោយកម្មការិនីកាត់ដេរ ដែលជាកម្លាំងជំរុញដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកំពុងតែលូតលាស់របស់កម្ពុជា ត្រូវបញ្ជូនឲ្យមកចូលរួមក្នុងព្រឹត្តិការណ៍ឯកជនមួយនោះ លោក ហ៊ុន សែន នឹងប្រារព្ធទិវានេះជាសាធារណៈ។ ទិវានេះចាប់ផ្តើមប្រារព្ធធ្វើឡើងនៅក្នុងឆ្នាំ១៩០៩ជាទិវាការងារស្ត្រីអន្តរជាតិដើម្បីរំឭកដល់កូដកម្មរបស់កម្មកររោងចក្រកាត់ដេរនៅក្នុងទីក្រុងញូវយ៉ក។

អ្នករៀបចំអន្តរជាតិបានលើកឡើងថា ប្រធានបទសម្រាប់ឆ្នាំ២០១៧នេះ គឺ”ត្រូវមានភាពក្លាហាន និងរឹងមាំដើម្បីការផ្លាស់ប្តូរ”។

កាលពីម្សិលមិញ សកម្មជនសិទ្ធិដីធ្លីដ៏លេចធ្លោបានចាប់ផ្តើមប្រារព្ធទិវានេះមុនថ្ងៃកំណត់ដោយផ្គើននឹងបម្រាមរបស់សាលារាជធានី ហើយបានប្រមូលផ្តុំគ្នានៅលើដីសាធារណៈមួយកន្លែងនៅក្នុងតំបន់បឹងកក់ដែលរងការបណ្តេញចេញ។

មនុស្សប្រហែល៨០នាក់បានមកចូលរួមនៅក្នុងពិធីនេះដែលធ្វើឡើងនៅអំឡុងពេលព្រឹកដោយផ្តោតលើការធ្វើបាបរបស់រដ្ឋាភិបាលមកលើសកម្មជនសិទ្ធិដីធ្លី និងសកម្មជនសិទ្ធិមនុស្ស។ ទោះបីជាមានការច្រានចោលសំណើផ្លូវការរបស់សហគមន៍នេះដែលស្នើសុំប្រារព្ធទិវានេះនៅទីសាធារណៈក៏ដោយ តែអាជ្ញាធរមិនមកក្បែរនោះឡើយ។

ដោយមិនធ្វើឡើងនៅតាមផ្លូវធ្វើចរាចរណ៍សំខាន់ៗនោះ ពិធីអហិង្សានេះខុសពីការប្រមូលផ្តុំដែលជារឿយៗធ្វើឡើងដោយសហគមន៍នេះដែលដឹកនាំកាលពីម្សិលមិញដោយអ្នកស្រី សុង ស្រីលាភ និងអ្នកស្រី បូវ សោភា ដែលសុទ្ធតែត្រូវបានចាប់ដាក់ពន្ធនាគារ ពីមុនមកទាក់ទិននឹងការតវ៉ា។ សន្តិសុខខណ្ឌដូនពេញដែលល្បីខាងប្រើអំពើហិង្សាមិនមានវត្តមានទេ ខណៈអ្នកគាំទ្រស្តាប់ការថ្លែងសុន្ទរកថា និងច្រៀងរួមគ្នានៅក្នុងរោងប្រក់សំពត់តង់ ដែលមានចងភ្ជាប់ទៅដោយបដារៀបរាប់អំពីអ្នកស្រី ទេព វន្នី ជាសកម្មជនសិទ្ធិដីធ្លីដ៏លេចធ្លោបំផុតនៅកម្ពុជា។ អ្នកស្រីទេព វន្នី ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេល៣០ខែកាលពីខែមុន ដោយសារមានជាប់ពាក់ព័ន្ធក្នុងការតវ៉ាមួយដែលបានប្រែក្លាយជាអំពើហិង្សាកាលពីឆ្នាំ២០១៣។

