ក្រុមមន្ត្រីកំពុងព្រាងសារាចរដែលនឹងតម្រូវឱ្យទូកនេសាទទាំងអស់ក្នុងបណ្តាខេត្តនានាដែលនេសាទនៅលើបឹងទន្លេសាបធ្វើការចុះបញ្ជី ជាការប្រឹងប្រែងដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់នៅលើបឹងដ៏ធំល្វឹងល្វើយនេះបន្ទាប់ពីការបង្ក្រាបដែលបានចាប់ផ្តើមកាលពីចុងឆ្នាំមុន។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍កាលពីម្សិលមិញថា “អ្នកនេសាទទាំងអស់ត្រូវយកទូករបស់ខ្លួនទៅចុះបញ្ជី”។
លោកបានបន្ថែមថា “នេះគឺជាវិធានការដើម្បីទប់ស្កាត់ការនេសាទអនាធិបតេយ្យនិងតាមដានទូកនេសាទទាំងអស់ដែលប្រើ ឧបករណ៍នេសាទខុសច្បាប់នៅលើបឹងទន្លេសាប”។
សារាចរនេះនឹងតម្រូវឱ្យទូកនេសាទ និងទូកដឹកជញ្ជូនទាំងអស់នៅលើបឹងទន្លេសាបចុះបញ្ជីជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក វេង សាខុន បានមានប្រសាសន៍ ថា ក៏តម្រូវឱ្យកឹបស្លាកលេខជាប់នឹងទូកហើយសរសេរឈ្មោះម្ចាស់ទូកផងដែរ”។
លោក វេង សាខុន បានបន្តថា ក៏នឹងមានការកំណត់តំបន់នៅលើបឹងទន្លេសាបដែលអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍នេសាទ និងតំបន់ហាមឃាត់មិនឱ្យប្រើផងដែរ ជាពិសេស គឺដើម្បីទុកឱ្យត្រីផ្លាស់ទីដោយសេរី។
លោកបានបន្ថែមថា តំបន់ហាមឃាត់មួយចំនួនដូចជាតំបន់ឆ្នុកទ្រូនៃបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានហាមឃាត់។
លោក វេង សាខុន បានមានប្រសាសន៍ថា សេចក្តីព្រាងនេះនឹងបញ្ចប់នៅសប្តាហ៍ ក្រោយ ហើយបន្ទាប់មកលើកយកទៅពិភាក្សានៅកិច្ចប្រជុំអន្តរក្រសួង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យលោក វេង សាខុន ប្រមូលកម្លាំងអាជ្ញាធរល្បាតបឹងដ៏ធំក្នុងប្រទេសកម្ពុជានេះនៅក្នុងសារាចរចុះថ្ងៃទី១៣ខែធ្នូផងដែរ។
លោកបានផ្តល់ឧទ្ធម្ភាគច្រកដល់ក្រុមការងារពិសេស ហើយក្រោយមកលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានព្រមានថា អភិបាលខេត្តនៅជុំវិញបឹងទន្លេសាបទាំងអស់នឹងបាត់បង់ការងារ ប្រសិនបើពួកគេទប់ស្កាត់ការនេសាទខុសច្បាប់មិនបានទេនោះ។
ក្រុមការងារពិសេសនេះបានបំផ្លាញស្បៃមុងប្រវែងជាង១០០គីឡូម៉ែត្រ និងឧបករណ៍មួយចំនួនទៀតដែលរឹបអូសបានក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំកាលពីខែ មុន។
លោក មិញ ប៊ុនលី អ្នកសម្របសម្រួលកម្មវិធីបឹងទន្លេសាបនៃសម្ព័ន្ធភាពអភិរក្សធនធានជលផល ជាសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលផ្នែកបរិស្ថាន បានសាទរសេចក្តីព្រាងសារាចរនេះ ប៉ុន្តែបានព្រមានថា ប្រសិនបើគ្មានការត្រួតពិនិត្យតាមដានច្បាស់លាស់ទេនោះ វានឹងបរាជ័យមិនខាន។
លោក អ៊ុំ ម៉េង អ្នកនេសាទម្នាក់ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបាននិយាយកាលពីម្សិលមិញថា ការចុះបញ្ជីគ្មានន័យឡើយ បើការអនុវត្តច្បាប់នៅតែទន់ខ្សោយនោះ។
លោកបាននិយាយថា “បញ្ហាសំខាន់គឺការអនុវត្តច្បាប់។ អ្នកនេសាទទាំងឡាយណាដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ត្រូវតែផ្តន្ទាទោស”៕សារុន