អ្នកស្រី បូវ សោភា អាយុ៣៨ឆ្នាំ បានលើកឡើងថា អ្នកស្រីចង់ផ្ញើសារឲ្យរដ្ឋាភិបាលឈប់ធ្វើទុក្ខបុកម្នេញតាមរយៈការប្រើអំពើហិង្សា និងឈប់ចាប់សកម្មជនសិទ្ធិដីធ្លីដែលភាគច្រើនជាស្ត្រីដាក់ពន្ធនាគារទៀត។

អ្នកស្រីបានលើកឡើងទៀតថា ការវាយដំ និងចាប់ខ្លួនអ្នកតវ៉ាក្នុងពេលថ្មីៗធ្វើឲ្យកូនស្រីរបស់អ្នកស្រីដែលមានអាយុ១៨ឆ្នាំ ម្នាក់ និង២១ឆ្នាំម្នាក់មិនហ៊ានដើរតាមគន្លងរបស់អ្នកស្រីនោះឡើយ។  អ្នកស្រីបាននិយាយថា “ពួកគេធ្លាប់តវ៉ា ពេលខ្ញុំនៅក្នុងពន្ធនាគារ ប៉ុន្តែ ឥឡូវនេះពួកគេមិនហ៊ានតវ៉ាទេ ព្រោះពួកគេមិនចង់ដូចខ្ញុំនោះឡើយ”។

រីឯអ្នកស្រី សុង ស្រីលាភ អាយុ៣១ឆ្នាំវិញបានលើកឡើងថា ស្ត្រីកម្រទទួលបានការគាំទ្រពីអាជ្ញាធរពាក់ព័ន្ធណាស់។

អ្នកស្រីបាននិយាយថា “ក្រសួងកិច្ចការនារីមិនបានធ្វើអ្វីសោះ”។

អ្នកស្រីបានជំរុញឲ្យស្ត្រីផ្សេងៗទៀតត្រូវមានភាពរឹងប៉ឹង។ ការតស៊ូដើម្បី “សិទ្ធិស្ត្រី មិនមែនគ្រាន់តែមួយថ្ងៃនោះទេ គឺរៀងរាល់ថ្ងៃរហូតដល់បងប្អូនអស់ជីវិត”។

អ្នកស្រី ភួង សុភាព អាយុ៤៣ឆ្នាំ ជាអ្នកភូមិបឹងកក់ម្នាក់ទៀតដែលធ្លាប់ចំណាយពេលតវ៉ាដែរនោះ មានមតិយោបល់មួួយចំនួនសម្រាប់រដ្ឋាភិបាល នៅក្នុងការធ្វើឲ្យលក្ខខណ្ឌ សម្រាប់ស្ត្រីមានភាពប្រសើរឡើងនោះគឺផ្តល់ការងារឲ្យពួកគាត់។

អ្នកស្រីបាននិយាយថា “ខ្ញុំចង់ឲ្យមានស្ត្រីកាន់តែច្រើនឡើងៗធ្វើការក្នុងជួររដ្ឋាភិបាល”។ អ្នកស្រីបានបន្ថែមថា វាក៏ជារឿងសំខាន់ដែរៅក្នុងការធ្វើឲ្យការទទួលបានការអប់រំដោយស្មើភាពមានភាពប្រសើរឡើងនោះ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីបានលើកឡើងថា អាជ្ញាធរមិនខ្វាយខ្វល់នឹងរឿងទៅបំបែកអ្នកចូលរួមក្នុងពិធីនេះឡើយ ព្រោះ “គ្មានអ្វីកើតឡើង”នោះទេ។

ទោះជាយ៉ាងណា លោកបានលើកឡើងថា ស្ត្រីទាំងនេះប្រហែលជាត្រូវដាក់ទោសទណ្ឌដោយសារការផ្គើនរបស់ពួកគាត់។

លោកបានមានប្រសាសន៍ថា”ឥឡូវយើងរង់ចាំបទបញ្ជាពីថ្នាក់លើសិន”។ លោកបានបន្ថែមថា “ប្រសិនបើមានបទបញ្ជាណាមួយពីថ្នាក់លើយើងនឹងចាត់វិធានការ”៕ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស